ថៃឈូសឆាយយកដីខ្មែរ​នៅភូមិ​ព្រៃ​ចាន់​​តាម​ការ​គ្រោង​ទុក​​ទាំង​គ្មាន​ការ​ទប់​ស្កាត់​ពី​រដ្ឋាភិ​បាល​កម្ពុជា

នៅថ្ងៃ​សុក្រ​នេះ ថៃ​បាន​ពង្រាយ​កម្លាំង​ទ័ព និង​គ្រឿង​ចក្រ មក​ឈូស​ឆាយ​រំលោភ​យក​ដី​ខ្មែរ នៅ​ភូមិ​ព្រៃ​ចាន់ ស្ថិត​ក្នុ​ងឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ តាម​ការ​គ្រោង​ទុក តាម​ផែន​ទី​ដែល​ថៃ​គូដោយ​ឯកតោ​ភាគី ទាំង​គ្មាន​ការ​ទប់​ស្កាត់​ពី​រដ្ឋាភិ​បាល​កម្ពុជា​ទេ ក្រៅពី​បញ្ជូន​អ្នក​សារ​ព័ត៌​មាន​ដែល​ស្និទ្ធ​ទៅធ្វើ​ការ​ឡាយ​ផ្ទាល់​ពី​សកម្ម​ភាព​ថៃ​ឈ្លាន​ពាន។

ការណ៍​នេះ ជំរុញឱ្យមានការស្តីបន្ទោសថា រដ្ឋាភិបាលគ្រួសារហ៊ុន គ្មាន​ឆន្ទៈ​ការពារ​ទឹក​ដី ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​​ទេ តែ​ផ្ទុយ​ទៅ​វិញ​ថា រដ្ឋាភិបាល​កម្ពុជា បណ្តោយ​ឱ្យ​សត្រូវ​គឃ្លើន​ឈូស​ឆាយ​រំលោភ​យក​ដីខ្មែ​រ​តាម​ទំនើង​ចិត្ត ក្រោម​ហេតុ​ផ​ល​​ស្រឡាញ់​សន្តិ​ភាព។

សារព័ត៌មានដែលបានឡាយផ្ទាល់ពីសកម្មភាពថៃឈ្លានពាននេះ មាន​សារព័ត៌មាន​ Fresh News និង​ភ្នាក់​ងារ​ទូរទស្ស​ន៌​ជាតិ (ទទក) ដោយ​ឡែក​មិន​ឃើញ​មាន​វត្តមាន​ពលរ​ដ្ឋ​ទៅ​ប្រឈម​នឹង​សកម្ម​ភាព​ឈ្លាន​ពាន​នេះ ដូច​ពេល​មុនៗ​ទេ។

លើសពីនេះ គេសង្កេតឃើញ​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ លោក អ៊ុំ រាត្រី ក៏​បាន​ដឹក​នាំ​ក្រុម​អនុ​ព័ន្ធ​យោធា​ចុះ​ទៅ​ឃ្លាំមើ​ល​ទីតាំង​កើត​ហេតុ​ផ្ទាល់ ប៉ុន្តែ​ហាក់​មិន​ឃើញ​មាន​ចំណាក់​ការ​ទប់​ស្កាត់​នោះ​ទេ។

ចំណែក ក្រសួងការពារជាតិ ក៏មិនទាន់ឃើញចេញប្រតិកម្ម​ទៅ​នឹង​ការ​ឈ្លាន​ពាន​របស់​ថៃ​នេះ​ដែរ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

យ៉ាងណា បើតាម​អ្នកធ្វើអត្ថាធិប្បាយផ្ទាល់ របស់ទូ​រទស្សន៍ (ទទក) បាន​និយាយ​ថា យោធា​ថៃ​បាន​នឹង​កំពុង​ធ្វើស​កម្មភា​ព​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា​យ៉ាង​គឃ្លើន នៅ​ភូមិ​ព្រៃ​ចាន់​នេះ។

លោកថា៖ «យើងឃើញថាសកម្មភាពទាំងអស់នេះ ដែល​កង​ទ័ពថៃ​កំពុង​តែ​ប្រើប្រា​ស់​គ្រឿង​ចក្រ​ឈ្លាន​ពាន​លើទឹ​ក​ដី​របស់​កម្ពុ​ជា​របស់​​យើង នៅ​ពេ​ល​នេះ ប្រមាណជា​ជា​ង​៣០​នាទី​ហើយ គឺ​អត់​មាន​ថម​ថយ​នៅឡើ​យ​ទេ​ គឺ​ពួក​គេ​កំពុង​តែ​បង្ហាញ​សកម្ម​ភាព​យ៉ាង​គឃ្លើន​ តាម​រយៈ​ការ​ឈូស​ឆាយ​ដែល​សកម្ម​ភាព​នេះជា​ការ​ឈ្លាន​ពាន​សុត​សាធ»។

ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្ស​សង្រ្គោះ​ជាតិ លោក អ៊ុំ សំអាន ហៅ​ការ​ដែល​បណ្តោយ​ឱ្យ​ថៃ​ឈ្លាន​ពាន​ដី​ខ្មែ​រ​ទាំង​គ្មាន​​ការ​ទប់​ស្កាត់​នេះ ជា​ទង្វើ​ក្បត់​នឹ​ង​ឆន្ទៈ​រាស្ត្រ និង​ទឹក​ដី។ លោក​ថា រដ្ឋាភិបាល​គ្រួសារ​ហ៊ុន ពិត​ជាគ្មា​ន​ឆន្ទៈ​ការ​ពារ​ទឹក​ដី​ខ្មែរ​នោះ​ទេ។

លោកហា​ក់​ស្តីបន្ទោស​ថា បើ​មេដឹកនាំ​គ្មាន​សមត្ថ​ភាព​ទប់​ទល់​ទៅនឹ​ង​សត្រូវ​ឈ្លាន​ពាន ដើម្បី​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ទេ គួរ​តែ​ចុះចេ​ញ​អំណាច ដើម្បីកុំឱ្យកូនខ្មែរ រងគ្រោះតជំនាន់។

លោក​ថា​៖ «នៅពេលដែលខាងភាគីថៃ​យក​គ្រឿង​ចក្រ​មក​ឈូស​ឆាយ​លើ​ដី​ស្រែ​ចម្ការ​របស់​ប្រជា​ពលរដ្ឋ​ហើយ​ខាង​ភាគី​កម្ពុជា​បាន​ត្រឹម​តែ​ឡាយ អត់​ហ៊ាន​មាន​ចំណាត់​ការ​ នេះប​ង្ហាញ​ថា រដ្ឋាភិបាល​លោក ហ៊ុនម៉ាណែត ហ្នឹង​គឺ​ខ្សោយ​​មែន​ទែន អន់​មែន​ទែន នៅ​មិន​ហ៊ាន​ការ​ពារ​ទឹក​ដី​ពី​ការ​ឈ្លាន​ពាន​របស់​ភាគី​ថៃ​ តាម​ពិត​ជាមួយ​ខ្មែរ​ខ្លាំង​ណាស់ ងើប​មួយ​​វ៉ៃ​មួយ​វ៉ៃ ប៉ុន្តែ​ជាមួយ​ថៃ​អត់​ហ៊ាន​ប្រើ​ទ្រឹស្តី​ងើប​មួយ​វ៉ៃ​មួយ​ អត់​ហ៊ាន​ទៅ​ទប់​ស្កាត់​គេ​ទេ តាម​ពិត​ត្រូវ​យក​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​យើង នៅ​តែ​ទប់​ស្កាត់​កុំ​ឲ្យ​ថៃ​ឈូស​ឆាយ​ទៅ​លើ​ដី​ស្រែ​ចម្ការ​របស់​ប្រជាព​លរដ្ឋ​ហ្នឹង ទើប​ជា​រឿង​ត្រឹម​ត្រូវ»។

យ៉ាង​ណា លោក​រំឭកថា ជម្រើសមានតែមួយគត់ គឺប្រើសិទ្ធិ​ស្វ័យ​ការពារ ដើម្បីបុ​ព្វេ​ហតុ​ទឹក​ដី ប្រឆាំង​នឹង​សត្រូវ​ឈ្លាន​ពាន ទើប​ជា​រដ្ឋាភិបាល​ដែល​មាន​ឆន្ទៈការពារជាតិ ទឹកដី។

លោក​ថា៖ «ខ្ញុំយល់ថា លោក ហ៊ុន ម៉ាណែត គួរ​តែ​ចុះចេ​ញ​ពី​តំណែង​ទៅ នៅ​ពេល​ដែល​ខ្លួន​ឯង​ដែល​អសមត្ថ​ភាព​ក្នុង​ការ​ការ​ពារ​ទឹក​ដី គឺ​ឲ្យ​អ្នក​ដែល​មាន​សមត្ថ​កិច្ច​ហ្នឹង គេ​ទៅ​ការ​ពារ​ទឹក​ដី ដើម្បី​ទប់​ស្កាត់​ពី​ការ​ឈ្លាន​ពាន​ពី​សំណាក់​​ប្រទេស​ថៃ ហើយ​បើសិ​ន​ជា​គាត់​ចង់​កាន់​តំណែង​បន្ត​ទៀត​ គួរ​តែ​ប្រើ​ទ្រឹស្តី​ងើប​មួយ​វ៉ៃ​មួយ​ជាមួយ​ថៃ​ ដូច​ជា​មួយ​ខ្មែរ​ផង កុំ​ខ្លាំង​បាន​តែ​ជា​មួយ​ខ្មែរ ហើយ​បណ្តោយ​ឱ្យ​ថៃ​ឈ្លាន​ពាន»។

ជុំវិ​ញ​បញ្ហា​នេះ VOD មិនទាន់អាចសុំការបញ្ជាក់បន្ថែម​ពី​អ្នក​នាំពា​ក្យ​ក្រសួង​ការ​ពារ​ជាតិ អ្ន​ក​ស្រី ម៉ាលី សុជាតា គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ ដោ​យអ្ន​​ក​ស្រី​​មិន​លើក​ទូរស័ព្ទ។

ដោយ​ឡែក ក្រសួង​ការ​ពារ​ជាតិ ក៏​មិន​ទាន់​ឃើញ​ចេញ​ប្រតិ​កម្ម ទៅ​នឹង​កា​រ​ឈ្លាន​ពាន​របស់​ថៃ​នេះ​ដែរ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ជុំវិញរឿងនេះ ប្រធានក្រុមឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ហៅសកម្មភាពនេះ​បញ្ជាក់​ថា ថៃ​បើក​ការ​ឈ្លាន​កម្ពុជា​​ជា​ចំហរ ក្នុង​រូប​ភាព​ប្រមាថ​ខ្មែរ។ រីឯ​ភាព​ស្ងៀម​ស្ងាត់​របស់​មេដឹក​នាំ​ខ្មែរ​វិញ ឆ្លុះ​​បញ្ចាំង​​ថា ពួក​​គេ​គិ​តតែ​កា​រ​ពារ​អំណាច គ្មា​​ន​ឆន្ទៈ​​ការ​​ពារ​​ទឹក​​​ដីនោះទេ។

លោក​ថា៖ «និយាយទៅយើងមានការឈឺចាប់ណាស់​ យើង​មាន​ការ​ឈឺចា​ប់​ណាស់ ឈឺ​ចាប់​ទី១​ហ្នឹង គឺ​សៀម​ឈ្លាន​ពាន​មក​លើ​បូរណ​ភាព​ទឹក​ដី​កម្ពុជា រំលោភ​ភូមិ​ឋាន​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​តំប​ន់​ព្រៃ​ចាន់តំប​ន់​ភូមិ​ជោគ​ជ័យ ស្រុក​អូរជ្រៅ និង​តំបន់​ផ្សេងៗ​ទៀត​នៅ​តាម​ព្រំដែន ឈឺចា​ប់​ទី២​ គឺ​ឈឺចា​ប់​ និង​រដ្ឋាភិបាល​របស់​ប្រទេស​កម្ពុជា​ខ្លួន​ឯង​ ដែល​មិន​មាន​ជំហរ​នឹង​នរ​ មិន​មាន​ជំហរ​រឹង​មាំ​​ក្នុង​ការ​ការ​ពារ​បូរណ​ភាព​ទឹ​ក​ដី​បាត់​បង់​ម្ចាស់កា​រ​បណ្ដោយ​ឲ្យ​សៀម​ចូល​ឈ្លាន​ពាន​ អាហ្នឹង​គឺ​ជា​ការ​ឈឺចា​ប់​ទ្វេ​គុណ​ឈឺ​ចាប់ខ្លាំង​ សម្រាប់​ជាតិ​​សាសន៍​យើង​ដែល​មាន​មេដឹក​នាំ​​បាត់​បង់​ស្មារតី​ទទួល​ខុស​ត្រូវ បណ្ដោយ​ឲ្យ​ជន​ជាតិ​សៀម​ចូល​ឈ្លាន​ពាន​តាម​ទំនើង​ចិត្ត»។

គួរ​បញ្ជាក់​ថា នៅ​ថ្ងៃទី​១​០ ខែតុលា ឆ្នាំ២០២៥​នេះ ជា​ថ្ងៃ​កំណត់​ឱសាន​​វា​ទ​របស់​យោធា​ថៃ ដែល​ថៃ​គំរាម​ប្រកាស​ប្រើ​ច្បាប់​អាជ្ញា​សឹក ដើម្បី​បណ្តេញ​ពលរដ្ឋ​ខ្មែរ​ចេញ​ពី​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគ​ជ័យ ។

មេភូមិ​ភាគទី១ លោក វិរៈយុទ្ធ លឿង​សុវណ្ណ គំរាម​ថា យោធា​ថៃ​​នឹ​ង​​ប្រើ​ច្បាប់​​អាជ្ញា​​សឹក​​បណ្តេញ​​ពលរដ្ឋ​​ខ្មែរ​​ដោយ​​ខ្លួន​​ឯង បើ​​ភាគី​​កម្ពុជា​​មិន​​ជម្លៀស​​ពលរដ្ឋ​ចេញ​ពី​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគ​ជ័យ​ទេ​នោះ។

យ៉ាង​ណា ភាគីកម្ពុជា ​បាន​ច្រាន​ចោលការទាមទាររបស់ថៃ ​ដោ​យ​អះ​អាង​ថា ពលរដ្ឋ​ខ្មែរ​ដែល​ថៃ​គំរាម​បណ្តេញ​​ចេញ​នោះ បាន​អាស្រ័យ​ផល​នៅ​ទីនោះ​យូ​រ​ឆ្នាំ​ហើយ។

សម្រាប់​​កម្ពុជា ទីតាំងដែលរដ្ឋបាលខេត្តស្រះកែវ​​បាន​តវ៉ា គឺ​ជាដែនអធិបតីកម្ពុជាក្នុងខេត្ត​បន្ទាយ​មាន​ជ័យ ដែល​​ប្រជា​​ពលរដ្ឋ​​ខ្មែរ​បាន​​រស់​​​នៅ​កាន់​​កាប់ និង​​​ប្រើ​​ប្រាស់​​អាស្រ័យ​​ផល​​ជា​យូ​​រ​មក​​ហើយ មុន​កា​រ​ចូល​​ជា​​ធរមាន​នៃ MOU ឆ្នាំ​២០០០។

ក្រោយប៉ះទង្គិតគ្នាដោយអាវុធទ្រង់ទ្រាយធំ កាលពីថ្ងៃទី២៤ ខែ​កក្កដា ឆ្នាំ​២០២៥ និង​មាន​បទ​ឈប់​បាញ់​នៅ​ថ្ងៃទី​២៨ ខែកក្កដា​នោះ ថៃ​មិន​​បា​ន​គោរព​បទ​ឈប់​បាញ់​ទេ ។

ថៃ​ចូល​មក​​រាយ​បន្លា​លួស​ព័ទ្ធ​យក​ប្រាសាទ​តាមាន់ធំ ស្ថិតក្នុងខេត្តឧត្តរមាន​ជ័យ តំបន់​អាន​​សេះ ក្នុងខេត្តព្រះ​វិហារ និង​ភូមិ​​ព្រៃ​ចាន់ ភូមិ​​អូរបី​ជាន់ ក្នុ​ង​​ស្រុក​​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ហើយ​នៅថ្ងៃ​សុ​ក្រ​នេះ​ថៃ បា​ន​បញ្ជូន​គ្រឿង​ចក្រ និង​កង​កម្លាំង​មក​ឈ្លានពាន​​​ដី​ខ្មែរ តាម​ការ​គ្រោង​ទុក ទាំង​គ្មាន​ការ​ទប់​ស្កាត់​ពី​ភាគី​រដ្ឋាភិបាល​កម្ពុ​ជា​នោះ​ទេ។

លោក មែន ណាត ធ្លាប់​បញ្ជាក់​​ប្រាប់​​វីអូឌី​​ថា ស្ថាន​​ភាព​​ព្រំដែន​កម្ពុជា-ថៃ ថៃ​កំពុង​សង្កត់​កម្ពុជា​​ឲ្យ​ទទួល​យក​ផែន​ទី​ចោរ​ខ្នាត ១/៥0.000 និង​ទាម​ទារ​កម្ពុ​ជា​ឲ្យ​ដោះ​គ្រាប់​មីន ដើម្បី​ឲ្យ​ខ្លួន​​សម្រេច​​​មហិច្ឆ​​តា​​ឈ្លាន​​ពាន​​កម្ពុជា តាម​​ផែន​​​ទី​​ដែល​​ថៃ​​គូរ​ដោយ​​ឯកតោ​​ភាគី ។

លោកផ្តល់ជាយោបល់ថា មានតែកម្ពុជាប្រើយន្តការអន្តរជាតិទេ ទើបអាច​ការ​ពារ​បូរណ​ភាព​ទឹក​ដីបាន គឺ​ត្រូវ​ប្តឹង​ទៅ​​តុលាការ​យុត្តិធ​ម៌​អន្តរ​ជាតិ​(ICJ) និង​ប្តឹង​សហ​ប្រធាន​កិច្ច​ព្រៀម​ព្រៀង​​ទីក្រុ​ង​ប៉ារីស ឱ្យ​កោះ​ប្រជុំ​ភាគី​ពាក់​​ព័​ន្ធ​​បន្ទាន់ ទើប​​អាច​​ទប់​​ស្កាត់ មហិច្ឆតា​បរទេស​ឈ្លាន​ពាន​បាន។

ប៉ុន្តែ​ថា​បើរដ្ឋាភិបាល​កម្ពុជា នៅតែ​ប​ន្ត​ប្រើ​យន្ត​ការ​ចរចា​ទ្វេ​ភាគី​ជាមួយ​សត្រូវ​ឈ្លាន​ពាន នោះ​ប្រៀប​បាន​នឹង​ព្រម​កាត់​ដី​កម្ពុជា​មួយ​ផ្នែក​ណា​នោះ ដើម្បី​ដោះដូ​រ​ការ​រក្សា​អំណាច។

យ៉ាងនេះក្តី មាត្រា៥២​នៃរដ្ឋ​ធម្មនុញ្ញ ចែង​ថា រាជ​រដ្ឋាភិបាល​កម្ពុជា ​ប្តេជ្ញា​រក្សា​ការ​ពារ​ឯករាជ្យ អធិប​តេយ្យ​ បូរណ​ភាព​ទឹក​ដី អនុ​​​វ​​​ត្ត​​​​នយោបាយ​​បង្រួប​បង្រួម​ជាតិ ដើម្បី​ការ​ឯកភាព​ជាតិ។

លើសពីនេះ ក្រមព្រហ្មទណ្ឌមាត្រា​៤៤០ ចែ​ងថា «អំពើ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស ឬ​ភ្នាក់​ងារ​​បរទេស នូវ​ដែន​ដី​​ជាតិ​​ទាំង​​ស្រុង ឬ​មួយ​ផ្នែក ជា​អំពើ​ក្បត់​ជាតិ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ