ទីភ្នាក់ងារសិក្សាគ្រោះរញ្ជួយដី បាននិយាយថា គ្រោះរញ្ជួយដីកម្រិត៧.៤រិចទ័របានវាយលើឆ្នេរសមុទ្រនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីននៅថ្ងៃសុក្រនេះ ដោយមានការព្រមានពីរលកយក្សស៊ូណាមិទៅក្នុងប្រទេសមួយចំនួន និងមនុស្សដែលនៅឆ្នេរសមុទ្រក្បែរនោះ បានជំរុញឱ្យផ្លាស់ទីពីដីគោកទៅដីដែលខ្ពស់ជាងនេះ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ(Reuters) បានរាយការណ៍នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ថា ទីភ្នាក់ងារ ហ្វីវ៉ក(Phivolcs) បានព្រមានអំពីការរញ្ជួយដីពីគ្រោះរញ្ជួយដី ដែលបានវាយប្រហារកាលពីព្រឹកនៅទីប្រជុំជនម៉ាណៃ(Manay) ក្រុងដាវូអូរៀនថល Davao Oriental ក្នុងតំបន់មីនដាណាវ (Mindanao)។ បើយោងតាមមន្ត្រីការពារស៊ីវិល លោក រ៉ាហ្វី អាលីចាន់ដ្រូ(Raffy Alejandro) បាននិយាយនៅលើហ្វេសប៊ុកថា យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់។
មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិ បានចេញផ្សាយការធ្វើបច្ចុប្បន្នភាពនៅពេលរសៀលម៉ោងនៅក្នុងស្រុក និយាយថា ការគំរាមកំហែងពីរលកយក្សស៊ូណាមិ(tsunami) នៅប្រទេសហ្វីលីពីនបានកន្លងផុតទៅហើយ ដោយមុននេះ បាននិយាយថា អាចមានរលកកម្ពស់ពី ១ម៉ែត្រ ទៅ ៣ម៉ែត្រ បើទោះបីជានៅមានការព្រមានពីទីភ្នាក់ងារផ្សេងទៀតក៏ដោយ។
ប្រភពថា មិនមានរបាយការណ៍ផ្សេងទៀតពីអ្នកស្លាប់ និងរបួស ពីការិយាល័យគ្រោះមហន្តរាយក្នុងតំបន់ដែលទាក់ទងដោយរ៉យទ័រនោះទេ ប៉ុន្តែមន្ត្រីម្នាក់នៅទីប្រជុំជនម៉ាណៃ(Manay) បាននិយាយថា មានរបាយការណ៍ដំបូងអំពីការខូចខាតផ្ទះ អគារ និងស្ពាន។
ការរញ្ជួយដីនេះ ស្ថិតក្នុងចំណោមការរញ្ជួយដីដ៏ខ្លាំងបំផុតរយៈពេលឆ្នាំថ្មីៗនេះ បានវាយប្រហារប្រទេសហ្វីលីពីន ដែលស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិក រីងអោហ្វហ្វៃអ៊រ(Ring of Fire) និងមានគ្រោះរញ្ជួយដីច្រើនជាង ៨០០ដងជារៀងរាល់ឆ្នាំ៕











