ប្រាក់​បាត​ចុះ​ថោក​ខ្លាំង​ក្រោយ​ពលរដ្ឋ​សម្រុក​ដូរ​យក​លុយ​រៀល​តាម​ការ​ណែ​នាំ​របស់​លោក ហ៊ុន សែន

លុយបាត ដែល​ជារូ​បិយ​ប័ណ្ណ​របស់​ថៃ បាន​ចរាចរ​នៅក្នុ​ង​វិស័យ​សេដ្ឋ​កិច្ច អស់​រយៈ​ពេល​ជាង ៤ទសវត្ស​ទៅ​ហើយ​នោះ ពេល​នេះ​កំពុង​តែ​ទទួល​រង​ភាព​មិន​ច្បាស់​លាស់ ក្រោយ​មាន​ការ​ណែនាំ​ពី​ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា លោក ហ៊ុន សែន ហើយ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន បាន​ចាប់​ផ្ដើម​យក​លុយ​បាត ប្ដូរ​ទៅ​ប្រាក់​រៀល ឬ​ប្រាក់​​ដុល្លារ​វិញ ដែល​ធ្វើ​ឱ្យត​ម្លៃ​រូបិយ​ប័ណ្ណ​ថៃ​មួយ​នេះ ចុះ​ថោក​ជាង​មុន។

ប្រជាពលរ​ដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ លោក សេង ភារុណ ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ទី​៨ ខែ​តុលា​ ថា មក​ដល់​ពេល​នេះ តម្លៃ​លុយ​បាត​រប​ស់ថៃ​ បាន​ធ្លាក់​ខ្លាំង ដោយ ១ពាន់​បាត ប្ដូ​រ​ទៅ​ជាលុ​យ​ខ្មែរ​បាន ១១ម៉ឺន​រៀល ខណៈ​ពី​មុន​ប្ដូរ​បាន ១២​ម៉ឺន​រៀល។ លោក​បន្ត​ថា ការ​ធ្លាក់​ចុះនេះ​ បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​ប្រជា​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែត ដែល​បាន​ប្រើ​ប្រាស់​លុយ​បាត ក្នុង​អាជីវ​កម្ម​ជា​គោល​ទៅ​ហើយ ដោយ​សារ​លុយ​បាត មាន​តម្លៃ​ថ្លៃជា​ង​ប្រាក់​រៀល។

លោក សេង ភារុណ បាន​និយាយ​ថា៖ «ប៉ះពាល់​ខ្លាំង​ទៅ​ដល់​ជីវភាព​អ្នក​ព្រំដែន​ហ្នឹង​ហ្មង ដោយ​សារ​គ្រប់ជន​ជាតិ​ទាំង​អស់ គេ​ចាយ​លុយ​បាត​ជា​គោល ហើយ​សង្ឃឹម​លើ​ទឹក​លុយ​បាត​ហ្នឹង​ឯង ដោយ​សារ​លុយ​បាត​ថ្លៃជា​ង​លុយ​ខ្មែរ អ៊ីចឹង​អ្នក​ធ្វើ​ការ និង​លក់​ដូរ ប្រឈម​មុខ​នឹង​ការ​ខាត​ឡុង​ចុង»។

ក៏​ប៉ុន្តែ បើ​ផ្អែក​​តាម​ទីផ្សារ​រូបិយ​វត្ថុ​អន្តរ​ជាតិ លុយ​ថៃ ១ពាន់​បាត ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ មាន​ចំនួន ១២ម៉ឺន ៣ពាន់​រៀល ពោល​គឺ​ខ្ពស់​ជាង​កន្លែង​ប្ដូរ​ប្រាក់​នៅ​កម្ពុជា​ជាង ១ម៉ឺន​រៀល។

ការជំរុ​ញឱ្យ​ឈប់​ចាយ​លុយ​បាត​ថៃ នៅ​លើទឹ​ក​ដី​កម្ពុជា​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មេដឹក​នាំ​​គណបក្ស​​កាន់​​អំណាច​​កម្ពុជា គឺ​លោក ហ៊ុន សែន បាន​​បញ្ចេញ​​ប្រតិ​​កម្ម​ទៅ​​នឹង​​វីដេអូ​​​មួយ​ នៅ​លើប​ណ្តាញ​សង្គម ដោយ​មាន​​បុរស​ម្នាក់ ​ស្លៀក​​ពាក់​​​ឯក​សណ្ឋាន​កងក​ម្លាំង​​ថៃ បាន​បាញ់​​កាំ​ភ្លើង​ជ័រ​​យក​រង្វាន់ ដោយ​យក​​រូ​ប​​របស់លោក ហ៊ុន សែន ធ្វើ​ជាផ្ទាំ​ង​ស៊ីប។

នៅក្នុងសំណេរដែលបង្ហោះកាលពីថ្ងៃទី​៦ ខែ​តុលា​នេះ លោក ហ៊ុន សែន ​បា​ន​​ចាត់​​ទុក​​ទង្វើ​​នេះ គឺ​ជា​អំពើ​អសីល​ធម៌​ ដែ​ល​​អន់​​ជាង​​សត្វ​ និង​ហាម​កុំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ត្រាប់​តាម ហើយ​លោក​បាន​ស្នើ​ឱ្យ​ពលរដ្ឋ​​ខ្មែរ ​ឈប់​​ទិញ​​ទំនិញ​​ថៃ និង​​ឈ​ប់​ប្រើ​ប្រាស់​​លុយ​​បាត នៅ​​​លើ​ដី​ខ្មែរ​ ដើម្បី​​ពង្រឹង​​ឯករាជ្យ​ភាពរបស់​​​រូបិយ​ប័ណ្ណ​កម្ពុជា និង​ជា​វិធី​ត្រជាក់ ដែល​ជំនួស​ឱ្យ​ការ​សង​សឹក។

ក្រោយការបង្ហោះនោះ នៅរសៀលថ្ងៃដដែល ពលរដ្ឋ​នៅក្រុ​ងប៉ោ​យ​ប៉ែត បាន​សម្រុក​ទៅ​ហាង​គ្រឿង​អលង្ការ និង​កន្លែង​ដូរ​លុយ​ពេញៗ​ហាង។ ប្រាក់​បាត​ថៃ​ធ្លាក់​ចុះ​ភ្លាមៗ រហូត​ដល់​ពេល​យប់ថ្ងៃ​ដ​ដែល កន្លែង​ដូរ​លុយ​ខ្លះ​ទម្លាក់​ដល់ ១ម៉ឺ​ន​រៀល នៃ​ប្រាក់​១ពាន់​បាត។

ទោះជាបែបនេះក្ដី អ្នកឃ្លាំមើលសង្គម យល់ឃើញថា ការបញ្ឈប់​ចាយ​លុយ​បាត​របស់​ប្រទេស​ថៃ នៅ​លើទឹក​ដី​កម្ពុជា មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះទេ​ ព្រោះ​រូបិយ​ប័ណ្ណ​មួយ​នេះ បាន​ចរាចរ​នៅ​ក្នុង​ចរន្ត​ឈាម​សេដ្ឋ​កិច្ច​កម្ពុជា អស់​រយៈ​ពេល​ជាង ៤០​ឆ្នាំ​ទៅ​ហើយ ជាពិសេស​ខេត្ត​ដែល​នៅ​ជាប់​ព្រំដែន​ថៃ។

និស្សិតផ្នែកវិទ្យាសាស្ត្រនយោបាយ និង​ជា​ពលរដ្ឋ​ដែល​រស់​នៅ​ខេត្ត​ជាប់​ព្រំដែ​នថៃ​ លោក ជុំ ឧទិត្យ បាន​លើក​ឡើង​ថា ប្រាក់​បាត​របស់​ថៃ ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ យក​មក​ប្រើ​ប្រាស់​សម្រាប់​ការ​ជួញ​ដូរ​ទំនិញ​ ចាប់​តាំង​ពី​ក្រោយ​ឆ្នាំ១៩៧៩​មក គឺ​នៅ​ពេល​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ រ​ត់​ភៀស​ខ្លួន​ទៅ​ជ្រក​កោន​នៅ​តាម​ជំរុំ ក្នុង​តំបន់​ជាយ​ដែន​ថៃ ហើយ​ជន​ភៀស​ខ្លួន​មួយ​ចំនួន បាន​ប្រកប​របរ ជា​អ្នក​រត់​ពន្ធ​ទំនិញ​ពី​ថៃ ទៅ​លក់​នៅ​ក្នុង​ស្រុក ដែល​ការ​ដោះ​ដូរ​ទំនិញ​ភាគ​ច្រើន គឺ​ប្រើ​ប្រាស់​លុយ​បាត​ថៃ​ជា​គោល និង​មាស​សម្រាប់​ទំនិញ​ថ្លៃៗ ដូច​ជា ម៉ាញេ កង់ និង​ម៉ូតូ ជាដើម។

លោក ជុំ ឧទិត្យ និយាយ​ថា៖ «កាលហ្នឹង កម្ពុជាយើង មិនទាន់បោះពុម្ពប្រាក់​រៀល​ឡើង​វិញ​នោះ​ទេ ហើយ​អ្នក​រត់​ពន្ធ​ទំនិញ ដូច​ជា ថ្មពិល មី​កញ្ចប់ ប៊ីចេង​អីហ្នឹង នៅ​ពេល​ជួប​ទាហាន ពួក​គេ​តែង​តែ​សុំ​លុយ​ពី​ប្រជាពលរដ្ឋ ដូច​ជា ៥បាត ឬ​១​០​បាត​អីហ្នឹង។ កាល​ពី​ដំបូង ខ្មែរ​យើង​ចាយ​ទាំង​កាក់ ១បាត ៥បាត ឬ១០​បាត តែ​ក្រោយ​មក​គេ​ឈប់​ចាយ​កាក់ ហើយ​ចាយ​ក្រដាស់​ប្រាក់​វិញ ចាប់​ពី ១០​បាត រហូត​ដល់ ១ពាន់​បាត។ រហូត​មក​ដល់​ទសវត្ស​ឆ្នាំ​៩០ នៅ​ពេល​ដែល​មាន​វត្ត​មាន​ប្រាក់​រៀល​ខ្មែរ និង​ប្រាក់​ដុល្លារ​របស់​អាមេរិក​ហើយហ្នឹង ក៏​ពលរដ្ឋ​ខ្មែ​រយើ​ង​នៅ​តែ​ចាយ​លុយ​បាត​ដែរ ជាពិសេស​អ្នក​នៅ​ខាង​ស្វាយ​ស៊ីសុផុន ឬ​សេរី​សោភ័ណ្ឌ​ រហូត​ដល់​ស្រុក​អូរជ្រៅ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ និង​ខេត្ត​ជាប់​ព្រំដែន​មួយ​ចំនួន​ហ្នឹង គេ​នៅ​បន្ត​ចាយ​លុយ​បាត​ដែរ»។

លោក ជុំ ឧទិត្យ បន្ថែមថា ការបញ្ឈប់​ចរន្តលុយបាត​នៅ​ក្នុង​សេដ្ឋ​កិច្ច​កម្ពុជា គឺ​ជា​រឿង​ល្អ ដែល​ជួយ​ឱ្យ​តម្លៃ​ប្រាក់​រៀល​កាន់​តែ​មាន​លំនឹង ប៉ុន្តែ​កត្តា​នេះក៏​នឹ​ង​ធ្វើ​ឱ្យក​ម្ពុជា ជួប​នូវ​បញ្ហា​មួយ​ចំនួន​ផង​ដែរ ពីព្រោះ​នៅ​ក្នុង​ការ​ធ្វើ​ពាណិជ្ជ​កម្ម ថៃ​តម្រូវ​ឱ្យ​ប្រើ​​លុយ​បាត​ជាមួយ​កម្ពុជា ខណៈ​ថៃ​ខ្លួន​ឯង​បាន​តម្កល់​ទុក​លុយ​ដុល្លារ​ជា​ច្រើន សម្រាប់​ធ្វើ​ពាណិជ្ជ​កម្ម​ជាមួយ​អន្តរជាតិ។

លោក ជុំ ឧទិត្យ បន្តថា៖ «មួយ​វិញ​ទៀត​ហ្នឹង ពលករ​​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ ពួក​គាត់​ផ្ញើ​លុយ​មក​ឱ្យ​គ្រួសារ​គាត់​នៅ​ស្រុក​ខ្មែរ​ហ្នឹង គឺ​គាត់​ផ្ញើរ​លុយ​បាត​មក មិន​មែន​លុយ​ដុល្លារ​ទេ។ ម្យ៉ាង​ទៀត នៅ​ពេល​កសិករ​ខ្មែរ ល​ក់​កសិផល​ទៅ​ឱ្យ​ថៃ រាប់​ចាប់​ពី​ស្រូវ ដំឡូង ឬ​ពោត​ក្រហម ភាគ​ច្រើន គេ​ហៅ​តម្លៃ​ជាលុ​យ​ថៃ ​ហើយ​នៅ​តំបន់​ភាគ​ច្រើន គឺ​គេទ​ទួល​តែ​លុយ​ថៃ​ប៉ុណ្ណោះ ព្រោះ​លុយ​ថៃ ថ្លៃ​ជាង​លុយ​ខ្មែរ»។

ក្នុងពេលបច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរមួយចំនួន ហាក់​មិន​ទាន់​មាន​ទំនុក​ចិត្ត​ទៅ​លើ​ប្រាក់​រៀល​ខ្មែរ​ទាំង​ស្រុង​នោះ​ឡើយ នៅ​ក្នុង​ជីវភាព​រស់​នៅ​ និង​ការ​ធ្វើ​ពាណិជ្ជ​កម្ម។ ជាក់​ស្ដែង នៅ​ភាគ​ខាង​កើត​ខេត្ត​ខ្មែរ ដែល​នៅ​ជាប់​ព្រំដែន​ប្រទេស​វៀត​ណាម ពលរដ្ឋ​និយម​ចាយ​លុយ​ដុង​របស់​វៀត​ណាម។ ដោយ​ឡែក នៅ​ខេត្ត​ភាគ​ខាង​លិច​ជាប់​ព្រំដែន​ថៃ​វិញ គេ​និយម​ចាយ​លុយ​បាត​ថៃ។ ចំណែក​លុយ​ដុល្លារ​របស់​អាមេរិក ត្រូវ​បាន​គេ​ចាយ​យ៉ាង​ទូលំ​ទូលាយ​បំផុត នៅ​កម្ពុជា។

ជុំវិញរឿងនេះ ប្រធានគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទ​រ័ត្ន លើក​ឡើង​ថា ប្រសិន​លុយ​បាត​ធ្លាក់​ថ្លៃ​ ដោយ​សារ​បញ្ហា​សេដ្ឋកិច្ច​នៅ​ថៃ​ នោះ​ថៃ​ជា​អ្នក​ខាត​បង់​ ប៉ុន្តែ​បើ​តម្លៃ​លុយ​នោះ​ធ្លាក់​ចុះ​តែ​នៅ​ក្នុង​ទឹក​ដី​កម្ពុជា នោះ​ប្រជាជន​ដែល​កាន់​លុយ​បាត​ច្រើន នឹ​ង​ខាត​បង់​ជា​មិន​ខាន។ លោក​បន្ត​ថា ដរាប​ណា​ថៃ​នៅ​ចាយ​រូបិយ​បណ្ណ​រប​ស់​ខ្លួន ពលរដ្ឋ​ខ្មែរ​នៅ​តែ​អា​ចប្ដូរ​ប្រាក់​តាម​សម្រួល​ ចៀស​វាង​ការ​សម្រុក​ទៅ​ប្ដូរ​ព្រម​គ្នាៗ។

លោកថា៖ «លើក​លែង​តែ​ថៃ​​ឈ​ប់​ប្រើ​ក្រដាស​ប្រាក់​ខ្លួន​ឯង ហ្នឹង​បាន​យើង​ពិបាក។ បើ​សិន​ជា​ថៃ​នៅ​តែ​ប្រើ​ប្រាស់​ក្រដាស​ប្រាក់​របស់​គេ គេ​នៅ​តែ​ប្រមូល​ប្រាក់​របស់​គេ​យក​ទៅ​ប្រទេស​គេ​អញ្ចឹង។ ដូច្នេះ​តាម​វិធី​ណា ​ឬ​ក៏​យន្ត​ការ​បែប​ណា មិន​ចាំបា​ច់​បង្ខំ​បែប​ហ្នឹង​ពេក​ទេ»។

ពាក់ព័ន្ធនឹងរឿងលុយបាតនេះដែរ កាលពីថ្ងៃទី០១ ខែកក្កដា អាជ្ញាធរ​អគ្គិសនី បាន​ស្នើ​ឱ្យ​​ក្រុម​ហ៊ុន​ដែល​ទទួល​អាជ្ញា​ប័ណ្ណ​ផ្គត់​ផ្គង​អគ្គិសនី នៅ​តំបន់​ព្រំដែន​កម្ពុជា-ថៃ បញ្ឈប់​​កា​រ​ចេញ​វិក្ក​​យបត្រ​ថ្លៃ​អគ្គិសនី និង​សេវា​ផ្សេងៗ ជា​ប្រាក់​បាត ខណៈ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ចប់​ការ​​ទិ​ញ​អគ្គិសនីពីប្រទេសថៃទាំងស្រុង។

យ៉ាងណាក៏ដោយចុះ អ្នកឃ្លាំមើលលើកឡើងថា ដើម្បី​ពង្រឹង​ឯករាជ្យ​ភាពរបស់​​រូបិយ​ប័ណ្ណប្រាក់រៀលរបស់​កម្ពុជា រដ្ឋាភិ​បាលត្រូវរកវិធីបន្ថយឥទ្ធិពល​លុយ​បាត​របស់​ថៃ និង​លុយ​ដុង​របស់​វៀត​ណាម និង​ត្រួត​ពិនិត្យ​ទៅ​លើ​ចរន្ត​ប្រាក់​ដុល្លារ ក្នុង​សរសៃ​ឈាម​សេដ្ឋ​កិច្ច​កម្ពុជា ជា​មុន​សិន ហើយ​​ដើម្បី​ដោះស្រា​យ​បញ្ហា​ទាំង​នេះបា​ន​ ​គឺ​ទាម​ទា​រ​ឱ្យ​កម្ពុជា ត្រូវ​រក្សាបា​ននូ​វ​ស្ថិរភាព​សេដ្ឋ​កិច្ច និង​បញ្ចុះ​កំណើន​អតិផរណា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ