ព្រឹទ្ធ​សភា​អាមេរិក​រារាំង​ការ​ជជែក​ដេញ​ដោល​លើ​វិធាន​យោធា​​​ប្រឆាំង​នឹង​វេណេ​ស៊ុយ​អេឡា

ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ពុធ បាន​រារាំង​ជា​បឋម​ដើម្បី​បញ្ចប់​ការ​ប្រើ​ប្រាស់​យោធា​របស់លោក​​​ប្រធានា​ធិបតី ​ដូណាល់ ត្រាំ ក្នុង​ការ​ប្រើ​យោធា​ដើម្បី​បំផ្លាញ​ទូក​ដែល​ដឹក​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ខុស​ច្បាប់ លើកលែង​តែលោក​ត្រូវ​បាន​អនុញ្ញាត​ពីសភា។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ(Reuters) បានរា​យកា​រណ៍នៅ​ថ្ងៃ​ទី​០៩ ខែ​តុលា ឆ្នាំ​២០២៥​នេះ​ថា ការ​ខិត​ខំ​ប្រឹង​ប្រែង​នេះ ដឹក​នាំ​ដោយ​សមា​ជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាធិប​តេយ្យ លោក អាដាម ស៊ីហ្វ​(Adam Schiff)​នៃ​រដ្ឋកាលី​ហ្វញ្ញ៉ា​(California)​ និង​ លោក ធីម ខេន (Tim Kaine)​ នៃ​រដ្ឋ​វើជី​នៀ​(Virginia) ​និង​មាន​ការ​គាំទ្រ​ពី​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សាធារណៈ​រដ្ឋ លោក រ៉េន ផូល (Rand Paul) នៃ​រដ្ឋ​ឃីន ថាក់​គី(​Kentucky) ត្រូវ​បាន​បញ្ឈប់​ដោយ​ការ​បោះ​ឆ្នោត​ ៤៨ ទល់​នឹង​៥១។

ជាមួយគ្នានេះ សមាជិកគណបក្សសាធារណរដ្ឋម្នាក់ទៀត គឺ​លោក​ស្រី លីសា មួកូស្គី (Lisa Murkowski)នៃ​រដ្ឋ​អាឡាស្កា​(Alaska) បាន​ចូល​រួម​នៅក្នុ​ង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដែល​ជា​ជំហាន​នីតិវិធី​មួយ ក្នុង​ការ​នាំ​យក​ច្បាប់​នោះ​សម្រាប់​បោះ​ឆ្នោត​អនុ​ម័ត​ដោយ​ព្រឹទ្ធ​សភា​ពេញ​លេញ។

យោធា​សហរដ្ឋអាមេរិក បាន​ធ្វើកា​រ​វាយ​ប្រហារ​យ៉ាង​ហោច​ណាស់​៤ដង នៅ​ក្នុង​មហា​សមុទ្រ​ការី​ប៊ីន(Caribbean) ប្រឆាំង​នឹង​កប៉ាល់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ដឹក​គ្រឿង​ញៀន​ខុស​ច្បាប់​ដែល​ថ្មីៗ​នេះ​ នៅ​ថ្ងៃ​ទី ០៣ ខែ​តុលា នៅជិ​ត​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​វេណេ​ស៊ុយ​អេឡា យ៉ាង​ហោច​ណាស់ មាន​មនុស្ស ៤នាក់ បាន​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​នោះ នេះ​បើ​យោង​តាម​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាមេរិក លោក ភីត ហេកសេត​(Pete Hegseth)។

នៅមុន​នេះ​ កាល​ពី​ថ្ងៃ​ពុធ លោក ខេន បាន​ប្រាប់​ទៅ​កាន់​សារ​ព័ត៌​មាន​ថា អំឡុង​ពេល​សន្និសីទ​សង្ខេប​មួយសម្រាប់​សមាជិក​គណៈ​កម្មាធិការ​ព្រឹទ្ធ​សភា​ ដែល​ទាក់​ទង​ទៅ​នឹង​កិច្ច​ការ​យោធា​ កាល​ពី​សប្តាហ៍​មុន បុគ្គលិក​រដ្ឋ​បាល​មិន​បាន​ផ្តល់​ព័ត៌​មាន​អំពី​មូល​ហេតុ​ដែល​យោធា​សហរដ្ឋ​អាមេរិក ត្រូវ​បាន​បញ្ជា​ឱ្យ​វាយ​ប្រហារ​បំផ្លាញ​នាវា​ទាំង​នេះ​ជំនួស​ដោយ​ការ​ស្ទាក់​ចាប់​នោះ​ទេ។

លោក និង​លោក ស៊ីហ្វ​(Schiff) បាន​និយាយ​ថា ការ​វាយ​ប្រហារ​អាច​ធ្វើ​ឡើង​ដោយ​យល់​ច្រលំទៅ​លើ​ជន​ស្លូត​ត្រង់​រួម​ទាំង​អ្នក​ដែល​ជា​ជន​រង​គ្រោះ​នៃកា​រ​ជួញ​ដូរ​មនុស្ស​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ