សង្គមស៊ីវិលជិត២០ស្ថាប័ន ស្នើ​រដ្ឋាភិបា​ល​គាំពា​រ​ពលករ​ដែល​គ្មាន​ការ​ងារ​ធ្វើ ក្រោយ​ត្រឡប់​ទៅ​កម្ពុជា

អង្គកា​រ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការ​ពារ​សិទ្ធិ​មនុស្ស លីកាដូ ព្រម​ទាំង​អង្គ​ការ​សមា​គម សង្គ​ម​ស៊ីវិល ១៧​ស្ថាប័ន​​​​ផ្សេង​ទៀត រ​កឃើ​ញ​​ថា ពលករ​ខ្មែរ ដែល​បាន​ត្រឡប់​មក​ស្រុក​កំណើត​វិញ ក្រោយ​ហេតុ​ការ​ណ៍​ជម្លោះ​ព្រំដែន រវាង​កម្ពុជា​ជាមួយ​ប្រទេស​ថៃ ជា​ច្រើន​ម៉ឺន​នាក់ កំពុង​ប្រឈម​នឹង​ភាព​មិន​ច្បាស់​លាស់ នៅ​ក្នុង​ការ​ចាប់​ផ្ដើម​ជីវិ​តថ្មី​ នៅ​លើទឹ​ក​ដី​កំណើត​របស់​ខ្លួន។

របាយការណ៍ លើក​ឡើង​ថា អតីត​ពលករ​ភាគ​ច្រើន កំពុង​ប្រឈម​នឹង​បញ្ហា​គ្មាន​ការ​ងារ​ធ្វើ ឬ​មាន​ដី​សម្រាប់​ធ្វើក​សិកម្ម​តិច​តួច ដែល​ធ្វើ​ឱ្យ​ពួក​គេគ្មា​នស្ថេ​រភា​ព​ហិរញ្ញ​វត្ថុ និង​ប្រឈម​បញ្ហា​ជីវភាព។

នៅ​ក្នុង​របាយ​ការណ៍​របស់​អង្គការ​ការ​ពារ​​សិទ្ធិ​មនុស្ស​​លីកាដូ ដែលចេញផ្សាយនៅ​​ថ្ងៃ​ទី៧ ខែ​តុលា ដោយ​ដាក់​ចំណង​ជើង «ពង្រឹង​​សេវា​កម្ម​ ​និង​កិច្ច​គាំពារ​​ដល់​ពលករ​ចំណាកស្រុក» បានលើក​​ឡើង​​ថា មាន​ពលករ​ខ្មែរ​​យ៉ាង​តិច​​​ចំនួន​ ​៩​០ម៉ឺន​នាក់​ ​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​វិញ​ ​ចាប់តាំង​ពី​មានការ​ប៉ះទង្គិច​ខ្លាំងក្លា​នៅ​​​តាម​ព្រំដែន​​រវាង​កម្ពុជា​ ​និង​ថៃ​ ​នៅ​ថ្ងៃ​ទី​២​៤​ ​ខែ​កក្កដា​ ​មក​។

តាមលីកាដូ ការ​ត្រឡប់​ចូលស្រុកកំណើតពេលនេះ គឺ​ច្រើន​​​មិ​ន​ធ្លាប់​​មាន​​ពី​មុន​​មក​ ​ពោល​គឺ​​ច្រើន​ជាង​​អំឡុង​ពេល​​នៃ​​ការ​​រីក​​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១​៩​​​ទៅទៀ​ត​ ​ដែ​ល​​នៅ​ពេល​នោះ ​មាន​ពលករ​ចំណាកស្រុក​​ត្រឹមតែ​ប្រមាណ​ ​២​៦​​ម៉ឺន​នាក់​ ​ប៉ុណ្ណោះ។

អង្គការលីកាដូ ចាត់ទុកការ​វិលត្រឡប់​មក​ប្រទេស​វិញ​ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ​ ​កំពុង​ក្លាយ​ជា​បន្ទុក​ដ៏​ធ្ងន់​​មួយ​ ​ទៅលើ​សេដ្ឋកិច្ច​របស់​ប្រទេស​ ​និង​​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។

របាយការណ៍ដដែល បញ្ជាក់ថា នៅមុន​ពេល​មានការ​ប៉ះទង្គិច​​គ្នា​នៅ​តាម​​ព្រំដែន​ ​ប្រាក់​ចំណូល​​ដែល​​ពលករ​​ចំណាក​ស្រុក​​នៅ​​ប្រទេស​​ថៃ​​​រក​បាន​ ​គឺជា​កត្តា​រួមចំណែក​យ៉ាងសំខាន់​មួយ​ ​នៅ​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប​ (​G​D​P​) ​របស់​កម្ពុជា​ ដោយ​ពលករ​ចំណាកស្រុក​ បាន​ផ្ញើ​ប្រាក់​មក​ក្រុម​គ្រួសារ​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​ ​រាប់​រយ​ដុល្លារ​​ ​ជា​រៀងរាល់​ខែ​ ​ដែល​សរុប​មាន​ចំនួន​ជិត​ ​៣​ ​ពាន់​លាន​ដុល្លារ​​ ​នៅ​ក្នុង​ឆ្នាំ​​​២​០​២​៤​។​ ​

ទោះយ៉ាងណា របាយការណ៍បានលើកយកទិន្នន័យ​របស់​រាជរដ្ឋាភិបាល មក​បង្ហាញ​ថា​ ​ប្រមាណ​ ​៨​០​ភាគរយ ​នៃ​ពលករ​ចំណាកស្រុក​ដែល​វិលត្រឡប់​មក​ប្រទេស​វិញ​ ​ក្នុង​ម្នាក់​អាច​មាន​ដី​ប្រកបរបរ​កសិកម្ម​តិច​ជាង​មួយ​​ហិកតា​ ​នៅ​ពេល​ត្រឡប់ទៅ​ស្រុកកំណើត​របស់​ពួកគេ​វិញ​ ​ដែល​ស្ថានភាព​នេះ​ធ្វើ​ឱ្យ​ពលករ​ចំណាក​ស្រុក​​ទាំងនោះ​ ​មាន​ការលំបាក​ក្នុង​ការ​ត្រឡប់ទៅ​ប្រកបរបរ​កសិកម្ម​វិញ​ ​ហើយ​បង្កើត​ជា​សម្ពាធ​មួយ​ដល់​ពួក​គេ ឱ្យ​ប្រញាប់​ស្វែងរក​ការងារ​ផ្សេង ​ដើម្បី​រក​ប្រាក់ចំណូល​ទ្រទ្រង់​ជីវភាព​។

កាលពី​ខែ​សីហា​ ​ឆ្នាំ​២​០​២​៥​ ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ ​និង​សិទិ្ធ​​មនុស្ស​ (​សង់​ត្រា​ល់) បាន​សិក្សា​ស្វែង​យល់​អំពី​តម្រូវ​ការ​ ​និង​ស្ថានភាព​របស់​ពលករ​ចំណាកស្រុក​​ដែល​ត្រឡប់មក​កម្ពុជា​វិញ​ ​ចំនួនជា​ង​ ​៧​រយ​​នាក់​ ​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ ​បន្ទាយ​មានជ័យ​ ​ឧត្តរមានជ័យ​ ​សៀមរាប​ ​ព្រះវិហារ​ ​កោះ​កុង​ ​និង​ប៉ៃលិន​។​ ​ជា​លទ្ធផល​ ​ពលករ​ចំណាកស្រុក​ដែល​ត្រឡប់មកវិញ​ ​ភាគច្រើន​លើសលុប​ ​គឺ​វិល​ទៅ​ស្រុកកំណើត​នៅ​តាម​ជនបទ​ ​ក្នុង​បណ្តា​ខេត្ត​ ​របស់​ពួកគាត់​វិញ​ ហើយ​មាន​តម្រូវ​ការ​ខ្លាំង​ទៅលើ​ម្ហូបអាហារ​ ​និង​ការងារ​ធ្វើ​។​ ​កាល​វិលត្រឡប់​យ៉ាង​គំហុក​នៃ​ពលករ​ចំណាកស្រុក​នៅ​ពេលនេះ​ ​បង្ក​ជា​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ ​បន្ថែម​ទៅលើ​ស្ថាន​ភាព​ការងារ​ធ្វើ​ ​និង​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ ​ដែល​កំពុងតែ​លំបាក​ស្រាប់​ទៅ​ហើយ​។

​នៅក្នុងនេះ លីកាដូ​ រកឃើញថា ​កម្ពុជា​មិន​មានការងារ​ធ្វើ​គ្រប់គ្រាន់​ ​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់គ្នា​នោះ​ទេ​ ទោះបីជា​​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​ធ្លាប់បាន​ប្រកាស​​ថា ​មាន​កន្លែងការងារ​យ៉ាងតិច​ ​១​៩​ម៉ឺន​ ​កន្លែងនៅ​ទូទាំង​ប្រទេសក្ដី ក៏ការងារទាំងនោះ ​ភាគច្រើន​នៅ​ក្នុង​វិ​ស័យ​ឧស្សាហកម្ម​ ​និង​សេវាកម្ម​​ ដែលផ្ទុយពីជំនាញរបស់ពលករ​ ភាគច្រើន​មាន​ជំនាញ​ផ្នែក​សំណង់​ ​និង​កសិកម្ម​ខ្នាត​ធំ​ ​ដែល​ជា​តម្រូវ​ការ​នៅ​ក្នុង​ប្រទេស​ថៃ។​

​បញ្ហាមួយទៀតនោះ កន្លែងការងារ ដែលក្រសួងបានប្រកាស ភាគច្រើន​មានតែ​នៅ​តំបន់​ខាងក្នុង​ ​និង​ជុំវិញ​រាជធានី​ភ្នំពេញ​ ​និង​ទីប្រជុំជន​នានា​ ​ខណៈ​ដែល​ពលករ​ចំណាកស្រុក​ភាគច្រើន​ ​រស់នៅ​តាម​បណ្តា​ខេត្ត​ជាប់​​ព្រំដែន​កម្ពុជា​-​ថៃ​​។

របាយការណ៍ដដែល បានលើកនូវអនុសាសន៍៥ចំណុចទៅកាន់រដ្ឋាភិបាល ដើម្បីបន្ថយស្ថានការណ៍តាន​​តឹង​ជីវភាពរបស់​ពលករ រួមមាន ពង្រីកនូវយន្តការកិច្ចគាំពារសង្គ​មដល់គ្រួសារ ដែល​មានពលករចំ​ណា​ក​ស្រុក លើក​ទឹក​ចិត្ត​​ដ​ល់​​វិ​ស័​យ​ឯកជ​ន​​ដែល​​ទទួល​យក​​ពលករ​​ចំណាក​ស្រុក​​ចូល​​ធ្វើ​ការងា​រ ការ​អភិវឌ្ឍ​ជំ​នាញ​រយៈ​​ពេល​ខ្លី និង​ផ្ដល់ជំ​នួយ​ហិរញ្ញ​ប្បទាន​ផ្នែកសុ​ខ​ភាព ការ​​ផ្អាក​​ជា​​បណ្តោះអាសន្ន​​​នូវ​​ការ​សង​បំណុល​ និង​បង្រួម​ដំណើរកា​រធ្វើ​សា​រ​ផ្លូវ​ច្បាប់ និង​ការ​ធ្វើ​ចំណាក​ស្រុក​ប្រកប​ដោយ​សុវត្ថិ​ភាព ដើម្បី​កាត់​​បន្ថយ​ការ​ចំណាក​ស្រុក​ខុស​ច្បាប់​ម្តង​ទៀត។

ក្នុងរបាយការណ៍ដដែលនេះ លីកាដូ លើកឡើងថា នៅ​ក្នុងស្ថានភាព​នេះ​ ​គឺ​ជា​​បញ្ហា​​ប្រឈម​​មួយ​​យ៉ាង​​ធំ​ ​ដែល​​តម្រូវ​​ឱ្យ​មាន​វិធានការ​រួមគ្នា​ពី​រាជរដ្ឋាភិបាល​ វិ​ស័​យ​ឯកជន​ ​និង​ក្រុម​សង្គម​ស៊ីវិល​ ​ដើម្បី​រក្សា​ឱ្យ​បាន​នូវ​ជីវភាពរស់នៅ​ ​សម្រាប់​ពលករ​ចំណាកស្រុក​ដែល​បាន​វិលត្រឡប់​ចូល​ប្រទេស​វិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ