ករណីនិស្សិតកូរ៉េស្លាប់ដោយសារបទឧក្រិដ្ឋចាប់ជំរិត នៅកម្ពុជាថ្មីៗនេះ ជំរុញការទាមទារឱ្យមេដឹកនាំគ្រួសារហ៊ុន បង្ហាញការទទួលខុសត្រូវ ដើម្បីស្តារមុខមាត់ជាតិ ដោយថាករណីនេះកំពុងបង្កការភ័យខ្លាចដល់ពិភពលោក ធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តអ្នកវិនិយោគ ដែលវាគំរាមកំហែងធ្ងន់ធ្ងរដល់ជីវភាពពលរដ្ឋខ្មែរទូទាំងប្រទេស។
ក្តីបារម្ភនេះ ក្រោយសារព័ត៌មានកូរ៉េ និងកាសែត South China Morning Post បានចុះផ្សាយ រឿងករណីចាប់ជំរិតនិស្សិតកូរ៉េ វ័យ២២ឆ្នាំ ដែលឧក្រិដ្ឋជនជនជាតិចិន ធ្វើទារុណកម្មរហូតស្លាប់ នៅភ្នំបូកគោ ក្នុងខេត្តកំពត។
បន្ថែមលើនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម្យុង ហៅកម្ពុជាថា ជាទីក្រុងឧក្រិដ្ឋកម្ម ហើយរដ្ឋាភិបាលកូរ៉េ បានដាក់បម្រាមហាមឃាត់ និងឱ្យជនជាតិកូរ៉េ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការទៅធ្វើដំណើរទៅកាន់ប្រទេសកម្ពុជាផងដែរ។
ជុំវិញរឿងនេះ យុវជនខ្មែរម្នាក់កំពុងរស់នៅកូរ៉េដែលសកម្មកិច្ចការសង្គម លោក យង់ ស៊ីណេត ប្រាប់VODនៅថ្ងៃទី១៥ ខែតុលានេះថា ករណីចាប់ជំរិតជនជាតិកូរ៉េនៅកម្ពុជានេះ មិនមែនជារឿងថ្មីទេ ពោលគឺកើតមានច្រើនករណីមកហើយ។
បើតាមយុវជនរូបនេះ ករណីថ្មីនេះ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅប្រទេសកូរ៉េ រហូតមានជនជាតិកូរ៉េមួយចំនួនរើសអើងពលរដ្ឋខ្មែរថែមទៀត ហើយលោកថាមេដឹកនាំកូរ៉េបានចេញមុខបានរិះគន់ចំៗថា កម្ពុជាជាទីក្រុងឧក្រិដ្ឋកម្ម និងប្រាប់ពលរដ្ឋខ្លួនប្រុងប្រយ័ត្នខ្ពស់ បើធ្វើដំណើរមកកាន់កម្ពុជា។
លោកថា៖ «ខ្ញុំជាពលរដ្ឋខ្មែរម្នាក់ដែលកំពុងរស់នៅសាធារណរដ្ឋកូរ៉េខាងត្បូងនេះ ខ្ញុំពិតជាចង់ឃើញរដ្ឋាភិបាលមានទំនួលខុសត្រូវ ហើយពង្រឹងនូវកិច្ចការងារទាំងអស់ហ្នឹង ពាក់ព័ន្ធសុខសុវត្ថិភាពពាក់ព័ន្ធនឹងសន្តិសុខជាតិ នៅក្នុងប្រទេសកម្ពុជារបស់យើង។ ប្រទេសរបស់យើង គេមើលក្នុងកែវភ្នែកមិនល្អថា ជាប្រទេសដែលឧក្រិដ្ឋកម្ម។ អ៊ីចឹងយើងពិតជាមានសម្ពាធផ្លូវចិត្តខ្លាំង។ បើទោះបីជាជនជាតិកូរ៉េ គេមិនបង្ហាញនូវការរើសអើង ដោយចំពោះមុខ! នៅក្នុងចិត្តរបស់គេ ខ្សែភ្នែករបស់គេ គឺគេរើសអើងបាត់ទៅហើយ។ គេមើលយើងក្នុងផ្លូវមិនល្អបាត់ទៅហើយ អ៊ីចឹងយើងពិតជាមានគេហៅថា ការរស់នៅដោយរងនូវសម្ពាធផ្លូវចិត្ត»។
ជុំវិញរឿងនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃកម្ពុជា លោក ទូច សុខៈ នៅថ្ងៃទី១៣ ខែតុលា ថ្លែងថា និស្សិតជនជាតិកូរ៉េ ឈ្មោះ ផាក មិនហូរ វ័យ២២ឆ្នាំ ស្លាប់ដោយសារគាំងបេះដូង ក្រោយរងទារុណកម្មធ្ងន់ធ្ងរ និងមានស្នាមជាំឈាមលើរាងកាយជាច្រើនកន្លែង។
លោកថា សមត្ថកិច្ចកម្ពុជា ពុំបានទទួលបណ្ដឹងពីគ្រួសារសព ឬពីស្ថានទូត ដូចការចុះផ្សាយរបស់ South China Morning Post ដែលថា គ្រួសារសពបានស្វែងរកកិច្ចអន្តរាគមន៍ សង្គ្រោះតាមរយៈស្ថានទូត និងនគរបាលមូលដ្ឋាននោះទេ។
យ៉ាងណា លោកថា ករណីនេះ ក្រសួងនឹងហៅតំណាងស្ថានទូតកូរ៉េខាងត្បូង មកស្តាប់ការពន្យល់ពីភស្តុតាងនានា និងលិខិតផ្លូវការ ដើម្បីបង្ហាញបច្ចុបុ្បន្នភាពនៃរឿងក្តីឃាតកម្មនេះផងដែរ។
ទោះជាបែបណា អ្នកនាំពាក្យរូបនេះ គូសបញ្ជាក់ថា កម្ពុជាបានប្រឹងប្រែងបង្រ្កាបបទឧក្រិដ្ឋឆបោកនេះដែរ នាពេលកន្លងទៅ តែលោកថាបញ្ហានេះជាវិបត្តិរបស់ពិភពលោក ដែលប្រទេសទាំងអស់ គួររួមដៃគ្នាបង្រ្កាបមិនមែនទម្លាក់កំហុសឱ្យប្រទេសណាមួយនោះទេ។
លោកថា៖ «ជារួមដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសជាសកលនេះ មានតែរដ្ឋនីមួយៗបន្តសហការជាមួយគ្នា ជាជាងការប្រើអារម្មណ៍ ឬឆ្លៀតកេងចំណេញពីការរងគ្រោះរបស់ប្រជាពលរដ្ឋខ្លួន ដោយទម្លាក់បន្ទុកទៅលើប្រទេសណាមួយ ដែលនេះគឺជាការផ្តល់ឱកាសឲ្យជនល្មើសបន្តប្រព្រឹត្តបទល្មើសបានយ៉ាងស្រួលទេ»។
ដោយឡែក តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្រ្ទ យល់ថា ការរីករាលដាលនៃបទឧក្រិដ្ឋឆបោកនេះ កើតចេញពីមេដឹកនាំនៅកម្ពុជា យកពួកឧក្រិដ្ឋជនធ្វើជាទីប្រឹក្សា ដើម្បីយកលុយចិញ្ចឹមអំណាច។
លោកសង្កត់ធ្ងន់ថា បើលោក ហ៊ុន សែន មិនវះកាត់ឧក្រិដ្ឋជនស្និទ្ធិនឹងខ្លួន ដែលអន្តរជាតិរកឃើញទេនោះ នោះកម្ពុជាបន្តស្អុយឈ្មោះកាន់តែខ្លាំងលើឆាកអន្តរជាតិ ធ្វើឱ្យបាត់បង់ទំនុកចិត្តដល់អន្តរជាតិ ក្នុងការមកវិនិយោគនៅកម្ពុជា ដែលបញ្ហានេះនឹងគំរាមកំហែងធ្ងន់ធ្ងរ ដល់ឆ្នាំងបាយពលរដ្ឋខ្មែរទូទាំង។
លោកថា៖ «អ៊ីចឹងបានអត់មានទេសចរណ៍! អត់មានភ្ញៀវ អ្នកវិនិយោគមកប្រទេសកម្ពុជាយើង ដោយសារទង្វើបែបហ្នឹងហើយ។ ជាពិសេសរដ្ឋាភិបាល គាត់អត់មានគិតគូររឿងហ្នឹងទេ អត់មានគិតគូរសោះ ហើយដោយសារវិបត្តិសេដ្ឋកិច្ចនេះហើយ ដើម្បីទ្រទ្រង់បក្សពួកគាត់! អ៊ីចឹងបានជាគាត់បង្កើតឧក្រិដ្ឋកម្មឆបោកតាមអនឡាញហ្នឹង គឺប្រទេសណាក៏ដោយ! ឃើញទេ គេនៅហ្វីលីពីន នៅឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា គេមកជម្រកឧក្រិដ្ឋជនទាំងអស់ហ្នឹង។ ជម្រកប្រទេសកម្ពុជា ដោយសារគាំទ្រពីថ្នាក់ដឹកនាំ ជាពិសេសរដ្ឋាភិបាល។ ឥលូវឃើញវិធានការ គាត់ចាប់បានតែមនុស្សតូចតាចនៅតាមក្រោម ប៉ុន្តែមេដឹកនាំកំពូលៗ មេឧក្រិដ្ឋជនធំៗអត់មានចាប់បានសោះ។ ធ្វើរបៀបនេះ គឺច្បាស់មហន្តរាយដល់ប្រទេសកម្ពុជាយើងហើយ»។
សម្រាប់ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ថា ករណីនិស្សិតកូរ៉េស្លាប់នេះ បង្កផលប៉ះពាល់ដល់មុខមាត់ជាតិខ្មែរធ្ងន់ធ្ងរ ដែលរដ្ឋាភិបាលត្រូវពិនិត្យកិច្ចការខ្លួនឡើងវិញ និងមានវិធានការម៉ឺងមាត់ ដើម្បីបង្រ្កាប និងស្តារមុខមាត់ជាតិឡើងវិញ។
លោកថា៖ «បើសិនជាយើងនៅតែបណ្ដែតបណ្ដោយ យើងនឹងធ្វើឲ្យស្ថានភាពស្រុកទេសរបស់យើងមានបញ្ហាកាន់តែធ្ងន់ ហើយអ្នកវិនិយោគក៏ដូចជាភ្ញៀវទេសចរបាញ់ស្តាប់នូវការបញ្ចេញ ឬក៏ប្រតិកម្មពីប្រទេសធំៗ ដែលមានកិត្តិយស ហើយនិងមានសេដ្ឋកិច្ចខ្លាំងក្លាហ្នឹង! អាចនឹងធ្វើឲ្យប៉ះពាល់ទៅដល់វិស័យទេសចរណ៍ វិស័យសេដ្ឋកិច្ច ក៏ដូចជាការវិនិយោគនៅក្នុងប្រទេសយើងផងដែរ ដូច្នេះនេះគឺជារឿងដែលត្រូវតែយកចិត្តទុកដាក់ ហើយត្រូវតែដោះស្រាយដោយឈរទៅលើគោលការណ៍យុត្តិធម៌ជាគោល»។
ជុំវិញរឿងនេះដែរ ថ្មីៗនេះ សភាអាមេរិក ទើបចេញសេចក្តីព្រាងច្បាប់មួយ ដើម្បីបង្កើតក្រុមការងារបំបែកបណ្តាញឧក្រិដ្ឋកម្មអន្តរជាតិ ដែលកំពុងប្រតិបត្តិការឆបោកតាមអនឡាញយ៉ាងទូលំទូលាយ ប្រឆាំងនឹងប្រជាពលរដ្ឋអាមេរិក។
ក្នុងនោះ មានការស្នើឱ្យដាក់ប្រទេសកម្ពុជា ក្នុងបញ្ជីខ្មៅ ឬប្រផេះ និងដាក់ទណ្ឌកម្មបុគ្គលមួយចំនួនផងដែរ។
មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល និងឧកញ៉ាស្ថិតក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក ដូចជា លោក នេត សារឿន ឧបនាយករដ្ឋមន្រ្តី និងជាក្មួយប្រសារលោក ហ៊ុន សែន ។ ឧកញ៉ា ហ៊ុន តូ ជាក្មួយ លោក ហ៊ុន សែន ឧកញ៉ា កុក អាន លោក ឌី វិជ្ជា កូនប្រសារ លោក ហ៊ុន សែន លោក គួច ចំរើន និងឧកញ៉ា ចេន ហ្ស៊ី ទីប្រឹក្សាលោក ហ៊ុន សែន ជាដើម។
លើសពីនេះ របាយការណ៍ស្រាវជ្រាវជាង ៧០ទំព័រ របស់វិទ្យាស្ថាន Humanity Research Consultancy (HRC) ចេញផ្សាយថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានបង្ហាញថា ប្រទេសកម្ពុជា នៅក្រោមអំណាចរដ្ឋាភិបាលគ្រួសារហ៊ុន គឺជាទីតាំងស្នូលនៃការប្រព្រឹត្តិឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស ឧក្រិដ្ឋកម្មអនឡាញ។
ប្រភពបន្តថា គ្រួសារហ៊ុន ដើរតួនាទីជាអ្នកការពារពួកអ្នកមានអំណាច ឱ្យគប់គិតជាមួយបណ្តាញឧក្រិដ្ឋកម្មបរទេស ដើម្បីប្រមូលប្រាក់ យកទៅចិញ្ចឹមគណបក្សកាន់អំណាច ដោយពួកគេអាចរកចំណូលបានពីឧក្រិដ្ឋកម្មអនឡាញ ប្រមាណពីជាង ១២ពាន់លាន ទៅ ១៩ពាន់លានដុល្លារនៅក្នុង១ឆ្នាំ។
បើតាមរបាយការណ៍ដដែល បុគ្គលដែលជាប់សង្ស័យពាក់ព័ន្ធនៅក្នុងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជាសរុបចំនួន ២៨នាក់ ដែលភាគច្រើនជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងឧកញ៉ាគ្រាក់ៗ៕









