ជម្លោះ​ព្រំដែន​​ជាមួយ​​ថៃ លោក ប្រាក់ សុខុន ថា​«យើង​​ធ្វើ​ប៉ុណ្ណឹង​​ហើយ យើង​នៅ​មិន​បាន​សុខ​ទៀត»

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន ត្រូ​​វបាន​គេ​​ដ​ក​​ស្រ​ង់​​សំដី​មក​ចុះ​ផ្សាយ​ថ្មីៗ​នេះ ហា​​ក់​ប​​ង្ហា​​​ញ​ពី​កា​រ​ខក​​ចិត្ត ជុំវិញ​ការ​ខំប្រឹ​​ងប្រែង​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ក្រោយ​មាន​បទ​ឈប់​បាញ់​ ​​ដោ​យ​លោក​បាន​លើ​ក​​ឡើង​​ថា «យើង​ធ្វើ​ប៉ុណ្ណឹង​ហើយ យើង​នៅមិ​ន​បាន​សុខ​ទៀត»

នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន(Freesh News) ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី​១២ ខែ​តុលានេះ និង​បន្ទោ​​តាម​ពី​ក្រោយ​ដោយ​អគ្គលេ​ខា​ធិកា​រ នៃ​រា​ជបណ្ឌិត្យ​សភា​កម្ពុជា​របស់​រដ្ឋាភិបាល គឺ​​លោ​ក​បណ្ឌិត យ៉ង់ ពៅ។

បើតាមប្រភព​ខាង​លើ លោក ប្រាក់ សុខុន បាន​និយាយ​ក្នុង​សំដី​ដើម​ថា «កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​យើង​ដែល​ធំ​ជាង​គេ គឺ​បញ្ចៀស​សង្គ្រាម មិន​មែន​យើង​ខ្លាច​ច្បាំង​នោះ​ទេ។ តែ​យើង​ដឹង​ថា សង្គ្រាម​បង្ក​វិនាស​កម្ម​។ យើង​ក៏​មិន​មែន​ជា​អ្នក​ចង់​បាន​ដី​ពី​អ្នក​ណា​ដែរ ហើ​យ​យើង​ក៏​មិន​មែន​ជា​អ្នក​ធ្វើ​សង្គ្រាម​ ដើម្បី​ដណ្តើម​ទឹក​ដី​អ្នក​ណា​ទេ។

លោកគូសបញ្ជាក់​ថា៖ «យើងត្រូវបង្ខំចិត្តកាន់អា​វុធ ដើម្បី​ការ​ពារ​បូរណ​ភាព​ទឹក​ដី​របស់​យើង​តែ​ប៉ុណ្ណោះ​យើង​ធ្វើ​ប៉ុណ្ណឹង​ហើយ យើង​នៅ​មិន​បាន​សុខ​ទៀត»។

នៅថ្ងៃដដែលនោះដែរ លោក​បណ្ឌិត យ៉ង់ ពៅ បាន​និយាយ​លើ​ហ្វេស​ប៊ុក​របស់​លោក​ថា លោក​យល់​ស្រប​ ទៅ​នឹង​ការ​លើក​ឡើង​នេះ។ លើស​ពី​នេះ លោក​ថា […យើង​ត្រូវ​បង្ខំ​ចិត្ត​កាន់​អាវុធ ដើម្បី​ការ​ពារ​បូរណ​ភាព​ទឹក​ដី​របស់​យើង…]។

បន្ថែមពីនេះ នៅថ្ងៃទី១៤ ខែ​តុលា​នេះ លោក យ៉ង់ ពៅ បាន​បង្ហាញ​សារ​ថា លោក​គូស​បញ្ជាក់​ឡើង​វិញ​ថា ប្រទេស​កម្ពុជា​នៅ​តែ​ប្រកាន់​យក​ដំណោះ​ស្រាយ​ជម្លោះ​ព្រំដែន តាម​រយៈ​ការ​ទូត និង​ច្បាប់​អន្តរ​ជាតិ​ជៀស​វាង​អំពើ​ហិង្សា និង​គោរព​បទ​ឈប់​បាញ់​កម្ពុជា-ថៃ យ៉ាង​ខ្ជាប់​ខ្ជួន។

ទោះយ៉ាង​ណា ក្នុង​វីដេអូខ្លី​​មួយ​ដែល​លោក​បាន​បង្ហោះ លោក​ថា កម្ពុជា រក្សា​សិទ្ធិប្រើ​​កម្លាំង​យោធា​ការ​ពារ​អធិប​តេយ្យ​ឱ្យ​ខាន​​តែ​បាន ស្រប​តាម​ច្បាប់​ជាតិ និង​អន្តរ​ជាតិ។

លោក​ថា៖ «នៅលើវិថីការទូត គឺក​ម្ពុជាយើ​ង​ប្រកាន់​យក​ការ​ទូត អន្តរ​ជាតិ ប្រកាន់​យក​ច្បាប់​អន្តរ​ជាតិ​ជា​គោល ដែល​យើង​ធ្លាប់​ប្រកាន់​យក​តាំង​ពី​ទសវត្សរ៍​៥០​មក​ម្លេះ ទាំង​ពី​សម័យ​សម្តេច​ព្រះ​បរម​រតន​កោដ្ឋ​រហូត​បច្ចុប្បន្ន​នេះ គឺ​ក៏​យើង​យក​ចំណុច​នេះ​ដែរ។ ហេតុ​អី​បាន​យើង​ត្រូវ​យក​ចំណុច​ហ្នឹង កម្លាំង​មិន​មែន​យើង​អត់​បាន​គិត​ទេ។ ប៉ុន្តែ​យើង​មិន​យក​ជា​ចំណុច​ទីមួ​យ​ទេ ប៉ុន្តែ​យើង​ត្រូវ​តែ​ការ​ពារ​ទឹក​ដី​យើង។ តែ​ការ​ពារ​សំខាន់​បំផុត គឺ​យើង​មាន ដែល​ភាសា​ខ្មែរ ក្នុង​ដី​ភូមិ​ករ​គេ​ថា​ជា​ប្លង់​រឹង​របស់​យើង។ ប៉ុន្តែ​បញ្ជាក់​ឡើង​វិញ​មិន​មែន​មាន​ប្លង់​រឹង​ ហើយ​ដាក់​ការ​តាប​ដើរ​ញញឹម​ដាក់​គេ អត់​បាន​គិត​អី អាហ្នឹង​ក៏​ខុស​ដែរ»

លើសពីនេះ បើ​តាម​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​របស់​ក្រសួង​ការ​បរទេស ចុះ​ថ្ងៃ​ទី​១៣ ខែ​តុលា បាន​បញ្ជាក់​ថា រដ្ឋមន្ត្រី​ក្រសួង​​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន ក្នុង​​កិច្ច​ប្រជុំ​ចតុ​ភាគី រវាង​ប្រទេស​កម្ពុជា ថៃ ម៉ាឡេ​ស៊ី និង​សហរដ្ឋ​អាមេរិក។

បើតាមលិខិតនោះ លោកប្រាក់ សុខុន បានលើកឡើង​ពី​ចំនុច​អាទិភាព​សំខាន់ៗ​មួយ​ចំនួន ដែល​ភាគី​ទាំង​ពីរ​ គឺ​ថៃ​និង​កម្ពុជា បាន​ឯកភាព​គ្នា​នា​ពេល​ថ្មីៗ​នេះ ដើម្បី​រួម​គ្នា​កាត់​បន្ថយ​ភាព​តាន​តឹង និង​កសាង​ទំនុក​ចិត្ត​ឡើង​វិញ ។

បើតាម លោក ប្រាក់ សុខុន ការឯកភាព​គ្នា​នោះ មាន​ដូច​ជា​ការ​ដក​ទៅ​វិញ​នូវ​អាវុធ​ធន់​ធ្ងន់ ការ​ដោះ​មីន​មនុស្ស​ធម៌ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន ការ​គ្រប់​ការ​តាំង​ទំនៅរ​បស់​ជន​ស៊ីវិល​នៅ​តាម​ព្រំដែន​ និង​ការ​ប្រឆាំង​ព័ត៌​មាន​មិន​ពិត​ជា​ដើម។

ការឯកភាពគ្នានេះ ក្នុងបំណងរបស់កម្ពុជា ដើម្បីស្តារ​ប្រតីភាព សន្តិ​ភាព ស្ថិរ​ភាព និង​វិបុល​ភាព​រវាង​ប្រទេស និង​ប្រជាជន​ទាំង​ពីរ។

យ៉ាងណា ក្រោយប៉ះទង្គិច​គ្នាដោយ​អាវុធ​ទ្រង់​ទ្រាយ​ធំ កាល​ពី​ថ្ងៃ​ទី២​៤ ខែ​​កក្កដា ឆ្នាំ​​២០២៥ និង​​មា​ន​​បទ​ឈប់​​បាញ់​​​ នៅ​​​ថ្ងៃ​ទី​​២៨ ខែ​កក្កដា​​នោះ ថៃ​​មិ​ន​​បា​ន​គោរព​​បទ​​ឈប់​​បាញ់​​ទេ ។

ថៃ​ចូល​មក​​រាយ​បន្លា​លួស​ព័ទ្ធ​យក​ប្រាសាទ​​តាមាន់ធំ ស្ថិត​ក្នុង​ខេត្ត​ឧត្តរ​មាន​​ជ័យ តំប​ន់​អាន​​​សេះ ក្នុង​ខេត្ត​ព្រះ​​វិហារ និង​​បញ្ជូន​គ្រឿង​ចក្រ​មក​ឈូស​រំលោភ​ដី​ខ្មែរ ភូមិ​​​​​ព្រៃ​ចាន់ ភូមិ​​​អូរបី​ជាន់ ក្នុ​ង​​ស្រុក​​អូរជ្រៅ ខេត្ត​បន្ទាយ​​មាន​​ជ័យ ទាំង​គ្មាន​ការ​ទប់​ស្កាត់​ពី​កម្លាំង​ការ​ពារ​ជាតិ​កម្ពុជា។

យ៉ាងនេះក្តី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ​ សំអាន ហៅ​បញ្ហានេះ​ថា ដល់​ពេល​ដែល​គ្រួសារ​ហ៊ុន​ត្រូវ​កាត់​ដី​ឱ្យ​ថៃ​ដូរ​យក​សន្តិភាព​ និង​អំណាច​ហើយ។

ក្នុងន័យនេះ លោក សំអាន ពន្យល់ថា ការដោះមីននិង​ការ​ដក​កាំភ្លើង​ធំ​ចេញ​ពី​ព្រំដែន ​ប្រៀប​ដូច​ការ​បើកដៃ​ឱ្យ​ថៃចូលរំលោភយកដីខ្មែរតាមចិត្ត កម្ពុជាចាញ់ល្បិចថៃទ។

បន្លាលួសនៅតែមិនរើចេញ​ដដែល ទាហាន​១៨​នាក់​នៅ​តែ​មិន​ដោះ​លែង​ដដែល និង​ដី​ដែលក​ម្ពុជា​បាត់​បង់​ដូច​ជា​ ភ្នំទ្រ​ព្យ ប្រាសាទ​តាមាន់​ធំ ប្រាសាទ​តាមាន់​តូច និង​ច្រក​អាន​សេះ ព្រម​ទាំង​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគ​ជ័យ​នៅ​តែ​ថៃ​គ្រប់​គ្រង​ដដែល។

លោកសង្កត់ធ្ងន់ថា នេះគេហៅថា ការ​កាត់​ដីដូ​រ​យក​សន្តិភាព​និង​អំណាច ហើយ​ថា នេះ​ជា​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​អស់​ដី​របស់​ត្រកូល​ហ៊ុន។

លើសពីនេះ លោក​ថា អញ្ចឹង​បក្ស​កាន់​អំណាច ខំ​បិទ​សារ​ព័ត៌​មាន និង​ពលរដ្ឋ​មិន​ឱ្យ​ឡាយ​ផ្ទាល់ ពី​ហេតុ​ការ​ណ៍​នៅ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគ​ជ័យ ដើម្បី​ងាយ​ស្រួលកា​ត់​ភូមិ​ទាំង​២​នោះ​ឱ្យ​ថៃ។

ជុំវិញបញ្ហានេះ លោក មែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ធ្លាប់​បញ្ជាក់​​​ប្រាប់​​វីអូឌី​​ថា ស្ថាន​​ភាព​​ព្រំដែន​កម្ពុជា-ថៃ ថៃ​​កំពុង​សង្កត់​​កម្ពុជា​​​ឲ្យ​ទទួល​​យក​ផែន​​​ទី​​ចោរ​​ខ្នាត ១/៥0.000 និង​ទាម​ទារ​កម្ពុ​ជា​ឲ្យ​ដោះ​​គ្រាប់​មីន ដើម្បី​​ឲ្យ​ខ្លួន​​សម្រេច​​​មហិច្ឆ​​តា​​ឈ្លាន​​ពាន​​កម្ពុជា តាម​​ផែន​​​ទី​​ដែល​​ថៃ​​គូរ​ដោយ​​ឯកតោ​​ភាគី ។

លោកផ្តល់ជាយោបល់ថា មានតែកម្ពុជាប្រើយន្តការអន្តរជាតិទេ ទើបអាច​ការ​ពារ​បូរណ​ភាព​ទឹក​ដីបាន គឺ​ត្រូវ​ប្តឹង​ទៅ​​តុលាការ​យុត្តិធ​ម៌​អន្តរ​ជាតិ​(ICJ) និង​ប្តឹង​សហ​ប្រធាន​កិច្ច​ព្រៀម​ព្រៀង​​ទីក្រុ​ង​ប៉ារីស ឱ្យ​កោះ​ប្រជុំ​​​ភាគី​ពាក់​​ព័​ន្ធ​​បន្ទាន់ ទើប​​អាច​​ទប់​​ស្កាត់ មហិច្ឆតា​បរទេស​ឈ្លាន​ពាន​បាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ