អ្នកប្រើប្រាស់បណ្តាញសង្គម បន្តទម្លាយពីសែស្រឡាយគ្រួសារហ៊ុន ទទួលបានដីផ្ទៃដីបឹងតាមោកជាច្រើនហិកតា តាមរយៈអនុក្រឹត្យកាត់ផ្ទៃដីកាលលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលការណ៍នេះជំរុញការលើកឡើងថា ប្រព័ន្ធដឹកនាំដែលគ្មានតុល្យភាពអំណាច ទ្រព្យសម្បត្តិជាតិ ស្ទើរតែទាំងអស់ធ្លាក់ក្នុងដៃក្រុមគ្រួសារអ្នកមានអំណាច។
ការរិះគន់នេះ ក្រោយអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន នៅថ្ងៃទី៩ ខែតុលា បានចែករំលែកតៗគ្នានូវអនុក្រឹត្យ ស្តីពីការកាត់ផ្ទៃដីបឹងតាមោកឱ្យអ្នកឧកញ៉ា ឡាញ់ ភារ៉ា ដែលគេស្គាល់ថាជាប្អូនថ្លៃប្រធានបក្សកាន់អំណាច លោក ហ៊ុន សែន។
បើតាមអនុក្រឹត្យចុះហត្ថលេខាដោយអតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នោះ បានសម្រេចកាត់ផ្ទៃដីបឹងតាមោកជាង ១៣ហិកតា ដោយធ្វើអនុប្បយោគទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋប្រគល់ឱ្យអ្នកឧកញ៉ា ឡាញ់ ភារ៉ា។
លើសពីនេះ បើតាមការចុះផ្សាយដោយកាសែត The Cambodia daily ឱ្យដឹងថា ឧកញ៉ា ឡាញ់ ភារ៉ា ធ្លាប់បានទទួលដីបឹងតាមោកជាងជាច្រើនកន្លែងរួចមកហើយ។
ប្រភពនោះចុះផ្សាយថា កាលខែសីហា ឆ្នាំ២០២៣ លោក ហ៊ុន សែន បានកាត់ដីបឹងតាមោកជាង១៦ហិកតាឱ្យអ្នកឧកញ៉ា ឡាញ់ ភារ៉ា ហើយពន្ធនិងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ។
ជាងនេះទៀត កាលពីឆ្នាំ២០២១ លោក ហ៊ុន សែន បានកាត់ផ្ទៃដីបឹងតាមោកចំនួន៧ទីតាំងសរុបជាង ២សែនម៉ែត្រក្រឡា ប្រគល់ឲ្យប្អូនស្រីរបស់លោក គឺអ្នកស្រី ហ៊ុន សេងនី ដែលត្រូវជាភរិយារបស់អ្នកឧកញ៉ា ឡាញ់ ភារ៉ា ដើម្បីធ្វើជាកម្មសិទ្ធិផងដែរ។
ឧកញ៉ា ឡាញ់ ភារ៉ា ជាអគ្គនាយកនៃក្រុមហ៊ុន ហ្គ្រីន ខេមបូឌាន ប្រផឹធី អេន ខនស្ក្រាក់សិន គ្រុប និងជាស្វាមីរបស់អ្នកស្រី ហ៊ុន សេងនី ដែលជាប្អូនស្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ កន្លងទៅ ក្រុមហ៊ុនរបស់ឧកញ៉ារូបនេះ ធ្លាប់រងការចោទប្រកាន់ពីប្រជាពលរដ្ឋចំនួន ៧៧គ្រួសារ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ពាក់ព័ន្ធនឹងរឿងក្រុមហ៊ុនអ្នកឧកញ៉ា ឡាញ់ ភារ៉ា ប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ដើម្បីធ្វើរបងហ៊ុមព័ទ្ធដីរបស់ពួកគាត់ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជុំវិញរឿងនេះ VOD មិនអាចសុំការឆ្លើយតបពីឧកញ៉ា ឡាញ់ ភារ៉ា បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
ប៉ុន្តែលោក ហ៊ុន សែន ធ្លាប់និយាយកាលពីចុងឆ្នាំ២០២២ថា ការកាត់ដីឱ្យវិស័យឯកជន ដើម្បីអភិវឌ្ឍន៍ ដែលលោកហៅថា ជាវិធីសាស្ត្រយកក្រុងចិញ្ចឹមក្រុង មិនមានអ្វីខុសទេ។
លោកថា៖ «រឿងយកតម្លៃឈ្នួលតម្លៃដី ដែលយើងបានផ្តល់ទៅឲ្យវិស័យឯកជននោះ យកមកធ្វើហេដ្ឋារចនាសម្ព័ន្ធ បម្រើឲ្យទីក្រុង មានន័យថា យើងបាននិងកំពុងប្រើប្រាស់វិធីសាស្ត្រយកក្រុងចិញ្ចឹមក្រុង ឬយកស្លឹកត្នោតខ្ចប់ស្ករត្នោត។ គ្មានអ្វីខុសទេ»។
ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្រ្ទ យល់ថា លោក ហ៊ុន សែន កំពុងច្បាមយកទ្រព្យសម្បត្តិជាតិស្ទើរតែទាំងអស់ ក្រោមប្រព័ន្ធដឹកនាំដែលគ្មានតុល្យភាពអំណាច ដែលជំរុញឱ្យមានគម្លាតអ្នកមាន និងអ្នកក្រកាន់តែខ្លាំង។
លោកថា៖ «គាត់អត់ខ្វល់អ្នកណាទាំងអស់! ពីប្រជាពលដ្ឋក្រីក្រទាំងអស់ គាត់មានអត់ខ្វល់ទេ។ គាត់ខ្វល់តែក្រុមគ្រួសាររបស់គាត់ គាត់អត់ខ្វល់អ្នកណា! ប្រជាពលរដ្ឋមានទុក្ខវេទនាស្អីគេប្ដឹងផ្ដល់អីប៉ុន្មាន គាត់អត់ខ្វល់ទេ។ សំខាន់គាត់សាគួរសំរាប់តែក្រុមគ្រួសាររបស់គាត់ទេ គឺគាត់ធ្វើនេះ គឺជាអំណាចផ្តាច់ការ ហើយខ្ញុំជឿថា មិនយូរទេ គឺប្រជាពលរដ្ឋ ពេលគាត់ឃើញជាក់ស្ដែងចឹង គឺជាពិសេស គេហៅ GEN Z Cambodia នឹងមកឆាប់ៗនឹងហើយ ព្រោះមើលឃើញជាក់ស្ដែង»។
ដោយឡែក នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា បើរដ្ឋាភិបាលលុបបឹង ឬកាត់ផ្ទៃបឹងឱ្យទៅឯកជន ត្រូវតែគិតគូរពីផលប្រយោជន៍ពលរដ្ឋ ជាគោលសំខាន់ដោយតម្លាភាព និងយុត្តិធម៌។
លោកថា៖ «តែកន្លងមក យើងឃើញថា ពលរដ្ឋដែលរស់នៅលើបឹង ឬក៏តាមទំនប់នៃបឹងសាធារណៈរបស់រដ្ឋហ្នឹង តែងតែរងគ្រោះនៅពេលដែលធ្វើការអភិវឌ្ឍនៅតំបន់ហ្នឹង ប្រជាពលរដ្ឋត្រូវរងការបណ្ដេញឲ្យចាកចេញ ឬក៏ធ្វើការផ្លាស់ប្តូរដោយសំណងមិនសមរម្យ ឬក៏មិនយុត្តិធម៌សម្រាប់ពួកគាត់។ អាហ្នឹងជាបញ្ហាដែលកើតឡើងកន្លងមកនេះ អ៊ីចឹងធ្វើម៉េចក៏ដោយពលរដ្ឋដែលគាត់តាំងទីលំនៅមុនគេហ្នឹង ត្រូវគិតគូរអំពីផលប្រយោជន៍របស់គាត់ដោយតម្លាភាព និងយុត្តិធម៌សម្រាប់ពួកគាត់ផងដែរ»។
ជុំវិញបញ្ហានេះ អង្គការលីកាដូ ធ្លាប់និយាយថា សហគមន៍សំរោងត្បូង មានពលរដ្ឋចំនួន៧៦ គ្រួសារ បានតាំងទីលំនៅក្នុងតំបន់នោះ ចាប់តាំងពីឆ្នាំ១៩៩៦ តែពួកគេប្រឈមមុខនឹងការបាត់បង់ដីធ្លី ក្រោយរដ្ឋាភិបាលកាត់ផ្ទៃបឹងតាមោកទៅឱ្យក្រុមហ៊ុន និងបុគ្គលឯកជនជាបន្តបន្ទាប់។
បើតាមអនុក្រឹត្យនានាដែលវីអូឌីរកឃើញ រដ្ឋាភិបាលចាស់ដឹកនាំដោយ លោក ហ៊ុន សែន បានកាត់ផ្ទៃបឹងតាមោកឱ្យទៅអ្នកជំនួញធំៗ និងសែស្រឡាយមន្រ្តីជាន់ខ្ពស់ ដូចជា ក្រុមហ៊ុន អ័រគីដេ វីឡា ដឹកនាំដោយកូនស្រីលោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ម៉ាណា ឧកញ៉ា ឡាញ់ ភារ៉ា ឧកញ៉ា កុក អាន រួមទាំង ឧកញ៉ា ព្រាប សុវត្ថិ ជាដើម។
បឹងតាមោក ឬបឹងកប់ស្រូវ គឺជាបឹងធម្មជាតិធំមួយឋិតនៅភាគខាងលិចឆៀងខាងជើងរាជធានីភ្នំពេញ មានផ្ទៃដីសរុប ៣ ២៣៩ហិកតា ត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យ កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ដោយកំណត់យកបឹងធម្មជាតិមួយនេះ ជាសម្បតិ្តសាធារណៈរបស់រដ្ឋ។
បើតាមរបាយការណ៍អង្គការសមាគមធាងត្នោត រដ្ឋាភិបាលបានកាត់ដីផ្ទៃបឹងតាមោកចំនួន ៨០ ក្បាលដី រួចទៅហើយ ស្មើនឹង៧៥% នៃផ្ទៃបឹងទាំងមូល កាត់ឆ្វៀលឱ្យទៅក្រុមឧកញ៉ា និងបក្ខពួក រួមទាំងស្ថាប័នរដ្ឋ ។ ប៉ុន្តែប្រជាពលរដ្ឋនៅយូរឆ្នាំ បែរជាប្រឈមនឹងការបណ្តេញចេញទៅវិញ។
ការកាត់ឆ្វៀលផ្ទៃបឹងនេះ បណ្ដាលឱ្យប្រជាពលរដ្ឋចំនួន ២៥០គ្រួសារ រស់នៅភាគខាងជើងនៃបឹងតាមោក ស្ថិតក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កំពុងប្រឈមនឹងការបណ្ដេញចេញដោយបង្ខំ ដោយពួកគេម្នាក់ៗជាប់បណ្តឹងពី៣ទៅ៤បណ្តឹងនៅតុលាការ ដែលដើមបណ្តឹងជាអាជ្ញាធររដ្ឋ។
លើសពីនេះ របាយការណ៍នានា រកឃើញថា នយោបាយផ្តល់សម្បទានដី របស់រដ្ឋាភិបាល ច្រើនឆ្នាំមកនេះ បានពង្រីកអយុត្តិធម៌ដល់ពលរដ្ឋក្រីក្រ ជំរុញឱ្យមានការបណ្តេញចេញដោយបង្ខំ បង្កការគំរាមកំហែងដល់ជីវិតពួកគេ។
ពេលខ្លះម្ចាស់ដីត្រូវបានចាប់ដាក់គុក ឬរត់ចោលស្រុក ដោយសារតែចេញមុខទាមទារយុត្តិធម៌ប្រឆាំងនឹងការបណ្តេញចេញ រីឯក្រុមហ៊ុនដែលជាប់សែស្រឡាយ អ្នកមានអំណាច ឬស្និទ្ធនឹងមេដឹកនាំ ទោះបានរំលោភយកដីពលរដ្ឋ តែត្រូវបានលើកទឹកចិត្ត តាមរយៈផ្តល់តំណែងជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ដូចករណីសមាជិកព្រឹទ្ធសភា គណបក្សកាន់អំណាច និងជាប្រធានសមាគមឧកញ៉ាកម្ពុជា លោក លី យ៉ុងផាត់ ជាដើម។
ទោះគាត់ត្រូវសហរដ្ឋអាមេរិករកឃើញថា ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលផ្តើមចេញពីមុខជំនួញរបស់លោក ដូចជា ការជួញដូរមនុស្ស នៅក្នុងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ និងសកម្មភាពឧក្រិដ្ឋផ្សេងទៀត ដូចជាការវិនិយោគបោកប្រាស់តាមរូបិយបណ្ណគ្រីបតូ ជាដើម៕









