ប្រធានាធិបតី​ម៉ាដា​ហ្គាស្កា​តែង​តាំង​ឧត្តមសេនីយ៍​កង​ទ័ព​​ជា​នាយក​រដ្ឋ​មន្ត្រី​ថ្មី​

ប្រធានាធិបតី​ម៉ាដាហ្គា​ស្កា លោក អ៊ែន​ឌ្រី រ៉ាចូលីណា បាន​តែង​តាំង​ឧត្តម​សេនីយ៍​ រូភីន ហ្វធូន​ណាត ហ្សាហ្វីសាំបូ ជា​នាយក​រដ្ឋ​មន្ត្រី កាល​ពី​ថ្ងៃ​ចន្ទ ដែល​មួយ​សប្តាហ៍​បន្ទាប់​ពី​រំលាយ​រដ្ឋាភិ​បាល​ ដើម្បី​ជា​​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​តវ៉ា​ដែល​កំពុង​បន្ត​​ជុំវិញ​ការ​ផ្តាច់​ទឹក និង​កាត់​ផ្តាច់​ចរន្ត​អគ្គិសនី។

​ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ(Reuters) បាន​រាយ​ការណ៍​នៅ​ថ្ងៃ​ទី​០៧ ខែ​តុលា ឆ្នាំ​២០២៥​នេះ​ថា លោក ហ្សាហ្វីសាមបូ ​(Zafisambo) បាន​ជំនួស​លោក​នាយក​រដ្ឋ​មន្ត្រី គ្រីសស្ទៀន អែន​ធីសេយ​(Christian Ntsay) ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​ ដែល​ជា​ផ្នែក​នៃកា​រ​ផ្លាស់​ប្តូរ​របស់​ប្រធានា​ធិបតី។ លោក​ឧត្តម​សេនីយ៍ គឺ​ជានាយ​ក​ខុទ្ទ​កាល័យ​យោធា​នៅ​ក្នុង​ការិយា​ល័យ​នាយករដ្ឋ​មន្ត្រី​រហូត​ដល់​ការ​តែង​តាំង​នេះ។

មុន​ពេល​ដែល​តែង​តាំង លោក ហ្សាហ្វី​សាំបូ​ ​(Zafisambo) លោក រ៉ាចូលី​ណា​(Rajoelina) បា​ន​និយាយ​ថាប្រទេស​នេះ ត្រូវ​ការ​‘‘នាយករដ្ឋ​មន្ត្រី​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ស្តារ​សណ្តាប់​ធ្នាប់ និង​ការ​ជឿទុ​ក​ចិត្ត​របស់​ប្រជា​ជន’’។ លោក​បាន​បន្ថែម​ថា ភារកិច្ច​សំខាន់​បំផុត​របស់​លោក ហ្សាហ្វី​សាំបូ គឺ​ស្តារឡើង​វិញ​នូវ​ការ​ផ្គត់​ផ្គង់​អគ្គិសនី និង​ទឹក។

កាលពីថ្ងៃចន្ទ ក្រុ​មអ្ន​ក​តវ៉ា​បាន​ត្រឡប់​មក​តាម​ផ្លូវ​សម្រាប់​សប្តាហ៍​ទី​បី ក្នុង​ការ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិ​បាល​ហើយ​ លោក រ៉ាចូលីណា​(Rajoelina) ក៏​បានប​ណ្តេញ​គណៈ​រដ្ឋ​មន្ត្រី​កាល​ពី​សប្តាហ៍​មុន ប៉ុន្តែ​ក្រុម​បាតុករ​ជា​ច្រើន​កំពុង​តែទា​ម​ទារ​ឱ្យ​មេដឹក​នាំ​ អាយុ ៥១​ឆ្នាំ​រូប​នេះ​ លាលែង​ពី​តំណែង។

ជាមួយគ្នានេះ ទោះបីជាមានទ្រព្យសម្បត្តិរ៉ែសំខាន់ៗ ជីវៈ​ចម្រុះ និង​ដី​កសិកម្ម​ក៏​ដោយ ក៏​ម៉ាដា​ហ្គា​ស្កា(Madagascar) ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដ៏​ក្រីក្រ​បំផុត​ក្នុង​ពិភព​លោក ដោយ​មើល​ឃើញ​ថា ប្រាក់​ចំណូល​ជា​មធ្យម​តាម​មនុស្ស​ម្នាក់ៗ​ធ្លាក់​ចុះ​ចំនួន ៤៥% ចាប់​តាំង​ពី​ទទួល​បាន​ឯករាជ្យ​នៅឆ្នាំ​​១៩៦០ រហូត​ដល់​ឆ្នាំ​២០២០។

ដោយ​ឡែក លោក រ៉ាចូលីណា​(Rajoelina) បាន​និយាយ​នៅក្នុ​ង​សន្ទរក​ថា​មួយ​កាល​ពី​ថ្ងៃ​សុក្រ​ថា លោក​បាន​ត្រៀម​ខ្លួន​រួច​រាល់​ ដើម្បី​ស្តាប់​ភាព​សោក​សៅ​ទុក្ខ​ព្រួយ​របស់​អ្នក​តវ៉ា ប៉ុន្តែ​លោក​ហាក់​បី​មិន​អើ​ពើ​នឹង​ការ​អំពាវនាវ​ឱ្យ​លាលែង​​ពី​តំណែង​នោះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ