កងកម្លាំងសន្តិសុខនៅម៉ាដាហ្គាស្កា បានបាញ់ជំពាមកៅស៊ូ និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមអ្នកតវ៉ាដែលដឹកនាំដោយយុវជនចុងក្រោយបង្អស់ បន្ទាប់ពីបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល កាលពីពីរសប្តាហ៍ដែលបានធ្វើឱ្យកក្រើកកោះមហាសមុទ្រឥណ្ឌា។
ប្រភពសារព័ត៌មានប៊ីប៊ីស៊ី(BBC) បានរាយការណ៍នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥នេះថា យ៉ាងហោចណាស់មានអ្នកតវ៉ាចំនួន ១០០០នាក់ បានដើរដង្ហែរឆ្លងកាត់រដ្ឋធានីរបស់ម៉ាដាហ្គាស្កា កាលពីថ្ងៃព្រហស្បតិ៍ ដោយមានអ្នកតវ៉ាខ្លះគប់វត្ថុដាក់បុគ្គលិកសន្តិសុខ។
ចលនានៅពីក្រោយការតវ៉ា ត្រូវបានគេស្គាល់ថា ហ្សែនហ្ស៊ី ម៉ាដា(Gen Z Mada) បានច្រានចោលការផ្តល់ជូនរបស់ប្រធានាធិបតី លោក អ៊ែនឌ្រី រ៉ាចូលីណា (Andry Rajoelina) ដើម្បីចូលរួមកិច្ចពិភាក្សាកាលពីថ្ងៃពុធ ដោយទាមទារម្តងទៀតឱ្យលោកចុះចេញពីតំណេង។
ក្រុមនេះ បានអះអាងថា ពួកគេមិនអាចចូលរួមជាមួយរដ្ឋាភិបាល ដែលកំពុងគាបសង្កត់ពួកគេ ខណៈដែលពួកគេទាមទារសិទ្ធិមនុស្សជាមូលដ្ឋាន។
ការតវ៉ា បានចាប់ផ្តើមឡើងនៅថ្ងៃទី២៥ ខែកញ្ញា ដែលបង្កឡើងដោយកំហឹងចំពោះបញ្ហាថាមពល និងកង្វះទឹកហើយបានរីករាលដាលទៅជាការមិនពេញចិត្តយ៉ាងទូលំទូលាយ ជុំវិញអំពើរពុករលួយ ភាពអត់ការងារខ្ពស់ និងវិបត្តិតម្លៃរស់នៅ។
លោក រ៉ាចូលីណា (Rajoelina) បានបើកកិច្ចប្រជុំជាសាធារណៈនៅឯវិមានរបស់លោក កាលពីថ្ងៃពុធ ជាមួយនឹងក្រុមអ្នកគាំទ្ររដ្ឋាភិបាល បើទោះបីជា ហ្សែនហ្ស៊ី ម៉ាដា(Gen Z Mada) សម្រេចចិត្តមិនចូលរួមក៏ដោយ ហើយលោកបាននិយាយថា លោកនឹងចុះចេញពីតំណែងក្នុងរយៈពេលមួយឆ្នាំ ប្រសិនបើលោកមិនអាចដោះស្រាយកង្វល់របស់ពួកគេបាននៅពេលនោះ។
លោកនិយាយថា៖ «ខ្ញុំសូមស្បថថា ប្រសិនបើការដាច់ចរន្តអគ្គិសនីនៅតែបន្តកើតមាន នៅក្នុងរដ្ឋធានី រយៈពេលមួយឆ្នាំ ខ្ញុំនឹងលាលែងពីតំណែង»។
លោកបានធានាចំពោះអ្នកចូលរួមថា គម្រោងថាមពលដែលកំពុងបន្តនឹងដោះស្រាយការដាច់ចរន្ត ដោយបន្ថែម២៦៥មេហ្គាវ៉ាត់(megawatts)ទៅក្នុងបណ្តាញអគ្គិសនីជាតិ។
យ៉ាងណា ក្រុមអ្នកតវ៉ាបានប្តេជ្ញាចិត្តថា នឹងមិនថយក្រោយឡើយ ដោយជំរុញឱ្យមនុស្សពីគ្រប់តំបន់ឱ្យចូលរួមជាមួយពួកគេ និងប្រកាសថា ‘‘ប្រជាជនម៉ាឡាហ្គាស៊ីមិនចុះចូល’’៕











