ក្នុងឱកាសអបអរសាទរទិវាសិទ្ធិទទួលព័ត៌មានជាសកលឆ្នាំ២០២៥ ក្រោមប្រធានបទ «ធានាការទទួលបានព័ត៌មានបរិស្ថាន និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងយុគសម័យឌីជីថល» កាលពីថ្ងៃទី៨ ខែតុលា សមាជិកនៃក្រុមការងារសិទ្ធិទទួលព័ត៌មាន និងអង្គការដៃគូចំនួន១៩ស្ថាប័ន បានចេញផ្សាយសេចក្តីថ្លែងការណ៍រួមមួយ ជុំវិញសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានទទួលព័ត៌មាន ដែលត្រូវបានបង្កកទុកជិត១០ឆ្នាំមកនេះ។
ថ្លែងក្នុងកម្មវិធីសិក្ខាសាលា នាយកប្រតិបត្តិវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) លោក ឡាំ សុជាតិ លើកឡើងថា សិទ្ធិទទួលបានព័ត៌មានកាន់តែសំខាន់នៅក្នុងបរិបទសម័យឌីជីថល ស្របពេលពលរដ្ឋប្រឈមបញ្ហាបម្រែបម្រួលអាកាសធាតុ ឯប្រទេសជាតិកំពុងមានបញ្ហាជាមួយប្រទេសនៅជាប់ព្រំដែន ដែលតម្រូវឱ្យពលរដ្ឋមានការយល់ដឹងការចំណូលចំណាយសេដ្ឋកិច្ចជាតិ និងការចូលរួមលុបបំបាត់អំពើពុករលួយ។
លោក ឡាំ សុជាតិ ថ្លែងថា៖ «អ៊ីចឹងការទទួលបានព័ត៌មាន ពីចំណូលចំណាយថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងការប្រើប្រាស់ចំណូលចំណាយរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់ គឺទាមទារឱ្យពលរដ្ឋមានការយល់ដឹង ហើយចូលរួមយ៉ាងសកម្មថា រដ្ឋមានលុយប៉ុន្មាន? ក្រសួងមានលុយប៉ុន្មាន? ឃុំស្រុកយើងមានលុយប៉ុន្មាន? ហើយលុយហ្នឹងចាយត្រឹមត្រូវទេ? និងចាយទៅមានតម្លាភាពទេ»។
យោងតាមសេចក្ដីថ្លែងការណ៍ ក្រុមអង្គការសមាគម សង្គមស៊ីវិល បានស្នើឱ្យរាជរដ្ឋាភិបាល និងស្ថាប័នសភាជាតិអនុម័តច្បាប់សិទ្ធិទទួលព័ត៌មាន ឱ្យបានឆាប់ ស្របតាមបទដ្ឋានអន្តរជាតិ និងធានាបាននូវសិទ្ធិសេរីភាពក្នុងការទទួលព័ត៌មាន ក្នុងយុគសម័យឌីជីថលដើម្បីលើកកម្ពស់សេវាសាធារណៈ និងដំណោះស្រាយបញ្ហាប្រឈមនានា លើគ្រប់វិស័យ ជាពិសេសសិទ្ធិទទួលព័ត៌មានបរិស្ថាន និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ការអំពាវនាវនេះ គឺដើម្បីលើកស្ទួយការចូលរួមបន្ត ក្នុងការលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការចូលរួមរបស់ប្រជាពលរដ្ឋនៅកម្ពុជា។
សេចក្ដីថ្លែងការណ៍ដដែល ឱ្យដឹងថា បន្ទាប់ពីអស់រយៈពេលជាងមួយទសវត្សរ៍ ដែលសេចក្តីព្រាងច្បាប់ដ៏សំខាន់នេះបានចាប់ផ្តើមតាក់តែងឡើង ប្រជាជនកម្ពុជានៅតែមានកង្វល់អំពីសិទ្ធិរបស់ខ្លួនក្នុងការទទួលព័ត៌មានសាធារណៈនៅឡើយ ដោយសារតែអាជ្ញាធរទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហាក់នៅមានភាពស្ទាក់ស្ទើរក្នុងការបើកចំហ ឬផ្សព្វផ្សាយព័ត៌មានមួយចំនួន ព្រមទាំងកង្វះធនធាន និងសមត្ថភាពមានកម្រិត បើទោះបីជាគោលការណ៍អន្តរជាតិ និងជាតិ អំពាវនាវឱ្យរដ្ឋបាលសាធារណៈយកចិត្តទុកដាក់ក្នុងការបំពេញតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន ក្នុងការបើកចំហព័ត៌មានក៏ដោយ។
ខ្លឹមសារដដែល បន្តថា ទោះបីរាជរដ្ឋាភិបាលបានបើកចំហទិន្នន័យ ទាក់ទងគម្រោងអភិវឌ្ឍន៍ថ្នាក់ជាតិមួយចំនួនក្ដី តែដំណើការនៃការផ្តល់ និងទទួលព័ត៌មានសាធារណៈផ្សេងៗទៀតរបស់ប្រជាពលរដ្ឋនៅមានកម្រិត ជាពិសេសលើបញ្ហាសំខាន់ៗ ដូចជា គម្រោងអភិវឌ្ឍន៍ធំៗ នីតិវិធីលទ្ធកម្មសាធារណៈជាតិ ក៏ដូចជាសម្បទានដីសេដ្ឋកិច្ច របាយការណ៍វាយតម្លៃ ផលប៉ះពាល់បរិស្ថាន បញ្ហាដីធ្លី និងជម្លោះផ្សេងទៀតដែលពាក់ព័ន្ធដោយផ្ទាល់លើសិទ្ធិ និងសុខុមាលភាព របស់ប្រជាពលរដ្ឋជាច្រើន។
សេចក្ដីព្រាងច្បាប់ស្ដីពីការទទួលបានព័ត៌មាន តាក់តែងឡើងនៅឆ្នាំ២០១៥ និងបញ្ចប់នៅឆ្នាំ២០១៨ ក្រោមការចូលរួមផ្ដល់ធាតុចូលពីអង្គការសង្គមស៊ីវិល។ សេចក្ដីព្រាងច្បាប់ត្រូវបានបញ្ជូនទៅដល់ក្រសួងព័ត៌មាន និងបញ្ជូនបន្តទៅកាន់ក្រសួងយុត្តិធម៌ពិនិត្យ ហើយក៏ត្រឡប់ចូលទៅក្រសួងព័ត៌មានវិញ។ ប៉ុន្តែមកទល់ពេលនេះ រយៈពេល១០ឆ្នាំ សេចក្ដីព្រាងច្បាប់មួយនេះ នៅតែមិនទាន់អនុម័តចេញជារូបរាងពេញលេញនៅឡើយ។
ក្នុងជំនួបជាមួយអ្នកសារព័ត៌មានក្នុងស្រុកលើកទី៥ កាលពីឆ្នាំ២០២៣ អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ហ៊ុន សែន ធ្លាប់បានប្តេជ្ញាចិត្តអនុម័តច្បាប់ស្តីពីការទទួលព័ត៌មានក្នុងឆ្នាំ២០២៤ ឬយ៉ាងយូរឆ្នាំ២០២៥ ក្នុងអាណត្តិសភា លើកទី៧។
ជុំវិញរឿងនេះ អនុប្រធាននាយកដ្ឋានព័ត៌មាន ប្រៃសនីយ៍ និងទូរគមនាគមន៍ លោក គុន វិរ៉ាយុទ្ធ ថ្លែងក្នុងសិក្ខាសាលាថា សេចក្ដីព្រាងច្បាប់នេះ មានភាពប្រទាំងប្រទើសជាមួយច្បាប់ស្ដីពីរបបសារព័ត៌មាន ដែលនាំឱ្យរដ្ឋាភិបាលដាក់ចេញនូវចក្ខុវិស័យ ដោយឱ្យក្រសួងជំនាញពិនិត្យរៀបចំឡើងវិញ នូវច្បាប់ស្ដីពីរបបសារព័ត៌មាន និងច្បាប់ស្ដីពីការប្រឆាំងព័ត៌មានក្លែងក្លាយ។
លោក គុន វិរ៉ាយុទ្ធ ថ្លែងថា៖ «ដូចនេះដើម្បីរក្សាសង្គតិភាព (ការរួបរួមគំនិតគ្នា) បន្ទាប់ពីច្បាប់ទាំងពីរត្រូវបានបញ្ចប់ ក្រសួងជំនាញដែលជាក្រសួងព័ត៌មាន លោកនឹងពិនិត្យឡើងវិញច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ដើម្បីផ្អែកលើមូលដ្ឋាននៃការវិវត្តនូវបច្ចេកវិទ្យា ក៏ដូចជាសេដ្ឋកិច្ចនិងសង្គម។ ហើយក៏សូមបញ្ជាក់ជូនសិក្ខាសាលាទាំងមូលដែរថា បច្ចុប្បន្នទីស្ដីការគណៈរដ្ឋមន្ត្រី មិនទាន់ទទួលបាននូវពង្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានទេ ដោយសារខាងលោកកំពុងពិនិត្យពិច័យជាមួយនឹងក្រសួងយុត្តិធម៌ ឬក៏ក្រុមប្រឹក្សាអ្នកច្បាប់ដាច់ដោយឡែក»។
ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិល ឱ្យដឹងដែរថា ក្រុមការងារសិទ្ធិទទួលព័ត៌មាន បានធ្វើយុទ្ធនាការតាមបណ្ដាញសង្គម Facebook ដើម្បីប្រមូលទស្សនៈពីសាធារណជនលើការគាំទ្រ ឬមិនគាំទ្រច្បាប់នេះ ដោយជាលទ្ធផលត្រឹមថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋដែលប្រើប្រាស់ Facebook បានចូលរួមចំនួន ១៤៩គណនី ហើយក្នុងនោះ មាន ១៤៥គណនី បានគាំទ្រឲ្យមានច្បាប់សិទ្ធិទទួលព័ត៌មាន ដើម្បីលើក កម្ពស់ការទទួលបានព័ត៌មានសាធារណៈពិតជាក់លាក់ ដល់ប្រជាពលរដ្ឋ។
ក្រុមការងារសិទ្ធិទទួលព័ត៌មាននៃអង្គការសង្គមស៊ីវិល នឹងបន្តយុទ្ធនាការតាម Facebook និងដោយផ្ទាល់ក្នុងឆ្នាំ២០២៦ ដើម្បីប្រមូលទស្សនៈពីសាធារណជនលើការគាំទ្រ ឬមិនគាំទ្រឲ្យមានច្បាប់សិទ្ធិទទួលព័ត៌មាន ដើម្បីលើកកម្ពស់ការទទួលបានព័ត៌មានសាធារណៈពិតជាក់លាក់។
ទាក់ទិនរឿងនេះ ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី យល់ឃើញថា សេចក្ដីព្រាងច្បាប់នៅឆ្នាំ២០១៨នោះ គឺអាចប្រើប្រាស់បាន ប៉ុន្តែក្រោយមកលោកបានទទួលសេចក្ដីពង្រាងមួយទៀត នៅឆ្នាំ២០២០ ដោយលោកសង្កេតឃើញមានការកែប្រែចំណុចមួយចំនួន។ ក្នុងន័យនេះ លោកបន្តថា ចំណុចដែលមានការផ្លាស់ប្ដូរនោះ គួរតែត្រូវពិភាក្សា និងកែប្រែឡើងវិញ ដោយឈរលើប្រយោជន៍ពលរដ្ឋ និងចាត់ទុកច្បាប់នេះជាគម្រូមួយ ដែលបង្ហាញពីការចូលរួមរបស់អង្គការសង្គមស៊ីវិល ក្នុងដំណើរការពង្រាងច្បាប់នៅកម្ពុជា។
លោក ណុប វី ថ្លែងថា៖ «យើងត្រូវជជែកគ្នាបន្ថែមទៀត ដើម្បីធានាថាស្មារតីនៃសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានដើម ដែលរៀបចំដោយក្រុមការងារបច្ចេកទេសរវាងសង្គមស៊ីវិល និងរដ្ឋាភិបាលហ្នឹង គឺនៅតែរក្សាបាន ហើយយើងធានាថាច្បាប់ហ្នឹងគឺត្រូវបានរៀបចំ និងអនុម័តចេញមកជាច្បាប់គោលមួយ ដែលផ្ដល់ជាគម្រូក្នុងការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ផ្សេងទៀតរបស់រដ្ឋាភិបាល»។
យ៉ាងណាក្ដី ក្រុមការងារសិទ្ធិទទួលព័ត៌មាននៃអង្គការសង្គមស៊ីវិល បានដាក់សំណើចំនួន ៧ចំណុច ទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រួមមាន ការពន្លឿនការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ដែលស្របតាមបទដ្ឋានអន្តរជាតិក្នុងឆ្នាំ២០២៥ យ៉ាងយូរត្រឹមឆ្នាំ២០២៦, ការបញ្ជាក់ឱ្យបានច្បាស់អំពីព័ត៌មានណាខ្លះជាប្រភេទព័ត៌មានសម្ងាត់ ក្នុងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន, ការណែនាំក្រសួង មន្ទីរ និងអង្គភាពនានារបស់រដ្ឋ បើកចំហព័ត៌មានសាធារណៈឱ្យបានទូលំទូលាយ, ការធានាថាប្រជាពលរដ្ឋ ក្រុមយុវជន ជនមាន ពិការភាព និងជនជាតិដើមភាគតិច ទទួលបាននូវព័ត៌មានពេញលេញ តាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយ, ការផ្តល់កិច្ចការពារចំពោះប្រជាពលរដ្ឋដែលបានបង្ហាញ និងចែកចាយនូវព័ត៌មានពិតប្រាកដ ឬព័ត៌មានទាំងឡាយណាដែលបម្រើដល់ប្រយោជន៍សាធារណៈ, ការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីសិទ្ធិទទួលព័ត៌មាន, និងការបង្កើតឱ្យមានបរិយាកាសកាន់តែប្រសើរឡើង សម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេស យុវជនក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា៕











