ដីព្រៃកប់​សព​ជន​ជាតិ​ភាគ​តិច​​៣ភូមិ​ត្រូវ​​បាន​​ចេញ​ប្លង់​រឹង​ប្រគល់​ឱ្យ​​អ្ន​ក​មាន​​អំណាច​​កាន់​កាប់

លោក​ ផន ផល្លា ​ប្រធាន​មជ្ឈ​មណ្ឌល​កុមារ​កំព្រា​​មែក​ឈើ ​កាល​ពី​ថ្ងៃ​ទី​៨ ​​ខែ​​តុលា​ ​ឆ្នាំ​​២០២៥​ បាន​​បង្ហោះ​វីដេ​អូមួ​យ​​ បង្ហាញ​ថា តំបន់​​​ព្រៃ​សហគមន៍​​សម្រាប់​​កប់​សព​​របស់​ជន​ជាតិ​​ដើម​​ភាគ​តិច​ចំនួន​​៣ភូមិ ​​នៅ​ឃុំ​ប៊ូស្រា ស្រុ​​ក​ពេជ្រា​ដា ​ខេត្ត​មណ្ឌល​គិរី ​នៅ​​ពេល​​នេះ​​​ត្រូវ​បាន​​ក្រុម​​មន្ត្រី​​ចេញ​​បណ្ណ​កម្មសិ​ទ្ធិ​​ប្លង់​រឹង​​ ទៅ​​ឱ្យ​​បុគ្គលហើយ​​កំ​ពុ​​ង​ត្រូវបា​ន​​ឈូស​ឆាយ​​ផ្តួល​​រំលំ​ដើម​​ឈើ​ ដែល​​​នៅ​សេស​សល់ចុ​ង​​ក្រោយ​​នៅ​ក្នុង​​តំប​ន់​​នេះ ។

ជន​ជាតិ​ដើមភាគតិច ​ឆ្ងល់ថា ដីព្រៃ​សម្រាប់​កប់សព​​តាំងពីដូន​តា​របស់​ពួកគាត់​មក​ ហើយ​ថែម​ទាំង​មាន​ការ​ចុះបញ្ជីទទួល​ស្គាល់​​ដោយ​ក្រសួង​មហាផ្ទៃថែមទៀតផងនោះ​ ហេតុ​អ្វី​បាន​ជាអាជ្ញាធរ​ពាក់​ព័ន្ធ​ហ៊ាន​គប់​គិត​គ្នា​ចេញ​បណ្ណកម្មសិទ្ធិ​ទៅឱ្យអ្នក​មាន​អំណាច​មក​កាន់កាប់​គ្រប់គ្រងដីនេះទៅ​វិញ?។

​បុរសដែល​ចិញ្ចឹមមើលថែក្មេងកំព្រា​ និងក្មេងអាណាថា​​រាប់​រយ​នាក់​រូបនេះ ​និយាយ​ថា អ្នក​មានលុយ​មាន​​អំណាច​ នៅ​​ពេល​​នេះ បើចង់បាន​ដី​គួរ​តែទៅ​តស៊ូជាមួយ​សៀម​​នៅ​ភូមិ​ជោគ​ជ័យ និងភូមិ​ព្រៃចាន់ ​​ក្នុង​ឃុំ​អូរ​បីជាន់​ទៅ​ មិន​គួរ​ណា​មក​គប់​គិតគ្នា​ធ្វើប្លង់​ដណ្តើម​​យក​ដីកប់​សព​របស់​ជនជាតិ​ដើមភាគតិច ​​ដែល​ពួកគាត់​បាន​​ថែរក្សា​ទុក​តាំង​ពី​ដូន​តា​រាប់​ជំនាន់​មក​ហើយ​បែបនេះនោះទេ។

លោកថា៖ «ដីកប់សពសោះ​ អានេះ​ផ្ទះ​ខ្មោច​មែនទែនទៅ​ផ្ទះ​ខ្មោច​ មក​​ដណ្តើម​ផ្ទះ​​ខ្មោច​នៅ​​ទៀត​​​ឥឡូវ​​​​វា​ដល់​​ម្លឹង​។ អ៊ីចឹង​​ហើយ​គួរ​គិត​​​ផង​ ​បើ​និយាយ​​​ពី​មនសិការ​​និយាយ​​ពី​បេះ​ដូង​ជាមនុស្ស​​វាមិន​អាច​ធ្វើទៅ​រួច​ទេ ? បើយើងប្រើពាក្យ​ថា​ លោភលន់​ហេតុអី​ក៏លោភ​លន់​ដល់ម្លឹង​?​ បើ​​យើង​ប្រើពាក្យ​ថា​ ចង់​បាន​ហេតុអីក៏ចង់​បាន​ដល់ម្លឹង​? ឯណា​ទៅ​គេហៅ​ថា​ចិត្ត​មេត្តាធម៌​ក្នុង​ភាព​​ជាមនុស្ស​របស់​អ្នក​? អ៊ីចឹងហើយ​ នេះគឺ​ជាការ​បង្ហាញជូន​នូវស្ថានភាព​​ទិដ្ឋ​ភាព ​ក៏ដូច​ជារឿង​​រ៉ាវ​ដែល​កំពុង​តែកើតឡើង​»។​

លោក ផល្លា និយាយ​ថា នៅ​ខេត្តមណ្ឌលគិរី ​មាន​រឿង​រ៉ាវ​ដីធ្លីច្រើនណាស់ ​មិនមែន​មាន​តែ​រឿង​ដី​សហគមន៍​​កប់​​សព​របស់​ជនជាតិ​ភាគតិចតែមួយ​កន្លែងនេះទេ សូម្បីតែដីចម្ការដីភូមិ​ដី​ដែល​ជន​​ជាតិ​រស់នៅ​ក៏មាន​រឿង​រ៉ាវ​ច្រើនណាស់ដែរ។ ក្នុងនោះ​មាន​ទំនាស់​រវាង​បងប្អូន​ជន​ជាតិ​ដើមភាគ​​តិច​ជាមួយ​នឹងក្រុម​ហ៊ុន​ ជាមួយ​អ្នកមាន​អំណាច ​ជាមួយ​នឹងរដ្ឋអំណាច​​ដែល​លោក​អាច​និយាយ​​បាន​អ៊ីចឹង​ ពីព្រោះ​អ្នក​ដែល​ផ្តល់​សិទ្ធិ​ផ្តល់​ចុង​សន្លឹក ផ្តល់​ប្លង់ទន់ ​ផ្តល់​ប្លង់​រឹង គឺ​ចេញ​​ពី​រដ្ឋ​​អំណាច​នឹង​ទៅ មានមេ​​ភូមិ​ មានមេ​​ឃុំ មាន​សុរិយោដីជាដើមដែល​ជាអ្នក​ដឹង​ឮ​មុន​នឹង​សម្រេច​​ចិត្ត​ថា​ផ្តល់​ដីវាស់ដី ​ឬក៏ដីអ្នកណាមកពីណា ​គឺ​អាជ្ញាធរ​ដែន​ដី​ដឹងច្បាស់​។

លោកថា៖ «ដីសហគមន៍​នេះ ​ពុកម៉ែបងប្អូន​មើល​ឃើញ​​ហើយ សុទ្ធ​តែជាកន្លែង​កប់សពបងប្អូនជន​ជាតិ​ដើមភាគតិច​ព្នង ពូនង ប៉ុន្តែ​វាជារឿង​មួយ​អយុត្តិធម៌សម្រាប់ពួកគាត់ ​ដែល​ស្ទើ​​តែគ្មាន​អ្នក​​បង្ហោះ​បង្ហាញ​ឱ្យមហា​ជន​បាន​ដឹង ​នូវ​រឿង​រ៉ាវ​ទាំងអស់នេះ។ អា​នេះ​ខ្ញុំ​ទទួល​ព័ត៌មាន​បាន​ពី​ពួក​គាត់​ អ៊ីចឹងហើយខ្ញុំ​ចុះ​មក​ទីនេះផ្ទាល់ ​ថា​វា​អយុត្តិ​ធម៌​​សម្រាប់​​ពួកគាត់ទេ?​ សូម្បីតែដី​សហ​គមន៍​​សម្រាប់​ពួកគាត់ ​ក៏ត្រូវបានគេ​​រំលោភបំពាន ត្រូវបាន​ធ្វើប្លង់​រឹង​ ត្រូវមាន​ម្ចាស់ថ្មី​​ សម្រាប់​កាន់​​កាប់ទៅ​វិញ ​ហើយ​ឥឡូវនេះ គេកំពុង​តែឈូសឆាយ​។ នេះពុកម៉ែបងប្អូនខ្ញុំ​បង្ហាញជូន»។

លោក ​ផល្លា ​បាន​​ដើរ​ចេញ​ពី​កន្លែង​ព្រៃ​កប់​សព​​ប្រមាណ​ជា​ ២០​​​ឬ​៣០​​ជំហាន ក៏​ដល់​​កន្លែង​​ដែល​​គេ​ទើប​​តែ​ឈូស​ឆាយ​​​ផ្តួល​​រំលំ​ដើម​ឈើថ្មី​ៗ​ ​ហើយ​​មើល​​ផុត​ពីទី​នោះ​​ គឺ​​ជា​វាល​​រហោ​​ស្ថាន​​ខណៈ​​កាល​ពីមុ​ន​​តំប​ន់​​នោះ ​គឺ​​​ជា​ព្រៃ​ស្តុក​ព្រៃ​ស្រោង ​ប៉ុន្តែ​​ទើប​​​តែត្រូ​វ​​បាន​​គេ​កាប់​​បំផ្លាញ​​អស់​​ក្នុង​​រយៈ​​ពេល​​ជា​ច្រើន​​ឆ្នាំ​មក​​នេះ។ នេះបើយោងតាម​វីដេអូ។

លោកថា៖ «នេះគឺឈូស​​ ​ពុកម៉ែបង​ប្អូន​ហើយ​ ​ត្រង់ណាដែល​ថា​ស្រឡាញ់​​ព្រៃឈើ​ ស្រឡាញ់ធម្ម​ជាតិ​ ​មាត់កោកៗ​ សឹក​តែ​មាត់ត្រដោក​ ប៉ុន្តែព្រៃ​ដួល​រលំខ្ទិចខ្ទី​អស់​ហើយ​ហ្នឹង​ នៀក​ពុកម៉ែបង​ប្អូន​ឃើញហើយនៀក ប៉ុន្មាន​ពាន់​ដើម​ដែល​បាន​ដួល​រលំ ដើមឈើប៉ុនៗណាណីមើ នេះជាប់​គ្នា​​ពុកម៉ែបង​ប្អូនជាប់គ្នានេះ វ៉ៃថ្នាំ​ក្រហម​ហើយ​អស់ហើយ​ ដី​អញ​បស់​អញ​ដីអញបស់អញ​មាន​​​ប្លង់​ធ្វើប្លង់ហើយ​ទៀត។ អ៊ីចឹង​ខ្ញុំនៅតែជជែកដែល​មិន​មែន​សុខៗ​​ចេញប្លង់មក​ទេ ​មេភូមិ​ច្បាស់​​ជាដឹង​​ឮ​ មេឃុំ​ច្បាស់​ជាដឹង ខាង​ស្រុកក៏ច្បាស់​ជាដឹងឮ ខាងសុរិយោដីក៏​​ច្បាស់​ជាដឹងឮ​ដូចគ្នា​ដែរ​ អ៊ីចឹងសួរ​ថា អ្នកណា​ជាអ្នកអនុញ្ញាត?​ ដើម្បីលុយ​ដើម្បីអី?​ អាហ្នឹង​យើង​ត្រូវដាក់​សញ្ញា​​សួរ​?​»។

បើ​តាម​អ្នកភូមិ​ដីនៅទីនេះ ​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ ​ចុះបញ្ជីទៅជាដីសហគមន៍ជនជាតិ​ដើម​ភាគ​​តិច​​សម្រាប់​កប់​សព ប៉ុន្តែនៅ​ពេល​នេះ ​បែរ​ជាមាន​ចេញប្លង់​ឱ្យ​ទៅឯកជន​យក​ជា​កម្មសិទ្ធិ​ផ្ទាល់​​ខ្លួន​ទៅ​វិញ ដែលនេះមិន​ត្រឹម​តែជាការបំផ្លាញ​ទីកប់សព​រាប់​ជំនាន់​មក​ហើយ​​​របស់​សហ​គមន៍​​ជន​ជាតិ​ដើមភាគតិច​​ប៉ុណ្ណោះទេ ប៉ុន្តែក៏​បាន​បំផ្លាញទាំង​ព្រៃឈើ​ដែល​ជាធន​ធានធម្មជាតិនៅ​​សេសសល់​ចុងក្រោយ​ផងដែរ។

វីអូឌី ​មិន​អាច​ទាក់​ទង​លោក ថង សាវុន អភិបាល​ខេត្តមណ្ឌល​គិរី​ និង​​លោក​ ​វណ្ណា ម៉ាប់​អភិ​បាល​​ស្រុក​ពេជ្រា​ដា ​ដើម្បី​ស្នើ​​សុំ​​​ធ្វើ​ការពន្យល់​លើបញ្ហា​នេះ​បាន​ទេ ​នៅ​ថ្ងៃទី១០ ខែ​តុលា ​ឆ្នាំ២០២៥​នេះ។

ប៉ុន្តែ​រដ្ឋបាល​ស្រុកពេជ្រាដា​ កាលពីថ្ងៃទី​៨ ​ខែតុលា ​ឆ្នាំ២០២៥ បាន​​ចេ​ញ​​សេច​ក្តី​បំភ្លឺ​​ថា ហ្វេសប៊ុក​​ឈ្មោះ​​Phalla Phorn បាន​​បង្ហោះ​សកម្ម​ភាព​​ និងបាន​សរសេរ​ភ្ជាប់​ថា «ដីព្រៃសម្រាប់​កប់សព​​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ ត្រូវបាន​គេលួច​ធ្វើប្លង់កម្មសិទ្ធិ​យក​ឆៅៗ​តែម្តង​ សំខាន់​គេចាប់​ផ្តើមឈូស​រំលំ​ដើម​ឈើ​ព្រៃកប់សពនោះ​​បណ្តើៗហើយ»។

សេចក្តីបំភ្លឺ​សរសេរថា នៅ​ថ្ងៃទី៣​ ខែ​តុលា ឆ្នាំ២០២៥ រដ្ឋបាល​ស្រុកពេជ្រាដា បាន​​ទទួល​​ពាក្យ​បណ្តឹង​​ពី​​តំ​ណាង​​​សហគមន៍​ជនជាតិ​​ដើមភាគតិច​ភូមិពូរាំង​ ដែល​មាន​ឈ្មោះ​វិន ដេវីត ​ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​ ​បាន​ប្តឹងឈ្មោះ ​វ៉ាន់​ អាត​ ជាប្រជាពលរដ្ឋ​រស់នៅភូមិប៊ូស្រា ​ឃុំប៊ូ​ស្រា ករណីឈូស​ឆាយ​ដីព្រៃកប់សព​​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ ភូមិពូរាំង។

​បន្ទាប់​​ពីទទួលបាន​ពាក្យ​បណ្តឹង​ខាងលើ​ នៅថ្ងៃទី​៥​ ខែ​តុលា ​ឆ្នាំ២០២៥ ក្រុមការងារ​ស្រុក​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​ទីតាំង​​ជាក់​ស្តែង​ ​និង​បាន​ពិនិត្យ​ឃើញ​ថា ចំណុច​ទីតាំងដីមានទំនាស់ខាង​លើ​នេះ ​​គឺស្ថិត​នៅលើ​ដី​ដែល​មាន​ប្លង់​រឹងចំនួន​២ក្បាល​​ដីផ្សេង​គ្នា​ ដោយ​​មាន​​វិញ្ញាបន​បត្រ​ទទួល​​ស្គាល់​​អចលន​វត្ថុ​ ចេញកាលពីឆ្នាំ២០១​៣ ដែ​ល​បាន​វាស់វែងដោយ​ក្រុម​និស្សិត​អនុវត្ត​តាម​​បទ​បញ្ជា​០១ បប ​របស់​រដ្ឋាភិបាល។

 បើតាម​សេចក្តីបំភ្លឺ​របស់​អភិបាល​ស្រុកពេជ្រាដា កាលពី​​ថ្ងៃទី​៨ ​ខែ​តុលា ​ឆ្នាំ២០២៥ លោក ​វណ្ណា ម៉ាប់​​ បាន​ដឹកនាំ​ក្រុមការងារ​ដោយ​​បាន​អញ្ជើញ​​ប្រជា​​សហគមន៍​ និង​ឈ្មោះ ​វ៉ាន់ អាត ​ចុះ​ពិនិត្យ​​ដល់​ទីតាំង​ដី​ជាក់​​ស្តែង ​ដើម្បី​សម្រុះ​សម្រួល ក្នុង​នោះប្លង់​ដីក្បាល​លេខ៤៥៧ ដែល​មាន​ទំហំ​ ៦០៧៥​ម៉ែត្រ​ការ៉េ ក្រុមការងារ​បាន​ពិនិ​ត្យ​ឃើញថា ទីតាំងដីនៅមាន​ព្រៃ និងមាន​អំបែង​ចាន​​​ពាង ​និងឆ្នាំង​ចាស់ៗ​ គឺលោក​អភិបាល​ស្រុក ​បាន​ហា​ម​មិ​ន​ឱ្យមាន​ការ​ផ្ទេរសិទ្ធិ​​ទិញលក់​បន្ត​ទៅ​ឱ្យបុគ្គល​ណាទៀតឡើយ​។

ចំពោះប្លង់ទី​២ក្បាល​ដីលេខ៤៥៦ដែល​មានទំហំ ៣៦ ០៨៣ម៉ែត្រការ៉េ ​ទីតាំង​​ដី​ស្ថិតនៅ​ក្រៅ​តំបន់​ព្រៃកប់សព ប៉ុន្តែ​ប្រជាសហគមន៍​បាន​ទាម​ទារ​ឱ្យ លោក ​វ៉ាន់ អាត ​ធ្វើ​សម្បទាន​​ដី​បន្ថែម​ដោយ​​ប្រគល់​ជូនសហគមន៍ ដើម្បី​ទុកជា​ដី​កប់​សព​ដោយ​ស្នើឱ្យមានការ​កំណត់ព្រំ​ដី​ថ្មី។ បន្ទាប់​មក​ភាគី​ទាំង​សងខាង ​បាន​យល់​ព្រម ​និងឯកភាព តាម​ការសម្រុះសម្រួល​របស់​លោក​អភិបាល​ស្រុក ជាប្រធានក្រុមការងារ។

ប៉ុន្តែ​យ៉ាងណា​ក្តី​ រដ្ឋបាល​ស្រុកពេជ្រាដា ​បាន​បញ្ជាក់​ថា ចំពោះ​គណីហ្វេសប៊ុក​ឈ្មោះ​ Phalla Phorn បាន​​ថត​ និងនិយាយ​​​​ថា មានឈូសឆាយ​​លើ​ព្រៃកប់​សពនោះ ​គឺមិន​ពិតទេ។ ​ការឈូស​ឆាយ​ព្រៃ​នោះ ​គឺស្ថិតលើ​ទីតាំងក្បាលដីលេខ​៤៥៦​​ នៅ​ខាងក្រៅទីតាំងដីព្រៃកប់សព។

ចំពោះការ​បដិសេធនេះ លោក ​ផន ផល្លា​ បាន​​ជំរុញឱ្យ​​អភិបាល​ស្រុក​ពេជ្រាដា​ ដាក់​ពាក្យ​ប្តឹង​រូប​​លោក ​កុំ​គ្រា​ន់​​តែ​ចេញសេចក្តីបដិសេធ ពីព្រោះ​វីដេអូ​ដែល​​លោក​ថតផ្សាយ ​គឺ​ជាព័ត៌មាន​ពិត ​ដែល​​លោក​បាន​ចុះ​ទៅ​​ថតនៅ​ទី​នោះ​ដោយ​ផ្ទាល់ ​និង​បានជជីកសួរ​ដេញ​ដោល​ជាមួយ​ជន​ជាតិ​​ដើមភាគតិច​ កាលពីថ្ងៃទី​៧ ​ខែ​តុលា ​ឆ្នាំ២០២៧។

លោកថា ​លោក​ក៏មាន​សិទ្ធិ​ប្តឹង​អភិបាល​ស្រុកពេជ្រាដា ​និង​អាជ្ញា​ធរ​ពាក់ព័ន្ធ​វិញ​​ដែរ​ ពីព្រោះ​អ្វីដែល​​លោក​បាន​ផ្សាយ ​គឺ​ជា​ព័ត៌មាន​ពិត​ តែ​អាជ្ញាធរ​បែរ​​ជាចោទ​ប្រកាន់​​ថា លោក​​ផ្សាយ​​ព័ត៌​មាន​​មិន​​ពិ​ត​ទៅ​​​វិញ​។​

លោក ​ផល្លា បាន​​ឱ្យ​ដឹ​ង​ថា រហូតមកដល់ពេលនេះ​ មាន​ជនជាតិដើម​​ភាគតិចមួយ​ចំនួន ​នៅ​ជាប់​​ឃុំ​​ក្នុង​ពន្ធនា​គារ​ ​ឬក៏នៅ​ជាប់​បណ្តឹង​នៅឡើយ ​ដោយ​សារ​តែពួកគាត់​​ចេញមុខការពា​រ​​ដី​​ធ្លី​និង​​ព្រៃ​​ឈើ​​ដែល​​ជា​កេរ្តិ៍​តាំង​ពីដូន​តា​​របស់​​ពួកគាត់​។

លោកថា៖ «នេះដីព្រៃសហគមន៍ប៉ុន្តែមាន​ប្លង់ហើយហើយ អស់លោក​ចង់យកធ្វើអី​ខ្ញុំចង់​សួរថា​​យក​ធ្វើ​អី​? ដើមឈើប៉ុនណាណី​ដុះច្រូងច្រាង​​មាន​តូច​មាន​ធំ​រាប់​រយ​​រាប់ពាន់​​រាប់​ម៉ឺនដើម​ អស់​​លោក​​ចង់​បំផ្លាញទៀត​មែន? សម័យ​២០២៥ហើយ​នៀក ​ថ្ងៃនេះថ្ងៃ​ទី​៧ ​ខែ​១០ ​ឆ្នាំ​​២០២៥។ ហើយ​អា​កន្លែង​នេះ ​ស្រាប់​តែមាន​ប្លង់​អីហើយអស់ហើយ​ម្លឹងៗ ហើយ​លោកមេភូមិចេះ​តែចេញ​ឱ្យដែរ ​លោកមេឃុំចេះ​តែស៊ីញ៉េដឹងឮដែរ​ ហើយមួយ​ទៀត​ខាងសុរិយោដីមែនទេ? ប្លង់​មុន​នឹង​ចេញទាល់តែសុរិយោដី​ ដើម្បី​ផ្តល់​ប្លង់រឹង ហើយ​មុននឹងចេញទាល់តែ​មក​បាញ់GPSពេល​​មក​បាញ់វាមិនឃើញ​ហើយ ​ឃើញមក​បាញ់បិទភ្នែក​វាស់បិទភ្នែក ឬក៏យ៉ាងម៉េច​នៀក? ចឹង​​ទាល់​​​តែវាចឹងបាន​វាចឹង​។ ឥឡូវដីព្រៃនេះ មានប្លង់​​ មានប្លង់ អត់ទេអត់ធ្វើចឹងទេលោក!»

អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម លោក ឃឹម ហ្វីណង់ ​និងអ្នកនាំពាក្យក្រសួង​បរិស្ថាន លោក ​ខ្វៃ​ អាទិត្យា ​មិន​អាច​ទាក់​ទង​ស្នើសុំធ្វើអត្ថាធិប្បាយ​លើ​បញ្ហា​នេះបានទេ​ នៅថ្ងៃទី​១០​ខែតុលា​។

សកម្ម​ជន​បរិស្ថានម្នាក់​ដែល​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​នៅ​​ខេត្ត​កំពង់ធំ ខេត្ត​ក្រចេះ និង​ខេត្ត​មណ្ឌល​គិរី​ ចាប់​​ឃាត់​ខ្លួន​​រយៈ​​ពេល​​ខ្លី​​ចំនួន​​៣​ដង​ និង​បាន​គំរាម​​ចាប់​ដាក់ពន្ធនាគារ​ ដោយ​សារ​តែ​ភាពសកម្ម​ក្នុងការ​ចុះ​ល្បា​ត​ព្រៃ​​ ដើម្បី​ចូល​រួម​ទប់​ស្កាត់​បទល្មើសព្រៃឈើ បាន​និយាយ​ប្រាប់​វីអូឌី​ក្នុង​លក្ខខណ្ឌមិន​បញ្ចេញឈ្មោះ​ នៅ​ថ្ងៃទី​១០ខែ​​តុលានេះ​ថា អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​គ្រប់លំដាប់ថ្នាក់ គឺ​ជាខ្សែស្រឡាយ​ជាបក្ខ​ពួក​របស់​មន្ត្រី​មាន​អំណាច​ជាន់​ខ្ពស់ ដោយ​ពួកគេ​គប់គិតគ្នា​​ជាប្រព័ន្ធ​កាប់​បំផ្លាញព្រៃឈើ​ រកស៊ីជួញដូរឈើ និង​លក់​ដីព្រៃ​របស់​រដ្ឋ​ដើម្បី​​ប្រមូល​ប្រាក់យក​​ទៅ​ចិញ្ចឹមគណបក្ស​ប្រជាជនកម្ពុជា។

សកម្មជន​រូបនេះ ​បាន​និយាយ​ក្នុង​សំដី​ដើម​ ដោយ​មិន​ឱ្យ​ថតសំឡេងថា៖ «បងឯង​គិតមើល​ទៅ​ឧកញ៉ា​ ​ទ្រី ភាព ​​គឺ​ជាម​នុស្ស​​ជំនិត​​របស់​​លោក ​ហ៊ុន សែន ដែល​​រ​ក​ស៊ី​កា​ប់​បំផ្លាញ​​ជួញ​ដូរ​​ព្រៃ​ឈើ​ខ្មែរ​​រាប់​​សិប​ឆ្នាំមក​ហើយ​។ ឧកញ៉ារូបនេះ ​គាត់មាន​បណ្តាញ​រកស៊ីឈើ​នៅ​គ្រប់​ខេត្ត​​ គឺ​ក្រុម​​គាត់​ដែល​​មាន​​ការ​​សម្រប​សម្រួលពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ គឺ​រកស៊ីកាប់បំផ្លាញព្រៃ​ឈើ​ខ្មែរ​បាន​ដោយ​រលូន​​ អត់​ដែល​ឃើញមាន​ទោស​ពៃរ៍​អី​ទេ ​តែបែរ​ជាមក​រករឿង​​ចាប់​ដាក់​គុកពួកខ្ញុំ​ជា​សកម្ម​ជន​​បរិស្ថាន​ ដែល​​អ្នក​ការពារ​ព្រៃឈើ​ទៅវិញ។ ឥឡូវព្រៃឈើគេ​កាប់​ឡើង​​អស់​ហើយ​ឡើង​វាល​​ឆិញ​​ហើយ។ សម័យតេជោសែន អ្នកការពារព្រៃឈើ​ជាប់​គុក​ អ្នក​កាប់បំផ្លាញ​ព្រៃ​ឈើ ​​អ្នកគប់​គិត​គ្នា​​រកស៊ីឈើ​ឡើងបុណ្យស័ក្តិ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ