ក្រសួងអប់រំធ្វើយុទ្ធនាការ​ជាតិ​​ដោះស្រាយបញ្ហាសិស្ស​​​បោះបង់​ការ​សិក្សា​ដែល​មានអត្រា​ខ្ពស់​​

រដ្ឋាភិបាលកម្ពុជា​​​ ដោយមានការ​គាំទ្រពី​អង្គការយូនី​សេហ្វ បាន​​និង​កំពុង​​ធ្វើ​​​​យុទ្ធនា​ការ​​​​នៅ​​​ទូទាំង​​ប្រទេស​​ ​ដើម្បី​​​​​​​​​ដោះ​​ស្រា​យ​​​​បញ្ហា​​អត្រា​​បោះប​ង់កា​រ​​សិក្សា​​ ដែល​​នៅ​​មាន​កម្រិត​ខ្ពស់​នៅ​ឡើយ និង​ធានាថា កុមារ​គ្រប់រូប​ចាប់ពីវ័យ​កុមារ​តូច រហូត​ដល់វ័យ​ជំទង់​ទទួល​បាន​ការ​អប់រំ​ប្រកប​​ដោយ​បរិយា​បន្ន និង​គុណភាព។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​អង្គការ​យូនីសេហ្វ​ ចុះ​​ថ្ងៃ​​​ទី​​១៤ ខែ​​តុលា ឆ្នាំ​២០២៥​នេះ បាន​លើកឡើង​ថា កម្ពុជា បាន​​សម្រេច​​បាន​​នូវ​​វឌ្ឍនភាព​ក្នុង​វិស័យ​​អប់​រំ ក្នុង​រយៈពេលប៉ុន្មាន​ឆ្នាំ​​កន្លង​​មកនេះ​ ដោយ​អត្រា​​​កុមារ​បានចុះឈ្មោះ​ចូល​រៀន​មានការ​កើន​ឡើង​ជា​បន្តបន្ទាប់ និង​កំពុង​រស់​រាន​មាន​ជីវិត​ក្នុង​ឆ្នាំ​ដំបូង​នៃ​ជីវិត​របស់​ពួកគេ។ ទោះជាយ៉ាងណា កុមារ​ និងក្មេង​ជំទង់​ជាច្រើន ​នៅ​តែ​មិន​បាន​ចូល​រៀន។

ប្រភពដដែលបន្តថា៖ «កុមារមកពីគ្រួសារ​ក្រីក្រ តំបន់ជនបទ សហគមន៍ជនជាតិ​ដើម​ភាគតិច និង​កុមារ​ដែលមាន​ពិការ​ភាព​ បន្ត​ប្រឈម​នឹង​ឧបសគ្គ​ក្នុងការ​រៀន​សូត្រ​ និង​មានចំនួន​តិច​តួច​ក្នុង​ថ្នាក់​រៀន។ កុមារដែល​មាន​ពិកា​រភាព​ទំនង​ជា​មិន​បាន​ចូលរៀន​រហូត​ដល់​ទៅ​ពីរ​ដង បើ​ធៀប​​ជាមួយ​កុមារ​ដទៃ​ដែល​មាន​អាយុ​​ប្រហាក់​ប្រហែល​​គ្នា»។

ករណីនេះ​ហើយ​ដែលក្រសួងអប់រំ ក្រោមការ​គាំទ្រ​ដោយ​យូនីសេហ្វ បាន​​ធ្វើ​យុទ្ធ​នាការ​​រួម​គ្នា​​នៅទូទាំង​ប្រទេស​​ ដើម្បី​លើក​កម្ពស់​កា​រ​យល់​ដឹង កៀរគរ​សហគមន៍ និង​ពង្រឹង​​ប្រព័ន្ធ​គាំ​ទ្រ​​ដើម្បី​រក្សា​កុមារ​​នៅ​បន្ត​សិក្សា និង​បង្កើន​លទ្ធផល​​សិក្សា។

យុទ្ធនាការ​ដែល​​​ចាប់​ផ្តើម​នៅ​ខេត្ត​រតនគិរី សៀមរាប និងកំពង់ចាម ដែលជា​ខេត្ត​មាន​អត្រា​បោះ​​បង់​ការ​សិក្សា​​ខ្ពស់ និង​មាន​វិសម​ភាព​ខ្លាំង​​នេះ នឹង​ផ្តោត​លើ​ការ​អប់រំកុមារ​តូច​ បរិយា​កាស​សិក្សា​​​​ប្រកប​ដោយ​បរិយា​ប័ន្ន​ និង​អន្តរាគមន៍​តាម​តម្រូវ​ការ សម្រាប់​កុមារ​ដែល​ងាយ​រង​គ្រោះ​បំផុត។ យុទ្ធនាការ​នេះ នឹង​ត្រូវ​បាន​អនុវត្ត​នៅទូទាំង​ប្រទេស តាមរយៈបណ្តាញ​ពហុ​ព័ត៌មាន ប្រព័ន្ធបណ្តាញ​សង្គម វិទ្យុ ទូរទស្សន៍ និងការ​ទៅផ្សព្វផ្សាយ​ដល់​សហគមន៍។​

រដ្ឋមន្ត្រីក្រសួ​ងអប់រំ យុវជន និង​កីឡា​ លោក​ ហង់ ជួនណារ៉ុន ត្រូវបាន​ស្រង់​សម្តី​ដាក់​​​ក្នុង​សេចក្តី​ប្រកាសព័ត៌មាននោះ​​​ថា កា​រធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​លទ្ធ​ផល​សិក្សា និង​ការ​កាត់​បន្ថយ​​ការ​បោះ​​​​បង់​​កា​រសិក្សា​របស់​កុមារ ​នៅ​តែ​ជា​អាទិភាព​​ចម្បង​នៃផែន​ការ​យុទ្ធ​សាស្រ្ត​វិស័យ​អប់រំ​របស់​​កម្ពុជា ខណៈកម្ពុជាក៏បាន​និង​កំពុង​ពង្រីក​លទ្ធ​ភាព​នៃការ​ទទួលបានសេវា​អប់រំ​គ្រប់​កម្រិត និង​ត្រូ​វ​ធានា​ថា កុមារ​គ្រប់រូប​មិន​ត្រឹម​តែ​បាន​ចូលរៀន​ប៉ុណ្ណោះទេ ប៉ុន្តែ​ពួកគេ​​ត្រូ​វបញ្ចប់ការ​សិក្សា​​ដោយ​មាន​ជំនាញ​ចាំ​បាច់​សម្រាប់​ជីវិត និងការ​ងារ​ផង​ដែរ។​

លោក​បាន​គូសបញ្ជាក់បន្ថែមថា៖ «យើងកំពុងធ្វើការ​រួមគ្នា​ដើម្បី​កសាង​ប្រព័ន្ធអប់រំ​ ដែល​មាន​សមធម៌ មានភាព​ធន់ និង​​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​អ្នក​សិក្សា​គ្រប់រូបនៅទូទាំង​ប្រទេស​កម្ពុជា»។

បើតាម​សេចក្តីប្រកាសព័ត៌មាន នៅឆ្នាំ​២០២៣ កម្ពុជា​មានកុមារ​ក្នុង​វ័យ​សិក្សា​ប្រមាណ ៣លាន​​នាក់ (២លាន​នាក់​នៅក្នុង​បឋម​សិក្សា និង​ ១លាន​នាក់ នៅអនុវិទ្យាល័យ) ដែល​ក្នុង​នោះ​មាន​កុមារ​ និងក្មេង​ជំទង់​ប្រហែល ៣សែន​នាក់ នៅក្រៅសាលា​។

គិត​មកដល់ឆ្នាំ​២០២៤ អត្រាបោះបង់ការ​សិក្សា​នៅតែ​ខ្ពស់ គឺ​មាន​កុមារ​​ ១៥.៥​ភាគរយ បាន​បោះ​បង់​ការ​សិក្សា​នៅកម្រិត​មធ្យម​សិក្សា​ បឋម​ភូមិ ខណៈក្មេង​ជំទង់​កាន់តែ​ច្រើន​កំពុង​នៅ​រៀន មានតែ ៦០ភាគរយ​ប៉ុណ្ណោះ​ បាន​បញ្ចប់​អនុវិទ្យាល័យ ហើយ​កុមារ​អាយុ​ ៥ឆ្នាំ​ ប្រមាណ​ ៣០ភាគរយ​ មិន​ទាន់បាន​ចុះ​ឈ្មោះ​ចូលរៀន​នៅ​កម្រិត​កុមារ​តូច​បាន​គ្រប់ៗគ្នា​នៅ​ឡើយ។

លោក វីល ផាកស៍ នាយក​យូនីសេហ្វ​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​អនុវត្ត​យុទ្ធនាការ​ជាតិនេះ ជាផ្លូវការ​​នៅ​ខេត្តកំពង់ចាម នា​ថ្ងៃ​អង្គារ​នេះ​ថា ការ​អប់រំ​ប្រកប​ដោយ​គុណភាព​​ គឺ​ជា​​​កាតព្វ​កិច្ច ហើយ​អនាគតរបស់​កុមារ​មិន​អាចរង​ចាំ​បាន​នោះទេ ដែល​ការណ៍នេះ​ត្រូវ​មាន​ការ​ធ្វើ​សកម្ម​ភាព​ឥឡូវ​នេះ ដើម្បីធានា​ថា​កុមារ​គ្រប់រូប​ត្រូវ​បាន​មើល​ឃើញ​ គាំទ្រ​ និង​ផ្តល់​ឱកាស​​ឱ្យ​បាន​ស្មើៗគ្នា។

លោកថា៖ «ទាំងនេះ ជាមូលហេតុ​ដែល​យើងគាំទ្រ​​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងកា​រចាប់​ផ្តើម​យុទ្ធ​នាការ​​សាធារណៈ​ចំនួន​២ រួមគ្នា​ដោយ​គោលដៅតែ​មួយ​ គឺធានា​បាន​នូវ​ការ​អប់រំ​ប្រកប​​​ដោយ​​​គុណភាព​​សម្រាប់​កុមារ​គ្រប់រូប ចាប់ពីវ័យ​កុមារ​តូច​ដល់​វ័យ​ជំទង់»

ស្របពេលគ្នានេះ ក្រសួងអប់រំ និងអង្គការយូនីសេហ្វ លើក​ទឹក​ចិត្ត​ដល់​ដៃគូរ​អភិវឌ្ឍ រាជរដ្ឋាភិបាល អង្គការ​សង្គមស៊ីវិល និង​អង្គភាព​ព័ត៌មាន​ទាំង​អស់ ជួយ​ផ្សព្វផ្សាយ និង​អនុវត្ត​យុទ្ធនា​ការ​​​​នេះនៅក្នុង​ខេត្ត​រៀង​ៗខ្លួន ដើម្បីធានា​ថា​កុមារ​ទាំង​អស់​នៅកម្ពុជា ជាពិសេស​កុមារ​ដែល​ងាយ​រង​គ្រោះ​បំផុត ទទួលបាន​អត្ថ​ប្រយោជន៍​ពីអន្តរាគមន៍​ទាំង​អស់នេះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ