អង្គការសង់ត្រាល់​កត់​សម្គាល់​សេរីភាព​សហជីព​កាន់​តែ​រួម​តូច

អង្គកា​​រសម្ព័ន្ធ​ភាព​ការ​ងារ និង​សិទ្ធិ​មនុស្ស​សង់​ត្រាល់ នៅ​ថ្ងៃ​ទី​១៤​ ​ខែ​តុលា បាន​ចុះ​​ផ្សាយ​នូ​​វ​អត្ថ​បទ​វិចារណា​កថា​មួយ ក្រោម​ចំណង​ជើង​ថា ភាព​ជាប់​គាំង​សេរីភាព​នៃ​ការ​​បង្កើត​​សមាគម​ ដែល​​និយាយ​ពី​ ឧប​សគ្គ​​នៃ​​ការ​​ចុះ​​​បញ្ជី​​សហជីព​​​ជា​ប្រព័ន្ធ​​របស់​​កម្ពុជា។

អត្ថប​​ទបា​​​នរំ​លេចថា ការ​ចុះ​ឈ្មោះ​​បង្កើ​ត​សហជីព បាន​ក្លាយ​ជា​ការ​សា​ក​ល្ប​ង​ភាព​ស៊ូ​ទ្រាំរប​ស់​​កម្ម​ករ ពិ​សេស​គឺកា​រស​ង​សឹ​ក​របស់​និយោ​ជក​ទៅ​លើ​ក្រុមក​ម្មករ​​ដែល​ចង់​​បង្កើត​​ស​ហជីព ដែល​​ប្រ​​ព្រឹត្តទៅ​តា​ម​ដំណាក់​កាល។

តាម​សង់​ត្រាល់ ដំណាក់​កាល​ទាំង​នោះ គឺ​ចាប់​ផ្ដើម​ពេល​ដែល​កម្មករ​ដា​​ក់ពាក្យ​ស្នើ​សុំ​​ទៅ​​កាន់​​ក្រ​សួង ហើយ​ក្រោយ​មក​កិច្ច​សន្យា​ការ​ងារ​របស់​ពួក​គេ បែរ​ជា​ផុត​កំណត់ ខណៈ​​កម្មក​​រមួ​យ​ចំនួន​ទៀត​ត្រូវ​​បាន​ចោទ​ប្រកាន់​ថា​បាន​ប្រព្រឹត្ត​បទ​ល្មើស​ផ្សេងៗ។

ក្នុងអំឡុងពេលនោះ សមាជិកសហជីព​ត្រូវ​បាន​គេ​បញ្ចុះ​បញ្ចូល​ឱ្យ​ចាក​ចេញ​ពី​ក្រុម ឬមា​ន​​កា​រ​គំរា​ម​កំហែង​ផ្សេងៗ។

​បន្ទាប់​មក​ ក្រសួង​ការងា​រ បាន​បដិសេធ​ការ​ចុះ​បញ្ជី​ការ​សហជីព ដោយ​ផ្អែក​លើ​ហេតុ​​ផល​​ទាំ​ង​នេះ ឬ​ពាក្យ​ស្នើ​សុំ​មាន​​ខុស​អក្ខរា​វិរុទ្ធ​ជាដើម ដែល​ធ្វើ​ឱ្យ​នីតិវិធី​ស្នើសុំ​បង្កើ​ត​សហ​ជីព​​ឯករា​ជ្យ​ចា​យ​ពេល​កាន់​តែ​យូរ។

បើតាមសង់ត្រា​ល់ វិធីសាស្ត្រនេះគឺធ្វើ​ឡើង​មាន​លក្ខណៈ​ជា​រង្វង់ ត្រឡប់​ចុះ​ឡើងៗ ដោ​យ​​កា​​លណា​​ការ​​ស្នើ​សុំ​ចាយ​ពេល​កាន់​តែ​យូរ នោះ​ការ​តាំង​ចិត្ត​បង្កើត​​សហជីព​នឹង​​កាន់​តែ​​​ចុះ​​ខ្សោ​យ ហើយ​វាបា​ន​ក្លាយ​​ជាវិធី​​សាស្ត្រ​បង្ក្រាប​សហជីព​ឯករាជ្យ។

​តាមអត្ថបទដដែល ការពន្យារពេលនីតិ​វិធីរដ្ឋបាល​នេះ ក្នុង​ករណី​ខ្លះមា​ន​រយៈ​ពេល​ជាង ៤ឆ្នាំ ដែល​​បាន​​ក្លាយ​ជា​ច្រក​​មួយ​អនុញ្ញាត​ឱ្យ​និយោជក ធ្វើ​សកម្មភាព​រារាំង​សហជីព រួម​ទាំ​​ងការ​បណ្តេញ​មេ​ដឹក​នាំ​សំខាន់ៗ និង​ការ​គាប​សង្កត់​​កម្មករ​ឱ្យ​ចាក​ចេញ​ពី​ក្រុម​សហជីព ហើយ​ពួក​គេ​នឹ​ង​រង​គ្រោះ​ដោ​យ​​សារ ​គ្មាន​សហជីព​ឯករាជ្យ និង​ស្រប​ច្បាប់ នៅ​ចាំ​ការ​ពារ។

គិត​ត្រឹមខែសីហា ឆ្នាំ​២០២៥ យ៉ាង​ហោច​ណាស់​មាន​សហជីព​ក្នុង​ស្រុក​ចំនួន ៣៤ និង​ស​ហព័ន្ធ​​ចំ​នួន​៣ ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ជាប់​គាំង​នៅ​ក្នុង​ការ​ចុះ​ឈ្មោះ​នេះ។

អង្គ​ការ​ស​ង់​ត្រាល់ ​ចង្អុល​​​ទៅ​​រោង​​ចក្រ​​មួ​​យ​ក្នុង​​តំបន់​​សេដ្ឋកិច្ច​​ពិសេស​​ប៉ោយ​ប៉ែត ដែល​​សហជីព​​ឯក​រាជ្យ​​មួយ​ ​បាន​​ដាក់​​ពាក្យ​​​ស្នើ​​​សុំ​​១១​ដង ​ក្នុង​​រយៈ​ពេល​​ពីរ​ឆ្នាំ​​មក​​ហើយ ខណៈ​​ដែល​មេ​ដឹក​​នាំ​​បួន​​នាក់​ត្រូវ​​បាន​​បណ្តេញ​​ចេញ។

អត្ថបទវិចារណកថារបស់សង់​ត្រាល់ គូស​បញ្ជាក់​ថា ការ​អនុវត្ត​នេះ​នៅ​តែ​បន្ត​កើត​មាន បើ​ទោះ​​បី​ជា​មាន​កា​រ​អំពាវ​នាវ​ម្តង​ហើយ​ម្តង​ទៀត ឱ្យ​ធ្វើ​កំណែ​ទម្រង់​ពី​ស្ថាប័ន​អន្តរ​ជាតិ រួម​ទាំង​អង្គ​ការ​សហ​ប្រជា​ជាតិ (UN) អង្គ​ការ​ពលកម្ម​អន្តរ​ជាតិ (ILO) និងស​ហភាព​អឺរ៉ុប (EU) ដែល​ការ​អនុ​គ្រោះ​ពាណិជ្ជ​កម្ម​ (EBA) ត្រូវ​បាន​ផ្សារ​ភ្ជា​​ប់​ទៅ​នឹង​កា​​រកែ​ល​ម្អ​សិ​ទ្ធិ​​ការ​ងារ។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ លោក ស៊ុន មេសា បាន​ទេ​នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា​នេះ។

តែបើ​យោង​តា​​មកា​​របង្ហោះ​​សារនៅ​លើ​​​គណនី​ប​ណ្ដា​ញ​សង្គ​ម​ផ្ទាល់​ខ្លួន អ្នក​នាំ​ពាក្យ​រូប​នេះ លើក​ឡើង​​ថា វិចារណ​កថា ឬ Op-Ed គឺ​ជា​​គំនិត​មួយ ឬ​ជា​ការ​វិភាគ​​មួ​យ​ផ្អែក​​​លើ​គំនិត​ខ្លួន​ឯង ឬ​ព័ត៌​មា​ន​ដែល​​ទទួល​​ប៉ុណ្ណោះ។

លោក​បន្តថា ការវិភាគខ្លះគ្រាន់តែជា​ការ​វិភាគ​មួយ​ដែល​គ្មាន​វិជ្ជា​ជីវៈ មិន​គ្រប់​ជ្រុង​ជ្រោយ មិន​​​ឆ្លុះ​​បញ្ចាំង​​ពី​ទិដ្ឋ​ភាព​​ពិត​ប្រាកដ និង​ជាក់​ស្តែង ហើយ​មិន​អាច​ជឿ​ទុក​ចិត្ត​បាន និង​​សរ​សេ​រ​វិ​ភាគ​តាម​អារម្មណ៍ ហើយ​បើ​ចង់​ដឹង​ថា អ្នក​សរសេ​រ​មាន​វិជ្ជាជីវៈ និង​ទទួ​ល​យ​ក​បាន​អត់​ ត្រូវ​មើល​និន្នាការ​នយោ​បាយ និង​ប្រភព​លុយ។

តាមរយៈអត្ថបទ​វិចារណកថា សង់ត្រាល់ ជំរុញ​ឱ្យ​ក្រសួង​ការ​ងារ និង​បណ្ដុះ​​ប​ណ្ដាល​វិជ្ជាជីវៈ អនុ​វត្ត​កំណែ​ទម្រង់​រដ្ឋបាល​​ជា​បន្ទាន់ ដូច​ជា ការ​បញ្ចប់​ការ​ចាប់​​កំហុស​​​​តូ​ច​តា​ច ​ដូច​ជា អក្ខា​វិរុទ្ធ និង​ព​ន្លឿន​ការ​ចុះ​ឈ្មោះ​បង្កើត​សហជីព​​ប្រកប​ដោយ​តម្លា​ភាព ដើម្បី​ធានា​ថា​កម្ពុ​​ជា​គោរព​រដ្ឋ​ធម្ម​នុញ្ញ​​របស់​ខ្លួ​ន និ​ង​ច្បាប់​ការ​ងារ​អន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ