តុលាការចោទមន្ត្រី​បូលីស​ឃុំប​សេដ្ឋ​ម្នាក់​ពី​បទ​ឃាត​កម្ម​ក្រោយ​មាន​ការ​រិះ​គន់

តុលាការខេត្តកំពង់ស្ពឺ បានអះអាងថា ខ្លួនបានចោទ​ប្រកាន់​មន្ត្រី​មួយ​រូប មាន​តួនាទី​ជា​នាយ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ពោធិ៍​អង្ក្រង​នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​បសេដ្ឋ ពី​ប​ទ​ឃាតកម្ម ពាក់​ព័ន្ធ​​ករណី​ផ្ទុះ​អាវុធ បង្ក​​​ឱ្យ​​យុវ​ជន​​ម្នាក់​ស្លា​ប់ នៅ​នឹង​កន្លែងកើ​ត​ហេតុ វេលា​ម៉ោង​១០​យប់ កាល​ពី​សប្តាហ៍​មុន។

ការចោទប្រកាន់នេះ ក្រោយ​ពីមា​ន​ការ​រិះគ​ន់​ពី​គ្រួសារជនរងគ្រោះ រួម​ទាំង​អ្ន​ក​​ប្រើ​ប្រាស់​ប​ណ្តាញ​ស​ង្គម​​ផ​ង​រិះ​គន់​ការ​ចេញ​បំភ្លឺ​ខុស​ពី​ការ​ពិត​របស់​ស្នង​ការ​នគរបាល​ខេត្ត​កំព​ង់​ស្ពឺ ក្រោយ​មាន​ហេតុ​កា​រណ៍​កើត​​ឡើង​បា​ន​មួយ​ថ្ងៃ។

នេះតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ចំណាត់​ការ​លើ​សំណុំ​រឿង​ពាក់​ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នេះ ចុះ​ថ្ងៃ​ទី​៧​ ខែ​តុលា ឆ្នាំ​​២០២៥ អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ ។

ប្រភពនោះ​ បាន​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​០៣ ខែ​តុលា ឆ្នាំ​២០២៥ វេលា​ម៉ោង​២២ ឬ​ម៉ោង​១០​យប់ នៅ​តាម​ផ្លូវ​បេតុង​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​ក្រញូង ឃុំ​ពោធិ៍​អង្ក្រង ស្រុក​បសេដ្ឋ ខេត្ត​កំពង់​ស្ពឺ មាន​ករណី​ផ្ទុះ​អាវុធ​ចំនួន​០១​គ្រាប់ ដែល​បង្ក​ឡើង​ដោយ​ជន​សង្ស័យ​ឈ្មោះ ទ្រី បូរិន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ តួនាទី​ជា​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ពោធិ៍​អង្ក្រង​​នៃអធិការ​ដ្ឋាន​នគរបាល​ស្រុក​បសេដ្ឋ។

ការផ្ទុះអាវុ​ធនេះ បណ្តាល​ឲ្យជន​រង​គ្រោះ​​ឈ្មោះ ផាន ផាយុ ស្លាប់​បាត់​បង់​ជីវិត ហើយ​ថា​ ក្រោយ​កើត​ហេតុ ​កម្លាំង​សមត្ថ​កិច្ច បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ខាង​លើ រួម​ជាមួយ​វត្ថុ​តាង AK47 រួច​​កសាង​សំណុំ​រឿង បញ្ជូន​មក​អយ្យ​ការ​អម​សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់។

បន្ទាប់ពីធ្វើការសួរចម្លើយ និងពិនិត្យភស្តុតាង តំណាង​អយ្យការ​ខេត្ត​កំពង់​ស្ពឺ សម្រេច​ចោទ​ប្រកាន់​លើ​ជនសង្ស័យ​ឈ្មោះ ទ្រី បូរិន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ពីបទ ឃាតកម្ម ដោ​យ​បើក​ការ​ស៊ើប​សួរ​ទៅ​ចៅក្រ​ម​ស៊ើប​សួរ តាម​រយៈ​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឱ្យ​ស៊ើប​សួរ ​ចុះ​ថ្ងៃ​ទី​០៧ ខែ​តុលា ឆ្នាំ​២០២៥ ដើម្បី​ចាត់​ការ​តាម​នីតិវិធី។

ជាការកត់សម្គាល់ក្រោយកើតហេតុម្តាយជនរងគ្រោះ ទាម​ទារ​​ឱ្យ​ស្ថាប័ន្ធ​ពាក់ព័​​ន្ធ​​ជួយ​​រ​កយុត្តិ​​ធ​ម៌​​​ឱ្យ​កូ​ន​ប្រុស​​ដែល​ត្រូវ​គេបាញ់​សម្លាប់​នេះ។ ដោយ​ឡែក​នៅ​ថ្ងៃ៤​ខែតុលា ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ តាម​រយៈ​ក្រុម​ការ​ងារ​ប្រតិ​កម្ម​រហ័សរបស់​ស្នង​ការ បាន​ចេញ​សេចក្តីបំភ្លឺ​ថា ហេតុ​ការ​ណ៍ស្លា​ប់​រ​ប​ស់យុ​វជន​​នេះ បង្ក​​ឡើ​ង​ដោយ​ជន​រង​គ្រោះ។

លិខិតបំភ្លឺរបស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់​ថា  នៅ​យប់​ថ្ងៃ​ទី៣ ខែ​តុលា ឆ្នាំ​២០២៥ វេលាម៉ោង ២២:០០​នាទី កំលាំង​នគរបាល​រដ្ឋបាល​ពោធិ៍​អង្ក្រង​ ដឹក​នាំដោ​យ លោក​អនុសេនីយ៍​ឯក ទ្រី បូរិន នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ពោធិ៍​អង្ក្រង និង​មន្ត្រី​នគរ​បាល​ប៉ុស្តិ៍ ៥នាក់ បាន​ចុះ​ធ្វើ​ការ​ល្បាតក្នុ​ង​ភូមិ​សាស្ត្រ​​ឃុំ​ពោ​ធិ៍អង្ក្រង។

លុះមកដល់ចំណុចផ្លូវបេតុងចំណុចកើតហេតុ​ មាន​មុខ​សញ្ញា​សង្ស័យ ២នាក់ ជិះម៉ូតូមួយ​គ្រឿង ម៉ាក​ហុងដាឌ្រីម ដែល​ពេល​នោះ សមត្ថកិច្ច​បាន​ស្ទាក់​ឃាត់​ដើម្បី​សួរ​នាំ ប៉ុន្តែ​មុខ​សញ្ញាបើ​ក​ម៉ូតូ​មិន​ព្រម​បញ្ឈប់ និងបាន​ព្យាយាម​បើក​គេ​ច​ពី​សមត្ថកិច្ច​បក​ថយ​ក្រោយ​រួច​បាន​ជ្រុល បុក​លោក​អនុសេនីយ៍​ឯក ទ្រី បូរិន នាយប៉ុស្តិ៍ បុក​ចំអាវុធ​AK47 បណ្តាល​ឱ្យ​រាល​កៃ​ផ្ទុះ​ចំឈ្មោះ ផា រ៉ាយុ ភេទ​ប្រុស អាយុ ១៧ឆ្នាំ ជា​អ្នក​បើក​ម៉ូតូ រស់នៅ​ភូមិ​ព្រៃ​ស្រួល ឃុំពោធិ៍អង្ក្រង​ ស្រុក​បសេដ្ឋ ខេត្ត​កំព​ង់ស្ពឺ​ បណ្តាល​ឱ្យ​ជន​រង​គ្រោះស្លាប់ ។

លើសពីនេះ ប្រភពនោះថា ក្រោយកើត​ហេតុ អធិការ​ដ្ឋាន​នគរបាល​ស្រុក​បសេដ្ឋ បាន​នាំ​ខ្លួន​លោក ទ្រី បូរិន មក​ស្នងកា​រ​ដ្ឋានន​គរបាល​ខេត្ត​កំពង់​ស្ពឺ ដើម្បី​អនុវ​ត្ត​នីតិ​វិធី និង​ស្នើ​សុំគោ​ល​ការណ៍​ថ្នាក់​ដឹក​នាំ​មាន​ចំណាត់​ការ​តា​​​ម​ផ្លូវ​ច្បាប់ ចំពោះ​សកម្មភាព​ដែល​បាន​បង្កឱ្យ​ជ​ន​រ​ង​គ្រោះបា​ត់​បង់​អាយុ​ជីវិត។

យ៉ាងណាក៏ចេញបំភ្លឺ​របស់​ស្នង​ការ​ខេត្ត ហាក់​ផ្ទុយ​គ្នា​ទៅនឹ​ង​ការ​រក​ឃើញ​របស់​តុលាការ ប៉ុន្តែ​ការ​រក​ឃើញ​របស់​តុលាការ ហាក់​ស៊ី​គ្នាទៅ​នឹ​ងកា​រ​បញ្ជាក់​របស់​​​សាក្សី​មួយ​ចំនួន​បាន​​ប្រាប់​អ្នក​សារ​ព័ត៌​មាន ដោយ​ពួក​គេ​ថា ការ​ស្លាប់​របស់​យុវជន ផា រ៉ាយុ អាយុ​១៧​ឆ្នាំ ដោយ​សារ​នាយ​ប៉ុស្តិ៍ លោក ទ្រី បូរិន ជា​អ្នក​បាញ់។

មន្ត្រីគណបក្សប្រឆាំងដែលតាមដានរឿងនេះ គឺលោក មុត ចន្ថា បា​ននិ​យាយ​លើហ្វេ​សប៊ុ​ក​របស់​លោក​ថា ស្នង​ការ​នគរបាល​ខេត្ត​កំពង់​ស្ពឺ បក​ស្រាយ​ស៊ុម​គ្រលុំ ការ​ពារ​ឃាតករ​ដែល​ជា​នាយ​ប៉ុស្តិ៍ន​គរបាល​ឃុំ​ពោធិ៍អង្ក្រង ដែល​បាន​បាញ់​សម្លាប់​យុវជន។

 លោកថា៖ «នេះជាអំពើឃាតកម្មដោយចេតនា មិនមែនជាអំពើអចេតនា»។

សម្រាបលោក ម៉ុត ចន្ថា គួរតែដកស្នងការនគរបាលខេត្តកំពង់ស្ពឺ បញ្ឈរ​ជើង ពីបទ​គប់​គិត​ការ​ពារ​ឃាតក​រជា​មេ​ប៉ុស្តិ៍ ហើយ​ថា​នេះ​ជាអំ​ពើក្លែ​ង​ភស្តុ​តាង​ដែល​ត្រូវ​មាន​ទោស ដែល​ស្នង​ការ​នគរ​បាល​រូប​នេះ​គួរ​ត្រូវ​បក​ស័ក្តិ​ និង​ផ្តន្ទា​ទោស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ