ខណៈ​ថៃ​កំណត់​ថ្ងៃ​វាយ​យក​ភូមិ​ខ្មែរ​នៅ​ឃុំ​អូរ​បី​ជាន់​អ្នក​ឃ្លាំ​មើល​ឱ្យ​ប្រើ​សិទ្ធិ​ស្វ័យ​ការ​ពារ

ក្រោយ​យោធា​ថៃ​ប្រកាស​ដាក់​ឱសានវាទ​គំរា​ម​ប្រើ​ច្បាប់​អាជ្ញា​សឹក ដើម្បី​ឈ្លាន​ពាន​ដី​ខ្មែរ​រំលោភ​យក​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគ​ជ័យ ជា​ភូមិ​ជាប់​ព្រំដែន​ស្ថិត​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​នោះ ក្រុម​​អ្ន​ក​​តាម​ដាន​​ជំរុ​ញ​​ឱ្យ​​មេដឹក​​នាំ​ខ្មែរ​ចាំបាច់​​ប្រើ​​​សិទ្ធិ​​ស្វ័យ​​ការ​​ពារ ​ទើប​អាច​ទប់​​ទល់​​​នឹង​​ទង្វើ​​បរទេស​ឈ្លាន​​ពាន​បាន ។

កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ មេទ័ព​ភូមិភា​គ​ទី១​របស់​ថៃ ផ្ញើ​លិខិត​ព្រមាន​ឱ្យ​កម្ពុជា​ត្រូវ​ជម្លៀស​ពលរដ្ឋ​ខ្មែរ​នៅភូ​មិ​ព្រៃចា​ន់ និង​ភូមិ​ជោគ​ជ័យ យ៉ាង​យូរ​បំផុត​នៅត្រឹ​ម​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ២​០២៥​នេះ។

មេភូមិ​ភាគទី១ថៃ​​ លោក វិរៈយុទ្ធ លឿង​សុវណ្ណ គំរាម​ថា យោធា​ថៃ​នឹង​ប្រើ​ច្បាប់​អាជ្ញា​សឹក​បណ្តេញ​ពលរដ្ឋ​ខ្មែរ​ដោយ​ខ្លួន​ឯង បើ​ភាគី​កម្ពុជា​មិន​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគ​ជ័យ​ទេ​នោះ។

យ៉ាង​ណា ភាគីកម្ពុជា ​បាន​ច្រាន​ចោលការទាមទាររបស់ថៃនេះ ​ដោ​យ​អះ​អាង​ថា ពលរដ្ឋ​ខ្មែរ​ដែល​ថៃ​គំរាម​បណ្តេញ​ចេញ​នោះ បាន​អាស្រ័យ​ផល​នៅ​ទីនោះ​យូ​រ​ឆ្នាំ​ហើយ។

ផ្ទុយទៅវិញ តាមការអង្កេតលើដីជាក់ស្តែង​ ពលរដ្ឋថៃទៅវិញទេ ដែល​បាន​កាន់​កាប់ ​និ​ង​​អាស្រ័យ​​ផល​ជាក់​ស្តែង​​ចូល​ក្នុង​​អធិ​បតេ​យ្យ​ភាព​របស់​​កម្ពុជា​នៅតំ​បន់​នោះ។

លើសពី​នេះ នៅថ្ងៃទី៩ ខែ​តុលា​នេះ រដ្ឋបាល​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​គូស​បញ្ជាក់​ថា ការ​ស្នើ​ឱ្យ​អភិបាល​ខេត្ត​​ស្រះ​កែវ​របស់​ថៃ សហការជា​មួយ​កម្ពុជា ក្នុង​ស្មារតី​មិត្ត​ភាព ជៀស​វាង​បង្កើត​ភាព​តាន​តឹង​ និង​ផល​ប៉ះពា​ល់​ជា​អវិជ្ជមាន​របស់​ភាគី​ទាំង​ពីរ។

សម្រាប់​កម្ពុជា ទីតាំងដែលរដ្ឋបាលខេត្តស្រះកែវ​បាន​តវ៉ា គឺ​ស្ថិត​នៅ​ភូមិ​ជោគ​ជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​ទីតាំង​ខាង​លើនេះ​ ប្រជា​ពលរដ្ឋ​កម្ពុជា​បាន​រស់​នៅ កាន់​កាប់ និង​ប្រើ​ប្រាស់​អាស្រ័យ​ផល​ជាយូ​រ​មក​ហើយ មុនកា​រ​ចូល​ជា​ធរមាន​នៃ MOU ឆ្នាំ​២០០០។

ជុំវិញសកម្មភាពប្រជាពលរដ្ឋខ្មែរប្រមូលផ្តុំនៅតំបន់ខាងលើ គឺ​ធ្វើឡើង​ក្នុង​គោលបំ​ណង​ការ​ពារ​ដី​ធ្លី ស្រែចម្ការ និង​ទ្រព្យ​សម្បត្តិ​ស្រប​ច្បាប់​របស់​ពួក​គាត់​តែ​ប៉ុណ្ណោះ។ ហើយ​ថា ពលរដ្ឋ​ខ្មែរ​ដែលកំ​ពុង​តាំង​ទីលំនៅ​ក្នុ​ង​ជម្រក​បណ្តោះ​អាសន្ន​ខាង​លើ គឺ​ជា​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះ​ពា​ល់​ដោយ​ផ្ទាល់​ពី​សកម្ម​ភាព​រាយ​លួស​បន្លា សំណាញ់​ខ្មៅ រនាំង និង​ដាក់​កង់​ឡាន​របស់​ថៃ ដែល​នាំ​ឱ្យ​ពួក​គាត់​បាត់​បង់​ទី​ជម្រកអចិន្ត្រៃយ៍ និង​ធ្វើកា​រ​ភៀសខ្លួ​ន​មក​ស្នាក់​នៅ​ក្នុង​ទីតាំ​ងខាង​លើ។

ប្រភពបន្តថា បញ្ហា​នេះ បាន​បង្ហាញឱ្យឃើញអំពីភាពស្មុគ​ស្មាញ និង​ការ​លំបាក​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ ដែល​ទាម​ទារ​ឱ្យ​មាន​ការគោ​រព​កិច្ច​ព្រម​ព្រៀង​ និង​គោល​ការណ៍​ទាំង​ឡាយ​ដែល​ភាគី​ទាំង​ពីរ​មានការ​​ឯកភាព​គ្នា​កន្លង​មក។

ជាការកត់សម្គាល់ ចាប់ពីមានបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០២៥ ពោល​គឺ​ជាង​២ខែ​មក​នេះ ថៃបា​ន​បំពាន​ជា​បន្ត​បន្ទាប់​រំលោភ​យក​ដី​ខ្មែរ ខណៈ​កម្ពុជា​រក្សា​ភាព​អត់​ធ្មត់​គោរពប​ទ​ឈប់​បាញ់។

ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ជំរុញ​ឱ្យ​មេដឹក​នាំ​​ក​ម្ពុជា​ចាំ​បា​ច់​​ប្រើ​​សិទ្ធិ​​ស្វ័យ​ការ​​ពារ​ខ្លួន ជា​​បណ្តោះ​អាសន្ន​​សិន ដើម្បី​ទប់​ទល់​នឹងទង្វើរបស់យោធាថៃដែលគំរាមបណ្តេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យនិងភូមិព្រៃចាន់នេះ។

​លោកបន្តថា ទោះបី​ជា​មា​នប​ទ​ឈប់​បាញ់​ ឬកិច្ចព្រមព្រៀងណាក៏ដោយ កម្ពុជា​​ត្រូវ​​ប្រើ​​ច្បាប់​ស្វ័យ​ការ​ពារ​របស់​​ខ្លួនសិន មិន​អាច​បណ្តោយ​ឱ្យ​ថៃ​បន្ត​គឃ្លើន​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា​តាម​ទំនើង​ចិត្ត​នោះ​ទេ។

លោកថា ការបន្តព្រមានគំរាមកម្ពុជាជាហូរហែបែបនេះ បង្ហាញ​ឱ្យ​​ឃើញ​កាន់​​​តែ​ច្បា​​ស់​​ថា ថៃ​​​នៅ​​​​តែ​​ចិញ្ចឹម​​​ចិ​ត្ត​​ចង់​​បាន​​ទឹក​​ដី​​កម្ពុជា​ ដូច្នេះ​​កម្ពុ​ជា​​ត្រូវ​​ត្រៀម​ខ្លួន​​ជានិច្ច ​ទាំង​យន្តកា​រ​ជាតិនិង​អន្តរ​ជាតិ ដើម្បី​​ទ​ប់​​ទល់។

លោកថា៖ «កម្ពុជាត្រូវប្រើសិទ្ធិស្វ័យការពារ ដោយ​បញ្ជូន​កង​កម្លាំង​របស់​ខ្លួន​ទៅ​ការ​ពារ​ប្រជា​ពលរដ្ឋ​ នៅភូមិ​ជោគ​ជ័យ នៅ​ភូមិ​ព្រៃចាន់ ដែល​ថៃគ្រោ​ង​បណ្ដេញ​ចេញ​ពី​ភូមិ​ទាំងពី​រ​នេះ​ នៅ​ថ្ងៃ​ទី​១០ ខែ​តុលា​នេះ គឺ​កម្ពុជាត្រូ​វ​តែយ​កក​ម្លាំង​របស់​ខ្លួន​ហ្នឹង ទៅ​ទប់​ទល់​រុញ​ច្រាន​ថៃ​ឲ្យ​ចេញ​ទៅ​វិញ រួម​ទាំងកា​រ​ប្រើ​ប្រាស់​ដំបង​ឆក់ ឬ​ក៏​ការ​​ការ​ពារ​ ឬ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ឬ​ក៏​គ្រាប់​បែក​ផ្សែង​ជា​ដើម»។

សម្រាប់លោក អ៊ុំ សំអាន អះអាងថា បើមេដឹកនាំគ្រួសារហ៊ុននៅ​តែរក្សា​ភាពអ​ត់ធ្ម​ត់ ឬ​ស្ងៀម​ស្ងាត់​ខ្លាច​ថៃ ហើយ​បន្ត​ចរចា​ទ្វេភា​គី​ទៀត ទឹក​ដី​កម្ពុជា​តាម​ព្រំដែន រួម​ទាំង​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគ​ជ័យ នឹង​បាត់​ទៅថៃ​​ជាក់​ជា​មិន​ខាន។

លោកបារម្ភថា នៅថ្ងៃទី១០​ខែ​តុលានេះ បើមេដឹកនាំគ្រួសារហ៊ុន មិន​ព្រម​ប្រើ​សិទ្ធិ​ស្វ័យ​ការ​ពារ​ទេ ភូមិ​​ជោគ​ជ័យ​ និង​​ភូ​មិ​​ព្រៃ​ចាន់​ នឹង​មាន​​វាសនា​​ដូច​​ភូមិ​​​អតីត​ប្រធាន​​រដ្ឋ​សភា​ ​លោក ​ហេង សំរិន ​ក្នុង​​ខេត្ត​​ត្បូង​ឃ្មុំ​​មិន​​ខាន គឺ​​​៩៩​ភាគ​រយ​​នឹង​បាន​​ទៅ​​ថៃ​គ្រប់​គ្រង​​ក្នុង​​ពេល​​អនាគត។

យ៉ាងណា លោក អ៊ុំ សំអាន នៅតែទទូច​ឱ្យរដ្ឋាភិ​បាល​​​គ្រួសារ​​ហ៊ុន ត្រូវ​តែ​ដា​ក់​​សំណុំ​រឿង​ភូមិព្រៃ​ចា​ន់ ​និង​​ភូ​មិ​​ជោគ​ជ័យ នឹង​​ទៅក្នុង​​សំណុំរឿង​ដែលក​ម្ពុជា​គ្រោង​ប្តឹង​​​ថៃ​​ទៅ​តុលាការ​​យុត្តិធម៌​អន្តរជាតិ​ICJ​។

លោកថា៖ «ជាការបារម្ភរបស់យើងហ្នឹង ថៃនឹងប្រើផែនទីខ្នាត១លើ៥០ពាន់ ដែល​គូស​ដោយ​ឯកតោ​ភាគី​និង​ដើម្បីយ​ក​ភូមិ​ជោគ​ជ័យ​ នៅ​ភូមិ​​ព្រៃ​ចាន់ ហើយ​បណ្ដេញ​ប្រជាព​លរដ្ឋ​ខ្មែរ​យើង​ចេញ​ពី​តំបន់​នោះ ហើយ​យើង​ឃើញ​ថា អត់​មាន​រដ្ឋាភិ​បាល​ណា ដែល​កំសាក​ញី​ដូច​រដ្ឋាភិ​បាល​ លោក ហ៊ុន ម៉ាណែត ឲ្យ​ប្រជា​ពលរដ្ឋ​ហ្នឹង​ទៅ​ការ​ពារ​ទឹក​ដី​ជំនួស​ខ្លួន ហើយ​មិន​ទៅ​ការ​ពារ​ផ្ទះ​សម្បែង​ប្រជា​ពលរដ្ឋ ឬ​ការ​ពារ​ទឹក​ដី​ខ្មែរ ក្នុង​នាម​ជា​រដ្ឋាភិ​បាល​មួយ​ដែល​ដឹក​នាំ​ប្រទេស អ៊ីចឹង​គឺ​រដ្ឋាភិបាល​ លោក ហ៊ុន ម៉ាណែត នេះ​គាត់​សុខ​ចិត្ត​ការ​ពារ​អំណាច​ជា​ជាង​ការ​ពារ​ទឹក​ដី​ខ្មែរ»។

អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត ធ្លាប់អះអាង​ថា ការ​​​ប្រើ​​ប្រាស់​​សិទ្ធិ​​ស្វ័យ​​ការ​​ពារ​ខ្លួន​ ​គឺ​ជា​​​រឿ​​ងចាំ​​បាច់​សម្រាប់​​កម្ពុ​​ជា​ ដើម្បីរារាំងនិង​ទប់ស្កាត់ទង្វើឈ្លានពានរបស់ថៃនេះ។

លោកបន្តថា ការការពារដែនអធិបតេយ្យរបស់​ជាតិ គឺមិន​​ខុស​នឹង​ច្បាប់​​អន្តរ​​ជាតិ ឬ​បទ​​ឈប់​បាញ់​នោះ​ទេ​ ព្រោះ​​​ភាគី​ថៃ​ជាអ្ន​ក​គឃ្លើន​បង្ក​ហេតុ​ឈ្លាន​ពាន​កម្ពុជា​មុន ដូច្នេះ​កម្ពុ​ជាមា​ន​សិទ្ធិ​ស្វ័យ​ការ​ពារ​ក្នុង​ការ​ការ​ពារ​ដែន​អធិប​តេយ្យ​របស់​ខ្លួន មិន​ឱ្យ​សត្រូវ​គឃ្លើន​បំពា​ន​បូរណ​ភាព​ទឹក​ដី​ខ្លួន​ជា​ដាច់​ខាត។

លោកថា៖ «ប្រាកដណាស់ ការប្រើប្រាស់ស្វ័យការពារនៅ​​តែ​ជា​អាទិភាព​ ដែល​​យោធា​ក​ម្ពុ​ជា​​​គួរ​តែ​​ប្រើ​ក្នុង​ករណី​​ដែល​​មាន​ការ​បំពាន​​លើ​​ដែន​​អធិប​​តេយ្យ​ ហើយ​ជា​ពិសេស​​នោះ គឺ​ការ​​បំពាន​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​នៃ​បទ​ឈប់​បាញ់​ស្វ័យ​ការ​ពារ​នេះ កម្ពុជា​អាច​ប្រើ​ប្រាស់​បាន​គ្រប់​មធ្យោ​បាយ រួម​ទាំង​កម្លាំង​អាវុធ​ផង​ដែរ​ ហើយ​​កម្ពុជា​នឹង​​មិន​​មែ​ន​​ជា​​អ្នក​​ទទួល​​ខុស​ត្រូវ​ ទៅ​លើ​ការ​បំពាន​លើ​បទ​ឈប់​បាញ់​ណា​មួយ ឬ​ក៏​ការ​បង្កើត​​សង្គ្រាម​សារ​ថ្មី​ឡើយ​ ពីព្រោះ​នេះ​គ្រាន់​​តែ​ជា​អ្វី​ដែល​ជាកា​រកា​រ​ពារ​ដោយ​ធម្មានុ​រូ​ប មា​​នន័​យ​ថា កម្ពុជា​ការ​ពារ​ខ្លួន​ត្រឹម​ត្រូវ​ទៅ​តាម​ច្បាប់​ជាតិ​ និង​អន្តរ​ជាតិ»

ជុំវិញបញ្ហានេះ VOD មិនទាន់អាចទាក់ទង អ្នកនាំពាក្យក្រសួងការពារជាតិ អ្នក​ស្រី ម៉ាលី សុជាតា បាននៅ​ឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយនេះ​។

ប្រធានក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ថា បើយោធាថៃ​ហ៊ាន​គឃ្លើន​បណ្តេញ​ពលរដ្ឋ​ខ្មែរ​ចេញ​ពី​ភូមិ​ទាំង​ពីរ​នេះ​មែន កម្ពុជា​ចាំបាច់​ត្រូវ​ប្រើ​សិទ្ធិ​ស្វ័យ​ការ​ពារ​ខ្លួន​តាម​ច្បាប់​អន្តរ​ជាតិ។

លោក​ហាក់​ស្តី​បន្ទោស​ថា ស្រប​ពេលដែលយោធាថៃគំរាមកម្ពុជាប៉ុណ្ណេះ​ហើយ មេដឹក​នាំ​គ្រួសារ​ហ៊ុន​នៅ​តែរ​ក្សា​ភាព​ស្ងៀម​ស្ងាត់ មិន​ទប់​ទល់​ទៀត ឆ្លុះ​បញ្ចាំង​ថា ពួក​គេគ្មា​ន​ឆន្ទៈ​ចង់​ការ​ពារ​ទឹក​ដី​ខ្មែរ​នោះ​ទេ។

លោកផ្តល់​យោបល់​ថា នៅថ្ងៃ​ទី១​០ខែ​តុលាខាងមុខនេះ បើ​យោធា​ថៃ​ហ៊ាន​បណ្តេញ​ពលរដ្ឋ​ខ្មែរ​ចេញ​ពីភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគ​ជ័យ​មែន ជម្រើស​តែមួ​យ​គត់​សម្រាប់​កម្ពុជា គឺ​ប្រើសិ​ទ្ធិស្វ័​យកា​រពា​រ​ដោយ​កម្លាំង​។

លោកថា៖ «ដើម្បីការពារភូមិជោគជ័យ ការពារ​ភូមិ​ព្រៃ​ចាន់នេះ បាន​ទប់​ទល់​នឹង​ច្បាប់​អាជ្ញា​សឹក​ដែល​ប្រកាស​ផ្ដេស​ផ្ដាស​របស់​​ថៃ ក្នុង​ការ​ទន្ទ្រាន​ឈ្លាន​ពាន​កម្ពុជា មាន​តែ​រដ្ឋាភិ​បាល​កម្ពុជា​ហ្នឹង​ចេញ​មុខ​ការ​ពារ​ខ្លួន​ ស្រប​តាម​ស្មារតី​នៃធ​ម្មនុ​ញ្ញអ​ង្គកា​រ​សហ​ប្រជា​ជាតិ​មាត្រា​៥១ ចេញ​មុខ​ការ​ពារ​ខ្លួន​ ហើយ​ត្រូវ​តែបង្ហាញ​ជំហរ​ម៉ឺង​ម៉ាត់​ ក្នុង​ការ​ការ​ពារ​បូរណ​ភាព​ទឹក​ដី​អាហ្នឹង​អ៊ីចឹង ប្រាកដ​ជា​មាន​ផល​ប៉ះ​ទង្គិច​ ហើយ​នៅ​ពេល​ដែល​យើង​ចេញ​ការ​ពារ​ខ្លួន ប៉ុន្តែ​វា​អត់​ជម្រើស​កម្ពុជា​មិន​អាច​ដេក​ឱប​បទ​ឈប់​បាញ់ និង​បណ្ដោយ​ឲ្យគេ​ឈ្លា​នពា​ន​តាម​អំពើ​ចិត្ត​ទេ បើ​បណ្ដោយ​តែ​អ៊ីចឹង​ អាហ្នឹង​បាន​ន័យ​​ថា គឺ​រដ្ឋាភិ​បាល​កម្ពុជា​នឹង​បាត់​ម្ចាស់​ការ​បាត់ បាត់​ការ​ទទួល​ខុស​ត្រូ​វក្នុ​ង​ការ​ការ​ពារ​បូរណ​ភាព​ទឹក​ដី​កម្ពុជា»។

បន្ថែមពីនេះ លោកបានបញ្ជាក់លើហ្វេសប៊ុកថា «ធម្មនុញ្ញ​អង្គ​ការ​សហ​ប្រជាជាតិ​UN មាត្រា៥​១ បញ្ជាក់​ថា ករណី​រដ្ឋ ឬ​ប្រទេស​មួយ​រង​គ្រោះ​ដោយ​ការ​បំពាន​ពី​រដ្ឋ​មួយ​ទៀត រដ្ឋ​នោះ​មាន​សិទ្ធិ​ស្វ័យ​ការ​ពារ»។

កាលពីថ្ងៃ​ទី​១៧ ខែ​កញ្ញា​នេះ​ ពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ យ៉ាង​​​តិច​ ២៨​​​នាក់ រួម​​​ទាំង​​ព្រះស​​​​ង្ឃផ​​ង ត្រូវ​បាន​​​ក្រសួង​​ការ​​​ពារ​​ជាតិ ​អះ​​អាង​​ថា​ បាន​​រង​​របួស ក្រោយ​​ប្រឈម​មុខ​ជាមួយ​យោធា​ថៃ ដើម្បី​ការ​ពារ​លំនៅ​ឋាន​ និង​ដី​អាស្រ័យ​ផល​របស់​ពួក​គេ។

ហេតុការណ៍នោះ កង​កម្លាំង​ថៃបា​ន​បា​ញ់​ផ្សែង​ពុល និង​កាំភ្លើង​បាញ់​គ្រាប់​ជ័រ ដើម្បី​​បំបែក​​ពលរដ្ឋ​​ខ្មែរ ដែល​​ប្រមូល​​ផ្តុំ​​គ្នា​​តវ៉ា​​ប្រឆាំង​នឹង​កម្លាំង​ចម្រុះ​ថៃ​ឈ្លាន​ពាន។

បន្ថែមពីនេះ នៅថ្ងៃទី១៩ ខែ​កញ្ញានេះ ពលរដ្ឋ​​បានឱ្យដឹងថា យោធាថៃកំពុង​ពង្រីក​​ការឈ្លាន​ពាន​​បន្ថែម​​ទៀត​​នៅ​ច្រក​​បឹ​​​ងត្រកួន​ ខេត្ត​បាត់​ដំបង។

លើសពីនេះថៃ បានបន្តរាយលួសបន្លា​រំលោភ​យក​ដី​ខ្មែរ នៅ​​ភូមិ​​ជោគ​​ជ័យ និង​​ភូមិ​​ព្រៃ​ចាន់ ឃុំ​​អូរ​​បី​ជាន់ ស្រុក​​អូរ​ជ្រៅ ខេត្តប​ន្ទាយ​មាន​ជ័យ និង​គំរាម​វាយ​យក​១៧​ទីតាំង​ទៀត ចាប់​ពី​ខេត្ត​ពោធិ៍​សាត់ រហូត​ដល់​ខេត្ត​​កោះកុង តាម​ផែន​ទី​ដែល​ថៃ​គូដោយ​ឯកតោ​ភាគី។

គូរបញ្ជាក់ថា ក្រោយបទឈប់បាញ់ថៃ​បាន​ចូល​មក​​រាយ​បន្លា​លួស​ព័ទ្ធ​យក​ប្រាសាទ​តាមាន់ធំ ស្ថិតក្នុងខេត្តឧត្តរមាន​ជ័យ តំបន់​អាន​​សេះ ក្នុងខេត្តព្រះវិហារ និង​ភូមិ​​ព្រៃ​ចាន់ ភូមិ​​អូរបី​ជាន់ ក្នុ​ង​​ស្រុក​​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ និង​គំរាម​ប្រើ​​កម្លាំង​យោធា​​​រុះ​រើ​ផ្ទះ​ពលរដ្ឋ​ខ្មែរ​១៧០​ខ្នង នៅ​ភូមិជោគ​ជ័យ ខណៈ​រដ្ឋាភិបាល​​កម្ពុជា នៅ​បន្ត​អត់​ធ្មត់​​មិន​ជ្រើស​​រើស​យកកា​រប្រ​ឈម​​មុ​ខខា​ង​យោធា ក្រោយ​ផ្ទុះ​អាវុធ​ជាមួយ​ថៃ រយៈ​ពេល​៥ថ្ងៃ​រួច​មក។

ជុំវិញបញ្ហានេះ លោក មែន ណាត ធ្លាប់បញ្ជាក់​ប្រាប់​វីអូឌី​ថា ស្ថាន​​ភាព​ព្រំដែន​កម្ពុជា-ថៃ ថៃ​កំពុង​សង្កត់​កម្ពុជា​​ឲ្យ​ទទួល​យក​ផែន​ទី​ចោរ​ខ្នាត ១/៥0.000 និង​ទាម​ទារ​កម្ពុ​ជា​ឲ្យ​ដោះ​គ្រាប់​មីន ដើម្បី​ឲ្យ​ខ្លួន​​សម្រេច​​​មហិច្ឆ​​តា​​ឈ្លាន​​ពាន​​កម្ពុជា តាម​​ផែន​​​ទី​​ដែល​​ថៃ​​គូរ​ដោយ​​ឯកតោ​​ភាគី ។

យ៉ាងណា លោកថា មានតែកម្ពុជាប្រើយន្តការអន្តរជាតិទេ ទើបអាច​ការ​ពារ​បូរណ​ភាព​ទឹក​ដីបាន គឺ​ត្រូវ​ប្តឹង​ទៅ​​តុលាការ​យុត្តិធ​ម៌​អន្តរ​ជាតិ​(ICJ) និង​ប្តឹង​សហ​ប្រធាន​កិច្ច​ព្រៀម​ព្រៀង​​ទីក្រុ​ង​ប៉ារីស ឱ្យ​កោះ​ប្រជុំ​ភាគី​ពាក់​​ព័​ន្ធ​​បន្ទាន់ ទើប​​អាច​​ទប់​​ស្កាត់ មហិច្ឆតា​បរទេស​ឈ្លាន​ពាន​បាន។

ប៉ុន្តែ​ថា​បើរដ្ឋាភិបាល​កម្ពុជា នៅតែ​ប​ន្ត​ប្រើ​យន្ត​ការ​ចរចា​ទ្វេ​ភាគី​ជាមួយ​សត្រូវ​ឈ្លាន​ពាន នោះ​ប្រៀប​បាន​នឹង​ព្រម​កាត់​ដី​កម្ពុជា​មួយ​ផ្នែក​ណា​នោះ ដើម្បី​ដោះដូ​រ​ការ​រក្សា​អំណាច។

យ៉ាងនេះក្តី ក្រមព្រហ្មទណ្ឌមាត្រា​៤៤០ ចែ​ងថា «អំពើ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស ឬ​ភ្នាក់​ងារ​​បរទេស នូវ​ដែន​ដី​​ជាតិ​​ទាំង​​ស្រុង ឬ​មួយ​ផ្នែក ជា​អំពើ​ក្បត់​ជាតិ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ