ការដែលស្ថាប័នជាតិកំពូលៗកម្ពុជា បន្ទោរតាមមេដឹកនាំ បញ្ចេញប្រតិកម្មទៅនឹងការបញ្ចេញប្រមាថដោយក្រុមMMOថៃ រងការរិះគន់ថា វប្បធម៌មន្ត្រីកម្ពុជា លើកមុខមាត់បុគ្គលធំជាងបញ្ហាបូរណភាពទឹកដី ខណៈថៃកំពុងច្បាមយកដីខ្មែរតាមព្រំដែន តែលោក ហ៊ុន សែន ស្ងៀមស្ងាត់មិនតបត។
ការណ៍នេះ អ្នកឃ្លាំមើលឱ្យយោបល់ថា មានតែខ្មែរខ្លាំងតាមរយៈការផ្សះផ្សាជាតិឡើងវិញ ជាពិសេសពង្រឹងទាំងសេដ្ឋកិច្ច និងធ្វើទំនើបកម្មយោធាឱ្យខ្លាំងទេ ទើបប្រទេសជិតខាងមិនហ៊ានប្រមាថកម្ពុជា។
ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សួន សូរីដា ចាត់ទុកការប្រតិកម្មតបនឹងថៃរបស់រដ្ឋាភិបាលគ្រួសារហ៊ុន និងស្ថាប័នជាតិបន្ទរតាមក្រោយនេះថា ជាវប្បធម៌ហៃអើ លើកជើងបុគ្គលធំជាងរឿងទឹកដី។
លោកលើកឡើងថា ថៃរាយបន្លាលួសរំលោភយកដីខ្មែរ យកប្រាសាទខ្មែរ និងព្រមានវាយយក១៧ទីតាំងទៀតលើដីខ្មែរ ពីខេត្តពោធិ៍សាត់ដល់ខេត្តកោះកុង តែគ្មានឃើញការថ្កោលទោសថៃផុសផុលដូចរឿងប្រមាថលោក ហ៊ុន សែន នេះទេ។
លោកថា៖ «ពេលដែលប្រទេសថៃ ឬក៏ជនជាតិថៃ ឬក៏ប្រជាពលរដ្ឋថៃ គេយករូបថតរបស់លោកហ៊ុន សែន ទៅធ្វើជាផ្ទាំងស៊ីប គឺមានការប្រតិកម្មផុលផុសក៏ទៅវិញ។ ខ្ញុំចាប់អារម្មណ៍ថាតម្លៃរបស់លោក ហ៊ុន សែន គឺខ្ពស់ជាងតម្លៃដីទឹកដីអធិបតេយ្យភាពនៃប្រទេសកម្ពុជា អាហ្នឹងចំពោះអ្នកដែលប្រតិកម្មបែបនេះ។ ខ្ញុំគិតថា បើសិនជាគាត់ព្រឹត្តិការណ៍ព្រមគ្នាមានន័យថាប្រតិកម្មទាំងការប្រមាថទៅលើលោក ហ៊ុន សែន ហើយនឹងប្រតិកម្មយ៉ាងព្រោងព្រាតទៅនឹងការទន្ទ្រានឈ្លានពាន ព័ទ្ធបន្លាលួសពីសំណាក់ទាហានថៃជាមួយគ្នាផងដែរ ខ្ញុំគិតថា វាជារឿងមួយល្អប្រសើរ»។
ការិះគន់នេះ ក្រោយប្រធានបក្សកាន់អំណាច លោក ហ៊ុន សែន រួមទាំងស្ថាប័នព្រឹទ្ធសភា រដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃជាដើម ចាត់ទុកសកម្មភាពរបស់ជនជាតិថៃ បាញ់ស៊ីបលើរូបលោក ហ៊ុន សែន នោះថា ជាការប្រមាថធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ជាទង្វើអសីលធម៌។
បន្ថែមលើនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា អំពាវនាវពលដ្ឋខ្មែរកុំវាយបកថៃ ដោយធ្វើសកម្មភាពណាមួយដែលមិនគួរគប្បី ដូចថៃធ្វើលើលោក ហ៊ុន សែន និងកុំរើសអើងចំពោះប្រជាជនថៃដែលកំពុងស្នាក់នៅ និងប្រកបមុខរបបនៅកម្ពុជា។
លោកថា៖ «អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់សារជាថ្មីជូនសាធារណជនមេត្តាជ្រាបថា កម្ពុជាទោះបីជាប្រទេសតូច មានប្រជាជនតិច និងសេដ្ឋកិច្ចនៅទន់ខ្សោយ ប៉ុន្តែថ្នាក់ដឹកនាំកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ស្រឡាញ់សន្តិភាព ការដោះស្រាយបញ្ហាដោយសន្តិវិធី និងចង់បានព្រំដែនសន្តិភាពមិត្តភាព សហប្រតិបត្តិការណ៍ និងការអភិវឌ្ឍ ដោយមិនដែលចាត់ទុកប្រទេសជិតខាង ឬប្រទេសណាមួយជាសត្រូវនោះឡើយ»។
ដោយឡែក មនុស្សជំនិតលោក កឹម សុខា គឺលោក មុត ចន្ថា បានរិះគន់រដ្ឋាភិបាលគ្រួសារហ៊ុន លើហ្វេសប៊ុកលោកថា៖ «ខ្មែរគ្នាឯងមិនចេះផ្សះផ្សាឱ្យមានឯកភាពជាតិ ហេតុអីទៅអង្វរឱ្យពលរដ្ឋខ្មែរផ្សះផ្សាជាមួយចោរសៀមឈ្លានពាន ដែលកំពុងប្រមាថមកលើជាតិសាសន៍ឯង»។
ទោះជាបែបណា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សួន សូរីដា សង្កត់ធ្ងន់ថា កម្ពុជាអាចគេចចេញពីការប្រមាថពីប្រទេសជិតខាងបាន លុះត្រាតែកម្ពុជាខ្លួនឯងខ្លាំងតាមរយៈការផ្សះផ្សាជាតិ បើកលំហឱ្យមានប្រជាធិបតេយ្យ ការគោរពសិទ្ធមនុស្ស និងត្រូវពង្រឹងទាំងសេដ្ឋកិច្ច និងយោធាឱ្យខ្លាំងផងដែរ។
លោកថា៖ «ដើម្បីឲ្យឈ្នះថៃ ខ្ញុំគិតថា ទី១ គឺលោក ហ៊ុន សែន គួរតែបង្កើតឲ្យមានការផ្សះផ្សាឯកភាពជាតិ តាមរយៈការធ្វើឲ្យមានឯកភាពរវាងអ្នកនយោបាយប្រឆាំងនិងអ្នកនយោបាយរដ្ឋាភិបាល! អាចធ្វើការជាមួយគ្នានៅក្នុងបុព្វហេតុការពារទឹកដី តាមរយៈការដោះលែងអ្នកទោសនយោបាយ បើកលំហសិទ្ធិសេរីភាពទៅដល់ប្រជាពលដ្ឋ នៅក្នុងការបញ្ចេញមតិ បើកលំហរប្រជាធិបតេយ្យ តាមរយៈការបង្កឲ្យមានការធ្វើសកម្មភាពនៃគណបក្សនយោបាយ ព្រមទាំងប្រកួតប្រជែងតាមរយៈការបោះឆ្នោតដោយសេរីត្រឹមត្រូវ»។
រីឯ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយថា លោក ហ៊ុន សែន ហាក់គិតមុខមាត់ខ្លួន ធំជាងថៃប្រមាថឈ្លានពានទឹកដីខ្មែរ។
ក្នុងន័យនេះ ថៃកំពុងការឈ្លានពានបូរណភាពទឹកដីកម្ពុជា ច្បាមយកប្រាសាទខ្មែរនៅតាមព្រំដែន បណ្តេញពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ភូមិជោគជ័យ ជាដើម ដែលជាការប្រមាថលើប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស តែលោក ហ៊ុន សែន ស្ងប់ស្ងាត់មិនតបតរ។
លោកថា៖ «ឆ្លើយតបនឹងការប្រមាថរបស់ថៃ គឺទី១ត្រូវជំរុញការដោះស្រាយបញ្ហាសុខសន្តិភាពជូនប្រជាពលរដ្ឋហ្នឹង នៅតាមព្រំដែនពីការឈ្លានពានរបស់ថៃ ឲ្យបានពិតប្រាកដជាក់ស្ដែង។ ទី២ត្រូវទប់ស្កាត់ជាមួយនឹងទង្វើឈ្លានពានរបស់ថៃយ៉ាងគគ្លើនសព្វថ្ងៃហ្នឹង។ ការពារបាននូវបូរណភាពទឹកដីរបស់កម្ពុជា។ ការប្រមាថនេះសរុបទៅ ខ្ញុំយល់ស្របថា គាត់មិនសប្បាយចិត្តចំពោះការប្រមាថលើខ្លួនគាត់បុគ្គលគាត់។ ខ្ញុំយល់ស្របថា អាហ្នឹងជាទង្វើអសីលធម៌ អមនុស្សធម៌ ជាការប្រមាថមួយហើយ! តែក្នុងហ្នឹងគាត់ក៏គាត់ត្រូវគិតថា មិនត្រឹមតែគាត់ទេ! គេប្រមាថគឺប្រមាថប្រទេសកម្ពុជាទាំងមូល ប្រមាថប្រជាពលរដ្ឋខ្មែរទាំងមូល។ គេឈ្លានពានទឹកដីខ្មែរទាំងមូល អាហ្នឹងហើយដែលជាការប្រមាថធំជាងជីវិតរបស់គាត់! បុគ្គលរបស់គាត់»។
មេធាវីការពារក្តី លោក កឹម សុខា គឺ លោក ផែង ហេង ធ្លាប់ឱ្យជាយោបល់ថា ការប្រមាថពីសត្រូវគឺជារឿងធម្មតា តែអ្វីដែលត្រូវបារម្ភនិងត្រូវដោះស្រាយចំពោះមុខ គឺពង្រឹងការឯកភាពជាតិ។
លោកសង្កត់ធ្ងន់ថា ជាយុទ្ធសាស្ត្រ ត្រូវធ្វើឱ្យតុលាការមិនពាក់ព័ន្ធនយោបាយ សម្រេចលើកលែងការចោទប្រកាន់លោក កឹម សុខ និងលុបចោលសាលក្រមសាលដីកា ដីកាពាក់ព័ន្ធនឹងសកម្មជននយោបាយ និងសង្គម។
បន្ថែមលើនេះ ត្រូវបើកទ្វារឲ្យអ្នកនយោបាយគ្រប់ភាគីថ្វាយយោបល់ទៅព្រះមហាក្សត្រ និងមានការកោះប្រជុំពិគ្រោះយោបល់បិទទ្វាររកយុទ្ធសាស្ត្រការពារសត្រូវឈ្លានពាន។
ជាងនេះទៀត ត្រូវលុបបំបាត់ការរើសអើងនយោបាយ ឲ្យមន្ត្រីសាធារណៈ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រដ្ឋបាលអព្យាក្រឹត្យនយោបាយដាច់ខាត៕









