ក្រុមមន្ត្រី​និយាយ​ថា​ប្រធានាធិបតី​ម៉ាដា​ហ្គាស្កា​​បាន​ចាក​ចេញ​ពី​ប្រទេស​បន្ទាប់​ពី​ការ​តវ៉ា​ហ្សែន​ហ្ស៊ី

ប្រធានាធិបតី​ម៉ាដា​ហ្គាស្កា លោក អ៊ែនឌ្រីរ៉ា​ ចូលីណា បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​អាហ្រ្វិក​ដោយ​ប្រមុខ​បក្ស​ប្រឆាំង ប្រភព​​​​យោធា និង​អ្នក​ការទូត​បរទេស បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​​ ជា​លើក​ទី​២​ហើយ​ដែល​ក្រុម​បាតុករ​វ័យ​ក្មេងបា​ន​ផ្តួល​រំលំ​រដ្ឋាភិបាល​ ក្នុង​រយៈ​ពេល​ជាង​មួយ​ខែ​នៃ​ចលនា​ហ្សែន​ហ្ស៊ី​ទូទាំង​ពិភព​លោក។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ(Reuters) បាន​រាយ​ការណ៍​នៅ​ថ្ងៃទី​១​៤ ខែ​តុលា ឆ្នាំ​២០២៥​នេះ​ថា លោក​សាយនី រ៉ាន់​ឌ្រាណា សូឡូ​នាកូ (Siteny Randrianasoloniaiko) មេដឹកនាំ​បក្ស​ប្រឆាំង​ក្នុង​សភា​បាន​ប្រាប់​រ៉យ​ទ័រ​ថា​លោក រ៉ាចូលី​ណា បាន​ចាក​ចេញ​ពី​ម៉ាដា​ហ្គាស្កា កាល​ពី​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​អង្គ​ភាព​នៃ​កង​ទ័ព​បាន​រត់​ចោល​ជួរ​ហើយ​បាន​ចូល​រួម​ជាមួយ​ក្រុម​អ្នក​តវ៉ា។ ​

នៅក្នុងសន្ទរកថាទៅកាន់ប្រជាជាតិដែលបា​ន​ចាក់​ផ្សាយ​តាម​ហ្វេស​ប៊ុក លោក​ រ៉ាចូលីណា បាន​និយាយ​ថា លោក​ត្រូវ​ផ្លាស់​ទៅ​កន្លែង​ដែល​មាន​សុវត្ថិ​ភាព ដើម្បី​ការ​ពារ​អាយុ​ជីវិ​តរ​បស់​លោក​ផ្ទាល់។ លោក​មិន​បាន​បង្ហាញ​ពី​កន្លែង​លាក់​ខ្លួន​របស់​លោក​ទេ ប៉ុន្តែ​ហាក់​បី​រឹង​ទទឹង​ដោយ​បាន​និយាយ​ថា លោក​នឹង​‘‘មិន​អនុញ្ញាត​ឱ្យ​ម៉ាដាហ្គា​ត្រូវ​បាន​បំផ្លាញ​នោះ​ទេ’’។

ប្រភពយោធាបាន​ប្រាប់​រ៉យ​ទ័រ​(Reuters)​ថា លោក រ៉ាចូលីណា បាន​ហោះ​ចេញ​ពី​ម៉ាដាហ្គា​ស្កា​ ជា​អតីត​អាណា​និគម​បារាំង​ តាម​យន្ត​ហោះ​យោធាបា​រាំង​កាល​ពី​ថ្ងៃ​អាទិត្យ។ វិទ្យុ​បារាំង​អ៊ែអេហ្វអ៊ី​(RFI) បាន​រាយការណ៍​ថា លោក​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ប្រធានាធិបតី អេម៉ានូ​​អ៊ែល ម៉ាក្រុង (Emmanuel Macron)។

លោក ម៉ាក្រុង និយាយ​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប បន្ទាប់​ពី​កិច្ច​ប្រជុំ​កំពូល​ស្តី​អំពី​បទ​ឈប់​បាញ់​នៅ​ហ្គា​ហ្សា និង​កិច្ច​ព្រម​ព្រៀង​ចំណាប់​ខ្មាំង​ លោក​មិន​អាច​បញ្ជាក់​ភ្លាមៗ​នូវ​របា​យកា​រណ៍​ដែល​ថា​បារាំង​បាន​ជួយ លោក រ៉ាចូលី​ណា​ ឱ្យ​ភៀស​ខ្លួន​ចេញ​​ពី​ប្រទេស​នោះ​ទេ។ លោក​បាន​បន្ថែម​ថា សណ្តាប់​ធ្នាប់​រដ្ឋ​ធម្ម​នុញ្ញ ត្រូវ​តែ​រ​ក្សាក្នុ​ង​ម៉ាដា​ហ្គា​ស្កា ខណៈ​ដែល​ប្រទេស​បារាំង​បាន​យល់​អំពី​ទុក្ខ​សោក​យុវជន​របស់​ប្រទេស ភាព​ទុក្ខ​សោក​ទាំង​នោះ​មិន​ត្រូវ​បាន​កិប​កេង​ដោយ​​យោធា​ឡើយ។

ប្រភពយោធា បាន​និយាយ​ថា យន្ត​ហោះ​ចម្បាំង​កង​ទ័ព​បារាំង​ខាសា​(Casa) បាន​ចុះ​ចត​នៅ​អាកាស​យាន​ដ្ឋាន​ សង់​តេម៉ារី​(Sainte Marie) ក្នុង​ម៉ាដា​ហ្គាស្កា កាល​ពី​ថ្ងៃ​អាទិត្យ ៥នាទី​ក្រោយ​មក​ឧទ្ធម្ភា​គ​ចក្រ​មួយ​គ្រឿង​បាន​មក​ដល់ និង​​​ផ្លាស់​​ប្តូរ​​អ្នក​ដំណើរ​ចូល​ទៅ​ក្នុង ខាសា​(Casa) ហើយ​បាន​បន្ថែម​ថា​អ្នក​ដំណើរ​នោះ​ គឺ​លោក រ៉ាចូលីណា (Rajoelina)​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ