ការបំផ្លាញប្រជាធិបតេយ្យនិងឧក្រិដ្ឋកម្មឆ្លងដែន ត្រូវបានគេស្តីបន្ទោសថា ជាកំហុសធ្ងន់ធ្ងររបស់មេដឹកនាំបក្សកាន់អំណាច ដែលធ្វើឱ្យកម្ពុជាឯកា ក្នុងរឿងជម្លោះព្រំដែនជាមួយថៃ ដែលការណ៍នេះមេដឹកនាំកម្ពុជាចាំបាច់ត្រូវស្តារឡើងវិញជាបន្ទាន់ ទើបអាចការពារអាយុជីវិតពលរដ្ឋកម្ពុជា និងបូរណភាពទឹកដីបាន។
ការលើកឡើងនេះ ក្រោយពីយោធាថៃ កាលពីថ្ងៃទី១០ ខែតុលា បានបន្តពង្រាយកម្លាំង គ្រឿងចក្រ មកឈូសឆាយរំលោភយកដីខ្មែរ នៅភូមិព្រៃចាន់ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទាំងគ្មានការទប់ស្កាត់ពីរដ្ឋាភិបាលកម្ពុជាទេ ក្រៅពីបញ្ជូនអ្នកសារព័ត៌មានដែលស្និទ្ធនឹងខ្លួន ទៅធ្វើការផ្សាយផ្ទាល់ប៉ុណ្ណោះ។
រីឯ ពលរដ្ឋ រួមទាំងអ្នកសារព័ត៌មានផ្សេងទៀត ត្រូវបានគេរាយការណ៍មកថា ត្រូវបានបិទខ្ទប់ មិនឱ្យចូលទៅផ្តិតយករូបភាព ឬចូលទៅតវ៉ានឹងថៃឈ្លានពាន ដូចពេលមុនៗឡើយ ។
ប៉ុន្តែគេសង្កេតឃើញថា ក្រោយកើតហេតុ រដ្ឋាភិបាលកម្ពុជា បន្ទរតាមពីក្រោយដោយក្រសួងពាក់ព័ន្ធ បានបង្ហោះសេចក្តីថ្លែងការណ៍ថ្កោលទោសទង្វើថៃឈ្លានពាននេះ។
ជាការសង្កេត ការដែលថៃពង្រីកការឈ្លានពានទឹកដីកម្ពុជា ជាចំហមិនមែនតែនៅភូមិព្រៃចាន់នេះទេ បញ្ហាដូចគ្នានេះ វាបានកើតឡើងជិត៣ខែមកហើយ មិនមានប្រទេសណាមួយចេញថ្កោលទោសថៃ ក្រៅពីមេដឹកនាំកម្ពុជានោះទេ រួមទាំងមហាមិត្តវៀតណាម និងមិត្តដែកថែបចិនផង ទោះមេដឹកនាំខ្មែរដង្ហើយហៅឱ្យអន្តរជាតិជួយទប់ស្កាត់ទង្វើថៃឈ្លានពានជាចំហ រំលោភលើបទឈប់បាញ់នេះ។
យ៉ាងណា រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ហាក់ទទួលស្គាល់ការអត់ធ្មត់ជាមួយសត្រូវឈ្លានពាន មិនបានសុខនោះទេ។
តាមសម្រង់សម្តីមួយឃ្លា ដែលហ្វេសញ៉ូ បានដកស្រង់មកចុះផ្សាយ លោក ប្រាក់ សុខុន បាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលធំជាងគេ គឺបញ្ចៀសសង្គ្រាម មិនមែនកម្ពុជាខ្លាចច្បាំងនោះទេ។ […] «យើងធ្វើប៉ុណ្ណឹងហើយ នៅតែមិនបានសុខទៀត»។
ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ប្រាប់VODនៅថ្ងៃទី១៣ ខែតុលានេះថា ការដែលសហគមន៍អន្តរជាតិ បន្តប្រងើយកន្តើយមិនជួយកម្ពុជា មានមូលហេតុចម្បង៣យ៉ាងធំៗ។
ទី១ មេដឹកនាំគ្រួសារហ៊ុនដឹកនាំកម្ពុជាជាង៤០ឆ្នាំមក បានបំផ្លាញប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្សជាប្រព័ន្ធ និងចាប់ចងសកម្មជននយោបាយបក្សប្រឆាំង រួមទាំងសកម្មជនសិទ្ធិមនុស្សតាមទំនើងចិត្ត។
ទី២ រដ្ឋាភិបាលគ្រួសារហ៊ុន បានគប់គិតជាមួយក្រុមឧក្រិដ្ឋជនឆបោកខ្នាតអន្តរជាតិ ដោយមានមន្រ្តីជាន់ខ្ពស់របស់ខ្លួន ជាអ្នកកាងការពារឧក្រិដ្ឋជនទាំងអស់នោះ ដើម្បីប្រមូលប្រាក់ចិញ្ចឹមបក្សកាន់អំណាច។
និងទី៣ មេដឹកនាំគ្រួសារហ៊ុន បន្តដឹកនាំប្រទេសបែបផ្តាច់ការ ពុករលួយ បក្ខពួកនិយម ដោយផ្ទេរអំណាចពីឳពុកទៅកូនប្រុស ក្នុងវង្សតែក្រុមគ្រួសារ ដោយមិនមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
លោកអះអាងថា បញ្ហាចាក់ស្រែះនេះហើយ ដែលធ្វើឱ្យប្រទេសប្រជាធិបតេយ្យជឿនលឿន រួមទាំងសហគមន៍អន្តរជាតិ ហាក់ស្ទាក់ស្ទើរមិនជួយកម្ពុជា ទោះបីភាគីថៃបន្តគឃ្លើនឈ្លានពានយ៉ាងណាក្តី។
លោកថា៖ «អន្តរជាតិគេមិនជួយកម្ពុជា គេមិនជឿកម្ពុជា គេមិនថ្កោលទោសថៃហ្នឹង ដោយសារបញ្ហាគឺនៅកម្ពុជានឹងមានការកាន់អំណាចផ្ដាច់ការតពូជ គេគ្រាន់តែឮឈ្មោះ ហ៊ុន សែន គេស្អប់មុខដូចមុខ ប៉ុល ពត អីចឹង ហើយមួយទៀតដោយសារតែកម្ពុជា និងបានបិទប្រព័ន្ធព័ត៌មានឯករាជ្យផ្សេងៗ ដូចជា វីអូឌី អាស៊ីសេរី ខេមបូឌាដេលីជាដើម ហើយអត់មានបណ្ដាញព័ត៌មានដ៏ធំៗ ដូចជា BBC CNN Router ហើយមួយទៀត ដោយសារតែកម្ពុជាមានបទល្មើសនៃការបង្ខំមនុស្ស ឲ្យឆបោកតាមអនឡាញច្រើនជាងគេលើពិភពលោក»។
ប្រហែលគ្នានេះដែរ អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត មើលឃើញចំនុចធំៗ២យ៉ាងដែលធ្វើឱ្យកម្ពុជាបន្តឯកា គ្មានសហគមន៍អន្តរជាតិ លូកដៃចង់ជួយកម្ពុជារឿងជម្លោះព្រំដែនជាមួយថៃនេះ។
ទី១ ក្រោមការដឹកនាំក្រាញអំណាចរបស់មេដឹកនាំគ្រួសារហ៊ុន បានសម្លាប់ប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ជាពិសេស ការរំលាយបក្សសង្រ្គោះជាតិ និងចាប់ខ្លួនមេដឹកនាំ លោក កឹម សុខា ជាដើម។
ទី២ កម្ពុជាបានក្លាយជាសំបុកក្រុមឧក្រិដ្ឋកម្មឆ្លងដែនខ្នាតអន្តរជាតិ ដែលមានមន្រ្តីនិងសាច់ញាតិមេដឹកនាំជាអ្នកនៅពីក្រោយកាងការពារ ទាំងនេះបង្កការគំរាមកំហែងដល់សន្តិសុខតំបន់ និងពិភពលោក។
លោកថា៖ «បញ្ហាចម្បងៗពីរ ដែលធ្វើឲ្យកម្ពុជាហាក់មិនមានទឹកមាត់ប្រៃ នៅលើឆាកអន្តរជាតិ ទី១រដ្ឋាភិបាលកម្ពុជា ត្រូវបានសហគមន៍អន្តរជាតិ ថ្កោលទោសថា ជាអ្នកបំផ្លាញប្រជាធិបតេយ្យ និងកម្ទេចនូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ទី២កម្ពុជាស្ថិតនៅក្នុងក្រសែភ្នែកដែលសហគមន៍អន្តរជាតិ មើលឃើញថាជាអ្នកគាំទ្រទៅដល់ក្រុមឧក្រិដ្ឋជន ហើយបង្កការគំរាមកំហែងទៅដល់បណ្ដាប្រទេសទាំងអស់នោះដោយឡែកសហរដ្ឋអាមេរិក គឺជាអ្នកដែលទទួលរងការខាតបង់ធ្ងន់ធ្ងរជាងគេ ពីការឆបោកតាមអនឡាញ»។
យ៉ាងណា សម្រាប់ លោក វ៉ន ចាន់ឡូត ជឿជាក់ថា បញ្ហាទាំងនេះ រដ្ឋាភិបាលកម្ពុជានៅមានឱកាសកែខ្លួន ដោយគ្រាន់តែស្តារប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ដោះលែងអ្នកទោសនយោបាយ លុបបំបាត់អំពើពុករលួយ បក្ខពួកនិយម នោះកម្ពុជានឹងទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិជាក់ជាមិនខាន។
ក្រោយប៉ះទង្គិចគ្នាដោយអាវុធទ្រង់ទ្រាយធំ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ និងមានបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដានោះ ថៃមិនបានគោរពបទឈប់បាញ់ទេ ។
ថៃចូលមករាយបន្លាលួសព័ទ្ធយកប្រាសាទតាមាន់ធំ ស្ថិតក្នុងខេត្តឧត្តរមានជ័យ តំបន់អានសេះ ក្នុងខេត្តព្រះវិហារ និងភូមិព្រៃចាន់ ភូមិអូរបីជាន់ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយនៅថ្ងៃសុក្រនេះ ថៃ បានបញ្ជូនគ្រឿងចក្រ និងកងកម្លាំងមកឈ្លានពានដីខ្មែរ តាមការគ្រោងទុក ទាំងគ្មានការទប់ស្កាត់ពីភាគីរដ្ឋាភិបាលកម្ពុជានោះទេ។
ចំណែក អាខោនហ្វេសប៊ុកឈ្មោះថា សារ៉ាត ស៊ុន បានសរសេរថា បើការបើកដៃឱ្យប្រទេសជិតខាងចូលព័ទ្ធយកដីតាមចិត្ត ហើយយើងនៅស្ងៀមឈរមើល រង់ចាំពឹងឱ្យគេជួយជាយុទ្ធសាស្រ្តវៃឆ្លាតអាចការពារទឹកដីបានមែន អីចឹងប្រទេសលើពិភពលោកគេលុបចោលក្រសួងការពារជាតិចោលអស់ហើយ។ ប្រភពបន្តថា ដូច្នេះគេមិនបាច់ប្រឹងរកលុយទិញអាវុធ ដើម្បីពង្រឹងប្រព័ន្ធការពារជាតិគេទេ ឬក៏គេមិនមានមេដឹកនាំវៃឆ្លាត នឹកឃើញយុទ្ធសាស្រ្តឈ្នះៗដូចកម្ពុជាយើងដែរ។
អាខោសហ្វេសប៊ុកឈ្មោះថា ព្រលឹងជាតិ បានបង្ហោះសារថា មិត្តដែកថែបរបស់រដ្ឋាភិបាលកម្ពុជាមួយចំនួន បែរជាសម្រេចចិត្តឈរចំកណ្ដាល បើទោះកម្ពុជាប្រឈម សត្រូវកំពុងស៊ីសាច់ហុតឈាមក្តី។
ប្រភពបន្តថា នេះមានន័យថា គឺមិត្តដែកថែបរបស់កម្ពុជា បានទះកំផ្លៀងរដ្ឋាភិបាល ដោយមិនញញើតដៃ ហើយក៏បានបញ្ជាក់សារយ៉ាងច្បាស់ថា ខ្លួនមិននៅជាមួយកម្ពុជានោះទេ ក្នុងជម្លោះព្រំដែននេះ។
ប្រភពអះអាងថា ដើម្បីលួងចិន រដ្ឋាភិបាលកម្ពុជាបានរកមធ្យោបាយគ្រប់យ៉ាង តាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនគ្រប់រូបភាព ដើម្បីធ្វើការផ្សព្វផ្សាយឲ្យភាគីថៃដឹង ដើម្បីឲ្យថៃមិនទុកចិត្តចិន តាមរយៈ ការថតបង្ហោះគ្រឿងយុទ្ធោបករណ៍ ការបង្ហាញនាវា ដែលចិននឹងបញ្ជូនមកឲ្យកម្ពុជា និងលើកយកសាររបស់ចិនថា «ចិនមិនបោះបង់កម្ពុជា ចិនមិត្តដែកថែបរបស់កម្ពុជា»។
ដោយឡែកចិនវិញ បានយល់ច្បាស់ណាស់ថា កម្ពុជាបើទោះជាជួយទំនុកបម្រុងខ្លាំងប៉ុណ្ណាក៏ដោយ គឺកម្ពុជានៅតែស្គម នៅតែមិនមានសុខភាពល្អនោះទេ ដោយសារការចិញ្ចឹមកម្ពុជា គឺទៅធាត់វៀតណាម។ហើយមួយទៀត ទាំងចិនក្តី អាមេរិកក្តី គឺមិនមានចេតនាឱ្យវៀតណាមធំធាត់នោះទេ ដោយសារអាចប៉ះពាល់ទាំងចិន និងអាមេរិក ក្នុងរយៈពេលវែង។
ដូចនេះកម្ពុជា គួរតែយល់អំពីរឿងនេះ ហើយកម្ពុជាគួរងាកទៅរកការសម្របសម្រួលជាតិ ដើម្បីឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ទើបរដ្ឋាភិបាលកម្ពុជា អាចគេចផុតទាំងអស់នេះ។
ប្រភពអះអាងថា មានតែការបោះឆ្នោតដោយត្រឹមត្រូវ និងយុត្តិធម៌តែមួយគត់ ដែលធ្វើឲ្យកម្ពុជារឹងមាំ គឺមហាអំណាចលោកសេរីនៅពីក្រោយ ទើបធ្វើឲ្យសត្រូវមិនអាចបៀតបៀនបាន ដូចករណីអ៊ុយក្រែនជាឧទាហរណ៍។
រដ្ឋាភិបាលកម្ពុជា មិនអាចគេចវេសពីការបោះឆ្នោតត្រឹមត្រូវនោះទេ ហើយក៏មិនអាចទៅរកមធ្យោបាយប្រើប្រាស់ហិង្សា ដើម្បីបំបាត់សំឡេងប្រឆាំងបាននោះដែរ ពីព្រោះអ្វីដែលរងគ្រោះនោះ គឺរដ្ឋាភិបាលវិញទេ មិនមែនប្រទេសកម្ពុជា ហើយក៏មិនមែនបក្សប្រឆាំងដែរ ពីព្រោះមែនទែនទៅក្នុងសង្គ្រាមនេះ សឹងតែជាសង្គ្រាមបុគ្គលទៅវិញទេ៕









