នៅពេលពលរដ្ឋខ្មែរនៅតាមព្រំដែន បន្តកាន់ដំបងចេញទៅការពារទឹកដី និងផ្ទះរបស់ខ្លួន ទប់ទល់ទៅនឹងកងទ័ពថៃឈ្លានពានដែលប្រដាប់ដោយអាវុធ ក្នុងរយៈពេលប្រមាណ២ខែមកនេះ ជំនួសរដ្ឋាភិបាលស្ទើតែខ្សោះខ្លួន ធ្វើឱ្យប្រជាជាតិខ្មែរអ្នកស្នេហាជាតិ មានការមន្ទិលថា តើរដ្ឋាភិបាលគ្រួសារហ៊ុនបានកាត់ទឹកដីប៉ែកខាងលិចទៅឱ្យថៃ ដូចដែលធ្លាប់បានកាត់ទឹកដីប៉ែកខាងកើតទៅឱ្យវៀតណាម ដើម្បីជាថ្នូរដូរយកសន្តិភាព និងការអាចបន្តកាន់អំណាចតពូជឬយ៉ាងណា ទើបបានជារដ្ឋាភិបាលមិនតបត ក្រោមហេតុផលអត់ធ្មត់ចំពោះការឈ្លានពានឥតឈប់ឈរពីកងទ័ពថៃ។
ប្រជាពលរដ្ឋនៅភូមិជោគជ័យ ក្នុងឃុំអូរបីជាន់ម្នាក់ ដែលមិនបានប្រាប់ឈ្មោះ បាននិយាយទាំងទឹកភ្នែកប្រាប់ផេកហ្វេសប៊ុកឈ្មោះ«ធម្មទាន»ថា អ្នកស្រីនិងប្រជាពលរដ្ឋខ្មែរដែលមានដីនៅតាមព្រំដែន មានការឈឺចាប់ខ្លាំងណាស់ នៅពេលដែលកងទ័ពថៃ បានប្រើបន្លាលួសចូលមកវាទយកដី និងផ្ទះរបស់ខ្លួន និងដីផ្ទះអ្នកភូមិខ្មែរដទៃទៀតឥតឈប់ឈរ។ ប្រជាពលរដ្ឋខំប្រឹងហាមឃាត់ ប៉ុន្តែទាហានថៃនៅតែមិនព្រមឈប់ឡើយ។
សំឡេងពលរដ្ឋ៖ «យើងឈឺចាប់ យើងស្រែកឱ្យពួកគាត់ទៅវិញទៅ យើងសូមអង្វរ យើងអត់មានកន្លែងរស់នៅទេក្រៅពីកន្លែងនេះ ហេតុអីបានពួកគាត់នៅតែឈ្លានពានមកម្តងហើយម្តងទៀត។ ពួកខ្ញុំឈឺចាប់ខ្លាំងណាស់ យើងហាមថា កុំឱ្យយករបងលួសមកដាក់លើទឹកដីយើង តែគេអត់ព្រម។ គេមានទាំងប្រដាប់ឆក់ មានទាំងដែកបុក ដែកខួង ហើយមានទាំងអាវុធគេគំរាមមកយើងថា បើមិនចេញគេនឹងបាញ់គេនិយាយចឹង។ ខ្ញុំសួរថា ទឹកដីគាត់ពីអង្កាល់បើខ្ញុំរស់នៅនេះតាំងពីសម័យ៧០ជាង»។
ព្រះចៅអធិការគង់នៅវត្តមួយជាប់ព្រំដែនថៃក្នុងខេត្តប៉ៃលិន បានប្រាប់ផេកហ្វេសប៊ុកឈ្មោះ«ដើរថត»ថា វត្តរបស់ព្រះអង្គ ដែលមានចម្ងាយប្រមាណតែ២០០ឬ២៥០ម៉ែត្រពីព្រំដែនថៃនេះ គឺទើបតែត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៨ ស្របពេលដែលមានការផ្ទុះសង្គ្រាមរវាងកម្ពុជានិងថៃនៅខេត្តព្រះវិហារ។
ក្នុងវីដេអូនេះ ព្រះតេជគុណដែលមិនបានប្រាប់ឈ្មោះអង្គនេះ បានចង្អុលប្រាប់ក្រុមការងារ«ដើរថត»ថា មើលទៅឃើញដើមគគីរខ្ពស់ទីនោះជាព្រំប្រទល់ នៅម្ខាងគឺខាងថៃ នៅខាងត្បូងដើមគគីរនឹង គឺស្ទឹង ហើយឡើងពីស្ទឹងមកគឺដីយើង។ ចំណែកទីនោះមើលទៅមានដើមស្រល់គឺដីថៃ ហើយនៅខាងណេះមានដើមឫស្សីគឺដីខ្មែរ ហើយនៅខាងនោះភ្នំថៃ ឯនៅខាងនេះគឺភ្នំខ្មែរឈ្មោះភ្នំច្រាវ។ ប៉ុន្តែនៅខាងថៃនោះក៏សុទ្ធតែខ្មែរយើងរស់នៅទាំងអស់ដែរ គ្រាន់តែពួកគាត់បានចូលសញ្ជាតិជាថៃហើយ។
ព្រះសង្ឃអង្គនោះមានសង្ឃដីកាថា៖ «តែម៉ាជួរហ្នុងសុទ្ធខ្មែរទាំងអស់ហ្នឹង ប៉ុន្តែចូលសញ្ជាតិជាថៃហើយ។ ហើយខ្មែរហ្នុងពួកដែលអត់មានដី គេជំរុញឱ្យមកកាប់យកដីខាងយើង ហើយដីនោះក៏ក្លាយជាដីថៃ។ ហើយអាបង្គោលឡាក់៦២មិនមែននៅទីនេះទេ កាលពីមុននៅឯណោះឆ្ងាយ គេដកពីហ្នុងយកមកដាក់នៅនេះ យើងដឹងតើមើលឃើញ កាលហ្នុងមានសង្គ្រាមឈ្លោះគ្នាពេកមិនកើតទេ»។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ផ្កាយមាស៤ លោក ញឹក ប៊ុនឆៃ អតីតថ្នាក់ដឹកនាំចលនាតស៊ូសេរីការជាតិកម្ពុជា និងជាអតីតមេទ័ពគណបក្សហ៊្វុនស៊ិនប៉ិច បានថ្លែងកាលពីពេលថ្មីៗនេះថា កាលពីសម័យសង្គ្រាមទាំងប្រាសាទតាមាន់តូច តាមាន់ធំ ជប់គគីរ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពខ្មែរក្រហម។
ចំណែកនៅថ្មដូន ប្រាសាទតាក្របី ជប់ត្រាង ថ្មរយ ថ្កូវ ស្វាយ ដល់អូរស្មាច់ អូរផាលទៅដល់តាទុំ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក អត់មានថៃណាមកគ្រប់គ្រងប្រាសាទ និងទឹកដីទាំងអស់នេះទេ សូម្បីតែប្រាសាទស្តុកកក់នៅខាងជើងប៉ោយប៉ែត ដែលបច្ចុប្បន្នថៃគ្រប់គ្រង ពីមុនក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកដែរ។
បើតាមលោក ញឹក ប៊ុនឆៃ នៅតំបន់ព្រំដែនដែលមានផ្ទៃដីរាបជាមួយថៃ គឺចាប់ពីស្ពានប៉ោយប៉ែតឡាក់លេខ៤៩ ទៅរហូតដល់ឡាក់២៨ គឺចុងភ្នំដងរែកខាងលិច ហើយបង្គោលព្រំដែននៅតំបន់ដីរាបលេខ២៧-២៨-២៩-៣០-៣១ ត្រូវបានថៃដូរចុះដូរឡើង ដូចជាបង្គោលឡាក់លេខ៤៥ដែលលោកធ្លាប់បានចុះទៅជាមួយគណៈកម្មាការព្រំដែនកម្ពុជាដឹកនាំដោយលោក វ៉ា គឹមហុង ជាដើម។
លោកថា៖ «ខ្ញុំបានដើរទៅខាងក្រោយនៅក្បែរមាត់អូរមួយដែលខ្ញុំស្គាល់ ថយទៅក្រោយចូលក្នុងដីថៃ ដីថៃអី ដីខ្មែរយើង ប៉ុន្តែក្រោយបង្គោលឡាក់ថ្មីដែលគេធ្វើហ្នុងជិត៣គីឡូម៉ែត្រ បានខ្ញុំទៅរកឃើញកម្ទេចថ្មហើយខ្ញុំឱ្យជីកមើល១ម៉ែត្រកន្លះទៅបានឃើញនៅសល់គ្រឹះ។ ហើយឥឡូវថៃបានធ្វើផ្លូវមកខាងមុខបង្គោលឡាក់ចាក់កៅស៊ូ ប៉ុន្តែអាបង្គោលឡាក់ហ្នុងនៅខាងក្នុងខាងក្រោយផ្លូវ ថៃធ្វើ បើយើងនិយាយថា នៅក្នុងដីថៃ ប៉ុន្តែអាហ្នុងដីខ្មែរយើងទេ ប៉ុន្តែសព្វថ្ងៃដីថៃ»។
ជុំវិញបញ្ហានេះ អ្នកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៦ ខែតុលានេះ ក្រសួងការពារជាតិ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នូវស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។
ជាមួយគ្នានេះ កាលពីទី៤ខែតុលា យោធភូមិភាគទី៥ កងទ័ពជើងគោកកម្ពុជា បានផ្ញើលិខិតឆ្លើយតបទៅនឹងលិខិតរបស់ភូមភាគទី១ថៃ ស្តីពីការកំណត់ពេលប្រជុំសាមញ្ញលើកទី២គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា ថៃដែលគ្រោងធ្វើនៅថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០២៥ នៅក្រុងប៉ោយប៉ែត។
កាលពីថ្ងៃទី៤ខែតុលា យោធភូមិភាគទី៥កម្ពុជា បានទទួលលិខិតឆ្លើយតបពីយោធភូមិភាគទី១ថៃ ដែលមានខ្លឹមសារបញ្ជាក់ថា លុះត្រាតែកម្ពុជារៀបចំផែនការជម្លៀសប្រជាជនកម្ពុជា ដែលនៅតំបន់ឈមបរិវេណភូមិណងចាន់ ភូមិណងយ៉ាកែវ ស្រុកខូកស៊ូង និងភូមិតាជាក់យ៉ា ស្រុកតាជាក់យ៉ា ខេត្តស្រះកែវ សរុប៣តំបន់ ដោយផ្ញើផែនការជម្លៀសប្រជាជននេះ មកយោធភូមិភាគទី១ថៃ នៅថ្ងៃទី៧ ខែតុលាសិន ទើបភាគីកងទ័ពភូមិភាគ១ថៃ យល់ព្រមចូលរួមប្រជុំតាមកាលកំណត់។
យោធភូមិភាគទី៥កម្ពុជា បានច្រានចោលសំណើររបស់យោធភូមិភាគទី១ថៃនេះ និងបានបញ្ជាក់ថា ការស្នើប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ រវាងយោធាកម្ពុជានិងថៃនេះ គឺជាការអនុវត្តទៅតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅ(GBC)នៃប្រទេសទាំងពីរ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។
ចំពោះករណីភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលយោធភូមិភាគទី១ថៃ បានដាក់ស្នើមកគឺត្រូវអនុវត្តទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារបស់ (GBC)នៃប្រទេសទាំងពីរ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងលិខិតកម្ពុជា ក៏បានបញ្ជាក់ដែរថា ការអង្កេតលើដីជាក់ស្តែងបានបង្ហាញថា នៅកន្លែងខ្លះក៏មានការកាន់កាប់ និងអាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋថៃ ចូលក្នុងអធិបតេយ្យភាពរបស់កម្ពុជាដែរ។
លោក គឹម សុខ អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូ បាននិយាយថា ពេលដែលមានបទឈប់បាញ់កងទ័ពខ្មែរគ្រប់គ្រងនៅលើសមរភូមិស្ទើតែទាំងអស់។
បទឈប់បាញ់កំណត់ថា បើទាហានខ្មែរឈរជើងនៅទីណា គឺត្រូវបន្តឈរនៅទីនោះអត់មានដកថយទេ។ ភាគីថៃទាមទារឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដកកងទ័ពចេញពីតំបន់ដែលកងទ័ពខ្មែរត្រួតត្រាលើសមរភូមិដែលជាទឹកដីរបស់កម្ពុជា។
លោកថា ទាំងលោក ហ៊ុន ម៉ាណែត ទាំងរដ្ឋមន្ត្រីការពារជាតិ លោក ទៀ សីហា និងទាំងគណៈកម្មាធិការជំនាញព្រំដែនទាំងមេទ័ពខ្មែរថាអត់ដកទេ។
លោកថា៖ «ជាសាធារណៈថាអត់ដក ប៉ុន្តែដល់ពេលអនុវត្តដក! និយាយជាសាធារណៈឱ្យតែល្អស្តាប់ពេលអនុវត្តមែនទែនដក ពីព្រោះអីដែលថាដក? ពីព្រោះបើមិនដកមិនមែនកងទ័ពថៃអាចយកបន្លាលួស ត្រឹមតែបន្លាលួសមកព័ទ្ធយកតាមចិត្តនោះទេ។ មានតែយល់ព្រមដកតាមគេហើយ បានជាគេយកបន្លាលួសមកព័ទ្ធយកតាមចិត្ត»។
ចំណែក លោក អ៊ុំ សំអាន អ្នកមានបទពិសោធន៍កិច្ចការព្រំដែន បានថ្លែងថា លោកហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត អត់ធ្មត់ ស្ងប់ស្ងៀម និងលាក់បាំងពីការបាត់បង់ភ្នំទ្រព្យក្នុងបំណងកាត់ភ្នំទ្រព្យឱ្យថៃ ដើម្បីដូរយកសន្តិភាព និងអំណាចដូចដែល លោក ហ៊ុន សែន បានកាត់ទឹកដីខ្មែរឱ្យវៀតណាមស្ងាត់ៗផងដែរ។
លោកបន្តថា នៅលើពិភពលោកនេះ មិនដែលមានប្រទេសណាគេឱ្យកងទ័ពខ្លួនអត់ធ្មត់ រហូតដល់គេបាញ់ ហើយចាំរងគ្រាប់ពីគេ និងមើលកន្លែងរណ្តៅគ្រាប់ធ្លាក់ ហើយយកជាភស្តុតាងទៅប្តឹងអន្តរជាតិនោះទេ ពីព្រោះធ្វើដូច្នេះមិនអាចការពារទឹកដីពីការរំលោភបំពានបានទេ។
ក្រោយពេលឈប់បាញ់គ្នា លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត ប្រាប់ទ័ពខ្មែរថា កុំឱ្យបាញ់តប ដល់កុំឱ្យបាញ់តបអ៊ីចឹង ថៃមករាយបន្លាលួសវាទយកភូមិជោគជ័យ និងភូមិព្រៃចាន់ ដោយសារតែទាហានកម្ពុជាមិនហ៊ានបាញ់តប ពីព្រោះត្រូវគោរពតាមបទបញ្ជាដូច្នេះមានតែដកថយ។
លោកហ៊ុន ម៉ាណែត គាត់ថា មិនបានបញ្ជាឱ្យដកថយទេ ប៉ុន្តែបញ្ជាថា អ្នកឯងកុំបាញ់ បើសិនជាគេចូលមក។ ដូច្នេះមិនឱ្យបាញ់តបតនឹងហើយនៅពេលទ័ពថៃចូលមក ទ័ពខ្មែរគាត់រត់ ដល់គាត់រត់នឹងហើយដូចបញ្ជាឱ្យដកថយអ៊ីចឹង។
លោកថា៖ «កាលណាដកថយឃើញទេ គេយកបានភូមិព្រៃចាន់ និងភូមិជោគជ័យ រហូតដល់គេវ៉ៃប៉ុស្តិ៍យោធារបស់យើងមួយចោល ហើយនឹងវ៉ៃកម្ទេចផ្ទះពលរដ្ឋមួយចំនួន ហើយមួយចំនួនទៀតអត់បានវ៉ៃទេហើយនឹងបណ្តេញប្រជាពលរដ្ឋយើងចេញពីភូមិឃើញទេ? កំហុសបស់អ្នកណាគេ? កំហុសបស់លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ហ្នឹងហើយ ទើបបាត់ភូមិជោគជ័យ និងភូមិព្រៃចាន់ ហើយមកដល់ពេលនេះ បែរជាប្រជាពលរដ្ឋទៅការពារផ្ទះសំបែង ការពារដីធ្លីខ្លួនឯង ជំនួសទាហាន ដែលមានកាតព្វកិច្ចការពារទឹកដី ហើយជំនួសរដ្ឋាភិបាលទៅវិញ។ តាមពិតទាហានគាត់ចង់ការពារទឹកដីណាស់ ប៉ុន្តែអត់មានបទបញ្ជាពី លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត គាត់មិនអាចទៅការពារទឹកដីបានឃើញទេ»។
លោក អ៊ុំ សំអាន យល់ថា ភូមិជោគជ័យ និងភូមិព្រៃចាន់ នឹងមានវាសនាដូចភូមិអតីតប្រធានរដ្ឋសភាលោក ហេង សំរិន ក្នុងខេត្តត្បូឃ្មុំមិនខាន គឺ៩៩ភាគរយនឹងបានទៅថៃគ្រប់គ្រងក្នុងពេលអនាគត លើកលែងតែរដ្ឋាភិបាលគ្រួសារហ៊ុន ហ៊ានដាក់សំណុំរឿងភូមិព្រៃចាន់ និងភូមិជោគជ័យ នឹងទៅក្នុងសំណុំរឿងប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិICJ។
លោក គឹម សុខ ក៏យល់ស្របទៅនឹងការលើកឡើងរបស់លោក អ៊ុំ សំអាន ផងដែរ ដោយបញ្ជាក់ថា លទ្ធផលនាពេលអនាគតទឹកដីខ្មែរ ដែលកងទ័ពថៃព័ទ្ធបន្លាលួសយកនោះ ភាគច្រើនលើសលប់គឺថៃគេនឹងត្រួតត្រារហូតហើយ ឧទាហរណ៍ដូចជាភូមិជោគជ័យ បន្ទាប់ពីកងទ័ពថៃគេព័ទ្ធយកហើយ ឥឡូវថៃគេឈូសផ្ទះប្រជាពលរដ្ឋខ្មែរចោលខ្ទិច ហើយថៃគេកំពុងតែនាំពលរដ្ឋគេទៅសង់ផ្ទះថ្មីនៅលើទឹកដីខ្មែរនោះ។
កងទ័ពថៃ គេព័ទ្ធដល់កន្លែងណា គេដោះមីន គេធ្វើផ្លូវស្អាតនៅកន្លែងនោះ ដូច្នេះមានន័យថា រដ្ឋាភិបាលត្រកូលហ៊ុនមិនបានការពារទឹកដីនោះទេ គឺគ្រាន់តែប្រើវិធីចរចា ដើម្បីកាត់ទឹកដីឱ្យគេ ហើយនឹងមិនអាចយកទឹកដីទាំងនោះបានមកវិញឡើយ បើកម្ពុជានៅតែគ្រប់គ្រងដោយគ្រួសារហ៊ុន។
សូមបញ្ជាក់ថា កាលពីដើមខែមិថុនា ឆ្នាំ២០២៥ សមាជរដ្ឋសភានិងព្រឹទ្ធសភា ដែលមានសមាជិក១៨២នាក់ បានលើកដៃបោះឆ្នោតគាំទ្រឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត យកសំណុំរឿងជម្លោះព្រំដែនជាមួយប្រទេសថៃ ទៅដោះស្រាយនៅ ICJ។ នៅពេលបន្ទាប់មក លោក ហ៊ុន ម៉ាណែត បានប្រកាសថា នឹងដាក់ពាក្យប្តឹងតំបន់ជម្លោះព្រំដែនចំនួន៤ទីតាំងទៅICJ មានដូចជាតំបន់មុំបី ប្រាសាទតាក្របី តាមាន់តូច និងប្រាសាទតាមាន់ធំ ទៅICJ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ រងការរិះគន់ថា មិនទាន់បានរុញសំណុំរឿងព្រំដែននេះទៅតុលាការ ICJ នៅឡើយទេ ខណៈកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានជូនព័ត៌មានទៅតុលាការ ICJ អំពីបំណងដាក់ពាក្យស្នើសុំតុលាការ ICJ ធ្វើការវិនិច្ឆ័យវិវាទព្រំដែនលើតំបន់ទាំង៤ តាមលិខិតចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។
បញ្ហានេះ ធ្វើឱ្យក្រុមអ្នកតាមដាន អះអាងថា ចាប់តាំងពីពេលនេះមក រដ្ឋាភិបាលគ្រាន់តែជូនដំណឹងទៅ(ICJ) មិនទាន់បានដាក់ពាក្យប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីបង្ហាញឆន្ទៈការពារទឹកដីនៅឡើយទេ។
លើសពីនេះ បញ្ហាព្រំដែននាសម័យទំនើបនេះ វាបានកក្រើកឡើងវិញអំឡុងឆ្នាំ២០០៥ ខណៈ លោក ហ៊ុន សែន គំរាមរំលាយរបបរាជានិយមអាស្រ័យធម្មនុញ្ញចោល បើព្រះអង្គបង្កការលំបាកដល់ការឡាយព្រះហស្តលេខា លើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលគេមើលឃើញថា ធ្វើឡើងតាមការចង់បាន របស់មេដឹកនាំវៀតណាម។
បន្ថែមពីនេះ លោក ហ៊ុន សែន តែងតែចោទមេដឹកនាំគណបក្សប្រឆាំងថា ជាជនក្បត់ជាតិ ខណៈពួកគេជាញឹកញាប់បានប្រើយន្តការសភា និយាយលាតត្រដាងពីមហិច្ឆតាវៀតណាមលេបទឹកដីខ្មែរ។
ជ្រុងមួយនេះបញ្ហានេះ គណបក្សសង្គ្រោះជាតិ ត្រូវបាន លោក ហ៊ុន សែន ប្តឹងតុលាការ រហូតមានការរំលាយគណបក្សប្រឆាំង ដែលមានសំឡេងឆ្នោតគាំទ្រពីពលរដ្ឋជិតពាក់កណ្តាលប្រទេស ចេញពីឆាកនយោបាយនៅចុងឆ្នាំ២០១៧ និងបន្តសម្លាប់ជីវិតនយោបាយមេដឹកនាំបក្សប្រឆាំង រហូតបច្ចុប្បន្ន ក្នុងនោះរួមទាំង លោក សម រង្ស៊ី និងលោក កឹម សុខា ផងដែរ។
កម្តៅព្រំដែននេះ ត្រូវបានគេមើលឃើញថា ជាដើមចមធ្វើឱ្យ លោក ហ៊ុន សែន ជាប់អន្ទាក់ប្រទេសវៀតណាម ដែលវៀតណាមលើកបន្តុបឱ្យកាន់អំណាចចាប់ពីឆ្នាំ១៩៧៩មក ហើយជាបន្តបន្ទាប់ មេដឹកនាំបក្សកាន់អំណាចរូបនេះ តែងតែប្រើគ្រប់មធ្យោបាយ ដើម្បីកម្ចាត់ខ្មែរគ្នាឯង និងមន្ត្រីក្នុងបក្ស ដែលហ៊ានលាតត្រដាងមហិច្ឆតាវៀតណាមឈ្លានពានទឹកដីខ្មែរ ។
វិធាននេះក្រោយ លោក ហ៊ុន សែន ធ្វើឱ្យសន្ធិសញ្ញាព្រំដែនខុសច្បាប់ រស់នៅឡើងវិញនៅឆ្នាំ២០០៥ ការចង់បានរបស់វៀតណាម ដែលក្រុមប្រឆាំងអះអាងថា ធ្វើឱ្យកម្ពុជាបាត់បង់ដែនដីគោកមួយផ្នែកទៀត រួមប្រជុំកោះនិងដែនសមុទ្រ។
យ៉ាងណា មាត្រា៥២ និងមាត្រា៥៥នៃរដ្ឋធម្មនុញ្ញ បានចែងថា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណាដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជា ត្រូវលុបចោល។
ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា ៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»។
ទាំងអស់នេះ ដែលអ្នកតាមដានទាញសញ្ញាអាសន្នថា បញ្ហាព្រំដែន ទាំងខាងលិច ជាប់ប្រទេសថៃ និង ខាងកើតជាប់ជាមួយប្រទេសវៀតណាម រួមទាំងប្រជុំកោះ ហាក់កំពុងគំរាមកំហែងផែនការស្នងអំណាច តពូជរបស់គ្រួសារហ៊ុន បើរដ្ឋាភិបាលមិនប្រញាប់បង្ហាញឆន្ទៈការពារបូរណភាពទឹកដី និងផ្សះផ្សាជាតិ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដើម្បីស្តារជំនឿទុកចិត្ត ពីពលរដ្ឋឡើងវិញទេនោះ៕











