មន្ត្រីគណបក្សសង្គ្រោះជាតិ បានទម្លាយថា សហរដ្ឋអាមេរិកនឹងមានវិធានការច្បាប់ ដើម្បីបិទបញ្ចប់បណ្តាញឧក្រិដ្ឋកម្មអន្តរជាតិនៅកម្ពុជា ដោយសំដៅលើការដាក់ទណ្ឌកម្មបុគ្គលដែលបានជួបពាក់ព័ន្ធ ខណៈរបាយការណ៍នានា រកឃើញថា មនុស្សនៅជុំវិញមេដឹកនាំកំពូល គឺជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋនេះ។
កូនស្រីច្បង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ គឺកញ្ញា កឹម មនោវិទ្យា បានទម្លាយឱ្យដឹងនៅថ្ងៃទី១៣ខែតុលានេះថា សភាអាមេរិក ទើបចេញសេចក្តីព្រាងច្បាប់ ដើម្បីបង្កើតក្រុមការងាររួមអន្តរក្រសួងមួយ ដើម្បីបំបែក និងបិទបញ្ចប់បណ្តាញឧក្រិដ្ឋកម្មអន្តរជាតិ ដែលកំពុងប្រតិបត្តិការល្បែងបន្លំតាមអ៊ីនធឺណិតយ៉ាងទូលំទូលាយប្រឆាំងនឹងប្រជាពលរដ្ឋអាមេរិក។
បើតាមប្រភពនោះ ក្នុងនោះមានការស្នើឱ្យដាក់ប្រទេសកម្ពុជា ក្នុងបញ្ជីខ្មៅឬប្រផេះ និងដាក់ទណ្ឌកម្មបុគ្គលមួយចំនួនផងដែរ។
ប្រហាក់ប្រហែលគ្នានេះដែរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បាននិយាយដែរថា សភាអាមេរិកទើបចេញសេចក្តីព្រាងច្បាប់លេខ H.R 5490 ដើម្បីបង្កើតក្រុមការងាររួមអន្តរក្រសួងមួយដើម្បីបំបែកនិងបិទបញ្ចប់បណ្តាញឧក្រិដ្ឋកម្មអន្តរជាតិ ដែលកំពុងប្រតិបត្តិការឆបោកតាមអនឡាញយ៉ាងទូលំទូលាយប្រឆាំងនឹងប្រជាពលរដ្ឋអាមេរិក។
លោកថា មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល និងឧកញ៉ាស្ថិតក្នុងបញ្ជីខ្មៅ របស់សហរដ្ឋអាមេរិក ដូចជា លោក នេត សារឿន ឧបនាយករដ្ឋមន្រ្តី និងជាក្មួយប្រសារលោក ហ៊ុន សែន ។ ឧកញ៉ា ហ៊ុន តូ ជាក្មួយ លោក ហ៊ុន សែន ឧកញ៉ា កុក អាន លោក ឌី វិជ្ជា កូនប្រសារ លោក ហ៊ុន សែន លោក គួច ចំរើន និងឧកញ៉ា ចេន ហ្ស៊ី ទីប្រឹក្សាលោក ហ៊ុន សែន ជាដើម។
ការទម្លាយរឿងនេះ ក៏ចំពេលដែលកម្ពុជាផ្ទុះរឿងអាស្រូវជាថ្មីទៀត ជុំវិញករណីចាប់ជំរិតនៅភ្នំបូកគោ ក្នុងខេត្តកំពត។ ករណីថ្មីទៀតនេះ ឧក្រិដ្ឋជនបានធ្វើទារុណកម្ម និស្សិតជនជាតិកូរ៉េម្នាក់ រហូតស្លាប់។ ទីតាំងភ្នំបូកគោ ត្រូវគេដឹងថាមួយភាគធំត្រូវរដ្ឋាភិបាលកម្ពុជា ប្រគល់សិទ្ធិឱ្យទៅលោក ឧកញ៉ា សុខ គង់ ជាអ្នកគ្រប់គ្រង។
ជុំវិញបទឧក្រិដ្ឋចាប់ជំរិតនេះ ក្រសួងមហាផ្ទៃ បានចេញប្រកាសទទួលស្គាល់ និងបំភ្លឺថា ឧក្រិដ្ឋជនពាក់ព័ន្ធនឹងជនជាតិចិនស្នាក់នៅក្នុងប្រទេសកម្ពុជា។ ការចេញបំភ្លឺរបស់ក្រសួងមហាផ្ទៃ ក្រោយសារព័ត៌មានកូរ៉េ បានចេញផ្សាយពីបទឧក្រិដ្ឋចាប់ជំរិតនេះកើតឡើងថ្មីទៀត លើជនជាតិខ្លួននៅកម្ពុជា ។
ក្រសួងមហាផ្ទៃកម្ពុជា និយាយក្នុងលិខិតបំភ្លឺចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ថា ករណីនិស្សិតកូរ៉េម្នាក់ធ្វើដំណើរមកប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ រួចត្រូវបានក្រុមឧក្រិដ្ឋជនចាប់ជំរិតដោយទារប្រាក់ចំនួន ៥០លានវ៉ុន តាមសារព័ត៌មាន South China Morning Post ចុះផ្សាយនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ គឺជាករណីសមត្ថកិច្ចប្រទះឃើញសពដឹកតាមរថយន្ត មានទិសដៅចុះពីលើភ្នំបូកគោ មកទីរួមខេត្តកំពត នៅវេលាយប់ម៉ោង០២ រំលងអធ្រាត្រ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ដែលជនរងគ្រោះ បានធ្វើដំណើរមកប្រទេសកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។
ក្រសួងមហាផ្ទៃបន្តថា៖ «ផ្អែកតាមការស្រាវជ្រាវ និងការធ្វើកោសល្យវិច័យជាបឋម សពបានស្លាប់ដោយសាររងទារុណកម្មធ្ងន់ធ្ងរ ដោយមានស្នាមជាំឈាមលើរាងកាយជាច្រើនកន្លែង»។
ពាក់ព័ន្ធទៅនឹងចំណាត់ការវិញ ក្រសួងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនភ្លាមៗចំនួន ០២នាក់ ក្នុងនោះ មានម្នាក់ជាអ្នកបើករថយន្តដឹកសព និងម្នាក់ទៀត ជាអ្នករួមដំណើរ ។
លើសពីនេះ សមត្ថកិច្ចបន្តស្រាវជ្រាវកំណត់ទីតាំងបានមួយកន្លែង ដែលសពមានវត្តមានមុនពេលស្លាប់ និងបានឈានទៅបង្ក្រាបទីតាំងនោះ ក្រោយមានសញ្ញាណធ្វើសកម្មភាពអនឡាញខុសច្បាប់ ព្រមទាំងបានដកហូតសម្ភារៈវត្ថុតាងមួយចំនួនផងដែរ។
ប្រភពដដែល បញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងនោះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ដែលជាអ្នកគ្រប់គ្រងអាគារ និងកំណត់បានជនសង្ស័យជាប់ពាក់ព័ន្ធម្នាក់ទៀត ឈ្មោះ ហាយ ភេទប្រុស ជនជាតិចិន អាយុប្រហែល៣០ឆ្នាំ បច្ចុប្បន្នកំពុងរត់គេចខ្លួន។
ការណ៍នេះ សមត្ថកិច្ចកម្ពុជាពុំទទួលបានព័ត៌មាន ឬបណ្ដឹងពីក្រុមគ្រួសារសព ឬពីស្ថានទូត ដូចការចុះផ្សាយរបស់ South China Morning Post ដែលថា គ្រួសារសពបានស្វែងរកកិច្ចអន្តរាគមន៍ សង្គ្រោះតាមរយៈស្ថានទូត និងនគរបាលមូលដ្ឋាននោះទេ។
បើតាមក្រសួង សមត្ថកិច្ចជំនាញ បាននិងកំពុងសហការជាមួយស្ថានទូតកូរ៉េខាងត្បូងប្រចាំព្រះរាជាណាចក្រកម្ពុជា រៀបចំបែបបទនីតិវិធីផ្សេងៗ និងកំពុងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យ ដែលបានរត់គេចខ្លួន និងបក្ខពួកមកអនុវត្តទោសតាមច្បាប់ជាធរមាន។
ជាការកត់សម្គាល់ មនុស្សជំនិតៗមួយចំនួន នៅជុំវិញប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន ត្រូវបានអន្តរជាតិរកឃើញជាបន្តបន្ទាប់ថា ជាមេឧក្រិដ្ឋជនរកស៊ីចិញ្ចឹមអំណាចគ្រួសារហ៊ុន ក្នុងនោះមាន ឧកញ៉ា លី យ៉ុងផាត់ ដែលជាកាន់កាប់លុយឱ្យគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមឧកញ៉ាកម្ពុជាផងនោះ ជាប់ឈ្មោះក្នុងបញ្ជីខ្មៅអាមេរិក ជុំវិញបទឧក្រិដ្ឋឆបោក និងការរំលោភសិទ្ធិមនុស្ស។
ដោយឡែក ក្មួយ លោក ហ៊ុន សែន គឺឧកញ៉ា ហ៊ុន តូ ជាប់ឈ្មោះជាមេខ្លោងគ្រឿងញៀន និងលាងលុយកខ្វក់។ លើសពីនេះ ឧកញ៉ា ចេន ហ្ស៊ី ជនជាតិចិន ដែលបច្ចុប្បន្នជាទីប្រឹក្សា លោក ហ៊ុន សែន តុលាការចិនរកឃើញជាប់ពាក់ព័ន្ធបទឧក្រិដ្ឋអនឡាញខុសច្បាប់។
ជាងនេះទៀត ក្រសួងរតនាគារអាមេរិក កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ប្រកាសដាក់ទណ្ឌកម្មឧកញ៉ា ទ្រី ភាព ទីប្រឹក្សាលោក ហ៊ុន សែន ក្រោយរកឃើញថា បណ្តាញបោកប្រាស់តាមអ៊ីនធឺណិតនៅកម្ពុជា មានជាប់ពាក់ព័ន្ធក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព។
លើសពីនេះ របាយការណ៍ស្រាវជ្រាវជាង ៧០ទំព័រ របស់វិទ្យាស្ថាន Humanity Research Consultancy (HRC) ចេញផ្សាយថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានបង្ហាញថា ប្រទេសកម្ពុជា នៅក្រោមអំណាចរដ្ឋាភិបាលគ្រួសារហ៊ុន គឺជាទីតាំងស្នូលនៃការប្រព្រឹត្តិឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស ឧក្រិដ្ឋកម្មអនឡាញ។
ប្រភពបន្តថា គ្រួសារហ៊ុន ដើរតួនាទីជាអ្នកការពារពួកអ្នកមានអំណាច ឱ្យគប់គិតជាមួយបណ្តាញឧក្រិដ្ឋកម្មបរទេសដើម្បីប្រមូលប្រាក់ យកទៅចិញ្ចឹមគណបក្សកាន់អំណាច ដោយពួកគេអាចរកចំណូលបានពីឧក្រិដ្ឋកម្មអនឡាញប្រមាណពីជាង១២ពាន់លាន ទៅ ១៩ពាន់លានដុល្លារនៅក្នុង១ឆ្នាំ។
តាមរបាយការណ៍ដដែល បុគ្គលដែលជាប់សង្ស័យពាក់ព័ន្ធនៅក្នុងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជាសរុបចំនួន ២៨នាក់ ដែលភាគច្រើនជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងឧកញ៉ាគ្រាក់ៗ៕











