លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានទៅបំពេញទស្សនៈកិច្ចនៅទីក្រុងប៊្រុចសែល សម្រាប់វេទិកាច្រកទ្វារសកលបានជួបជាមួយតំណាងអឺរ៉ុបជាន់ខ្ពស់ និងអនុប្រធានសហភាពអឺរ៉ុប លោកស្រី កាចា កាឡាស (Kaja Kallas) និងស្នងការអឺរ៉ុបសម្រាប់ភាពដៃគូរអន្តរជាតិ លោក ចូហ្សេហ្វ ស៊ីកេឡា (Jozef Síkela)។
គេហទំព័រហ្វេសប៊ុកសហភាពអឺរ៉ុបប្រចាំនៅប្រទេសកម្ពុជា បានបង្ហោះនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥នេះថា តំណាងអឺរ៉ុបជាន់ខ្ពស់ និងអនុប្រធានសហភាពអឺរ៉ុប លោកស្រី កាចា កាឡាស (Kaja Kallas) និងលោកស្នងការ ស៊ីកេឡា (Sikela) បានគូសបញ្ជាក់អំពីការប្តេជ្ញារួមគ្នារបស់ប្រទេសកម្ពុជា និងអឺរ៉ុប ចំពោះពហុភាគីនិយមក្រោកឈរឡើង ដើម្បីសិទ្ធិរបស់ប្រទេសទាំងអស់នៅក្នុងវេទិកាអន្តរជាតិ។
សហភាពអឺរ៉ុប គូសបញ្ជាក់អំពីកំណើននៃឱកាសសម្រាប់ការវិនិយោគក្រមច្រកទ្វារសកលរបស់សហភាពអឺរ៉ុបពិសេសក្នុងវិស័យថាមពលកកើតឡើងវិញ។
ជុំវិញបញ្ហាជម្លោះព្រំដែន អឺរ៉ុបក្រើនរំឭកឡើងវិញ ចំពោះការគាំទ្ររបស់ខ្លួនចំនួនទឹកប្រាក់ ៧សែនអឺរ៉ូ ក្នុងជំនួយមនុស្សធម៌សង្រ្គោះបន្ទាន់ ហើយបានអំពាវនាវអនុវត្តឱ្យបានពេញលេញនៃកិច្ចព្រមព្រៀងបទឈប់បាញ់។
សហភាពអឺរ៉ុប បានអះអាងដោយបើកចំហររបស់ខ្លួន ក្នុងការដើរតួនាទីស្ថាបនាលើវិធានការកសាងទំនុកចិត្ត រួមទាំងការដោះមីនមនុស្សធម៌នៅក្នុងតំបន់អាទិភាពដែលបានព្រមព្រៀងគ្នាទៅវិញទៅមក។
សហភាពអឺរ៉ុប បានអំពាវនាវឱ្យប្រទេសកម្ពុជា ប្រកាន់ខ្ជាប់ចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនលើសិទ្ធិមនុស្ស និងអភិបាលកិច្ចថែមទាំងបានបង្ហាញការព្រួយបារម្ភ ចំពោះការធ្លាក់ចុះនៃលំហរពលរដ្ឋសម្រាប់សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ៕









