ស្ថាប័នរដ្ឋ​​ថ្កោល​ទោស​ពេល​ថៃ​ប្រមាថ​លោក​ហ៊ុន សែន ប៉ុន្តែ​​នៅ​​​ស្ងៀ​ម​​​ពេល​​លោក​​​ហ៊ុន សែន ​កម្ទេច​​ខ្មែរ

បើទោះ​បី​ជាចា​ប់​តាំង​ពី​កង​ទ័ព​​​ថៃ​ បើក​ការ​បាញ់​ផ្លោង​ ​និង​ទម្លាក់​គ្រាប់​​ស្រោ​ច​យ៉ាង​សន្ធាប់​​មក​លើ​ទឹក​ដី​កម្ពុជា​ក្នុង​​រយៈ​​ពេល​​៥យប់​៥ថ្ងៃ ហើយ​​កង​ទ័ព​​ខ្មែរ​នៅ​ជួ​រ​​មុ​ខ​​បង្ហាញ​ពីភា​ព​​ក្រ​តោក​​យ៉ាក​ និង​​ទ័ព​​ថៃ​​ចូល​​រាយបន្លា​លួស​​ព័ទ្ធ​យក​​ផ្ទះ​​យក​​ដី​បង្កកា​រ​ឈឺចាប់​​ដល់​​ពលរដ្ឋ​​ខ្មែរ​​យ៉ាង​​ណា​ក្តី​ ក៏​​លោក​ ​ហ៊ុន សែន នៅ​ស្ងៀម​​បាត់​មាត់​​​បាត់​កខុសប្រក្រតី។ ក៏ប៉ុន្តែ​ពេល​ក្រុម​MMO​ថៃ ប្រមាថមើល​ងាយ​​រូប​លោក លោក​​និង​​ស្ថាប័ន​​រដ្ឋ​ដែលនៅ​ក្រោមបង្គាប់​របស់​លោក ​​បែរ​ជា​បញ្ចេញ​​​ប្រតិកម្ម​តបត។ ​ត្រង់​ចំណុច​នេះ​ ត្រូវបាន​អ្នកឃ្លាំមើល​លើកឡើង​ថា លោក ​ហ៊ុន សែន ​ជាមនុស្ស​​អាត្មា​​និយម ​គិត​​​តែពីផល​ប្រយោជន៍​​ខ្លួន​ឯង និងបក្ខពួក​ដើម្បី​ក្រាញ​អំណាច​តពូជ ​ដោយ​​មិន​បាន​គិត​​ពី​សុខ​​ទុក្ខ​​របស់​ប្រជាពលរដ្ឋ​ កង​ទ័ព ​និង​​ទឹកដី​ឡើយ​។

ព្រឹទ្ធសភា និង​រដ្ឋាភិបាល​កម្ពុជា ​នៅថ្ងៃទី​៧ ​ខែ​​តុលា ​ឆ្នាំ​២០២៥ បាន​​ចេញ​​សេចក្តី​ថ្លែង​ការណ៍​​២​ផ្សេង​គ្នា សម្តែង​​ការ​​សោក​​ស្តាយ​​​ជា​​ពន់​ពេក​ និង​​ថ្កោល​​ទោស​យ៉ាង​ខ្លាំង​ក្លា​បំផុត ​ចំពោះ​​ការ​​ប្រមាថ​​ និង​​​គ្មាន​​ការ​គោរព​​របស់​​ជន​ជាតិ​ថៃ​មួ​យ​​​ចំនួន ​​ដោយ​​យក​​រូបថត ​លោក ​ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធ​​សភា​​​ទៅ​​​ធ្វើ​​ជាផ្ទាំង​បាញ់ស៊ីប​យក​រង្វាន់ ​និង​យក​ទៅ​ដាក់​​តាំង​ជារូប​ទីងមោង​ជាដើម។

ស្ថាប័ន​រដ្ឋ​កំពូល​ទាំងពីរនេះ បាន​ចាត់​ទុកសកម្មភាពអសីលធម៌​​​របស់​ជនជាតិ​ថៃ​នេះ ថា​​ជាការ​ប្រមាថ​យ៉ាងធ្ងន់​ធ្ងរ​ ដល់​សេចក្តីថ្លៃថ្នូរ​របស់​មនុស្សជាតិ តម្លៃ​សីលធម៌​ និងការ​គោរព​គ្នា​ទៅ​វិញទៅមក​​រវាង​ប្រជាជាតិ ​និងប្រជាជាតិ​។ ទង្វើ​បែបនេះ ​ក៏​បាន​ធ្វើឱ្យប៉ះពាល់​ដល់​ស្មារ​តី​នៃភាព​ជាអ្នក​ជិតខាងល្អ​ មិត្តភាព ​និងសន្តិ​សហ​វិជ្ជមាន​ដែល​ជា​គោល​ការណ៍​​គ្រឹះ​​ដឹកនាំ ទំនាក់ទំនង​រវាង​កម្ពុជា​​ថៃ ក្នុងនាម​ជាសមាជិក​ក្នុង​អាស៊ាន​និង​អន្តរ​ជាតិ។

បន្ថែមពីនេះ អង្គភាពអ្នកនាំពាក្យ​រដ្ឋាភិបាល យល់​ឃើញថា ជនជាតិ​​អាស៊ី​ ជាពិសេសជន​ជាតិ​ថៃ និងខ្មែរ ​មាន​​ប្រពៃណី​​គោរពយ៉ាងខ្ពង់ខ្ពស់​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​ថ្នាក់​ដឹកនាំ​កំពូល​របស់​ប្រទេស និងថា ក្នុងហេតុ​ផលនេះហើយ​​បាន​ថ្នាក់​ដឹកនាំកំពូលកម្ពុជាទាំង លោក ​ហ៊ុន សែន ​និងលោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត​​ តែង​តែអំពាវ​នាវ​​ជា​ញឹក​ញាប់​​ដល់​ប្រជា​ពលដ្ឋ​ខ្មែរ ​សូមកុំ​យកព្រះឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ ​និង​រូប​ថត​​ថ្នាក់​ដឹកនាំថៃ ​​ទៅ​ធ្វើ​សកម្ម​ភាពណា​មួយ​ដែល​មិន​គួរគប្បី ​និង​សូមកុំមាន​ការ​រើស​អើង​ចំពោះ​ប្រជាជនថៃ​​ដែលកំពុង​ស្នាក់នៅ​ និង​ប្រកបមុខរបបនៅកម្ពុជា។

លោក ប៉ែន បូណា ​ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល ​ថ្លែងថា នៅឯ​ប្រទេសថៃ ​អំពើ​​អសីលធម៌ ​និងការប្រមាថ​​​គ្រប់​បែបយ៉ាង​ចំពោះថ្នាក់​ដឹកនាំកម្ពុជា​ បាន​ប្រព្រឹត្ត​ទៅ​ដោយ​ចំហរ ​​និងដោយ​គ្មាន​វិធានការ​អ្វីទាំងអស់។ លោក​បាន​​សម្តែង​ការ​សោក​ស្តាយ​​យ៉ាង​ខ្លាំង ​ចំពោះការ​បណ្តែតបណ្តោយ​ឱ្យអំពើ​ប្រមាថបែបនេះកើត​ឡើង​។

លោកថា៖ «អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ​សូមបញ្ជាក់សារ​ជាថ្មី​ជូ​ន​សាធារណជន​​មេត្តា​ជ្រាប​ថា កម្ពុជា​​​ទោះ​បី​ជា​ប្រទេស​តូច​ មាន​​ប្រជាជន​​តិច ​និង​សេដ្ឋ​កិច្ច​​​នៅ​​ទន់​​ខ្សោយ ប៉ុន្តែ​ថ្នាក់​​ដឹ​ក​នាំ​​កម្ពុជា​តែង​​តែ​ប្រកាន់ខ្ជាប់​​នូវ​គោល​ការណ៍​ស្រឡាញ់​សន្តិ​ភាព ការ​ដោះ​​ស្រាយ​​បញ្ហា​​ដោយ​​សន្តិវិធី​ និងចង់បាន​ព្រំដែន​សន្តិភាព​មិត្ត​ភាព សហប្រតិបត្តិការណ៍​ និងការអភិវឌ្ឍ ដោយ​មិន​ដែល​ចាត់​ទុកប្រទេស​ជិតខាង ​ឬប្រទេសណាមួយ​ជា​សត្រូវនោះឡើយ»

យ៉ាងណា​ក្តី ​អ្នក​ឃ្លាំមើល​មិន​ចំណុះ​រដ្ឋាភិបាល​​ ចាត់​ទុកការចេញសេចក្តីថ្លែងការ​ណ៍​ថ្កោល​ទោស​ថៃនេះ ថា​ជា​វប្បធម៌​ហៃ​អើ រុញទូកបណ្តោយទឹកដើម្បីតែ​ផល​​ប្រយោជន៍​ផ្ទាល់​ខ្លួន។​​

លោក ​ហ៊ុន សែន ​កាលពីថ្ងៃទី​៧ខែ​តុលា​ បាន​សរសេរ​សា​រនៅ​លើ​បណ្តាញ​សង្គម​​​ដោយ​មាន​ភ្ជាប់​វីដេអូ​ដែល​ក្រុម​MMO ​ថៃ​បាន​បាញ់​ស៊ីប​លើ​រូប​ថតលោក ដោ​យ​ចោទ​ជា​សំណួរ​ថា «​នេះ​​ឬជាជនជាតិស៊ីវិល័យ​មាន​​គុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់? ប៉ុន្តែ​យ៉ាង​ណាក្តី ​​លោក ​ហ៊ុន សែន ​បាន​ប្រាប់​ឱ្យ​​ប្រជាជន​កម្ពុជា​កុំធ្វើទង្វើ​អាក្រក់បែបនេះ ​ដែល​​ជា​ទង្វើអមនុស្ស និង​អន់ជាងសត្វ។ មិនថា​វីដេអូនេះ ធ្វើដោយមនុស្សផ្ទាល់ ឬដោយ AI គឺ​សុទ្ធតែបង្ហាញ​នូវអំពើ​អាក្រក់ទាំង​អស់​មិនថា​ជនជាតិណា ឬក្រុមណានោះទេ»។

ជាមួយគ្នា​នេះ ​​លោក ​ហ៊ុន សែន​ លើក​ឡើងថា សកម្មភាព​របស់​ជន​ជាតិ​ថៃនេះ ធ្វើឡើង​ក្នុងគោលដៅធ្វើឱ្យ​លោក​​​បាត់បង់​ការ​អត់ធ្មត់ ក្នុងពេលបទឈប់បាញ់​ ​កំពុងស្ថិតក្នុងស្ថាន​ភាពផុយស្រួយ ឬយ៉ាងហោច​ណាស់​ញុះ​ញង់ឱ្យកងទ័ព និង​ប្រជាជនកម្ពុជា​​មួយចំនួន​ តបត​តាមរបៀបបង្កអរិយភាព។

ក្នុង​ពេល​កាន់​អំណាច​ជាង​៤០​ឆ្នាំមក​នេះ លោក ​ហ៊ុន សែន ដែល​ត្រូវបាន​លើក​បន្តុបដោយ​​​វៀតណាម ​រងករ​រិះ​គន់​ថា មិន​បាន​ធ្វើ​ខ្លួន​ជានាយក​រដ្ឋ​មន្ត្រី ឬជាប្រធាន​ព្រឹទ្ធសភា​​ ដែល​​តាម​ច្បាប់​ត្រូវ​ជាតំណា​ង​​របស់​ប្រជា​ជាតិ​ខ្មែរ​ទាំង​មូល​នោះ​ទេ ពីព្រោះ​ជារឿងៗ លោក ​ហ៊ុន សែន ​តែង​តែប្រើពាក្យសម្តីហិង្សា អសីលធម៌ប្រមាថ​​អាយុ​ជីវិត​​​ប្រជាពលរដ្ឋ​ខ្មែរ​​ដែល​មាន​មតិផ្ទុយ​ពី​លោក ដោយ​បញ្ជាឱ្យ​មន្ត្រីក្រោមបង្គាប់​​តាម​កម្ទេច​ តាម​កម្ចាត់​ ងើបមួយ​វ៉ៃមួយ​​ ទៅ​​លើ​អ្នក​នយោបាយ​ប្រឆាំង​ និង​សកម្មជន​សង្គម​ដែល​មាន​មតិផ្ទុយ​។ ដូចជាកាល​ពី​អំឡុង​​ឆ្នាំ​២០២៤ លោក ​ហ៊ុន សែន ​បាន​បញ្ជា​ឱ្យ​តាម​ចាប់ខ្លួន​​ លោក ​ផន ផាណា ​សកម្មជន​គណ​បក្ស​​ប្រឆាំង​​​មិន​ថា​ រស់ឬស្លាប់នោះទេ គឺ​ត្រូវចាប់​ឱ្យ​បាន។

លោកថា៖ «ត្រូវតាម​យកអាមួយនេះឱ្យបាន​ បើទោះបីដោយតម្លៃណាក៏ដោយ រស់ឬស្លាប់​យើងអត់​ដឹង​ទេតែដឹងថា អាមួយនឹង​គឺមិនអាចទៅណាមិន​ឱ្យចេញទៅណាបាន ដូច្នេះ​ត្រូវអនុវត្ត​វិធានការ​នេះ​ជាបន្ទាន់​ដាច់​​ខាត​មិន​ឱ្យអា ផន ផាណា នេះ​រួច​ខ្លួនបានទេ»

លោក​ផន ផាណា ​បាន​ចាត់​ទុកលោក​ហ៊ុន សែន ​ថា​ ជាមេដឹកនាំដែលគ្មាន​មនោសញ្ចេតនា​ ​ចំពោះ​ជាតិសាសន៍​​ខ្មែរ​​ខ្លួន​​ឯង ពីព្រោះ​លោក​ ហ៊ុន សែន ​ហ៊ាន​ធ្វើគ្រប់​យ៉ាង​រហូត​ដល់​តាម​សម្លាប់​​​តាមកម្ទេច​ តាម​កម្ចាត់​​ងើបមួយ​វ៉ៃមួយ ​ចំពោះ​អ្នក​ដែល​មាន​មតិផ្ទុយ​ពីខ្លួន ​​ដូច​ជារូប​លោកជាដើម ដើម្បី​តែ​សម្រេច​មហិច្ឆតា​ក្រាញ​អំណាចតពូជ​។

លោកថា៖ «​លោក​ ហ៊ុន សែន ​តាម​សម្លាប់ខ្ញុំ មិន​ថា​ស្លាប់​ឬរស់ ​មិន​មែននិយាយទេ​ណា ​គឺបញ្ជាឱ្យមនុស្ស​តាម​​ចាប់ខ្ញុំ ហើយ​ខ្ញុំ​​រត់​​គេច​​ប្រផាប់ប្រភីង ​កុំតែ​បាន​ទូត​​សហរដ្ឋ​អាមេរិ​ក​​គេ​យក​ទៅ​ទេ​ណា កុំ​តែ​បាន​អង្គការសហ​ប្រជាជាតិ ​កុំតែបាន​អង្គការ​សិទ្ធិមនុស្ស​ ​គេអន្តរាគមន៍​ដុតដៃដុតជើង​ទេណា គឺលោក ​ហ៊ុន សែន ​គឺតាម​​ចាប់​​តាម​សម្លាប់ខ្ញុំពិត​មែន​ អាហ្នឹង​មិន​មែន​ជារឿងគំរាមកំហែង ​ឬក៏​ជាហ្គេមដូច​គេធ្វើផង។ សួរ​ថា លោក ​ហ៊ុន សែន គាត់ចេះឈឺ​ចាប់ ​គ្រាន់​តែ​គេយក​រូប​ភាពគាត់​យក​ទៅ​ធ្វើផ្ទាំងស៊ីប ចុះលោក​ ហ៊ុន សែន ធ្វើអាទង្វើព្រៃផ្សៃដាក់គេ សម្លាប់​ក្រុមគ្រួសារ​គេតាម​ចាប់តាម​សម្លាប់ខ្ញុំ ឬក៏ចាប់សកម្មជន​នយោបាយ​ផ្សេងៗ​ ដាក់គុកសួរថា តើគាត់ចេះយល់ពី​អារម្មរណ៍ក្រុមគ្រួសារ​គេតើគេឈឺចាប់​ប៉ុណ្ណា»។

បើ​ទោះបីជាអំឡុង​ពេល​មាន​សង្គ្រាម​ជាមួយ​ថៃ​ ​ប្រជាជាតិ​ខ្មែរ​នៅគ្រប់​ទិស​ទី​​បាន​រួប​រួម​សាមគ្គីគ្នា ​និង​​បាន​អំពាវ​នាវ​​ឱ្យ​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ​រួប​រួម​សាមគ្គី​គ្នា ​ដោយ​ចាប់​ផ្តើម​ពីការ​ដោះ​លែង​អ្នកទោស​នយោ​បាយ ដើម្បី​ទប់​ទល់​ទៅ​នឹង​ការ​ឈ្លាន​ពាន​របស់ថៃ​ក្តី​ ក៏​លោក ​ហ៊ុន សែន​ ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅក្នុង​វិមាន​ស្កឹមស្កៃ​ពាក់​សុទ្ធ​តែនាឡិកា​ទំនើ​ប​ ជិត​១០​គ្រឿង ​មាន​តម្លៃ​រហូតដល់​ប្រមាណ ​៦០​លាន​ដុល្លារ​ មិន​ត្រឹម​​​តែមិន​បាន​បង្ហាញ​សញ្ញាណាមួយ​ ​ពីចេតនា​ចង់​បង្រួប​បង្រួម​ជាតិ​ខ្មែរ ​​ឬក៏ដោះ​លែង​អ្នក​ទោស​នយោ​បាយ​​ខ្មែរ​ណាម្នាក់​ប៉ុណ្ណោះ​ទេ ​ថែម​ទាំងបន្ត​​ចាប់ខ្លួន​អ្នក​នយោបាយប្រឆាំង ​​និង​អ្នក​កាសែត ​និយាយ​ការពិត​​យ៉ាង​ហោចណាស់ ​៤នាក់​ថែម​ទៀត ​ធ្វើឱ្យ​ចំនួនអ្នក​ទោស​មនសិការ​​ដែល​ជាប់​ឃុំ​ ក្នុង​នោះ​ក៏មាន​អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​លោក​ កឹម សុខា ​ផងដែរ​ឡើង​ដល់​​៨០​នាក់។​

លោក មួន សារ៉ាត់ បាន​សរសេរសារបង្ហោះ​លើបណ្តាញ​សង្គម ដោយ​មាន​ដាក់​ភ្ជាប់​រូបថត​លោក ​ហ៊ុន សែន ​លោក​ជា វិជ្ជា លោក​កែម ឡី ​និង​លោក​លិម គិមយ៉ា ដែល​ត្រូវបាន​គេបាញ់​សម្លាប់​ថា លោក ហ៊ុន សែន ឈឺចាប់​​ពេល​ឃើញ​ការសម្តែងមតិទៅលើរូបភាព​ប្រឌិត​​តំណាំង “ការស្អប់ខ្ពើម” ចំពោះរូបលោក។ «ប៉ុន្តែ​លោក ហ៊ុន សែន ខ្លួនឯង​គ្មានចិត្ត​មេត្តា ឬ​អាសូរ​ដល់ជីវិតរបស់ជនស្លូតត្រង់ ​ដែលលោក​បញ្ជារឱ្យសម្លាប់​ពិតៗ​បន្តិចសោះឡើយ»។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ បាន​សរសេរ​សារ​ខ្លីសំដៅ​លោក​ ហ៊ុន សែន​ ថា​«សត្រូវនៅ​ចំពោះ​មុខ​ទុក​ឱ្យគេមើល​​ងាយ​តាមទំនើងចិត្ត។ តែបើជាតិសាសន៍ឯងតាមវ៉ៃដល់ផ្ទះ តាមកម្ទេច ចេញ​មួយវ៉ៃមួយ។ ថោក​ប៉ុណ្ណេះ​ហើយ នៅមានមនុស្សឆ្កួតការពារទៀត។ ទឹកដីមិន​ការពារ​ទៅការពារជនពាល»។

ជាមួយគ្នា​នេះ ​លោកគឹម សុខ អ្នកនាំពាក្យ​ក្រុមប្រឹក្សា​ជាតិ​តស៊ូ បាន​សរសេរលើ​បណ្តាញ​សង្គមថា​ មានហ៊ុន សែន មានសង្គ្រាម។ ចំពោះថៃ​ឈ្លាន​ពាន​មក​លើ​បូរណភាពទឹកដី​កម្ពុជា លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត និយាយ​ពី​ការ​​ចរចា​​ទ្វេភាគី និងភាពទន់​ភ្លន់។ ប៉ុន្តែ​ចំពោះខ្មែរប្រជាធិប​តេយ្យ ឪកូនទាំងពីរនិយាយតែពី«ងើប១​វាយ​១» ខ្នោះ គុក ដែល​ត្រង់​ចំណុចនេះ​សូមប្រជាពលរដ្ឋ​ខ្មែរគិត។

បន្ថែម​ពីនេះ​ លោក ​ប៉ា ងួនទៀង ​ប្រធានស្ថាប័ន​វីអូឌី​ ក៏បាន​សរសេរ​លើ​បណ្តាញ​សង្គម​របស់​លោក​​ផងដែរថា លោកហ៊ុន សែន មិនគួរប្រតិកម្មជាមួយMMOថៃទេ ព្រោះនោះ​មិន​មែនជា​ផេកផ្លូវការរបស់រដ្ឋថៃឡើយ​។ មេដឹកនាំកំពូលខ្មែរឈ្លោះជាមួយពលរដ្ឋគេ វានាំឱ្យ​​ខូចតម្លៃ​ខ្លួនឯង ខូចកិត្តិយស និងខាតប្រយោជន៍ជាតិ។

សម្រាប់ ​លោក អ៊ុំ សំអាន អតីត​តំណាងរាស្ត្រគណបក្ស​សង្គ្រោះជាតិ ​បាន​ចាត់​ទុក​ថៃ និង​លោក ហ៊ុន សែន​ថា ជាមនុស្ស​អសីលធម៌ និងមានសារជាតិអាក្រក់​ដូចគ្នា​ ពីព្រោះ​ថៃ​បាន​ឈ្លានពាន​ខ្មែរ​​និងធ្វើបាបពលរដ្ឋខ្មែរ រីឯលោក ហ៊ុន សែន បាន​ធ្វើទុក្ខបុកម្នេញ​ ​និងធ្វើបាប​ពលរដ្ឋខ្មែរដូចថៃដែរ ហើយ​លោកមិនគាំទង្វើអសីលធម៌ទាំង​នេះទេ​​។

លោក​លើកឡើងថា ថៃរាយបន្លាលួស​រំលោភយកដីខ្មែរ​និងផ្ទះពលរដ្ឋ​ខ្មែរ​​​ស្រេច​ចិត្ត អត់ឃើញ​រដ្ឋាភិបាលចេញ​សេចក្តីថ្លែងការណ៍ និងថ្កោលទោសថៃ បែរជា​រដ្ឋា​ភិបាល​ចេញ​សេចក្តីថ្លែងការណ៍ និង​ថ្កោលទោសថៃ ពីរឿងប្រមាថមើល​ងាយ​លោក ហ៊ុន សែន ទៅវិញ។ លោក សំអាន ​បញ្ជាក់​ថា សម្រាប់រដ្ឋាភិបាល​កម្ពុជា ​គឺទឹកដី​មិនសំខាន់ស្មើនឹង​លោក​ ហ៊ុន សែន នោះទេ ពីព្រោះ​បើ​រដ្ឋាភិបាលចេះឈឺចាប់រឿងទឹកដី​ដូចថៃប្រមា​ថ​​មើ​ល​ងាយ លោក ហ៊ុន សែន នោះដីខ្មែរមិន​បាត់បង់នោះទេ។

ជម្លោះ​ព្រំដែន​កម្ពុជា ថៃ​ដែល​បាន​ផ្ទុះជាភ្លើង​សង្គ្រា​ម​ឆេះសន្ធោសន្ធៅរយៈ​ពេល​៥យប់​៥ថ្ងៃ ​គឺ​ចាប់​ពីថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៨ ខែកក្កដា ​ឆ្នាំ២០២៥ ដោយ​យោធាថៃ​ប្រើយន្តហោះ​ចម្បាំង​​ទម្លាក់គ្រាប់​បែកចង្កោម និង​ដ្រូន​​ទម្លាក់គ្រាប់​មក​លើកងទ័ព​កម្ពុជា បណ្តាល​ឱ្យ​ជីវិត​កង​ទ័ព​ទាំង​សង​ខាង​ស្លាប់ ​និង​រង​របួស​ជាច្រើន​ ត្រូវបាន​​អ្នក​នយោ​បាយ​​ប្រឆាំង ​និងអ្នក​ឃ្លាំមើល​ឯក​រាជ្យ​​មួយ​​ចំនួន​ ​ស្តី​បន្ទោស​​ថា ដើមហេតុ​គឺ​បង្កឡើង​ដោយ​លោក​ ហ៊ុន សែន ​ដែល​មាន​អំណួត​មិន​ចេះ​ប្រមាណខ្លួន ​ហ៊ាន​លូកដៃ​ចូលទៅ​កកូរកកាយ​នយោបាយ​ផ្ទៃក្នុង​​ថៃ​ រាប់​ចាប់​តាំងពី​ការជួល​ក្រុម​ឃាតករ​​ឱ្យ​ទៅ​បាញ់​សម្លាប់​​អតីតតំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ លោក​លិម គិម​​យ៉ា ​នៅក្នុង​ទីក្រុង​បាងកក និង​​ការ​បញ្ចេញ​សារសំឡេងសន្ទនា​ឯកជន​ ជាមួយ​អតីត​នាយ​ក​រដ្ឋមន្ត្រីថៃ ​អ្នក​ស្រី ផៃថងថាន ស៊ីណាវាត្រ​ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ