អ្នកឃ្លាំមើលឱ្យរកការពិតការបាញ់សម្លាប់យុវជននៅខេត្តកំពង់ស្ពឺដើម្បីទប់ស្កាត់វប្បធម៌មិនទទួលខុសត្រូវ

ភាពចម្រូង​ចម្រាស ការ​ស្លាប់​យុវជន​អា​យុ​១៧​ឆ្នាំ​ម្នាក់ ដោយ​សារ​​ត្រូ​វ​​គ្រាប់​​កាំភ្លើង​រប​​ស់នា​​យ​ប៉ុ​ស្តិ៍​ន​គរ​បាល​​ឃុំ​​ពោ​​ធិ៍​​​អង្ក្រង ក្នុ​​ង​ស្រុក​បសេដ្ឋ​ ខេត្ត​កំពង់​​ស្ពឺ ជំរុញ​ឱ្យ​មាន​ការ​លើក​ឡើង​ថា ជា​គំរូ​អាក្រក់ បើ​រដ្ឋាភិ​បាល​មិន​​អាច​​រក​ការ​ពិត ដើម្បីផ្តល់​​​យុត្តិ​​ធ​ម៌​​ដល់​​ជន​​រ​ង​​​គ្រោះបាន ។

ពួកគេថា ការមិនបើកការស៊ើបអង្កេតរកការពិត និងចាត់​វិធាន​ការ​មន្ត្រី​ពាក់​ព័ន្ធ ដែល​បាន​គប់​គិត​គ្នា ធ្វើ​របា​យ​​ការណ៍​ភូត​កុហក់​ដោយ​អាងតែ​ខ្លួន​ជា​អ្នក​អនុវត្ត​ច្បាប់ ហើយ​ធ្វើរ​បាយ​ការណ៍​ទម្លាក់​កំហុស ដាក់​ជន​រងគ្រោះ​​ ​វា​ជា​ការ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​វប្បធម៌​នីទណ្ឌ​ភាព ដែល​នឹង​ប៉ះ​ពាល់​ដល់​មុខ​មាត់ និង​អំណាច​របស់​មេដឹក​នាំ ខណៈ​បញ្ហា​សង្គម​បច្ចុប្បន្ន​កំពុង​តែ​ចា​ក់​ស្រែស។

ការជំរុញនេះ ធ្វើឡើង​ក្រោយពីមាន​ករណី​​​យុវជន​​ម្នាក់​​ឈ្មោះ ផា រ៉ា​យុ អាយុ ១៧ឆ្នាំ បានស្លាប់​ដោយសារ​ត្រូវ​គ្រាប់កាំភ្លើងរបស់នាយកប៉ុស្តិ៍នគរបាល​ឃុំពោធិ៍អង្ក្រង​ កាលពី​យប់​ថ្ងៃទី​០៣ ខែ​តុលា ឆ្នាំ​២០២៥ ខណៈ​​ដែ​ល​យុវជនរងគ្រោះ​​ និង​មិត្ត​ភ័ក្ត​​ម្នាក់​ទៀត បានឌុបគ្នា​ទៅ​ទិញទឹកកក ​​នៅតាម​បណ្តោយ​ផ្លូវ​លំ ស្ថិត​ក្នុង​ឃុំពោ​ធិ៍​អង្ក្រង​ ស្រុក​បសេដ្ឋ ខេត្ត​កំពង់​ស្ពឺ។ នេះបើតាម​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​អនឡាញក្នុងស្រុក។

ក្រោយកើតហេតុ មិត្តភ័ក្តរបស់​ជនរង​គ្រោះ និង​ជា​សាក្សីឃើញផ្ទាល់ភ្នែក បានផ្តល់​បទ​សម្ភាសន៍​​​​ដល់​​អ្នកសារព័ត៌មាន​ទាំងនោះថា មុនពេលកើតហេតុ ពួកគេ​បានជិះ​ម៉ូតូទៅ​ទិញ​ទឹកកក ហើយក៏ជួប​ក្រុម​មនុស្ស​មួយ​ក្រុម​ដែលពួកគេ​មិនបាន​ដឹងថាជា​មន្ត្រី​នគរបាល​​ប៉ុស្តិ៍​ពោធិ៍អង្ក្រង​​នោះទេ ដោយ​សារ​តែ​មេឃងងឹតសូន្យ ហើយ​​​ពេល​នោះពួកគេ​ក៏បើក​ម៉ូតូត្រឡប់ក្រោយ​វិញ ហើយ​ក៏ជួបមេប៉ុស្តិ៍ពោធិ៍អង្ក្រង ដែលមានកាន់កាំភ្លើងជាប់ដៃ ហើយ​បានបាញ់សំដៅទៅ​មិត្ត​ភ័ក្ត​របស់​ខ្លួនឈ្មោះ​ ផារ៉ាយុ ត្រូវ​ចំទ្រូង បណ្តាល​ឱ្យម៉ូតូ​ដួលធ្លាក់ស្រែស្លាប់​តែម្តង​។

យុវជនរូបនេះ និយាយថា៖ «បាញ់ត្រង់​ហ្នឹង ខ្ញុំជិះ​ហើយ ខ្ញុំ​ត្រឡប់មកវិញ​ខ្ញុំ​​បក​មកក្រោយ​​វិញ ដល់​ខ្ញុំ​បក​មកវិញ បាន​គាត់​ឈរកន្លែងហ្នឹង គាត់​ឈរកន្លែង​នៀក ម្នាក់ឯង អាពេលដល់​បាន​ឃើញ​ស្ពាយកាំភ្លើង ឃើញ​​កាន់កាំភ្លើង​គំរាម​​ ដល់ពេលគេចដល់ត្រឹម​ហ្នឹង​ជិត​ផុតហើយ បាញ់ផឹង បានមួលហ្គាទៅមុខ ធ្លាក់នៅនោះ វា​ថាត្រូវ​ទ្រូង​ហើយ ដល់​ចឹង​​ឈាមធ្លាក់នៅហ្នឹង​ម៉ាត់​ៗ ដល់ខ្ញុំលើក​វា​ដល់លើគោក វាដកចង្កា​មាន់»

តែសម្រាប់​ សេចក្តីបំភ្លឺរបស់ស្នងការ​ដ្ឋាននគរ​បាល​ខេត្ត​កំពង់ស្ពឺ ចុះថ្ងៃទី​០៤ ខែ​តុលា បាន​​លើកឡើង​ថា នៅយប់កើត​ហេតុនោះ​​ កម្លាំង​នគរ​បាល​រដ្ឋ​បាល​ពោធិ៍អង្ក្រង ដឹកនាំដោយ​លោក ទ្រី បូរិន នាយប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ និង​មន្ត្រីនគរ​បាល​ប៉ុស្តិ៍ ៥នាក់ បានចុះធ្វើការ​ល្បាត​​ក្នុង​ភូមិ​សាស្ត្រ​ឃុំ​ពោធិ៍​អង្ក្រង លុះ​ដល់កន្លែង​កើត​ហេតុ មាន​មុខ​សញ្ញា​ជន​សង្ស័យ​ ២នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដាឌ្រីមមួយ​គ្រឿង ហើយ​សមត្ថកិច្ច​ក៏បាន​ស្ទាក់​ឃាត់​ដើម្បី​សួរនាំ ប៉ុន្តែ​មុខ​សញ្ញា​មិន​ព្រម​ឈប់ និង​បានព្យាយាម​គេ​ចពីសមត្ថកិច្ច​ មក​ម៉ូតូថយ​ក្រោយ ក៏បាន​ជ្រុលបុ​ក​​លោក​ ទ្រី បូរិន បុកចំអាវុធ AK47 បណ្តាល​ឱ្យ​រាកៃ​ផ្ទះចំឈ្មោះ ផា រ៉ា​យុ អាយុ ១៧ឆ្នាំ ជា​អ្នកបើក​បរ​ម៉ូតូ បណ្តាល​ឱ្យ​ជន​រង​គ្រោះស្លាប់​តែម្តង​។

ជុំវិញ​ការ​បំភ្លឺរបស់​សាក្សីដែលឃើញផ្ទាល់​ភ្នែក និងការ​បំភ្លឺរបស់​សមត្ថកិច្ច​ដែលមានលក្ខណៈ​ខុស​គ្នា​ អតីត​​តំណាង​រាស្ត្រគណបក្ស​សង្គ្រោះជាតិខេត្តកំពង់ស្ពឺ​​ដែលតុលាការ​រំលាយ លោក សួន សូរីដា យល់​ឃើញថា ក្រសួង​មហាផ្ទៃ ចាំបាច់ណាស់​​ត្រូវចាត់វិធានការ​ស៊ើបអង្កេត​ឱ្យ​បាន​​​ច្បាស់​លាស់ ដើម្បីស្វែង​រក​ការពិត និង​ផ្តល់​យុត្តិធម៌សម្រាប់​ជនរងគ្រោះ។

លោក​ថា ប្រសិន​បើរក​ឃើញ​ថា ជនរង​គ្រោះពិតជាស្លាប់ដោយសារ​ការបាញ់ប្រហារ​ពីសំណាក់​​​​​​មេប៉ុស្តិ៍មែន​​នោះ ជន​ដៃដល់​ត្រូវ​ទទួលទោស​តាម​​ច្បាប់ ហើយសមត្ថកិច្ច​​​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្តកំពង់ស្ពឺ ក៏ត្រូវ​ទទួលខុស​ត្រូវ​ចំពោះមុខ​ច្បាប់ ការដែល​ខ្លួន​បានស៊ុមគ្រឡុំ​គ្នា កែ​ ភស្តុ​តាង ដើម្បី​ជួយ​សម្រាលទោស​​​ជនដៃដល់។

បើតាម លោក សួន សូរីដា ករណីដែលបានកើតឡើងនៅស្រុកបដេស្ឋ​​ ខេត្តកំពង់ស្ពឺ ជាគំរូអាក្រក់​​របស់​មន្ត្រីអនុវត្តច្បាប់ ហើយថាគំរូអាក្រក់នេះ វានឹងពង្រីកឱ្យមានជនរងគ្រោះកាន់តែច្រើន​​នៅក្នុងប្រទេសកម្ពុជា បើក្រសួងមហាផ្ទៃ មិនបោសសំអាតមន្ត្រីពាក់ព័ន្ធ​នឹងបទឧក្រិដ្ឋនេះ ព្រោះជាមន្ត្រីមិនទទួលខុសត្រូវ ហើយទម្លាក់កំហុសដាក់ជនរងគ្រោះទៅវិញ។

លោក សួន សូរីដា ក៏បាន​ព្រមានដែរ​ថា អំពើអយុត្តិធម៌នេះ បើរដ្ឋាភិបាល​​មិនបោស​សំអាតអំពើ​អយុត្តិធម៌​បែប​នេះ​​ទេ វានឹងគំរាម​​កំហែង​ដល់អំ​ណាច​មេដឹក​នាំ​កំពូល បើ​មិន​វះ​កាត់ ដើម្បី​ធានា​យុត្តិ​ធម៌សង្គម​ទេ​នោះ ខណៈ​បញ្ហា​សង្គម​ជា​ច្រើន​ទៀត​ កំពុង​តែ​ចាក់​ស្រែស​មាន​ទាំង​បញ្ហា​ព្រំដែន។

លោកថា៖ «​ក្រៅពី​ប្រជាពលរដ្ឋ​ដាក់​ការ​​សម្អប់​​ ឬ​ក្រៅពីទៅលើ​រឿងកង​កម្លាំ​ង​នគរ​បាល​​​ គឺ​​ប្រជា​ពលរដ្ឋ​​នឹង​​ខឹ​ង​​សម្បាទៅលើរដ្ឋាភិបាល​ហើយ​​ ព្រោះរដ្ឋាភិបាលគឺ​ជាអ្នកមើលការ​​ខុសត្រូវ​ទៅលើ​កា​រអនុវត្ត​ច្បាប់​របស់​នគរបាល​ទាំង​អស់​ហ្នឹង ហើយ​បើសិនជា​ស្រាប់តែ​រឿង​​ដែលវា​​ផ្ទុះ​ឡើង ហើយ​មហាជន​គេ​​សង្ស័យ​​ថា​វា​ជារឿ​ង​​ផ្ទុះ​អាវុធ​ដោយ​ចេតនា ហើយ​​បែរ​​ជា​​ប្រឌិត​រឿង​បង្កើ​ត​ថា​​អាហ្នឹង​វា​ជា​​​​ការ​ផ្ទុះ​អាវុធ​ដោយអចេតនា ដោយអី អាហ្នឹង​ខ្ញុំគិត​ថា វា​ធ្វើឱ្យ​ប្រជាពលរដ្ឋខ្មែរ​ហ្នឹង​អស់ជំនឿ​ជាមួយ​រដ្ឋាភិបាល​កាន់តែខ្លាំង​ ក្នុង​ស្ថានភាពដែល​រដ្ឋាភិបាល​ហាក់ដូចជា​អសមត្ថភាព នៅក្នុងកា​រតតាំង​ជា​មួយនឹង​​ប្រទេស​ថៃ​​ឈ្លាន​​ពាន​​ផង ហើយ​​​ស្រាប់​​តែ​​រដ្ឋាភិបាល​បង្កើត​ប្រឌិត​រឿងធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​អស់​សង្ឃឹម​ថែមទៅ​ទៀត​​ ខ្ញុំគិត​ថា ភាព​អស់សង្ឃឹម​របស់​ប្រជាពលរដ្ឋ​ទៅនឹង​រដ្ឋាភិបាលហ្នឹង​​កាន់តែ​ខ្លាំង​ឡើង​ៗ ប្រសិន​បើ​រដ្ឋាភិបាល​មិនពង្រឹង​​ប្រសិទ្ធភាពនៅក្នុង​ការ​អនុវត្តច្បាប់​នៅក្នុងផ្ទៃ​ក្នុ​ង​ប្រទេសទេ។​ ត្រង់​ចំនុច​នេះ​ខ្ញុំ​មិនមែនចង់​​និយាយ​​ថា ឱ្យ​អនុវត្ត​​​ច្បាប់​ចាប់​ចង​តាមទំនើង​ចិត្ត​ទេ គឺ​អនុវត្ត​ច្បាប់​​ទៅតាម​នីតិរដ្ឋ បានន័យ​ថា អ្នកដែល​មានទោស​ត្រូវបាននាំខ្លួន​មកកាត់ទោស​តាមច្បាប់»។​​

ចំណែក ​លោក មុត ចន្ថា អតីត​ប្រធាន​ខុទ្ទ​ការល័យ​​ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ​​ បានលើកឡើង​ក្នុ​ង​​ទំព័រ​ហ្វេស​ប៊ុកកាលពីថ្ងៃទី​០៥ និង​ទី០៦ ខែតុលា​ដែរ​​​ថា ករណីនេះ​ បើតាម​សាក្សី​ឃើញ​​ផ្ទាល់​ភ្នែក បាន​បញ្ជាក់ថា ឃាតករ​​ជា​មេប៉ុស្តិ៍នគរបាល​ឃុំពោធិ៍​អង្ក្រង បាន​ប្រើប្រាស់​កាំភ្លើង​អាកា AK47 ភ្ជង់​ដើម​ទ្រូង​ជន​រង​គ្រោះ រួច​កេះកៃ​បាញ់​សម្លាប់​តែម្តង។ ប៉ុន្តែ​ការបំភ្លឺរបស់​ស្នងការ​នគរ​បាល​ខេត្ត បែរជា​ការ​ពារ​ឃាតករជា​កូនចៅ​របស់​ខ្លួន ដោយ​ថា យុវជន​រង​គ្រោះ​ជិះ​ម៉ូតូទៅបុកមេប៉ុស្តិ៍ ទើបបណ្តាល​ឱ្យ​រាល​កៃកាំភ្លើង​ទៅ​វិញ។

លោក មុត​ ចាន់ថា ចាត់ទុកការ​បំភ្លឺ​របស់​ស្នងការ​នគ​របាល​ខេត្ត​កំពង់​ស្ពឺ​ ថា​ជាការ​ស៊ុម​ក្រឡំ​ការ​​ពារ​ឃាត​ករ ដែលជា​នាយប៉ុស្តិ៍​នគរ​បាល​ឃុំ​ពោធិ៍អង្ក្រង ដែលបាញ់សម្លាប់យុវជន និង​ជា​​អំ​​ពើក្លែ​​​ង​​ភស្តុ​​តាង​​ដែល​​ត្រូវ​​មាន​​ទោស ដែល​​​ស្នង​ការន​គរបាលខេត្ត​កំពង់ស្ពឺ​ គួរ​ត្រូវ​បក​ស័ក្តិ​ និង​​ផ្តន្ទា​ទោស។

លោក​បានសរសេរក្នុង​សំណេរ​ដើម​ថា៖ «ចាប់​ស្នង​ការ​នគរបាល​ខេត្ត​​កំព​ង់​ស្ពឺ មក​កាត់​ទោស​ពី​បទ​ក្លែង​ភស្តុ​តាង ដើម្បី​ការ​ពារ​ឃាតករ​ជា​កូន​ចៅ​ខ្លួន! គួរ​តែ​ដក​ស្នង​ការ​នគរ​បាល​ខេត្ត​កំពង់​ស្ពឺ បញ្ឈរ​ជើង ពីប​ទ​គប់​គិត​ការ​ពារ​ឃាតករ​ជា​មេប៉ុស្តិ៍​ ដែល​បាន​បាញ់​សម្លាប់​យុវ​សិស្ស អាយុ ១៧​ឆ្នាំ[]នេះ​ជាអំពើ​ឃាត​កម្ម​ដោយ​ចេតនា មិន​មែន​ជា​អំពើ​អចេតនា​!»

តាមរយៈវីដេអូឃ្លីបខ្លីមួយមានរយៈពេល ១:១៥នាទី ដែលផ្សព្វផ្សាយលើ​ទំព័រ​ហ្វេសប៊ុក VTS TV News ស្ត្រីជាម្តាយ​របស់​យុវជន​រង​គ្រោះ ផា រ៉ា​យុ បានរៀបរាប់ទាំង​ទឹកភ្នែក​ថា កូនរបស់គាត់​​​ជា​ក្មេង​ល្អ មិនដែល​មានរឿង​រ៉ាវ ឬទៅលួច​ឆក់ប្លន់​អ្នកណា​នោះទេ ហើយ​នៅថ្ងៃកើតហេតុ កូនរបស់គាត់ក៏គ្មាន​កាំបិត ឬអាវុធអ្វីជាប់ខ្លួន​នោះដែរ ដែលមិន​គួរណាសមត្ថកិច្ច​បាញ់​។

អ្នកស្រី​​​ថា៖ «កូនខ្ញុំអត់​មាន​ខិល​ខូច​អីទេ ទៅលួច​ទៅប្លន់គេ​ទេ កូន​ខ្ញុំទៅទិញ​ទឹក​កក​ ថាលេង​បាល់​ឈ្នះ​ជាមួយ​ពួកម៉ាក់​​​នោះ វាអ្នកឌុប ដល់ពេល​ហើយគេ​ថា វា​យក​កាំភ្លើង​យក​មកភ្ជង់​ចំកន្លែង​ហ្នឹង[ទ្រូង] ហើយ​បាញ់គ្នា​ធ្លាក់ចូល​ក្នុ​ងទឹក​ទៀត អត់មាន​អ្នកណា​គេ​​​ជួយ​ទេ ហើយ​វា​ទៅ​ជួយ​ស្រង់​ដាក់លើគោក រួច​វា​មក​ប្រាក់​ខ្ញុំ កូនមីងឯង​​​ប៉ូលីសបាញ់ងាប់ហើយ បាញ់​មួយ​​ងាប់ហើយ [អត់មានរឿង​ធំដុំអីទេ?]អត់​​មាន​ទេ អត់មានសួរ​ទេ អត់មានសួរ​ហេតុផល​ទេ ហើយកូនខ្ញុំ​អត់​មាន​អាវ​ទេ វា​ទៅទិញទឹក​កក អត់មានកាន់កាំបិទកាន់អីដែរ បើថា​ វាកាន់អីខុស​ច្បាស់​ទៅ ចាំ​ធ្វើបាបវា​ចឹង​ ចង់ឱ្យ​គាត់​រកយុត្តិ​ធម៌​​​ឱ្យ​កូន​​ខ្ញុំ​ផង​​ ស្នង​​ការ​ខេត្ត​កំពង់ស្ពឺជួយ​រក​យុត្តិធម៌​ឱ្យកូន​ខ្ញុំផង»

​លោក​ នី សុខា នាយកប្រតិបត្តិ​សមាគម​ការ​ពារ​សិទ្ធិមនុស្ស​អាដហុក មានប្រសាសន៍​នៅ​ថ្ងៃ​ទី​០៦​ ខែតុលានេះ​ថា យោងតាម​ច្បាប់ ករណីឃាតកម្មដោយចេតនា និង​អចេតនា ឬការ​ធ្វើសកម្ម​​​​​​​ភាព ​ឬ​ក៏​ទង្វើ​​ណា​មួយ​​ដែល​​​ធ្វើ​​ឱ្យ​​ជន​ណា​​ម្នាក់​​ស្លាប់ គឺសុទ្ធតែ​មាន​ទោស​ព្រហ្មទណ្ឌ​ដូចគ្នា គ្រាន់​​តែ​​ថា បើ​សកម្ម​ភាព​នោះ​ធ្វើ​ឱ្យ​ដោយ​​អចេតនា នោះ​កម្រិត​​ទោស​​ទណ្ឌ​​ស្រាល​​ជាង​សកម្ម​​​ភាព​​​ដែល​​ធ្វើ​​ដោយ​​​ចេតនា។

ចំពោះការ​ស្លាប់របស់យុវជន ផា រ៉ា​យុ អាយុ ១៧ឆ្នាំ ដែលមានការ​អះអាង​ផ្សេង​គ្នា រវាង​សាក្សីដែលថាមេប៉ុស្តិ៍ជាអ្នក​​បាញ់​បណ្តាល​​​ឱ្យ​​ស្លាប់ និង​ខាង​​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ថា​​ត្រូវ​គ្រាប់​កាំភ្លើង ​ដោ​យ​សារ​រាកៃ​កាំភ្លើង​ចំបណ្តាលឱ្យយុវជន​​ស្លាប់នោះ​ ​​លោក​យល់ស្របដែរ​​ថា​ ក្រសួង​​ឬ​ស្ថាប័ន​ពាក់ព័ន្ធ គួរតែ​បង្កើត​ក្រុមការ​ងារ​ឯករាជ្យ​មួយ ឬក៏ស្ថាប័ន​ដែលអាច​ទុក​ចិត្ត​បាន ​ដើម្បី​ចុះ​​​​ស្រាវ​ជ្រាវរក​មូល​ហេតុ​​​ឱ្យ​​បាន​​ច្បាស់លាស់ ជៀស​​វាងការ​រិះគន់ និង​​មន្ទិល​សង្ស័យ​​ពី​សាធារណជន ព្រោះ​ការ​បកស្រាយ​របស់​ស្នងការ​នគរបាលខេត្ត​ ដែល​ជា​មេរបស់​មេប៉ុស្តិ៍ពោធិ៍អង្ក្រង​នោះ ចង់​មិន​ចង់ គឺ​សាធារណជន​មិន​សូវ​ជា​មានជំនឿទុកចិត្ត​ទេ។​

៤ៈ២៣ លោកថា៖ «ដូច្នេះបើ​សិន​​​ក្នុ​ងករណី​មានការ​បកស្រាយ​ដែល​មាន​មន្ទិល​​បែប​នេះ ​វា​គួរតែ​​មានក្រុមអ្នក​​ធ្វើ​ការ​ស៊ើប​អង្កេត​ឯករាជ្យមួយ​ទៀត ដើម្បីទៅពិនិត្យ ដើម្បី​​ទៅស៊ើប​អង្កេត​រឿង​​ហ្នឹង​​ឱ្យ​បាន​ច្បាស់​លាស់ គេ​ហៅថា ធ្វើការ​​អង្កេត​​ត្រួតពិនិត្យ​​លើអ្វី​ដែល​ជា​​ការ​បកស្រាយ​​​របស់​​ប្រជាពលរដ្ឋ ​ក៏ដូចជាស្នងការ​ហ្នឹង​ថែមមួយកម្រិត​ទៀត ហើយក្រុម​ដែល​ទៅអង្កេត ទៅធ្វើការ​ស្រាវជ្រាវ​ទាំង​អស់​ហ្នឹង វា​ទាល់​តែ​ជាក្រុម​មួយ​​ដែល​មាន​​ឯករាជ្យដែល​អាច​ឱ្យគេជឿ​​ទុក​ចិត្ត​បាន​​ ឧទាហរណ៍ ដូចជា មាន​សមាសភាព​ពីខាង​ការ​​ចូលរួម​ចំណែក​​​ពីខាង UN (អង្គការ​សហប្រជាជាតិ) ឬ​ពីខាង​​​​សង្គម​​​ស៊ីវិល ឬក៏វា​មាន​​ស្ថាប័នពាក់ព័ន្ធផ្សេង​ទៀតដែលធ្វើឱយ៉ាង​ណា​ឱ្យ​មានការ​ជឿ​ទុក​ចិត្ត​ពីមហា​ជន​ អាហ្នឹង​ជារឿង​​​ដែល​ធ្វើ​ឱ្យ​​ភាគី​​ទាំង​សង្ខាងទទួលបាន​យុត្តិធម៌​ផង វា​ធ្វើឱ្យ​មហា​ជន​អស់​​មន្ទិល​សង្ស័យ​​ផង​ អាហ្នឹង​ដើម្បី​ប្រយោជន៍​​សង្គម ប្រយោជន៍​យុត្តិធម៌ទាំង​អស់គ្នា»។

បើតាម លោក នី សុខា បើសិនជាករណីនេះ មេប៉ុស្តិ៍ពិត​ជាបាញ់យុវជន​រង​គ្រោះ​បណ្តាល​ឱ្យ​ស្លាប់មែននោះ​ វានឹង​​​ជះឥទ្ធិពល​មិនល្អចំពោះការ​អនុវត្ត​ច្បាប់​របស់​​​កង​កម្លាំង​សមត្ថកិច្ច​​ ដែល​គ្មានវិន័យ និង​​ហ៊ាន​ប្រព្រឹត្តនូវ​​បទ​ល្មើស ហើយ​​វាក៏នឹង​​ប៉ះ​ពាល់​​ដល់​ការ​​​គោរព​​សិទ្ធិ​មនុស្ស ព្រោះ​រឿង​នេះ​​ប្រព្រឹត្ត​ឡើង​ដោយអ្នកមានអំណាច ឬក៏បុគ្គល​ដែល​មានតួនាទី ក្នុងនាមជាសមត្ថកិច្ច​​ថែមទៀត​ផង។ ប៉ុន្តែ​បើសិន​ជា​ករណីនេះ មានការ​ស្រាវ​ជ្រាវ​អង្កេត​ឱ្យ​បានស៊ីជម្រៅ និង​ច្បាស់លាស នោះ​វា​ជារឿង​មួយ​ដែលអាច​​លុប​លាង​នូវ​ផល​ជះ​ឥទ្ធិ​ពល​មិន​ល្អ​​ទៅលើ​សមត្ថកិច្ច​ផង និង​ធ្វើ​ឱ្យ​សង្គម​មាន​យុត្តិធម៌ផង​។​​

លោកបន្ថែម​​ថា៖ «រឿងនេះ​គួរតែ​មានការ​ធ្វើការ​អប់រំ​​ទៅ​ដល់​សមត្ថកិច្ច​ផង​ដែរ ដើម្បី​បញ្ចៀសកុំ​ឱ្យ​​មាន​បញ្ហា​ហ្នឹង​​កើត​​មាន​​តទៅ​ទៀត ​គឺ​ថា​យើងត្រូវ​តែ​​​​ពង្រឹង​​​ការ​អប់រំ​នូវ​​​ក្រម​សីលធម៌របស់​កង​សមត្ថ​កិច្ច គេហៅ​ថា សិទ្ធិនៅ​ក្នុង​ការ​​កាន់អាវុធកាន់​អីចឹង​ទៅណា​ ដើម្បីធ្វើ​ម៉េច​កុំ​ឱ្យ​​កង​កម្លាំង​សមត្ថកិច្ច​ មានការ​ប្រព្រឹត្ត ឬ​ក៏មាន​​កា​រធ្វេស​ប្រហែស​ប្រព្រឹត្តបែបហ្នឹង​តទៅទៀត»

វីអូឌី មិនអាចសុំការ​អត្ថាធិប្បាយជុំវិញរឿង​នេះ ពីអ្នកនាំពាក្យក្រសួង​មហាផ្ទៃ លោក ទូច សុខៈ និង​ស្នងការនគរបាល​ខេត្ត​កំពង់ស្ពឺ លោក ឃឹម​ សុកខៃ បានទេ នៅថ្ងៃទី០៧ ខែតុលា​នេះ។

យ៉ាងណា បើតាមការ​បំភ្លឺរបស់ស្នងការ​ដ្ឋាននគរបាលខេត្ត​កំពង់ស្ពឺ ​ក្រោយ​​កើត​ហេតុ មេប៉ុស្តិ៍ ទ្រី បូរិន បាន​​រាយការណ៍ភ្លាមៗ និង​បាន​ប្រគល់ខ្លួន​ទៅ​ផ្នែក​ព្រហ្ម​ទណ្ឌ​នៃ​អធិការ​ដ្ឋាន​នគ​រ​បាល​​​ស្រុក​បសេដ្ឋ និង​បញ្ជូនទៅស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត ដើម្បីទទួល​ខុសត្រូវ​ចំពោះ​សកម្ម​ភាព​​​កើត​​ឡើងដោយអចេតនា​ និងការ​ធ្វើប្រហែសរបស់​ខ្លួន​ ហើយ​ខាង​ស្នងការនគរបាល​ខេត្ត​ ក៏​បាន​អនុវត្ត​នីតិវិធីសាកសួរ និ​ងស្នើសុំគោលការណ៍​ថ្នាក់ដឹកនាំ ដើម្បីមានចំណាត់ការ​ទៅ​តាម​​ផ្លូវ​ច្បាប់​ចំពោះសកម្ម​ភាពដែល​បង្ក​ឱ្យ​ជន​រង​គ្រោះ​ស្លាប់បាត់បង់ជីវិត។​

ស្នងការ​ដ្ឋាននគរបាល​ខេត្ត បានគូសបញ្ជាក់ថា៖ «ចំពោះករណីលោកអនុសេនីយ៍ឯក ទ្រី បូរិន ស្នងការ​ដ្ឋាន​​នគរ​បាល​ខេត្ត​ នឹង​ធ្វើការ​ដោយ​ភាព​យុត្តិធម៌ និង​ធានា​ផ្តល់ការ​ជឿ​ជាក់​ដល់​ក្រុម​គ្រួសារ​ជន​រ​ង​គ្រោះ»

យ៉ាងណា ក្រុមអ្នកឃ្លាំ​មើល រង​ចាំមើលនូវចំណាត់ការ​បន្តទៅលើមេប៉ុស្តិ៍រូបនេះ និង​អ្នកដែល​ពាក់ព័ន្ធ នៅចំពោះ​​​មុខ​ច្បាប់ ខណៈដែល​ខ្លួនជាមន្ត្រីអនុវត្ត​ច្បាប់ បែរជា​ធ្វើ​ឱ្យ​​យុវជន​​វ័យ​ក្មេង​​ម្នាក់​ត្រូវ​​ស្លាប់ ​ដោយ​​សារ​គ្រាប់​កាំភ្លើង​​របស់​​ខ្លួនទៅវិញ​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ