មេធាវីការពារក្តីឱ្យ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បានស្នើដល់តុលាការកំពូល ស្រូបទោសនៃការអនុវត្តទោសរបស់កូនក្តីរបស់ខ្លួន ដោយលើកហេតុផលពីបញ្ហាសុខភាព និងការអនុវត្តទោសនាពេលកន្លងមកបានច្រើនខែហើយ។
នៅព្រឹកថ្ងៃទី១០ ខែតុលានេះ តុលាការកំពូល បានបើកសវនាការលើសំណុំរឿងស្នើសុំស្រូបទោសរបស់លោក ថាច់ សេដ្ឋា។
លោក អែម ចន្ថា មេធាវីការពារក្តីឱ្យលោក ថាច់ សេដ្ឋា មានប្រសាសន៍ថា ក្នុងសវនាការនោះ មិនមានការសួរដេញដោលច្រើនទេ ដោយរូបលោក និងសហមេធាវីមួយរូបទៀត បានលើកឡើងពីអង្គច្បាប់ និងមូលហេតុនៃការស្នើសុំស្រូបទោសនៃការអនុវត្តទោសរបស់លោក ថាច់ សេដ្ឋា ដែលក្នុងនោះលោកបានលើកឡើងពីបញ្ហាសុខភាពកូនក្តីរបស់លោក និងអង្គច្បាប់ដែលអនុញ្ញាតឱ្យមានការប្តឹងស្រូបទោស ទៅតុលាការចុងក្រោយបាន នោះគឺតុលាការកំពូល។
លោកមេធាវី បានគូសបញ្ជាក់ថា៖ «ដោយសារតែយើងមានសំណុំរឿង២ ដែលគាត់[លោក ថាច់ សេដ្ឋា]បានអនុវត្តទោសហើយ ជាសាលក្រមដែលស្ថាពរហើយ សំណុំរឿងទី១ ពាក់ព័ន្ធនឹងទោស ១ឆ្នាំ៦ខែ ហើយគាត់បានអនុវត្តចប់សព្វគ្រប់ហើយ ហើយសំណុំរឿងទី២ ដែលមានទោស ៣ឆ្នាំ កំពុងតែអនុវត្តសព្វថ្ងៃ ហេតុដូច្នេះហើយយើងស្នើសុំស្រូបទោសនៃសំណុំរឿងទាំង២ហ្នឹង នៅក្នុងចំណុចអតិប្បរមា។ ហើយជាហេតុផលដែលយើងលើកឡើង គឺទី១ វាពាក់ព័ន្ធទៅនឹងសុខភាពរបស់គាត់ ទី២ពាក់ព័ន្ធនឹងការអនុវត្តទោសបានច្រើនហើយ»។
បើតាមលោកមេធាវី អែម ចន្ថា តុលាការកំពូល គ្រោងនឹងប្រកាសសាលក្រមលើការស្នើសុំនេះ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។ យ៉ាងណា លោកបានស្នើដល់តុលាការមេត្តាពិចារណា និងអនុញ្ញាតឱ្យកូនក្តីរបស់ខ្លួនបានស្រូបទោសឱ្យបានឆាប់។
លោកថា៖ «ស្នើសុំតុលាការពិចារណា និងមេត្តាស្រូបទោសឱ្យគាត់ ដើម្បីឱ្យឆាប់បានអនុវត្តបានចប់សព្វគ្រប់ នៅដើមឆ្នាំ២០២៦នេះ»។
ភរិយាលោកថាច់ សេដ្ឋា គឺអ្នកស្រី ថាច់ សុខបូរ៉ានី មានប្រសាសន៍ថា ការដែលមេធាវីស្នើសុំតុលាការស្រូបទោសនេះ ដោយសារតែស្វាមីអ្នកស្រីមានបញ្ហាសុខភាពប្រចាំកាយ និងបេះដូងដាក់រ៉ូស័រ ដែលធ្វើទុក្ខម្តងៗត្រូវការការព្យាបាល ខណៈលោកថាច់ សេដ្ឋា ក៏មានវ័យកាន់តែចាស់ផងដែរ។
អ្នកស្រីថា៖ «គាត់និយាយនៅក្នុងតុលាការថា គាត់មានជំងឺប្រចាំកាយ ជំងឺបេះដូងដាក់រ៉ូស័រ គាត់បានវះដាក់រ៉ូស័របេះដូង ចឹងសុំឱ្យតុលាការដោះលែងគាត់ ឱ្យគាត់បានចេញមកក្រៅព្យាបាលខ្លួន ដោយសារអី? ក្នុង៦ខែពេទ្យគេឱ្យឆែកសុខភាពម្តង គាត់បានប្រាប់តុលាការចឹង[…] គាត់វ័យនេះហើយ ឃុំគាត់ដល់កាលណាទៀត ឱ្យគាត់បានចេញមកគាត់ព្យាបាលខ្លួនគាត់ផង»។
អ្នកនយោបាយជំទាស់ លោក ថាច់ សេដ្ឋា ដែលជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោមផងនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់ឱ្យមានការរើសអើង» ដោយដាក់ពន្ធនាគារ ៣ឆ្នាំ ពាក់ព័ន្ធនឹងការថ្លែងរបស់លោកនៅប្រទេសកូរ៉េខាងត្បូង អំពីប្រវត្តិនៃការកកើតគណបក្សប្រជាជនកម្ពុជា និងថ្ងៃ៧មករា។
ក្រៅពីសំណុំរឿងបទញុះញង់នេះ លោក ថាច់ សេដ្ឋា ដែលត្រូវបានចាប់ខ្លួន កាលពីដើមឆ្នាំ ២០២៣ ក៏ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ ១ឆ្នាំកន្លះ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន។ ហើយលោក ក៏ត្រូវបានតុលាការតម្រូវឱ្យបង់លុយជំពាក់ចំនួន ៣៣ ៤០០ដុល្លារអាមេរិក ត្រូវបង់ប្រាក់ពិន័យចូលរដ្ឋចំនួន ៣លានរៀលនិង ៥លានរៀល ត្រូវបង់សងជំងឺចិត្តដល់ក្រុមហ៊ុនបញ្ចាំមួយដែលជាដើមបណ្តឹង។
វីអូឌី មិនអាចសុំការបញ្ជាក់ជុំវិញករណីនេះ ពីអ្នកនាំពាក្យតុលាការកំពូល បានទេ នៅថ្ងៃសុក្រនេះ។
តំណាងរាស្រ្តបក្សសង្គ្រោះជាតិដែលតុលាការរំលាយ លោក អ៊ុំ សំអាន យល់ថា ករណីលោក ថាច់ សេដ្ឋា នឹងមិនទទួលបានយុត្តិធម៌នោះទេ ដោយសារតែតុលាការនៅកម្ពុជា ជាតុលាការតេឡេ និងមិនឯករាជ្យ ធ្វើទៅតាមតែបញ្ជាពីគ្រួសារហ៊ុន ដូច្នេះការកាត់ក្តីកាត់ក្តីធ្វើទៅតាមបែបនយោបាយ មិនមែនសម្អាងទៅលើអង្គហេតុ និងអង្គច្បាប់នោះទេ។
លោកបន្តថា៖ «ដែលតុលាការចោទមួយរឿងហើយមួយរឿងទៀត ទៅដល់លោកថាច់ សេដ្ឋា ហ្នឹងដោយសារតែ លោក ថាច់ សេដ្ឋា ហ្នឹងជាមនុស្សមានប្រជាប្រិយភាព ដែលអាចប្រកួតប្រជែងជាមួយលោក ហ៊ុន ម៉ាណែត បានចឹងហើយបានជាតុលាការតេឡេហ្នឹង ចងដៃចងជើងគាត់អត់ឱ្យប្រកួតជាមួយលោក ហ៊ុន ម៉ាណែត។ ហើយបញ្ហាមួយទៀត ដោយសារ លោក ថាច់ សេដ្ឋា និយាយពីប្រភពនៃគណបក្សប្រជាជនហ្នឹង កើតមកពីវៀតណាមជាអ្នកបង្កើត ដល់ចឹងលោក ហ៊ុន សែន គាត់ខឹង។ ហើយមួយទៀត លោក ថាច់ សេដ្ឋា ហ្នឹងគាត់ប្រឆាំងវៀតណាម ព្រោះគាត់ជាខ្មែរកម្ពុជាក្រោម ដល់ចឹងវៀតណាមគេបញ្ជាមកថាត្រូវតែធ្វើម៉េចដាក់ទោសទណ្ឌទៅលោកថាច់ សេដ្ឋា ហ្នឹងឱ្យបានច្រើនរឿង ឃើញទេ មូលហេតុទាំងអស់ហ្នឹងហើយទើបមានការចោទប្រកាន់មិនចេះចប់ចំពោះលោក ថាច់ សេដ្ឋា»។
ចំណែក លោក អំ សំអាត នាយកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ដែរថា ករណីលោក ថាច់ សេដ្ឋា នេះត្រូវបានគេមើលជាទូទៅ និងរិះគន់ថា ជារឿងនយោបាយ ច្រើនជាងការអនុវត្តច្បាប់។ ការណ៍នេះ លោកយល់ថា តុលាការកំពូលគួរតែពិចារណាឱ្យលោក ថាច់ សេដ្ឋា បានស្រូបទោសទៅតាមការស្នើសុំ។
លោកពន្យល់ថា៖ «ពីព្រោះពាក្យថា ស្រូបទោស បានន័យថា សំណុំរឿងពីរដែលត្រូវបានតុលាការកាត់ទោសហើយ ជាបទល្មើសស្រដៀង ឬក៏ដូចគ្នា អាហ្នឹងត្រូវអនុវត្តការស្រូបទោស វាជារឿងមួយល្អ ដែលបន្ថយទោសសម្រាប់គាត់ក្នុងការអនុវត្ត ហើយនៅក្នុងកាលៈទេសៈ[ដែលកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយថៃ]នេះ គឺអ្នកនយោបាយ ឬក៏ខ្មែរទាំងអស់ គួរតែមានការរួបរួមគ្នា គណបក្សនយោបាយ ឬក៏អ្នកនយោបាយហ្នឹង ត្រូវតែរួបរួមគ្នា ដូច្នេះការដោះលែងទៅលើសកម្មជនដែលគណបក្សនយោបាយ សកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្សនេះ វាជារឿងមួយដែលគួរតែពិនិត្យ និងពិចារណា ដើម្បីធ្វើម៉េចកាត់បន្ថយនៃការរិះគន់លើបញ្ហាទាំងអស់នេះ ហើយឱ្យមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងខ្មែរតែមួយ»៕









