ប្រតិកម្មរបស់លោក ហ៊ុន សែន ដែលថាវីដេអូថៃមួយជាទង្វើ «អន់ជាងសត្វ»នោះ ជំរុញការគាស់រំលើងពីសោកនាដកម្មជាច្រើន ដែលបានកើតឡើងក្រោមការដឹកនាំរបស់លោកជាង៤០ឆ្នាំទៅនេះ ក្នុងនោះមានទាំងអ្នករងគ្រោះពីប្រព័ន្ធយុត្តិធម៌ និងករណីឃាតកម្មសម្លាប់មនុស្សក្រៅសំណាញ់ច្បាប់ជាដើម។
ការណ៍នេះ ក្រុមអ្នកតាមដាន ទាមទារឱ្យមេដឹកនាំរូបនេះ ផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ដើម្បីរំលត់ការឈឺចាប់ដល់ជនរងគ្រោះ ដើម្បីទប់ស្កាត់កុំឱ្យបរទេសមើលងាយពូជសាសន៍ខ្មែរ ដូចដែលលោកបង្ហាញការឈឺចាប់ ទៅនឹងការប្រមាថពីពលរដ្ឋថៃ។
ការរំលេចពីការឈឺចាប់របស់គ្រួសារជនរងគ្រោះដែលត្រូវបានគេធ្វើឃាតនេះ ក្រោយមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បញ្ចេញប្រតិកម្មលើហ្វេសប៊ុកលោកថា វីដេអូខ្លីមួយដែលបង្ហាញពីមនុស្សកាន់កាំភ្លើងបាញ់ស៊ីប ទៅលើរូបលោកដែលគេបិទជាប់ជញ្ជាំងនោះ គឺជាទង្វើអសីលធម៌។
បើតាមវីដេអូដែលផ្សព្វផ្សាយលើបណ្តាញសង្គមនៅថ្ងៃទី៦ ខែតុលា នោះបង្ហាញពីបុរសម្នាក់ស្លៀកពាក់ជាឯកសណ្ឋានកងកម្លាំងថៃកាន់កាំភ្លើងបាញ់ស៊ីប ទៅលើរូបថតលោក ហ៊ុន សែន សំដៅក្បាលដែលបិទនៅជាប់នឹងជញ្ជាំង។
យ៉ាងណា លោក ហ៊ុន សែន អំពាវនាវដល់ជនរួមជាតិកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដោយថាជាទង្វើអមនុស្ស និងអន់ជាងសត្វ។ លោកថា ទោះប្រទេសខ្មែរតូច សេដ្ឋកិច្ចទន់ខ្សោយ តែកុំខ្សោយខាងសីលធម៌ និងត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់។
ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក ម៉ែន សុថាវរិន្រ្ទ កត់សម្គាល់ថា ការដឹកនាំរបស់លោក ហ៊ុន សែន ជាង៤ទស្សវត្សទៅនេះ លោក ហ៊ុន សែន ជាប់ឈ្មោះថា ជាមេដឹកនាំបាតដៃប្រឡាក់ឈាម។
ក្នុងន័យនេះ លោកថា លោក ហ៊ុន សែន ប្រមាថពលរដ្ឋខ្មែរម្ចាស់ប្រទេសតាមរយៈការរំលាយបក្សសង្រ្គោះជាតិ រំលោភឆន្ទៈរាស្រ្តជិតកន្លះនគរ តាមធ្វើទុក្ខបុកម្នេញក្រុមមតិផ្ទុយ រួមទាំងឃាតកម្មបាញ់សម្លាប់មនុស្សច្រើនករណី ក្រោមអំណាចលោក ហ៊ុន សែន ត្រូវបានកប់ចោលថែមទៀត។
សម្រាប់ លោក សុថាវរិន្រ្ទ ឃាតកម្មទាំងនោះមានជាប់ពាក់ព័ន្ធជាមួយអ្នកមានអំណាចជាពិសេសគ្រួសារហ៊ុន ទើបតុលាការមិនអាច កាត់ទោសជនប្រព្រឹត្តបាន។
លោកថា៖ «ទាំងគណបក្សឆាំងអី ក៏ប្រមាថមើលងាយធ្វើបាបគេ! ដល់ជនបរទេសប្រមាថមើលងាយគាត់វិញ នេះដោយសារទង្វើរបស់គាត់ដែលគាត់ធ្វើឲ្យគេមើលងាយ។ គាត់ដឹងថាគាត់ធ្វើបាបប្រជាពលរដ្ឋ! គាត់អត់គោរពតាមសិទ្ធិមនុស្ស! ចឹងគាត់មានការឈឺចាប់ហើយ។ឃាតកម្មទាំងប៉ុន្មាន ជាក់ស្តែងរកអត់ឃើញសោះ! មើលរឿង ជា វិជ្ជា ព្រះអង្ឃ សំ ប៊ុនធឿន កែម ឡី ទាំងអស់ហ្នឹង! ឈុត វឌ្ឍី ហ្នឹង! ឃើញជាក់ស្ដែងម៉ង! បើបាញ់សម្លាប់នៅប្រទេសកម្ពុជារកអត់ឃើញទេ! ប្រទេសកម្ពុជាយើងដឹងស្រាប់ហើយ នៅលើតែបុគ្គលម្នាក់។ និយាយឱ្យចំទៅ ប្រទេសកម្ពុជា នៅលើតែបុគ្គល ហ៊ុន សែន តែម្នាក់ដែលជាអ្នកសម្រេច។ បើគាត់ពេញចិត្តធ្វើគាត់ធ្វើបានភ្លាមមួយរំពេច»។
ជារឿយៗ លោក ហ៊ុន សែន តែងតែប្រើពាក្យសម្តីហិង្សាដែលថ្លែងជាសាធារណៈផង និងសារបែកធ្លាយផង បញ្ជាឱ្យតាមកម្ទេច តាមកម្ចាត់ ងើបមួយវ៉ៃមួយ ទៅលើក្រុមអ្នកសំឡេងជំទាស់ ក្នុងនោះមានទាំងឱ្យតាមសម្លាប់ លោក ផន ផាន់ណា ដែលសង្ងំលាក់ខ្លួននៅប្រទេសថៃជាដើម។
លោកថា៖ «ត្រូវតាមយកអាមួយនេះឲ្យបាន បើទោះបីដោយតម្លៃណាក៏ដោយ ក៏រស់ ឬស្លាប់យើងអត់ដឹង ចេះតែដឹងថាមួយហ្នឹង គឺមិនអាចទៅណាមិនឲ្យចេញទៅណាបាន ដូច្នេះត្រូវអនុវត្តវិធានការនេះ ជាបន្ទាន់ដាច់ខាត មិនឱ្យអា ផន បញ្ញា នេះរួចខ្លួនបានទេ»។
សកម្មជនបក្សប្រឆាំង លោក ផន ផាន់ណា ដែលធ្លាប់ លោក ហ៊ុន សែន តាមសម្លាប់នោះ ចាត់ទុក លោក ហ៊ុន សែន ជាមេដឹកនាំគ្មានមនោសញ្ចេតនាចំពោះជាតិសាសន៍ និងពលរដ្ឋខ្លួនទេ។
ក្នុងន័យនេះ លោកថា លោក ហ៊ុន សែន ហ៊ានធ្វើគ្រប់បែបយ៉ាងរហូតតាមសម្លាប់អ្នកមានមតិផ្ទុយពីខ្លួនមានសម្លាប់រូបលោកជាដើម ដើម្បីតែគោលដៅក្រាញអំណាចតពូជ។
លោកថា៖ «បើសិនជាគាត់ចេះឈឺចាប់ពិតប្រាកដ ដែលអ្វីដែល! ដូច លោក ហ៊ុន សែន តាមសម្លាប់ខ្ញុំ! តាមចាប់ខ្ញុំមិនថាស្លាប់ ឬរស់ ហើយមិនមែននិយាយទេ! គឺបញ្ជានោះគឺបញ្ជាឲ្យមនុស្សតាមចាប់ខ្ញុំ! ហើយខ្ញុំក៏រត់គេចប្រផាប់ប្រភីង កុំតែបានទូតសហរដ្ឋអាមេរិកគេយកទៅទេ! កុំបានអង្គការសហប្រជាជាតិ កុំតែបានអង្គការសិទ្ធមនុស្សគេអន្តរាគមន៍ដុតដៃដុតជើងទេណាស់! គឺលោក ហ៊ុន សែន គឺតាមចាប់តាមសម្លាប់ ខ្ញុំពិតមែនអាហ្នឹងគឺមានរឿងគំរាមកំហែងឬគឺក៏មិនមែនជាហ្គេមដែលគេធ្វើផង។ សួរលោក ហ៊ុន សែន គាត់ចេះឈឺចាប់ខណៈគេយករូបភាពគាត់ហ្នឹងយកទៅធ្វើផ្ទាំងស៊ីបចុះលោក ហ៊ុន សែន ធ្វើអាទង្វើព្រៃផ្សៃដាក់គេសម្លាប់ ក្រុមគ្រួសារគេតាមចាប់តាមសម្លាប់ខ្ញុំ ឬក៏ចាប់សកម្មជននយោបាយផ្សេងៗដាក់គុក! សួរថាតើគាត់ចេះយល់ពីអារម្មណ៍ក្រុមគ្រួសារ គេថាតើគេឈឺចាប់ប៉ុណ្ណា»។
បើតាម លោក ផន ផាន់ណា លោកកំពុងប្តឹងលោក ហ៊ុន សែន ជុំវិញសារសំឡេងដែលគំរាមតាមសម្លាប់លោកទៅតុលាការប្រទេសថៃ ឱ្យរកយុត្តិធម៌ ហើយថាមេធាវីការពារក្តីឱ្យលោកកំពុងតែដំណើរការនីតិវីធីនេះផងដែរ។
ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថា បើលោក ហ៊ុន សែន ចេះឈឺចាប់ទង្វើថៃប្រមាថបែបនេះ គួរបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើក្រុមមតិផ្ទុយ ខណៈលោកថា លោក ហ៊ុន សែន ខ្លួនឯងក៏ជាប់ឈ្មោះជាមេដឹកនាំ សម្លាប់ប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្ស ជាពិសេសនៅពីក្រោយឃាតកម្មច្រើនករណីថែមទៀត។
លោកថា៖ «លោក ហ៊ុន សែន អត់ទុកប្រជាពលរដ្ឋហ្នឹង! មានតម្លៃស្មើនឹងខ្លួនគាត់ទេ! គាត់គិតថាគាត់ហ្នឹងវាជាម្ចាស់ដែនដី!គាត់ហ្នឹងជាព្រះនៃប្រទេសកម្ពុជា។អាហ្នឹងក្នុងចិត្តគាត់! គាត់អាចគិតអ៊ីចឹង។អ៊ីចឹងគាត់ចង់ធ្វើបាបនរណាក៏បានដែរ។ដូចសព្វថ្ងៃហ្នឹងយុទ្ធសាស្រ្តងើបមួយវ៉ៃមួយហ្នឹង!អាហ្នឹងក៏ជាការប្រមាថដែរ។លោកហ៊ុនសែនអាចមើលឃើញថាថៃយករូបភាពរបស់គាត់ទៅបាញ់លេងហ្នឹងបាញ់កម្សាន្ដថាការប្រមាថ! ឯលោកហ៊ុនសែនខ្លួនឯងមានបានគិតថាតើក្នុងរបបដឹកនាំរបស់គាត់ហ្នឹងគាត់បានប្រមាថជីវិតមនុស្សប៉ុន្មានលាននាក់! ហើយសកម្មជននិងអ្នកនយោបាយសំខាន់ៗអីដែលមានទស្សនៈផ្ទុយពីគាត់ហ្នឹងតើមានមនុស្សប៉ុន្មាននាក់ស្លាប់នៅក្រោមការដឹកនាំរបស់គាត់។បើគាត់ធៀបការសិក្សាតែប៉ុណ្ណឺង! គាត់អាចវែកញែកដឹងថាអូរមិនគួរប្រមាថជីវិតមិនគួរ!បង្កើតការឈឺចាប់ដល់ក្រុមគ្រួសារជនរងគ្រោះទៀតទេ»។
ក្រោមការដឹកនាំរបស់មេដឹកនាំបក្សកាន់អំណាចកម្ពុជាជាង៤ទសវត្សទៅនេះ មនុស្សជាច្រើនត្រូវបានគេបាញ់សម្លាប់ ក្នុងនោះមានទាំង ព្រះតេជ គុណ សំ ប៊ុនធឿន មេដឹកនាំសហជីពសេរីកម្មករ លោក ជា វិជ្ជា សកម្មជនការពារព្រៃឈើលោក ឈុត វុទ្ធី និងការសម្លាប់លោកបណ្ឌិត កែម ឡី និងសកម្មជនគណបក្សប្រឆាំង រាប់សិបនាក់ទៀត ត្រូវបានគេលួចធ្វើឃាត ដោយវាយសំដៅក្បាល ដែលខ្លះស្លាប់ ខ្លះពិការមួយជីវិត តែជនដៃដល់ មិនត្រូវបានប្រព័ន្ធយុត្តិធម៌នាំខ្លួនមកផ្តន្ទាទោសទេ។
បន្ថែមលើនេះ សមត្ថកិច្ចបានសម្រុកចាប់ខ្លួន លោក កឹម សុខា ទាំងពាក់កណ្តាលអាធ្រាត្រ ទាំងលោកនៅមានអភ័យឯកសិទ្ធិសភា ហើយលោក ហ៊ុន សែន បានប្រើដៃតុលាការ រំលាយគណបក្សសង្គ្រោះជាតិ ដែលមានប្រជាពលរដ្ឋស្ទើរកន្លះប្រទេសគាំទ្រថែមទៀត។
ជ្រុងមួយនៃរឿងនេះដែរ មេធាវីការពារក្តី លោក កឹម សុខា គឺ លោក ផែង ហេង បញ្ចេញមតិលើហ្វេសប៊ុកលោក នៅថ្ងៃទី៧ ខែតុលានេះថា ការដឹកនាំតទល់សត្រូវឈ្លានពាន ការប្រមាថពីសត្រូវគឺជារឿងធម្មតា។
លោកថា អ្វីដែលត្រូវបារម្ភ និងត្រូវដោះស្រាយចំពោះមុខ គឺពង្រឹងការឯកភាពជាតិ សំយោគពហុមតិឲ្យជាមតិជាតិ ឲ្យមានការគាំទ្រពីព្រះមហាក្សត្រខ្មែរ ដើម្បីទប់ទល់។
លោកបន្ថែមថា ជាយុទ្ធសាស្ត្រ តុលាការមិនពាក់ព័ន្ធនយោបាយ សម្រេចលើកលែងការចោទប្រកាន់លោក កឹម សុខ និងលុបចោលសាលក្រមសាលដីកា ដីកាពាក់ព័ន្ធនឹងសកម្មជននយោបាយ និងសង្គម។
បន្ថែមលើនេះ ត្រូវបើកទ្វារឲ្យអ្នកនយោបាយគ្រប់ភាគីថ្វាយយោបល់ទៅព្រះមហាក្សត្រ និងមានការកោះប្រជុំពិគ្រោះយោបល់បិទទ្វាររកយុទ្ធសាស្ត្រការពារសត្រូវឈ្លានពាន។
ជាងនេះទៀត ត្រូវលុបបំបាត់ការរើសអើងនយោបាយ ឲ្យមន្ត្រីសាធារណៈ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រដ្ឋបាលអព្យាក្រឹត្យនយោបាយដាច់ខាត៕









