បើពុំមានអ្វីប្រែប្រួល រដ្ឋាភិបាលក្រៅប្រទេសដែលដឹកនាំដោយ លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលជាគូប្រកួតប្រជែងនយោបាយយ៉ាងស្រួចស្រាល់ជាមួយ លោក ហ៊ុន សែន អស់រយៈពេលជាង៣០ឆ្នាំមកហើយនោះ នឹងបើកពិធីសមាជចេញដំណើរជាផ្លូវការ នូវរដ្ឋាភិបាលក្រៅប្រទេសថ្មីស្រឡាង មានឈ្មោះថា «រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា» នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ។
រដ្ឋាភិបាលដែលមានក្បាលម៉ាស៊ីនដឹកនាំ សុទ្ធតែអ្នកនយោបាយដែលនិរទេសខ្លួននៅក្រៅប្រទេសនេះ គឺមាន៨ស្ថាប័ន ក្នុងនោះ លោក សម រង្ស៊ី ដឹកនាំស្ថាប័ន សេដ្ឋកិច្ចហិរញ្ញវត្ថុ ប្រឆាំងនឹងអំពើពុករលួយ ជួយពលរដ្ឋក្រីក្រ។ អ្នកស្រី ធិត គឹមហ៊ុន ដឹកនាំស្ថាប័នការបរទេស និងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស, លោក រី គា ដឹកនាំស្ថាប័នអប់រំបណ្តុះបណ្តាល ធនធានមនុស្ស និងការងារ។ លោក គឹម សុខ ដឹកនាំស្ថាប័នយុទ្ធសាស្ត្រ និងរៀបចំប្រទេសឡើងវិញ, លោក អ៊ុំ សំអាន ដឹកនាំស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍, លោក ឡុង រី ដឹកនាំស្ថាប័នសន្តិសុខជាតិ និងសុវត្ថិភាពប្រជាពលរដ្ឋ, លោក ឆាំ ឆា ដឹកនាំស្ថាប័នព័ត៌មាន និងទំនាក់ទំនងសាធារណៈ និងលោក អ៊ូ សាមឌី ដឹកនាំស្ថាប័នប្រជាធិបតេយ្យ យុត្តិធម៌សង្គម និងសិទ្ធិមនុស្ស។
លោក សម រង្ស៊ី បាននិយាយតាមរយៈវីដេអូមួយថា ដ៏រាបណា លោក ហ៊ុន សែន និងត្រកូលគាត់នៅកាន់អំណាចកម្ពុជានឹងមិនមានការរីកចម្រើនទេ ថែមទាំងនឹងកាន់តែបាត់បង់ទឹកដីរហូតដល់ទៅបាត់បង់ប្រ ទេសថែមទៀតផង។
លោក សម រង្ស៊ី ថា លោក ហ៊ុន សែន និយាយភូតភរនិយាយផ្តេសផ្តាសថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនឹងចប់ហើយអស់សុពលភាពហើយ តែតាមពិតមិនមែនទេ គឺនៅតែមានសុពលភាព ហេតុដូច្នេះហើយ ត្រូវតែមានរដ្ឋាភិបាលថ្មីមួយ ដែលតំណាងឱ្យឆន្ទៈប្រជារាស្ត្រខ្មែរពិតប្រាកដ ហើយទាមទារនិងជំរុញឱ្យមានការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
លោកថា៖ «ក្នុងកាលៈទេសៈនេះ កងកម្លាំងប្រដាប់អាវុធដែលមានអាវុធក្នុងដៃ ដើម្បីការពារទឹកដីយើងឱ្យបានត្រឹមត្រូវ ត្រូវជំរុញបង្ខំឱ្យ ហ៊ុន សែន អនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស តែបើ ហ៊ុន សែន នៅតែមិនព្រមអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ សូមឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ព្រមទាំងកងកម្លាំងប្រដាប់អាវុធផងដែរ បញ្ចប់របប ហ៊ុន សែន ដើម្បីឱ្យប្រទេសកម្ពុជាមានការជួយគាំទ្រពីសហគមន៍អន្តរជាតិការពារទឹកដីយើងឱ្យបានគង់វង្ស ចៀសវាងការបង្ហូរឈាមរបស់ខ្មែរ ចៀសវាងសង្គ្រាម ហើយជាទីបញ្ចប់យើងនឹងទទួលបានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ដូចមានចែងក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស។ និយាយសរុបមកយើងត្រូវតែបញ្ចប់របប ហ៊ុន សែន»។
បើតាមលោក សម រង្ស៊ី ការបញ្ចប់របបលោក ហ៊ុន សែន ធ្វើឱ្យមានការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសកម្ពុជានឹងចំណេញ៣យ៉ាង ទី១កម្ពុជានឹងការពារទឹកដីបានគង់វង្ស ដោយមានសហគមន៍អន្តរជាតិទាំងមូលនៅពីក្រោយ។
ទី២បញ្ចៀសសង្គ្រាមបង្ហូរឈាម និងទី៣កម្ពុជានឹងទទួលបានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ដែលមានរដ្ឋាភិបាលថ្មីបម្រើប្រជារាស្ត្រខ្មែរ មានរដ្ឋាភិបាលថ្មី ការពារផលប្រយោជន៍ជាតិយ៉ាងត្រឹមត្រូវ និងយ៉ាងពិតប្រាកដ។
លោក ប៉ែន បូណា ចាត់ទុករដ្ឋាភិបាលក្រៅប្រទេសរបស់ លោក សម រង្ស៊ី ថាគ្មានប្រយោជន៍និងគ្មានឥទ្ធិពល ហើយក៏គ្មានការគាំទ្រពីប្រជាពលរដ្ឋដែរ។ យ៉ាងណាក្តី គេមិនទាន់ឃើញ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ចេញប្រតិកម្មចំពោះការប្រកាសបង្កើតរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលានេះនៅឡើយទេ។
ប៉ុន្តែកាលពីពេលកន្លងមក លោក ហ៊ុន សែន បានធ្វើការព្រមានបង្ក្រាបអ្នកនៅក្នុងប្រទេស ដែលជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលក្រៅប្រទេស។ វាចាំបាច់ត្រូវតែបង្ក្រាប ពីព្រោះមិនអាចឱ្យពួកគេមានក្បាលម៉ាស៊ីនជារដ្ឋាភិបាលក្រៅប្រទេស ហើយមានសមាជិកធ្វើសកម្មភាពនៅក្នុងប្រទេសបាននោះទេ។
លោកថា៖ «ការផ្តួចផ្តើមគំនិតដើម្បីបង្កើតរដ្ឋាភិបាលនិរទេសនៅក្រៅប្រទេស កំពុងចាប់ផ្តើមហើយ។ ខ្ញុំសូមយកឱកាសនេះ បញ្ជាក់ជូនជាព័ត៌មានសម្រាប់អ្នកនៅក្នុងប្រទេសឱ្យបានជ្រាបថា បក្សណាក៏ដោយអ្នកណាក៏ដោយ ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលដែលបង្កើតនៅឯបរទេស ប្រសិនបើកើតឡើងនាពេលខាងមុខតាមការគ្រោងទុករបស់គេ យើងត្រូវតែកម្ចាត់ចោលភ្លាមរំសាយចោលភ្លាមនូវអង្គការចាត់តាំងបក្សណាក៏ដោយ ដែលនៅក្នុងប្រទេស»។
ជាមួយគ្នានេះ លោក ហ៊ុន សែន បានអំពាវនាវឱ្យរដ្ឋាភិបាលពិនិត្យពិចារណាលើរឿងនេះ និងធ្វើវិសោធនកម្មច្បាប់ ទាក់ទងនឹងច្បាប់បង្កើតគណបក្សនយោបាយ និងច្បាប់ដទៃទៀត ប្រសិនបើពួកគេបង្កើតរដ្ឋាភិបាលនិរទេស។
លោក អ៊ុំ សំអាន ដែលជាប្រធានស្ថាប័នកិច្ចការព្រំដែន និងអន្តោប្រវេសន៍របស់រដ្ឋាភិបាលឯករាជ្យ២៣តុលា ថ្លែងថា ប្រជាពលរដ្ឋគាត់រអ៊ូណាស់ថា តើហេតុអ្វីរដ្ឋាភិបាលគ្រួសារហ៊ុនរហូតមកដល់ពេលនេះហើយនៅមិនទាន់បានប្តឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិICJ។
នៅពេលរដ្ឋាភិបាល២៣តុលាចាប់ផ្តើមដំណើរការ នឹងមានការពិភាក្សាគ្នា ឬក៏រកមេធាវីអន្តរជាតិ ដើម្បីដាក់ពាក្យបណ្តឹងទៅកាន់ICJ តាមបំណងរបស់ប្រជាពលរដ្ឋខ្មែរដែលចង់បាន។
លោកថា៖ «មួយទៀត យើងក៏នឹងពិភាក្សាគ្នាផងដែរថា តើយើងនឹងប្តឹងទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ឬក៏អត់ដែលមានប្រទេសបារាំង និងប្រទេសឥណ្ឌូនេស៊ី ជាសហប្រធាន វាជារឿងសំខាន់ដែលយើងនឹងធ្វើ បន្ទាប់ពីរដ្ឋាភិបាល២៣តុលាកើតឡើង។ ប៉ុន្តែនៅពេលអនាគតនៅពេលដែលយើងកាន់កិច្ចការរដ្ឋាភិបាលនៅប្រទេសកម្ពុជា គឺនឹងសើរើការបោះបង្គោលព្រំដែនកម្ពុជា វៀតណាម តាមរយៈសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលយកតាមសន្ធិសញ្ញាឆ្នាំ១៩៨៥ សម័យវៀតណាមត្រួតត្រាកម្ពុជា»។
បើតាម លោក អ៊ុំ សំអាន ការដែលរដ្ឋាភិបាលក្រុងភ្នំពេញបច្ចុប្បន្ន មិនហ៊ានប្តឹងថៃពីបញ្ហាព្រំដែនទៅ ICJ អាចមកពី បើប្តឹងទៅនឹងធ្វើឱ្យប៉ះពាល់ដល់វៀតណាមដែលជាចៅហ្វាយរបស់ លោក ហ៊ុន សែន ពីព្រោះកាលពីក្នុងទសវត្សរ៍ទី៨០ លោក ហ៊ុន សែន បានចុះហត្ថលេខាលើសន្ធិសញ្ញា៨២-៨៣ និង៨៥ ដែលបានធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីជាច្រើនទៅវៀតណាម ក្នុងនោះក៏មានកោះត្រល់ ចង្កោមកោះក្រចកសេះ និងផ្ទៃសមុទ្ររាប់ម៉ឺនគីឡូម៉ែត្រផងដែរ។
ចាប់តាំងពីក្រោយមានបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ថៃបានចូលមកដណ្តើមគ្រប់គ្រងតំបន់ជាច្រើន ដូចជា ភ្នំទ្រព្យ ប្រាសាទតាមាន់ធំ ភូមិជោគជ័យ ភូមិព្រៃចាន់ និងច្រកអានសេះជាដើម។ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នឹងព្រមកាត់ដីតំបន់ទាំងនោះឱ្យថៃគ្រប់គ្រង ដើម្បីដូរយកសន្តិភាព និងអំណាច។
សម្រាប់ លោក អ៊ុំ សំអាន ក្រោមការដឹកនាំរបស់ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ពិតណាស់មិនបានធ្វើឱ្យកម្ពុជាបាត់បង់ទឹកដី១មីល្លីម៉ែត្រនោះទេ ប៉ុន្តែបានបាត់រាប់គីឡូម៉ែត្រ។
លោកថា៖ «យើងមើលមើបាត់ភ្នំទ្រព្យ ឥឡូវនេះបាត់ភូមិជោគជ័យ ភូមិព្រៃចាន់ ប្រាសាទតាមាន់ធំ ច្រកអានសេះ ហើយនិងតំបន់ដទៃទៀត បាត់បង់នៅតាមព្រំដែនថៃ ហើយសូម្បីតែភូមិព្រៃចាន់ ភូមិជោគជ័យហ្នឹង អាបង្គោលឡាក់លេខ៤២ហ្នឹង រំកិលចូលមកដីខ្មែរ រហូតដល់ប្រហែល៣គីឡូម៉ែត្រឯណោះឃើញទេ? ហើយអាបង្គោល៤៣ ក៏ចូលមកប្រហែលជាង២គីឡូម៉ែត្រដែរ។ ហើយអាបង្គោល៤៣ហ្នឹង យើងបានព្រមព្រៀងកាត់ទឹកដីហ្នឹង ទៅឱ្យថៃជាង២គីឡូម៉ែត្រ ប៉ុន្តែអាបង្គោលលេខ៤២ហ្នឹង យើងទាមទារប្រហែលជា១០០ម៉ែត្រជាងទេ អ៊ីចឹងយើងចោលប្រហែល២គីឡូម៉ែត្រជាង ឃើញទេ ឃើញបាត់ដីចឹងទេ?»។
អ្នកជំនាញកិច្ចការព្រំដែនរូបនេះ បន្តថា ដូច្នេះអ្វីដែល លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ថាមិនឱ្យបាត់ដី១មិល្លីម៉ែត្រនោះ ជារឿងកុហកប្រជាពលរដ្ឋ និងថាដីកម្ពុជានឹងកើនឡើងជាង ១៨១ ០៣៥គីឡូម៉ែត្រការ៉េ គឺមានតែនៅលើក្រដាសទេ ជាក់ស្តែងបាត់ហើយទៅខាងវៀតណាម និងទៅខាងថៃ។ លោកបញ្ជាក់ថា លោក ហ៊ុន សែន កាត់ទឹកដីកម្ពុជាទៅឱ្យវៀតណាម ដើម្បីសងគុណវៀតណាម ដែលលើកបន្តុបគាត់។ ឥឡូវនេះ លោក ហ៊ុន ម៉ាណែត គ្រោងនឹងកាត់ទឹកដីខ្មែរទៅឱ្យថៃ ដើម្បីដោះដូរយកសន្តិភាពនិងអំណាច ខណៈដែល លោក ហ៊ុន សែន កាលឆ្នាំ២០០១ បានកាត់កោះគជ់ទៅឱ្យថៃ។
បើតាមលោក អ៊ុំ សំអាន ត្រកូលហ៊ុនអាចនឹងក្លាយទៅជាត្រកូលក្បត់ជាតិតជំនាន់ បើសិនជា លោក ហ៊ុន ម៉ាណែត ព្រមកាត់ទឹកដីខ្មែរទៅឱ្យថៃ ដើម្បីដោះដូរយកអំណាចនិងសន្តិភាព។
ចាប់តាំងពីមានការរំលាយគណបក្សសង្គ្រោះជាតិ ដែលមានប្រជាពលរដ្ឋគាំទ្រស្ទើកន្លះប្រទេស កាលពីចុងឆ្នាំ២០១៧ និងមានការចាប់ឃុំខ្លួនប្រធានគណបក្ស លោក កឹម សុខា មកប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា បានបាត់បង់ប្រព័ន្ធត្រួតពិនិត្យអំណាចតាមបែបប្រជាធិបតេយ្យ ធ្វើឱ្យប្រទេសនេះកើតមានអំពើពុករលួយបក្ខពួកនិយមជាប្រព័ន្ធ អំពើអយុត្តិធម៌សង្គមរីករាលដាលកាន់តែខ្លាំង គម្លាតរវាងអ្នកមាននិងអ្នកក្រកាន់តែធំ ពលរដ្ឋស្ទើកន្លះប្រទេសជំពាក់បំណុលធនាគារវ័ណ្ឌក ក្នុងនោះពលរដ្ឋប្រមាណ ២លាននាក់ បានធ្វើចំណាកស្រុកទៅស៊ីឈ្នួលគេនៅប្រទេសថៃ ថែមទាំងមេដឹកនាំធ្វើជាខ្នងបង្អែកឱ្យក្រុមឧក្រិដ្ឋជនជនជាតិចិន មកបើករកស៊ីឆបោកតាមអនឡាញយ៉ាងទូលំទូលាយនៅកម្ពុជា ធ្វើឱ្យកម្ពុជាស្អុយឈ្មោះអាសោចនៅលើពិភពលោក។
នេះបើយោងតាមរបាយការណ៍របស់សហរដ្ឋអាមេរិក និងស្ថាប័នជំនាញអន្តរជាតិ ដែលបានរកឃើញជាបន្តបន្ទាប់នាពេលថ្មីៗនេះ។
លោក វន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់ បានសរសេរលើបណ្តាញសង្គមថា លោក ហ៊ុន សែន និងលោកហ៊ុន ម៉ាណែត អាចនឹងរបូតអំណាច ដោយសារនៅបន្ដគាំទ្រឧក្រិដ្ឋជន និងកំពុងប្រែក្លាយកម្ពុជាជាឋានសួគ៌ឧក្រិដ្ឋកម្ម។
លោកបានសរសេរក្នុងសំណេរដើមថា៖ «មនុស្សជុំវិញសម្ដេច១០នាក់ សឹងរកមនុស្សសុចរិតម្នាក់មិនបាន តើពលរដ្ឋជឿជាក់យ៉ាងម៉េច? សម្ដេចត្រូវមានបេះដូង និងសតិសម្បជញ្ជៈចំពោះពលរដ្ឋ។ បើពលរដ្ឋកំពុងត្រូវបានយាយីរំខានដល់សុខសុវត្ថិភាព និងសុខុមាលភាព សម្ដេចត្រូវតែចាត់វិធានការប្រឆាំងតបជាក់ស្ដែង ទោះជាត្រូវប្រកាសសង្គ្រាមក៏ដោយ»។
លោក ចាន់ឡូត លើកឡើងថា បើព្រំដែនត្រូវបានដោះស្រាយកាត់តម្រឹមត្រឹមនេះ នោះយើងនឹងឃើញជាក់ស្ដែងថា មេដឹកនាំកម្ពុជាបច្ចុប្បន្នកាត់ដីឱ្យបរទេសជាថ្នូរនឹងអំណាច ជាជាងខ្វះសមត្ថភាពប្រយុទ្ធការពារ។
អ្នកឃ្លាំមើលមួយចំនួន ក្នុងនោះក៏មានទាំងលោក សុខ សុគន្ធ ហៅ ជែម សុខ អ្នកធ្វើអត្ថាធិប្បាយលើបណ្តាញសង្គមផងដែរ បានលើកឡើងថា រដ្ឋាភិបាលគ្រួសារហ៊ុនអាចនឹងដួលរំលំឆាប់ៗ បើនៅតែទន់ខ្សោយអត់ធ្មត់ឱ្យថៃរាយបន្លាលួស វាទយកទឹកដីខ្មែរ ធ្វើបាបពលរដ្ឋខ្មែរតាមចិត្ត និងបើនៅតែមិនព្រមកាត់សាច់ស្អុយ ដើម្បីធ្វើកំណែទម្រង់ការដឹកនាំរដ្ឋនាពេលបច្ចុប្បន្ន ដែលកំពុងធ្វើឱ្យកើតមានវិបត្តិសង្គមកាន់តែធ្ងន់ធ្ងរទៅនាពេលបច្ចុប្បន្នទេនោះ។
លើសពីនេះ កាលពីថ្ងៃទី២ ខែតុលា លោក សេង វណ្ណលី អ្នកវិភាគភូមិសាស្ត្រនយោបាយនៅអាស៊ីអាគ្នេយ៍ និងជានាយកកម្មវិធីតស៊ូមតិនៃអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី បង្ហោះសារថា ផ្អែកលើប្រវត្តិសាស្ត្រនៃការដួលរលំនៃរបបនយោបាយនៅលើពិភពលោក គេរកឃើញថា ដើមចមនៃការដួលរលំនៃរបបនយោបាយភាគច្រើន កើតឡើងមិនមែនដោយសារតែបក្សប្រឆាំងទេ ប៉ុន្តែដោយសារតែពលរដ្ឋស្អប់ខ្ពើមអំពើពុករលួយ ដូចដែលយើងបានឃើញស្រាប់នាពេលថ្មីៗនេះ នៅបង់ក្លាដែស ស្រីលង្កា នេប៉ាល់ និងដែលកំពុងរាតត្បាតនៅក្នុងបណ្តាប្រទេសផ្សេងទៀតនៅពិភពលោក៕









