អ្នកភូមិ​ព្រៃចាន់​ថា​មិន​ព្រម​ចេញ​ពី​លំនៅ​ឋាន​ទោះ​ថៃ​បន្ត​ឈូស​ឆាយ​យក​ដី​ភូមិ

អស់ពីការ​ប្រើ​ប្រាស់ ដូច​ជា​ផ្សែង​ពុល គ្រាប់​បែក​ចង្កោម និង​យន្ត​ហោះ​ទំនើប វាយ​ប្រហារ​មក​លើ​កម្ពុជា​ ពេល​នេះ ដោយ​ហេតុ​តែ​ចង់​បាន​ទឹក​ដី​ខ្មែរ ក្រុម​យោធា និង​អ្នក​ជាតិ​និយម​ថៃ បាន​ប្ដូរ​មក​​ប្រើ​ប្រាស់​វិធី​សព្វ​សារ​ពើ និង​អមនុស្ស​​ធម៌ ជា​ច្រើន​ទៀត មាន​ដូច​ជា ការ​ឈូស​ឆាយ រាយ​បន្លា​លួស និង​សម្បក​កង់​ឡាន ការ​គំរាម​បាញ់​លាមក​ស្រោច​មក​លើ​ពលរដ្ឋ​ខ្មែរ និង​ចាក់​ធុង​បាស​ប្រើ​សំឡេង​ខ្មោច និង​ចម្រៀង​ឮៗ ដើម្បី​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​ឱ្យ​ចាក​ចេញ​ពី​លំនៅ​ឋាន។

ទោះជាអត់ងងុយអស់រយៈពេលបីយប់​មក​ហើយ​ក្ដី ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគ​ជ័យ នៅ​តែ​មាន​ភាព​ក្លាហាន និង​សាមគ្គី​គ្នា ដើម្បី​ទប់​ទល់​នឹង​ការ​ឈ្លាន​ពាន​របស់​យោធា​ថៃ ដោយ​ពួក​គាត់​បន្ត​ជ្រក​ក្រោម​ដំបូល​តង់ ភ្នែក​និង​ត្រចៀក​រំពៃ​ខ្លាច​ក្រែង​មាន​ការ​វាយ​ឆ្មក់​ណា​មួយ​កើត​ឡើង។

យោង​តាម​ប្រភព​ពលរដ្ឋ​ដែល​ផ្ដល់​សម្ភាសន៍​ឱ្យ​សារព័​ត៌​មាន​ក្នុង​ស្រុក ដែល​ចុះ​មូល​ដ្ឋាន​ភូមិ​ព្រៃ​ចាន់ កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា ពួក​គាត់​បាន​លើក​ឡើង​ថា ភាគី​ថៃ បាន​ចាក់​ធុង​បាស រំខាន​ដល់​ពលរដ្ឋ​ខ្មែរ រហូត​ដល់​ទល់​ភ្លឺ ចំនួន ២ថ្ងៃ​មក​ហើយ។ អ្ន​កស្រី​បន្ត​ថា ការ​រំខាន​នេះ បាន​ធ្វើ​ឱ្យប្រ​ជាពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគ​ជ័យ មិន​អាច​ដេក​បាន​នោះ​ឡើយ ដែល​កត្តា​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខ​ភាព​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ​ របស់​ពលរដ្ឋ​ខ្មែរ។

ពលរដ្ឋ​និយាយថា៖ «រំខាន​ណាស់ រក​ដេក​ពួន​មិន​បាន។ ពេល​ថ្ងៃ​យើង​ត្រូវ​តស៊ូ​ជាមួយ​ការ​ងារ​ហើយ ពេល​​យប់​យើ​​ងត្រូវ​​តស៊ូ​​ជា​មួយ​ចោរ​ឈ្លាន​ពាន​សៀម​ហ្នឹង​ទៀត។ ពី​ដំបូង​ខ្លាច ពេល​យូរ​ៗ​ទៅ វា​ស៊ាំ។ នេះ​ជា​មេរៀន​មួយ​ដែល​ប​ង្រៀន​យើង​ថា នេះ​គឺ​ជា​ជាតិ​របស់​យើង យើង​មិន​ត្រូវ​ខ្លាច​វា​ទេ វា​ជា​ដី​របស់​យើង​ យើង​ត្រូវ​ត​ស៊ូ​លើ​ដី​រ​បស់​​យើង ព្រោះ​នេះ​ជា​ទឹក​ដី​របស់​ដូច​តា​យើង បើ​យើង​ចាក​ចេញ​ទៅ ដូច​ទុក​ឱ្យ​វាទ​ទេៗ អ៊ីចឹង»។

កាលពីយប់ថ្ងៃទី១១ ខែតុលា ពួក​ទាហាន​ថៃ និង​ក្រុម​ជ្រុល​និយម​ថៃ ចាក់​សំឡេង​ខ្មោច​លង និង​សំឡេង​ឆ្កែ​លូ សំឡេង​​ភាព​យន្ដ​ឯកសារ​ជំរុំ​ណង​ចាន់ តន្រ្ដី​ចម្រៀង សំឡេង​យន្ត​ហោះ​ទម្លាក់​គ្រាប់ និង​សំឡេង​ព្រឺព្រួច​ជា​ច្រើន​ទៀត ចា​ប់​ពី​ម៉ោង​៧យប់ រហូត​ដល់​ម៉ោង ៥ទៀប​ភ្លឺ ដើម្បី​រំខាន​ដំណេក​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​រស់​នៅ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគ​ជ័យ។ សំឡេង​នេះ បាន​ធ្វើ​ឱ្យអ្នក​ភូមិ​ជាច្រើន អត់​ងងុយ​ទល់​ភ្លឺ និង​ប៉ះ​ពាល់​ដល់​សុខភា​ព​ជន​ចាស់​ជរា និង​អ្នក​មាន​ជម្ងឺ​ប្រចាំ​កាយ​ទៀត​ផង។

សកម្មភាពនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរ បានចាត់ទុក​ទង្វើ​របស់​ក្រុម​យោធា​ថៃ​នេះ គឺ​ជា​ការ​ឈ្លាន​ពាន​ទឹក​ដី​ប្រទេស​​ជិត​ខាង ដោយ​ប្រើ​ប្រាស់​វិធី​ដែល​អមនុស្ស​ធម៌ និង​ប្រាស​ចាក​គោល​ការណ៍​សិទ្ធិ​មនុស្ស។

ទោះបីនៅថ្ងៃទី១៣ ខែតុលា គិតត្រឹម​ម៉ោង​ផ្សាយ​នេះ មានកា​រ​រាយ​ការណ៍​ពី​ភូមិ​ព្រៃ​ចាន់ ថា​មាន​សភាព​ស្ងប់​ស្ងាត់ តែ​ពលរ​ដ្ឋ​ក៏​នៅ​តែ​បារម្ភ​ថា យប់​នេះ​ថៃ​អាច​នឹង​ធ្វើ​សកម្មភាព​ចាក់​ធុង​បាស់​ តម្លង់​អ្នក​ភូមិ​ជា​លើក​ទីបួន។

កាលពីថ្ងៃទី១១ ខែតុលា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាន​ដាក់​ញត្តិ​បន្ទាប់​មួយ ផ្ញើ​ជូន​ឧត្ត​​ម​ស្ន​ង​ការ​អង្គ​ការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស លោក វ៉ុល​ឃើរ ធើក (Volker Türk) ពាក់​​ព័ន្ធ​​នឹង​កា​​រ​ប្រើ​ប្រាស់​សំឡេង​រំខាន​ពីសំ​ណាក់​កង​ទ័ព​ថៃ នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ ដែល​ជា​​ទម្រង់​​​នៃ​​ការ​បំ​ភិ​ត​បំភ័យ និង​យាយី​ផ្លូវ​ចិត្ត​ប្រជាជន​កម្ពុជា។

ទាក់ទិននឹងញត្តិនេះ សមាជិកព្រឹទ្ធសភាថៃ លោក​ស្រី អង្គ​ខាណា នីឡា​ផៃជីត (Angkhana Neelapaijit) បាន​ព្រមាន​​ឱ្យក្រ​សួង​ការ​បរទេស​ថៃ ពិនិត្យ​មើល​លើ​ករណី អ្នក​ជាតិ​និយម​ជ្រុល​ថៃ បាន​ប្រើ​ប្រាស់​សំឡេង​ខ្មោច នៅ​តាម​ព្រំដែន​ថៃ​ចូល​ទៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បង្ក​ការ​ភ័យ​ខ្លាច ឬ​ប៉ះ​ពាល់​ដល់​សុខុមាល​ភាព​ផ្លូវ​ចិត្ត​របស់​ជន​ស៊ីវិល សូម្បី​តែ​អ្នក​ដែល​មាន​ជម្លោះ ជាពិសេស​ក្រុម​ដែល​ងាយ​រង​គ្រោះ អាច​បង្កើត​ឱ្យ​មាន​ការ​ធ្វើ​ទារុណ​កម្ម​ផ្លូវ​ចិត្ត​ក្រោម​អនុ​សញ្ញា CAT ដែល​ប្រទេស​ថៃ​ជា​ភាគី។

ក្នុងករណីនេះដែរ អ្នកសារព័ត៌មានជាន់ខ្ពស់ថៃ លោក ប្រាវីន ចាណា​ព្រឹក្ស (Pravin Rojanaphruk) បានសរ​សេរ​បង្ហោះ​នៅ​​លើប​ណ្ដេញ​សង្គ​ម​ហ្វេស​ប៊ុក នៅថ្ងៃ​ទី​​១២ ខែ​តុលា ថា​សកម្មភាព​ចាក់​ធុង​បាស់ សំឡេង​ខ្មោច នៅ​ក្បែរ​ព្រំដែន គឺ​ជា​ការ​បំពាន​លើ​សិទ្ធិ និង​ដំណេក​អ្នក​ដទៃ និង​ជា​សង្រ្គាម​ចិត្ត​សាស្ត្រ ដែល​មិន​ចាំបាច់ ដែល​នាំ​ឱ្យមា​ន​ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅកាន់​អង្គ​ការ​សហ​ប្រជា​ជាតិ។

អ្នកសារព័ត៌មានរបស់ស្ថាប័ន ខៅសុត របស់​ថៃ រូប​នេះ បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ លោក អនុធិន ឆាន​វីរ៉ាក់​គូន(Anutin Charnvirakul) ធ្វើ​អន្តរាគមន៍​ជា​បន្ទាន់ និង​បញ្ឈប់​ការ​ចាក់​សំឡេង​រំខាន​នេះ ដោយ​លោក​បាន​លើក​ឡើង​ថា ទង្វើ​របស់​ភាគី​ថៃ​ទាំង​នេះ នឹង​​ធ្វើ​ឱ្យ​ថៃ​ក្លាយ​ជា​តួរកំប្លែង​នៅ​ក្រោម​ក្រសែ​ភ្នែក​សហគមន៍​អន្តរ​ជាតិ ដោយ​សារ​តែ​ទង្វើ​របស់​ត្រី​ស្អុយ​ប៉ុន្មាន​ក្បាល​នោះ។

មកទល់ថ្ងៃទី១៣ ខែតុលា​នេះ កងកម្លាំងចម្រុះថៃជាច្រើននាក់​ប្រដាប់​ដោយ​អាវុធ និង​គ្រឿង​ចក្រ​កម្ទេច​មីន​គ្មាន​មនុស្ស​បើក បាន​បន្ត​សកម្ម​ភាព​ឈូស​ឆាយ​ដី​ភូមិ​ឋាន​ប្រជា​ពលរដ្ឋ​ខ្មែរ នៅ​ភូមិ​ព្រៃ​ចាន់ ដែល​ពួក​គេ​បាន​ព័ទ្ធ​បន្លា​លួស​តាំង​ពី​ថ្ងៃទី​១​៣ ខែ​សីហា។

ទាក់ទិនរឿងនេះ ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (ច្រាក់) លោក រស់ សុដ្ឋា ចាត់​ទុ​ក​សក​ម្ម​ភា​ព​ភាគី​ថៃ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ថា​ជា​ការ​បំពាន​គោល​កា​រ​ណ៍​សិទ្ធិ​មនុស្ស​កាន់​​​តែធ្ង​ន់​ធ្ងរ​​ម្ដង​ហើយ​​ម្ដង​ទៀត ដែល​ទង្វើ​នេះ​អាច​នាំ​ឱ្យ​មាន​ការ​ស្អប់​ខ្ពើម​ជាតិ​សាសន៍ មិន​អាច​ផ្សះ​ផ្សា​បាន​ទៅ​​​ថ្ងៃ​អនាគត​ បើ​​ទោះ​​​បី​វិវាទ​ព្រំដែន​បញ្ចប់​ក្ដី។ លោក​ជំរុញ​ឱ្យ​ថ្នាក់​ដឹកនាំ​ប្រទេស​ថៃ គិត​គូរ​ឡើង​វិ​​ញ​ពី​គោល​​ការណ៍​សិ​ទ្ធិ​​មនុ​ស្ស និង​ងាក​មក​បញ្ចប់​វិវាទ​នេះ​តាម​ផ្លូវ​ច្បាប់ ព្រោះ​ប្រសិន​វិវាទ​នេះ​នៅ​តែ​បន្ត នោះ​ថៃ​ខ្លួន​​ឯ​ង​ជា​អ្នក​​ខាត​បង់ ទាំង​ផ្នែក​សេដ្ឋ​កិច្ច និង​មុខ​មាត់​លើ​ឆាក​អន្តរ​ជាតិ។

​លោក រស់ សុដ្ឋា និយាយថា​៖ «​ជាអំពើអសីលធម៌ ជា​អំពើ​ស្មោគ​គ្រោក រំលោភ​សិទ្ធិ​មនុស្ស ដែល​​មិន​គួរ​​មាន​​ទេ​ក្នុ​​ង​ប្រវត្តិ​សាស្ត្រ។ រឿង​ដោះ​ស្រាយ​បញ្ហា គេ​ដោះ​ស្រាយ​គ្នា​ដោយ​ការ​ចរចា​គ្នា។ បើ​យើង​មិន​​ចេះ​ចរចា​គ្នា​ យើង​​​ទៅ​​តុលាការ​​អន្តរ​ជាតិ ហើយ​មក​នាំ​គ្នា​ជេរ​គ្នា ធ្វើ​បាប​គ្នា​អ៊ីចឹង អត់​ត្រឹម​ត្រូវ​ទេ វា​ឈាន​​ឱ្យ​ជម្លោះ​​ជាតិ​​សាសន៍​កាន់​តែ​ធ្ង​ន់​ធ្ងរ​ហើយ​មិន​អាច​ផ្សះ​ផ្សា​​បាន»។

ក្នុងប្រតិបត្តិ​ការ​ឈ្លាន​ពាន​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ​ថៃបា​នប្រើ​ប្រាស់​គ្រឿង​ចក្រ​កម្ទេច​មីន ម៉ាក MW370 ដែល​ជា​ជំនួយ​របស់​អាមេរិក​នេះ មក​ធ្វើ​ជា​ហេតុ​ផល ក្រោម​ប្រតិបត្តិ​ការ​ដោះមី​ន​មនុស្ស​ធម៌ ខណៈ​ភាព​ជាក់​ស្ដែង ម៉ាស៊ីន​នេះ ត្រូវ​បាន​កង​ទ័ព​ថៃ ប្រើ​សម្រាប់​ឈូស​ឆាយ​ដី​ស្រែ​ចម្ការ របស់​ពលរដ្ឋ​ខ្មែរ​ទៅ​វិញ។

ពលរដ្ឋខ្មែរ​នៅភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគ​ជ័យ ស្ថិត​ក្នុង​ឃុំ​អូរបី​ជាន់ ស្នើ​ឱ្យ​អង្គកា​រ​អន្ត​រជា​តិ ជួយ​អន្តរា​គមន៍ ដោយ​​បញ្ឈប់​ការ​ឈ្លាន​ពាន​របស់​យោធា​ថៃ មក​លើ​បូរណ​ភាព​ទឹក​ដី​កម្ពុជា ដែល​បង្ក​ឱ្យ​មាន​ការ​ឈឺ​ចាប់​ ដល់​ពលរដ្ឋ​ខ្មែរ​កាន់​តែ​ខ្លាំង ក្រោយ​ពី​មាន​ការ​វាយ​ប្រហារ​ដោយ​អាវុធ​ផ្សែង​ពុល គ្រាប់​បែក​ចង្កោម និ​ង​ប្រើ​ឧបាយ​ចាប់​ទាហាន​ខ្មែរ ធ្វើ​ជា​ចំណាប់​​ខ្មាំង​ចំនួន​២០​នាក់ ដែល​ក្រោយ​មក​បាន​ដោះ​លែង ២នា​ក់​វិញ ក្រោម​សភាព​ពិការ និង​ស្លាក​ស្នាម​ធ្វើ​ទារុណ​កម្ម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ