មេដឹកនាំថ្មីរបស់ថៃ លោក អនុធីន ឆានវីរៈគូន បន្តលាក់បាំងទង្វើឈ្លានពានរបស់ខ្លួនមកលើកម្ពុជា ដោយបានផ្ញើសារទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាខ្លួនជាជនរងគ្រោះក្នុងជម្លោះព្រំដែនជាមួយកម្ពុជា ខណៈលោក ត្រាំ បង្ហាញឆន្ទៈចង់ធ្វើជាម្ចាស់ហត្ថលេខី ដើម្បីសន្តិភាពកម្ពុជា ថៃ ក្នុងជម្លោះព្រំដែន។
បើតាមសារព័ត៌មានថៃ PPTV ចុះផ្សាយនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្រ្តីថៃ លោក អនុធីន ឆានវីរៈគូន បាននិយាយថា ថៃគឺជាជនរងគ្រោះ ដែលភាគីកម្ពុជាជាអ្នកឈ្លានពានធ្វើបាបមកលើប្រទេសថៃ ដូច្នេះបើចង់បន្តចរចាត្រូវធ្វើតាមសំណើររបស់ភាគីថៃចំនួន៤ចំនុច ដើម្បីដោះស្រាយបញ្ហាព្រំដែននេះ។
លោកបន្តថា លោកមិនបដិសេធវត្តមានរបស់ លោក ត្រាំ ដែលចង់ជួយដោះស្រាយទំនាស់ជម្លោះព្រំដែនកម្ពុជា-ថៃនោះទេ ប៉ុន្តែបើប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសថៃ ឬប្រជាជនថៃ នោះភាគីថៃមិនព្រមជាដាច់ខាត ចំពោះការបាត់បង់ទឹកដីរបស់ខ្លួន។
លោកនិយាយថា៖ «ក្នុងរឿងជម្លោះព្រំដែននេះ ភាគីថៃជាជនរងគ្រោះ ហើយភាគីកម្ពុជាជាអ្នកឈ្លានពាន ធ្វើបាប ដូច្នេះបើភាគីទី៣ចង់ជួយដោះស្រាយត្រូវធ្វើតាមសំណើរបស់ថៃ៤ចំនុច ទើបថៃព្រមទទួលយក»។
ការលើកឡើងរបស់នាយករដ្ឋមន្ត្រីថ្មីថៃ លោក អនុធីន ឆានវីរៈគូន នេះបន្ទាប់ពីសេចក្តីរាយការណ៍នានា អះអាងថា ប្រធានធិបតីសហរដ្ឋអាមេរិក លោក Donald Trump ចង់ធ្វើជាអធិបតីនៃកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ក្នុងកិច្ចប្រជុំ ASEAN នៅម៉ាឡេស៊ី នាថ្ងៃទី២៦-២៨ ខែតុលា ដោយគ្មានចិន។
គិតមកដល់ម៉ោងផ្សាយនេះ vod នៅមិនអាចសុំការអត្ថាធិប្បាយបន្ថែមជុំវិញករណីនេះ ពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា បានទេ។
លើសពីនេះ នៅលើគេហទំព័រក្រសួងការពារជាតិកម្ពុជា ក៏មិនមានប្រតិកម្មតបទៅនឹងសាររបស់នាយករដ្ឋមន្ត្រីថៃនេះដែរ ក្រៅពីបង្ហោះសារអំពាវនាវឱ្យសាធារណជន អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងប្រជាពលរដ្ឋទាំងអស់ ទទួលយកតែព័ត៌មានទាន់ហេតុការណ៍ ពីស្ថាប័នរដ្ឋមួយចំនួនប៉ុណ្ណោះ ។
ក្រៅពីនេះ ក្រសួងបានអំពាវនាវឱ្យថៃប្រគល់ទាហានខ្មែរ១៨នាក់ មកឱ្យកម្ពុជាវិញ ខណៈគិតត្រឹមថ្ងៃទី៩ ខែតុលានេះ ពួកគេត្រូវបានយោធាថៃរំលោភបទឈប់បាញ់ ហើយចាប់ជាចំណាប់ខ្មាំងអស់រយៈពេល៧២ថ្ងៃហើយ។
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន យល់ថា ថៃមិនចង់ឱ្យមានភាគីទី៣ លូកដៃរឿងនេះឡើយ តែការដែលនាយករដ្ឋមន្រ្តីថ្មីថៃ មិនបដិសេធវត្តមានរបស់លោក ត្រាំ ជួយដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃនេះ គ្រាន់តែជាលេស ឬល្បិចរបស់ថៃប៉ុណ្ណោះ ដើម្បីឱ្យសហគមន៍អន្តរជាតិមើលមកថាខ្លួនជាជនរងគ្រោះ ក្នុងជម្លោះនេះ ។
លោកថា៖ «ថៃមិនចង់ឲ្យភាគីទីបីដើម្បីជួយសម្របសម្រួល ដោះស្រាយបញ្ហាព្រំដែនកម្ពុជាជាមួយថៃទេ ព្រោះថៃប្រើផែនទីឯកតោភាគី អ៊ីចឹងមិនចង់ឲ្យមានភាគីអាមេរិក ឬក៏ភាគីដទៃទៀតមកសម្រុះសម្រួលបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ។ ប្រទេសថៃចង់តែដោះស្រាយទ្វេភាគីជាមួយកម្ពុជា ដើម្បីមានប្រៀបមកលើកម្ពុជា អ៊ីចឹងហើយបានជាថៃមិនព្រមឡើងទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិICJជាមួយកម្ពុជា ហើយប្រកាសមិនទទួលស្គាល់យុត្តាធិការរបស់ICJ ដោយសារថៃមិនបានប្រើផែនទីខ្នាតមួយលើពីររយពាន់ ដែលជាផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំងសៀមឆ្នាំ១៩០៤ និង១៩០៧»។
ម្យ៉ាងវិញទៀត លោកថា ប្រសិនបើកម្ពុជាយល់ព្រមតាមការស្នើសុំរបស់ភាគីថៃ ដើម្បីតែរក្សាអំណាចដូរយកសន្តិភាព នោះកម្ពុជានឹងបាត់បង់ទឹកដីរបស់ខ្លួនបន្ថែមទៀត ព្រោះកន្លងទៅកម្ពុជាបានយល់ព្រមទៅនឹងសំណើររបស់ថៃដោយព្រមរុះរើផ្ទះ១ខ្នង នៅចំណុចអូរភ្លុកដំរី និងលុបលេណដ្ឋាននៅប៉ុស្តិ៍នគរបាលព្រំដែនច្រកជ័យជំនះ ក្នុងខេត្តពោធិ៍សាត់ជាដើម ។
ដូច្នេះលោកថា កម្ពុជាគួរឆ្លើយតបទៅភាគីថៃដោយប្រកាន់ជំហរច្បាស់លាស់ និងត្រូវហ៊ានប្រើសិទ្ធិស្វ័យការពារខ្លួន ដើម្បីការពារដែនអធិបតេយ្យភាពរបស់ខ្លួន។
លោកថា៖ «គួរឆ្លើយតបទៅថៃយ៉ាងម៉ឺងម៉ាត់ថា កម្ពុជាមិនអាចធ្វើទៅតាមសំណើរបស់ថៃ ដូចជាការដកសព្វាវុធ និងដកកងទ័ពចេញពីព្រំដែនអីជាដើម។ អាហ្នឹងកម្ពុជាត្រូវតែបដិសេធដាច់អហង្ការតែម្ដងហើយការបណ្ដេញប្រជាពលរដ្ឋចេញពីភូមិជោគជ័យ ភូមិព្រៃចាន់ហ្នឹង ត្រូវបដិសេធដាច់ខាតតែម្តង ត្រូវមានជំហរឱ្យច្បាស់លាស់ អ៊ីចឹងមិនមែននៅតែប្រកាន់ជំហរអត់ធ្មត់ទន្ទេញពាក្យគោរពបទឈប់បាញ់។កាលណាយើងមិនប្រកាន់ជំហរច្បាស់លាស់ទេ ប្រាកដជានឹងធ្វើឲ្យបាត់បង់ទឹកដី ដូច្នេះកម្ពុជាត្រូវតែឆ្លើយតបទៅខាងភាគីថៃដោយម៉ឺងម៉ាត់ ដោយប្រើសិទ្ធិស្វ័យការពារខ្លួន នៅពេលដែលថៃឈ្លានពានទឹកដីកម្ពុជា»។
ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើល លោក ម៉ែន ណាត បានលើកឡើងថា កម្ពុជាហាក់ដោះស្រាយបញ្ហាមិនចំគោលដៅ ដែលថ្មីៗនេះបែរមានចេញថ្កោលទោសរឿងថៃប្រមាថ លោក ហ៊ុន សែន ខណៈរឿងបញ្ហាព្រំដែនបែរជាមានកម្សោយជាងទៅវិញ។
ការណ៍នេះ លោកបារម្ភថា បើកម្ពុជាព្រមតាមស្នើសុំរបស់ថៃ និងលោក ត្រាំ ក្នុងកិច្ចប្រជុំខាងមុខ ដោយព្រមធ្វើតាមការស្នើរបស់ថៃ នោះកម្ពុជាមិនខុសពីរុស្សីឡើយ ។
លោកសង្កត់ធ្ងន់ថា កម្ពុជាគួរត្រៀមខ្លួនឱ្យបានគ្រប់គ្រាន់ ក្នុងការបង្ហាញពីគោលបំណងរបស់ខ្លួនក្នុងដំណើរការទូត ដើម្បីបញ្ជាក់ថា កម្ពុជាជាជនរងគ្រោះដែលត្រូវគេបំពាន និងត្រូវអនុវត្តនូវច្បាប់អន្តរជាតិ ដូចជាកិច្ចព្រមព្រៀងប៉ារីសជាដើម។
លោកថា៖ «កម្ពុជាយើងបើចង់ចរចាសន្តិភាពទទួលយកសំណើរបស់ លោក ត្រាំ អាចទទួលយកសំណើរបស់ថៃ ពេលនោះយើងបារម្ភថា កម្ពុជាលែងការពារទឹកដីដែលសៀមឈ្លានពាននោះបានទៀតហើយ។ អាមេរិកចង់ឲ្យយើងមានសន្តិភាព គេចង់ឲ្យយើងឈប់ឈ្លោះគ្នា តែគេអត់ដឹងពីការឈឺចាប់របស់ជនជាតិខ្មែរដែលបាត់បង់ទឹកដីព្រៃ ខ្លះទៀតទៅថៃទេ។ លោក ហ៊ុន ម៉ាណែត ត្រូវចាំក្នុងខ្លួនឯងច្បាស់ថាមិនអាចដោះដូរបានទេ ធ្វើយ៉ាងណាក៏ដោយការពាររដ្ឋធម្មនុញ្ញកម្ពុជា ការពារកិច្ចព្រមព្រៀងក្រុងប៉ារីស អនុសញ្ញាបារាំងសៀម១៩០៤ និង១៩០៧ និងផែនទីរបស់បារាំងឆ្នាំ១៩០៨ បានអាចការពារកម្ពុជាបាន»។
ជាការកត់សម្គាល់ ក្រោយបទឈប់បាញ់ចូលជាធរមាន ប្រមាណជាង២ខែមកនេះ ភាគីថៃមិនបានគោរពបទឈប់បាញ់នោះទេ ដោយថៃបានចល័តទ័ពចូលមកចាប់ទាហានខ្មែរ២០នាក់ រំលោភលើបទឈប់បាញ់ ហើយរហូតមកដល់ពេលនេះ ថៃមិនទាន់ប្រគល់ទាហានខ្មែរ១៨នាក់ទៀតឱ្យមកកម្ពុជាវិញនៅឡើយទេ ទោះកម្ពុជាអំពាវនាវឱ្យមានការដោះលែង និងបង្ហាញឆន្ទៈ មិនជ្រើសរើសយកការប្រឈមមុខខាងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែនក្តី។
បន្ថែមលើនេះ ចំពេលកម្ពុជាបន្តអត់ធ្មត់នេះ ថៃបានចល័តទ័ពចូលមករាយបន្លាលួសយកដីខ្មែរជាបន្តបន្ទាប់ ដូចជា នៅប្រាសាទតាមាន់ធំ ស្ថិតក្នុងខេត្តឧត្តរមានជ័យ តំបន់អានសេះ ក្នុងខេត្តព្រះវិហារ ភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងគំរាមច្បាមយក១៧ទីតាំងទៀត នៅខេត្តពោធិ៍សាត់ និងខេត្តកោះកុង តាមផែនទីដែលថៃគូដោយឯកតោភាគី ដែលមេដឹកនាំកម្ពុជាលោក ហ៊ុន សែន ហៅថា ជាផែនទីចោរ៕











