ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គួរតែទទួលបានពានរង្វាន់ណូប៊ែលសន្តិភាព ប្រសិនបើលោកអាចបញ្ចុះបញ្ចូលប្រធានាធិបតីចិន លោកស៊ី ជិនពីង ដើម្បីឱ្យបោះបង់ការប្រើកម្លាំងប្រឆាំងនឹងតៃវ៉ាន់ ដោយលោកប្រធានាធិបតី ឡៃ ឈីងតឹ បានប្រាប់ទៅកាន់កម្មវិធីវិទ្យុ និងផតខេសអាមេរិកអភិរក្សនិយមនៅក្នុងបទសម្ភាសន៍មួយ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ(Reuters) បានរាយការណ៍នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥នេះថា ទីក្រុងវ៉ាស៊ីនតោន គឺជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់របស់តៃវ៉ាន់ ដែលទាមទារដោយប្រទេសចិន បើទោះបីជាមិនមានទំនាក់ទំនងផ្លូវការក៏ដោយ ប៉ុន្តែតាំងពី លោក ត្រាំ (Trump) ចូលកាន់តំណែងនៅឆ្នាំនេះ លោកមិនបានប្រកាសអំពីការលក់អាវុធថ្មីដល់កោះនេះនោះទេ។
លោក ត្រាំ ត្រូវបានគេរំពឹងទុកថា នឹងជួបលោក ស៊ី នៅខែនេះ ហើយអ្នកជំនាញខាងផ្នែកគោលនយោបាយការបរទេសមួយចំនួន និងប្រជាជនតៃវ៉ាន់មានការព្រួយបារម្ភថា លោកអាចនឹងមិនប្តេជ្ញាចិត្តដូចប្រធានាធិបតីមុនៗ ចំពោះការការពារកោះនេះទេ ហើយអាចនឹងផ្តល់ការសម្បទានដល់ទីក្រុងប៉េកាំង ដើម្បីធានាដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ។
ប្រទេសចិន ដែលគ្រាន់តែចាត់ទុកកោះនេះ ជាខេត្តរបស់ខ្លួន មិនដែលបោះបង់ក្នុងការប្រើប្រាស់កម្លាំង ដើម្បីឱ្យតៃវ៉ាន់ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ហើយតែងតែបញ្ជូនយោធាចូលទៅក្នុងដែនទឹក និងដែនអាកាសជុំវិញកោះនេះ។
ជាមួយគ្នានេះ លោក ឡៃ បាននិយាយថា ‘‘យើងសង្ឃឹមថានឹងបន្តទទួលបានការគាំទ្រពីលោកប្រធានាធិបតីត្រាំ ។ ប្រសិនបើលោក ត្រាំ បញ្ចុះបញ្ចូល លោក ស៊ី ជីនពីង ឱ្យបោះបង់ការឈ្លានពានដោយយោធា ប្រឆាំងនឹងតៃវ៉ាន់ជាអចិន្ត្រៃយ៍ លោកប្រធានាធិបតី ត្រាំ នឹងទទួលបានពានរង្វាន់ណូប៊ែលសន្តិភាព(Nobel Peace Prize)ដោយគ្មានការសង្ស័យ”៕











