ម៉ាដាហ្គាស្កា​ទាញ​សញ្ញា​អាសន្ន​ពី​ការ​ធ្វើ​រដ្ឋ​ប្រហារ ខណៈ​ទាហាន​ច្រើន​នាក់​នៅ​ខាង​បាតុករ

ប្រធានាធិបតី​ម៉ាដា​ហ្គាស្កា បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ការ​ប៉ុន​ប៉ង​ដណ្តើម​អំណាច​ដោយ​កង​កម្លាំង​កំពុង​ដំណើរ​ការ​ ខណៈ​ដែល​ទាហាន​ជា​ច្រើន​បាន​បោះ​ការ​គាំទ្រ​របស់​ពួក​គេ​ នៅ​ពី​ក្រោយ​ចលនា​តវ៉ា​ដែល​ដឹក​នាំ​ដោយ​យុវជន​បាន​អង្រួន​កោះនៅ​អាហ្វ្រិក​អស់​រយៈ​ពេល​ជាង​ពីរ​សប្តាហ៍។

ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​រ៉យ​ទ័រ​(Reuters) បាន​រាយ​ការណ៍​នៅ​ថ្ងៃទី​​១៣ ខែ​តុលា ឆ្នាំ​២០២៥​នេះ​​ថា កង​ទ័ព​មក​ពីអង្គ​ភាព​ខែប​សេត​(CAPSAT) ដែល​បាន​ជួយ​ប្រធានាធិបតី អ៊ែន​ឌ្រី រ៉ាចូ​លី​ណា​(Andry Rajoelina)​ ដណ្តើម​អំណាច​នៅ​ក្នុង​ឆ្នាំ​២០០៩ បាន​ជំរុញ​​ឱ្យ​ទាហាន​ដូច​គ្នា​មិន​ឱ្យគោ​រព​តាម​បទ​បញ្ជា​​​កាល​ពី​ថ្ងៃ​សៅរ៍ និង​គាំទ្រ​ក្រុម​បាតុករ។ ការ​តវ៉ា​ដំបូង​ឡើយ​ ចាប់​ផ្តើម​ពី​ការ​ត្អូញ​ត្អែរ​របស់​ប្រជា​ជន​មូល​ដ្ឋាន​ ដែល​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា​ ហើយ​ឥឡូវ​នេះ​បាន​បង្ក​បញ្ហា​ប្រឈម​ធ្ងន់​ធ្ងរ​បំផុត ទៅ​លើ​ការ​គ្រប់​គ្រង​របស់​ លោក រ៉ាចូលី​ណា​(Rajoelina)​តាំង​ពី​លោក​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០២៣។​

មន្ត្រី​ខែប​សេត​(CAPSAT) បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ពួក​គេ​បាន​បញ្ជា​លើ​ប្រតិ​បត្តិ​ការណ៍​សន្តិ​សុខ​របស់​ប្រទេស​ និង​សម្រប​សម្រួល​គ្រប់​សាខា​នៃ​យោធា​ពី​មូល​ដ្ឋាន​របស់​ពួក​គេ​ នៅ​ជាយ​រដ្ឋ​ធាននី ​អា​ន់​តាណា​ណារីវ៉ូ​(Antananarivo)។ ពួក​គេ​បាន​និយាយ​ទៀត​ថា ពួក​គេ​បាន​តែង​តាំង​ឧត្តមសេនីយ៍​ ឌីម៉ូ​ស្ទីន ពីគូ​ឡាស (Demosthene Pikulas) ដែល​ជា​អតីត​ប្រធាន​សាលា​យោធា​ជា​មេទ័ព។

យ៉ាងណា ប្រភព​ថា សាក្សី​រ៉យទ័រ​(Reuters)​ម្នាក់​ បាន​ឃើញ​មនុស្ស​បី​នាក់​រង​របួស​ បន្ទាប់​ពី​ការ​បាញ់​នៅ​តាម​បណ្តោយ​​ផ្លូវ​ទៅ​កាន់​បន្ទាយ​ខែប​សេត​(CAPSAT ) កាល​ពី​ថ្ងៃ​អាទិត្យ។ ទោះ​ជា​យ៉ាង​ណា មិន​មាន​សញ្ញា​នៃ​ការ​ប៉ះទង្គិច​​គ្នា​ជា​បន្ត​បន្ទាប់​នោះ​ទេ។

ជាមួយគ្នានេះ ប្រភព​ថា នៅក្នុង​សេចក្តីថ្លែងការណ៍មួយ​ នៅ​លើ​គណនេយ្យប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម ការិយា​ល័យ​របស់​ លោក រ៉ាចូលី​ណា បាន​និយាយ​ថា ‘‘ការ​ប៉ុន​ប៉ង​ដោយ​ខុស​​ច្បាប់ និង​ដណ្តើម​អំណាច​ដោយ​បង្ខំ’’ កំពុង​ដំណើរ​ការ និង​បាន​បន្ថែម​ថា ប្រធានាធិបតី បាន​ជំរុញ​‘‘ការ​សន្ទនា​ដើម្បី​ដោះ​ស្រាយ​វិបត្តិ’’។

នៅតាម​បណ្តោយ​មហា​វិថី​ឯករាជ្យ​(Independence Avenue) ដែល​ជា​ផ្លូវ​សំខាន់​បំផុត​ នៅ​រដ្ឋ​ធានី​អាន់​​តាណាណារីវ៉ូ អ្នក​សារ​ព័ត៌​មាន​រ៉យ​ទ័រ​(Reuters) បា​ន​ឃើញ​អ្នក​តវ៉ា​កំពុង​ស្រែក​នូវ​ពាក្យ​ស្លោក​ថា ​ប្រឆាំង​រដ្ឋាភិ​បាល កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​គ្រវី​ទង់​ជាតិ​ម៉ាឡាហ្គា​ស៊ី និង​ជិះ​ម៉ូតូ​ឡើង​ចុះ​ក្នុង​អារម្មណ៍​រីក​រាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ