ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រងការរិះគន់ថា កំពុងជំរុញឱ្យមានគម្លាតសង្គមកាន់តែខ្លាំង ដែលជាដើមហេតុធ្វើឱ្យសង្គមបែបបាក់ ជុំវិញការប្រកាសផ្ដល់អាហាររូបករណ៍ ដល់កូនមន្រ្តីរាជការ ហើយថា វាកាន់តែគ្រោះថ្នាក់ បើប្រភពលុយនោះ ចេញពីអំពើពុករលួយ និងបក្ខពួកនិយម។
បញ្ហានេះ ពួកគេបារម្ភថា បើគម្លាតនេះកាន់តែរីកធំ មេដឹកនាំអាចប្រឈមទៅនឹងចរន្តតវ៉ាទាមទារឱ្យមេដឹកនាំចុះចេញពីអំណាច ដើម្បីជាថ្នូរទាមទារតម្លាភាពសង្គម និងយុត្តិធម៌សង្គមសម្រាប់ជនងាយរងគ្រោះ។
ដើមហេតុនៃការរិះគន់នេះ បន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ បានជូនដំណឹងពីការផ្តល់អាហាររូបករណ៍ប្រភេទនេះ ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ។
បើតាមលិខិតនោះ លោក អូន ព័ន្ធមុនីរ័ត្ន បានប្រកាសផ្តល់អាហារូបករណ៍ជូនដល់សិស្ស-និស្សិត ដែលមានឪពុកម្តាយ ឬអាណាព្យាបាល កំពុងបម្រើការងារនៅក្រសួងនេះ សម្រាប់សិក្សានៅថ្នាក់ ឧត្តមសិក្សាក្នុងឆ្នាំសិក្សា ២០២៥-២០២៦ ក្នុងគោលបំណងចូលរួមចំណែកជាមួយរដ្ធាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស និងជួយសម្រាលបន្ទុកហិរញ្ញវត្ថុដល់មន្ត្រីបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងនោះក្រសួងក៏បានបញ្ជាក់បន្ថែមផងដែរ ពីលក្ខខណ្ឌនៃការជ្រើសរើស បេក្ខភាពទាំងអស់ត្រូវដាក់ពាក្យស្នើសុំអាហារូបករណ៍ តាមរយៈការត្រួតពិនិត្យ និងវាយតម្លៃដោយគណៈកម្មការជ្រើសរើសសិស្ស-និស្សិត ដែលទទួលបាននិទ្ទេសល្អ និងពុំមានលទ្ធភាពគ្រប់គ្រាន់បន្តការសិក្សា ដែលបានកំណត់ក្នុងគោលការណ៍អាហារូបករណ៍ ។
វីអូឌី បានព្យាយាមសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន តាមបណ្តាញសង្គមតេឡេក្រាម។ ប៉ុន្តែលោកមិនបានបកស្រាយជុំវិញសំណួររបស់វីអូឌីទេ ដោយគ្រាន់តែអះអាងថា លោកនឹងពិនិត្យសំណួរនេះ ហើយបើចាំបាច់លោកនឹងឆ្លើយតប។ ប៉ុន្តែគិតត្រឹមម៉ោងផ្សាយនេះ លោកមិនបានឆ្លើយតបជុំវិញសំណួរដែលវីអូឌីបានសួរនោះទេ។
លោកថា៖ «ខ្ញុំនឹងពិនិត្យសំណួរនេះ អរគុណ បើមានភាពចាំបាច់ឆ្លើយ ខ្ញុំនឹងឆ្លើយ»។
សម្រាប់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សួន សូរីដា និយាយថា បើមើលតែមួយជ្រុងវាជារឿងល្អ តែបើមើលបែបស៊ីជម្រៅ គឺវាឆ្លុះបញ្ចាំងពីអយុត្តិធម៌សង្គម តាមរយៈគ្រួសារបក្ខពួកនិយម ព្រោះបានបង្ហាញពីភាពមិនស្មើគ្នារវាងកូនមន្រ្តីរាជការដទៃ រួមទាំងកូននៃគ្រួសារកសិករផងដែរ។
លោកថា៖ «មិនគួរមានតែត្រឹមក្របខ័ណ្ឌតែកូនមន្ត្រីរាជការនៃក្រសួងហិរញ្ញវត្ថុទេ គួរតែពង្រីកការផ្តល់អាហារូបករណ៍ឱ្យបានទៅដល់កូនប្រជាពលរដ្ឋខ្មែរទូទៅ ហើយបើសិនជាថវិកាមិនគ្រប់គ្រាន់ទេ យើងអាចឲ្យប្រើប្រាស់នូវកញ្ចប់ថវិកាជាតិ ដែលយើងគិតថាក្នុងឆ្នាំ២០២៥នេះ ថវិកាជាតិមានរហូតដល់ជាងប្រាំបួនពាន់លានដុល្លារក្នុងមួយឆ្នាំនេះ ដែលចំណាយគួរតែកាត់មួយផ្នែកសម្រាប់ជាកញ្ចប់ថវិកាសម្រាប់ជួយទៅដល់កូនប្រជាពលរដ្ឋទូទៅ សម្រាប់បន្តការសិក្សាចូលឧត្តមសិក្សា មានដូចវិទ្យាល័យសាកលវិទ្យាល័យជាដើម ទើបវាមានសមភាពនិងអាចធ្វើឲ្យប្រជាពលរដ្ឋខ្មែរហ្នឹងទទួលយកបាន បើសិនជាមិនធ្វើបែបនេះទេ ខ្ញុំគិតថា វាមានស្ថានភាពមិនខុសគ្នានឹងព្រឹត្តិការណ៍នៅប្រទេសឥណ្ឌូនេស៊ី ដែលគេបង្កើតឡើងសម្រាប់តែផលប្រយោជន៍នៃបក្សពួក ឬក៏បើក្រុមតូចដែលមួយចំនួន»។
ម្យ៉ាងវិញទៀត លោកថា ពាក់ព័ន្ធនិងការផ្ដល់ជំនួយអាហាររូបករណ៍នេះ ក្រសួងគួរតែមានការបញ្ជាក់បន្ថែមថាជាជំនួយដែលផ្ដល់ឱ្យតាមរយៈថវិកាជាតិ ឬថវិកាផ្ទាល់ខ្លួន ។
លោកថា៖ «រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនេះ គាត់យកថវិការដ្ឋ ឬក៏យកថវិកាផ្ទាល់ខ្លួនរបស់គាត់មកប្រើប្រាស់ បើថវិកាផ្ទាល់ខ្លួនរបស់គាត់ អាហ្នឹងមានន័យថា ថវិកាហ្នឹងវាបានមកពីអំពើពុករលួយ ប្រសិនបើមិនមានការស៊ើបអង្កេតច្បាស់លាស់ទេ បើសិនជាថវិកាហ្នឹង វាបានមកពីថវិការដ្ឋ ខ្ញុំគិតថា ក្នុងនាមជារដ្ឋមន្ត្រីហិរញ្ញវត្ថុ គឺគាត់មិនមានសិទ្ធអំណាចបែងចែកថវិការដ្ឋ ឬថវិកាក្រសួង សម្រាប់យកមកចំណាយទៅលើការផ្តល់អាហារូបករណ៍ ទៅឲ្យកូនមន្ត្រីក្រោមឱវាទរបស់គាត់ទេ ព្រោះការធ្វើបែបហ្នឹង ជាការខុសពីព្រោះថវិការដ្ឋថវិកាជាតិ គឺជាថវិកាដែលបានបង់ពន្ធពីប្រជាពលរដ្ឋ ហើយវាមិនអាចឲ្យមន្ត្រី ឬរដ្ឋមន្ត្រី ឬក៏នាយករដ្ឋមន្ត្រីយកលុយមកចាយខ្ជះខ្ជាយ ដើម្បីធ្វើប្រជាភិថុតនោះទេ»។
យ៉ាងណាក្ដី សម្រាប់លោក សួន សូរីដា ផ្ដល់ជាយោបល់ថា រដ្ឋាភិបាលចាំបាច់ណាស់ ត្រូវធ្វើការកែប្រែនូវគោលការណ៍មួយចំនួន ពាក់ព័ន្ធនឹងការផ្ដល់អាហាររូបករណ៍ និងេប្រាក់បៀរវត្សសមរម្យដល់មន្រ្តីរាជការ ដោយបង្ហាញតាមរយៈការលុបបំបាត់អំពើពុករលួយ បក្ខពួកនិយម ពង្រឹងលើផ្នែកសមភាព តម្លាភាពនៅក្នុងសង្គម និងជាពិសេសត្រូវលើកកម្ពស់ជីវភាពគ្រួសារកសិករផងដែរ។
ដោយឡែក នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ថ្លែងប្រាប់vodនៅថ្ងៃអង្គារនេះថា លោកសាទរចំពោះវិធានរបស់ក្រសួងនេះ ព្រោះជាការសម្រួលដល់បន្ទុកគ្រួសាររបស់មន្រ្តីរាជការបានមួយផ្នែកដែរ។
ក៏ប៉ុន្តែលោកថា ក្នុងនាមជាសង្គមស៊ីវិល លោកយល់ថា ក្រសួងពាក់ព័ន្ធគួរតែបង្កើតឱកាសដូចគ្នានេះឱ្យបានទូលំទូលាយដល់កូនៗនៃគ្រួសារកសិករ រួមទាំងយោធិននៅតាមទីជនបទ និងនៅតាមតំបន់ដាច់ស្រយាល ដើម្បីឱ្យកាន់តែមានភាពល្អប្រសើរ។
លោកថា៖ «អ្វីដែលខ្ញុំទទូចចង់ឲ្យក្រសួងគិតគូរជាសំខាន់ គឺដល់កសិករដល់កូនចៅរបស់យោធិនពលីពិការជាដើម ដែលគ្នាខ្វះលទ្ធភាពគួរតែផ្តល់លទ្ធភាពឲ្យគ្នាបានចូលរៀនដែរ នេះជារឿងសំខាន់ទាំងអស់នេះខ្ញុំយល់ថា ក្រសួងគួរតែពង្រីកអាហារូបករណ៍ហ្នឹងថែមទៀត សម្រាប់ទៅដល់អ្នកដែលគ្នាទីទ័លក្រ»។
យុវជនម្នាក់ និងជាអតីតនិស្សិតស្រាវជ្រាវគោលនយោបាយ លោក ព្រាប ភ្លី ហៅការប្រកាសរបស់ក្រសួងហាក់បង្ហាញឱ្យពលរដ្ឋទទួលបានអារម្មណ៍ថា ត្រូវបានរើសអើង និងគម្លាតឆ្ងាយ រវាងពលរដ្ឋ និងក្រុមមន្រ្តី ខណៈយុវជនភាគច្រើននៅទីជនបទ គ្មានឱកាសបានបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សាដោយសារគ្រួសារគ្មានលទ្ធភាព។
លោកបន្តថា ក្នុងនាមជាយុវជននិងជាពលរដ្ឋម្នាក់ លោកចង់ឃើញរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធពង្រីកឱកាសបែបនេះឱ្យបានច្រើនដល់ពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីឱ្យពួកគេទទួលបានឱកាសអភិវឌ្ឍន៍ខ្លួន។
លោកថា៖ «វាចាំបាច់ទេសម្រាប់ផ្តល់ជាអាហារូបករណ៍ដល់កូនមន្រ្តី ដែលមន្ត្រីរាជការគាត់មានចំណូលមួយច្បាស់លាស់ ព្រោះយើងមើលឃើញកូនកសិករយើង គាត់មិនសូវបានរៀនបានចប់ ពិសេសគឺឌីប្លូមឬក៏បាក់ឌុបនេះ ភាគច្រើនគឺមានការបោះបង់ការសិក្សាច្រើន តែដល់ពេលដែលឃើញថា ក្រសួងរដ្ឋមន្ត្រីគាត់ប្រកាសផ្តល់អាហាររូបករណ៍មកឲ្យកូនមន្ត្រីបែបនេះ យើងឃើញថា គម្លាតនៃបញ្ហាសង្គមយើងបច្ចុប្បន្នកំពុងតែមានការបែកចែកវណ្ណៈ ធ្វើឲ្យការអភិវឌ្ឍសង្គមរបស់យើង វាមិនអាចរីកចម្រើនបានជាដុំកំភួន ពិសេសគឺខ្ញុំចង់ឃើញការផ្ដល់អាហារូបករណ៍ ពិសេសប្រជាពលរដ្ឋដែលគាត់នៅមូលដ្ឋាននៅសហគមន៍ដាច់ស្រយាល ឲ្យបានច្រើន ដើម្បីឲ្យគាត់មានឱកាសក្នុងការចូលរួមនៅក្នុងការអភិវឌ្ឍសង្គមជាតិរបស់គាត់»។
ជាមួយគណនីហ្វេសប៊ុកមួយឈ្មោះ Bunsang Khuon ក៏បានបញ្ចេញមតិផងដែរថា «ថវិការដ្ឋបានពីប្រជាជនបង់ពន្ធ ហើយជួយសម្រាលតែកូនមន្ត្រី ចំណែកកូនរាស្រ្តទូទៅគួរតែជួយសម្រាលផងដែរ ដោយការកាត់បន្ថយចំណាយផ្សេងៗ ដែលត្រូវបង់ទើបសមភាព។ សូមមេត្តាជួយគិតគូរផង»។
របាយការណ៍នានា រកឃើញថា ការដឹកនាំបច្ចុប្បន្នប្រទាក់ក្រឡាគ្នាដោយគ្រួសារនិយម ចាប់ពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដែលបញ្ហានេះជំរុញឱ្យមានឧបសគ្គ ក្នុងការបោសសំអាតអំពើពុករលួយជាប្រព័ន្ធ ។
ជ្រុងមួយនៃបញ្ហានេះ អង្គការតម្លាភាពអន្តរជាតិ បានចេញរបាយការណ៍ថ្មីមួយនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៥ បន្តរកឃើញកម្ពុជា ស្ថិតក្នុងប្រទេសពុករលួយខ្ពស់ជាងគេជាប់គ្នាជិត១០ឆ្នាំ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន។
បើតាមប្រភពនោះ បញ្ហាចម្បងមកពីប្រព័ន្ធយុត្តិធម៌មិនអាចកាត់ទោសកំហុសមេដឹកនាំដែលមានអំណាចបាន ហើយថា ដើម្បីរើខ្លួនចេញពីការញាំញីដោយអំពើពុករលួយបាន ចាំបាច់ត្រូវបើកលំហសេរីភាពបញ្ចេញមតិ និងត្រូវមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមគន្លងប្រជាធិបតេយ្យ៕











