ក្រុមកម្មករឱ្យដឹងថា រោងចក្រផលិតស្បែកជើងឡឺក្រោនស៊ូ ដែលមានទីតាំងនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម គ្រោងនឹងបិទទ្វារនៅដើមខែមករាខាងមុខនេះ ដោយសារមិនមានអ្នកបញ្ជាទិញ ដែលការណ៍នេះបានធ្វើឱ្យកម្មករមានក្តីបារម្ភពីបញ្ហាភាពគ្មានការងារធ្វើ និងប៉ះពាល់ជីវភាព ដោយសារតែកម្មករមួយចំនួន ជាមនុស្សវ័យចំណាស់។
កម្មករម្នា្កកក់ដែលវីអូឌីសុំមិនបញ្ចេញឈ្មោះ ដែលបានអះអាងថា ធ្វើការនៅរោងចក្រស្បែកជើងឡឺក្រោនស៊ូ បានឱ្យដឹងនៅថ្ងៃទី០៩ ខែតុលានេះថា ខាងរោងចក្រឡឺក្រោន បានជូនដំណឹងដល់កម្មករពីគម្រោងបិទដំណើការរោងចក្រ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ ខាងមុខ ដោយសារតែក្រុមហ៊ុនធំៗលែងបញ្ជាទិញ។ កម្មការិនីរូបនេះ បន្តថា ការជូនដំណឹងបញ្ឈប់ពីការងារនេះ ខាងរោងចក្របានផ្តល់អត្ថប្រយោជន៍មួយចំនួនទៅតាមច្បាប់ ដូចជា ផ្តល់ប្រាក់បំណាច់ឆ្នាំ និងលុយ៥ភាគរយជាដើម ដែលការផ្តល់នេះកម្មករមួយចំនួនមិនសូវជាសប្បាយចិត្តនោះទេ។
ប្រភពថា៖ «ជូនដំណឹងបញ្ឈប់ការងារ ៧០ភាគរយ ហើយសល់ប៉ុន្មានគេបិទរោងចក្រ គេបិទនៅខែមួយ[មករា]ថ្ងៃទី០៩ ភ្ញៀវធំលែងបញ្ជាទិញ […] គាត់[កម្មករខ្លះ]អត់សូវសប្បាយចិត្តដែរហ្នឹងបង តែធ្វើម៉េចបើខាងរោងចក្រគេផ្តល់ចឹងឱ្យហើយ អ្នកខ្លះចូលដល់បួនដប់ឆ្នាំហើយអត់មានអីផង។ គាត់ពិបាករកការងារ ហើយណាមួយគាត់ខ្លះទៅរៀង[វ័យ]ចាស់ៗដែរ គាត់ថា[អាយុ] ៥០ឆ្នាំអីចឹង គាត់ទៅរកការងារណាធ្វើបាន ចេញពីរោងចក្រនេះទៅ រោងចក្រផ្សេងគេលែងទទួល»។
បើតាមគណនីហ្វេសប៊ុកមួយ ឈ្មោះអនុស្សាវរីយ៍ ខេត្តព្រៃវែង ដែលបង្ហោះសារមានភ្ជាប់នឹងលិខិតជូនដំណឹងបញ្ឈប់ពីការងាររបស់រោងចក្រឡឺក្រោនផងនោះ ឱ្យដឹងថា កម្មករនៅរោងចក្រឡឺក្រោននេះ មានប្រមាណជាង ៥៤០០នាក់។ ក្រុមហ៊ុននេះ ផលិតទំនិញ ទៅទីផ្សារសហរដ្ឋអាមេរិក និងជារោងចក្រមួយដែលផ្គត់ផ្គង់ទំនិញទៅក្រុមហ៊ុនយីហោម៉ាកល្បីៗ ដូចជា VF (Vans, Lee, REEF, Jansport, Timberland, Dickies) ជាដើម។
កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៥ កន្លងមក កម្មករធ្វើការនៅរោងចក្រស្បែកជើងឡឺក្រោនស៊ូជាង ៨០០នាក់ (៨២៨នាក់) ធ្លាប់បានប្រមូលផ្តុំតវ៉ា នៅមុខរោងចក្រ ដោយទាមទារឱ្យខាងរោងចក្រ ដោះស្រាយវិវាទការងារ ក្រោយពីថៅកែបានបញ្ឈប់ពួកគេដោយគ្មានមូលហេតុ និងជូនដំណឹងជាមុន ព្រមទាំងមិនបានផ្តល់អត្ថប្រយោជន៍ និងសំណងទៅតាមច្បាប់ការងារ។
លិខិតជូនដំណឹងបញ្ឈប់ពីការងាររបស់ក្រុមហ៊ុន ឡឺក្រោន ស៊ូន អ៊ិនដាសស្ទ្រី ឯ.ក (LECROWN SHOES INDUSTRY CO.,LTD) ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមកំណត់ហេតុប្រជុំសម្របសម្រួលពាក់ព័ន្ធនឹងករណីក្រុមហ៊ុន ឡឺក្រោន ស៊ូ កាត់រំសាយកម្មករនិយោជិត និងឈានទៅបិទដំណើរការអាជីវកម្មទាំងស្រុង ដែលកិច្ចប្រជុំប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក អាំង សេងលី ប្រធាននាយកដ្ឋានវិវាទការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមហ៊ុនបានសម្រេចបញ្ឈប់ពីកម្មករនិយោជិតពីការងារ ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។ ថិរវេលានៃការជូនដំណឹងមុន មានរយៈពេល ២ខែ។
ក្រុមហ៊ុនបន្តថា ការទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ជនកម្មករនិយោជិត រួមមាន ការឈប់សម្រាក២ថ្ងៃក្នុងមួយសប្តាហ៍ ក្នុងអំឡុងពេលអនុវត្តការជូនដំណឹង ក្រុមហ៊ុននឹងផ្តល់ជាប្រាក់ជំនួសវិញ។ ក្រុមហ៊ុននឹងបូកសរុបប្រាក់ឈ្នួលចុងក្រោយ និងប្រាក់បំណាច់ផ្សេងៗ ផ្ញើចូលគណនីធនាគាររបស់សាមីកម្មករនិយោជិត ក្នុងរយៈពេល ៤៨ម៉ោង បន្ទាប់ពីថ្ងៃធ្វើការចុងក្រោយ។
ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម លោក ចេង ហ៊ាង សុំមិនអត្ថាធិប្បាយ ដោយប្រាប់ដល់អ្នករាយការណ៍ព័ត៌មាន សួរទៅកាន់អ្នកនាំពាក្យក្រសួងការងារវិញ។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា និងតំណាងរោងចក្រផលិតស្បែកជើងឡឺក្រោន បានទេនៅថ្ងៃព្រហស្បតិ៍នេះ។
ការគ្រោងបិទទ្វាររោងចក្រឡឺក្រោននេះ ស្របពេលកម្ពុជាបាននិងកំពុងមានវិវាទលើបញ្ហាព្រំដែនជាមួយប្រទេសថៃ ដែលនាំឱ្យពលករខ្មែរដែលរស់នៅនិងធ្វើការនៅថៃ យ៉ាងហោច ៩០ម៉ឺននាក់ បានត្រឡប់មកមាតុប្រទេសវិញ និងកំពុងប្រឈមបញ្ហាគ្មានការងារធ្វើ និងភាពមិនច្បាស់លាស់ក្នុងការចាប់ផ្តើមជីវិតថ្មីលើទឹកដីកំណើតរបស់ខ្លួន។ ការណ៍នេះ បានធ្វើឱ្យពួកគេគ្មានស្ថេរភាពហិរញ្ញវត្ថុ និងប្រឈមបញ្ហាជីវភាព។ នេះបើតាមរបាយការណ៍មួយរបស់អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ និងអង្គការសមាគម ១៧ស្ថាប័នផ្សេងទៀត។នៅក្នុងរបាយការណ៍ដែលចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ដោយដាក់ចំណងជើង «ពង្រឹងសេវាកម្ម និងកិច្ចគាំពារដល់ពលករចំណាកស្រុក» ចាត់ទុកការវិលត្រឡប់មកប្រទេសវិញដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ កំពុងក្លាយជាបន្ទុកដ៏ធ្ងន់មួយ ទៅលើសេដ្ឋកិច្ចរបស់ប្រទេស និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។
ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU) អ្នកស្រី យ៉ាង សុភ័ណ្ឌ មានប្រសាសន៍ថា យោងតាមច្បាប់ស្តីពីការងារ នៅពេលដែលក្រុមហ៊ុនឬរោងចក្រណាមួយបិទទ្វារ ខាងនិយោជកត្រូវទូទាត់អត្ថប្រយោជន៍ ៥ចំណុច រួមមាន ទូទាត់លុយជូនដំណឹងមុន លុយប្រាក់ខែចុងក្រោយ លុយបំណាច់ឆ្នាំដែលនៅសល់ លុយអតីតភាពការងារ និងសាហ៊ុយជំងឺចិត្ត។
អ្នកស្រីថា៖ «ប៉ុន្តែបើសិនណាក្រុមហ៊ុនអត់បានផ្តល់ឱ្យដូចខ្ញុំបានលើកឡើងហ្នឹងទេ អាហ្នឹងគឺការគិតរបស់ខាងក្រុមហ៊ុន អត់ទាន់បានត្រឹមត្រូវទេ សម្រាប់ការបិទក្រុមហ៊ុនរោងចក្រហ្នឹង»។
អ្នកស្រី យ៉ាង សុភ័ណ្ឌ បន្តថា ការបិទទ្វាររោងចក្រនេះ ចង់មិនចង់ នឹងមានផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់កម្មករនិយោជិត និងសង្គមជាតិ ក្នុងកាលៈទេសៈដែលកម្ពុជា កំពុងមានបញ្ហាព្រំដែនជាមួយថៃ ហើយមានពលករខ្មែរដែលធ្វើការនៅថៃ បានត្រឡប់មកកម្ពុជាវិញ ក្នុងចំនួនដ៏ច្រើនបែបនេះ។ តែយ៉ាងណា អ្នកស្រីថា កម្មករនិយោជិតដែលធ្វើការក្នុងវិស័យកាត់ដេរ មិនសូវប្រឈមដូចពលករនោះទេ ព្រោះពួកគាត់មានជំនាញស្រាប់ ខណៈទីផ្សារការងារក៏ហាក់មានភាពទូលំទូលាយ ដោយសារមានរោងចក្រជាច្រើនក៏កំពុងខ្វះកម្លាំងពលករផ្នែកដេរផងដែរ។
អ្នកស្រីថា៖ «ប្រឈមដែរ មិនមែនអត់ប្រឈមទេ វាអាចថា ទី១ គាត់ពិបាកនៅក្នុងការដើររកការងារធ្វើ ហើយគាត់អាចថា គាត់អត់បានធ្វើនៅទីតាំងចាស់របស់គាត់ទេ គាត់ទៅរកទីតាំងដែលឆ្ងាយពីគ្រួសាររបស់គាត់ ពីអីចឹងទៅ ព្រោះក្រុមហ៊ុនទូទៅដែលខ្ញុំមើលនៅក្នុងប្រកាសរបស់ក្រសួងការងារដែលប្រកាសកន្លងមក គឺក្រុមហ៊ុនជាច្រើនគឺខ្វះកម្លាំងពលកម្មច្រើនណាស់ នៅទីតាំងខុសៗគ្នា និងគ្រប់ខេត្តក្រុង អីចឹងបើសិនណាគាត់រើសទៅតាមខេត្តក្រុងដែលគាត់ពេញចិត្តក្នុងការទៅ អីចឹងគាត់អាចទៅបាន ព្រោះធម្មតានៅរោងចក្រទាំងអស់ហ្នឹង គឺខ្វះកម្លាំងពលកម្ម ហ្នឹងបើខ្ញុំមើលទាក់ទងតាមការប្រកាសរបស់រដ្ឋ»។
យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៤ រោងចក្រធុនធំដំណើរការនៅកម្ពុជាសរុបចំនួន ២ ៤២៥ រោងចក្រ ក្នុងនោះរោងចក្របើកថ្មីមានចំនួន ៣២៦ និងរោងចក្របិទទ្វារមានចំនួន ២៦។ នេះបើតាមការការចេញផ្សាយរបស់កាសែតកម្ពុជាថ្មី កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៥។
ប្រភពដដែល បន្តថា រោងចក្រធុនធំនៅកម្ពុជា បានផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋចំនួន ១,១៦ លាននាក់ ដែលមានស្ត្រីជាង ៧៣ ភាគរយ។ ទុនវិនិយោគសរុបនៅក្នុងវិស័យឧស្សាហកម្ម មានចំនួនជាង ២០,៤៥ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៤ កើនឡើង ១០,១៨ ភាគរយ ធៀបនឹងឆ្នាំ ២០២៣៕









