ប៉ុន្មានថ្ងៃជាប់គ្នាមកនេះ ថៃបានពង្រីកការឈ្លានពាន ដោយបានបញ្ជូនកងកម្លាំង និងគ្រឿងចក្រ មកឈូសឆាយយកដីខ្មែរនៅភូមិព្រៃចាន់ ខណៈរដ្ឋាភិបាលខ្មែរមិនទប់ស្កាត់ ដោយគ្រាន់តែផ្តល់ឱកាសឱ្យអ្នកសារព័ត៌មានដែលស្និទ្ធនឹងខ្លួន ធ្វើការឡាយផ្ទាល់ប៉ុណ្ណោះ។
តាមការផ្សាយផ្ទាល់នោះ កាលពីថ្ងៃទី១៣ ខែតុលា យោធាថៃបានបន្តពង្រាយកងកម្លាំង និងគ្រឿងចក្រមកឈូសឆាយរំលោភយកដី និងកម្ទេចផ្ទះពលរដ្ឋខ្មែរ បន្ថែមទៀតនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ការណ៍នេះ អ្នកឃ្លាំមើលស្តីបន្ទោសថា រដ្ឋាភិបាលគ្រួសារហ៊ុន អសមត្ថភាព និងគ្មានឆន្ទៈការពារទឹកដី បណ្តោយឱ្យថៃបន្តគឃ្លើនរំលោភយកដីខ្មែរតាមទំនើងចិត្ត ក្រោមហេតុផល«អត់ធ្មត់ដើម្បីសន្តិភាព»។
តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ហៅការបើកផ្លូវឱ្យថៃឈ្លានពានជាចំហបែបនេះ ថា បង្ហាញពីអសមត្ថភាពរបស់មេដឹកនាំ ដែលថា គួរចុះចេញពីអំណាច ដើម្បីកុំឱ្យជាតិរងគ្រោះតជំនាន់។
យ៉ាងណា លោកព្រមានថា មេដឹកនាំបែបនេះ នឹងត្រូវមហាជនកាត់ទោសនៅថ្ងៃណាមួយមិនខាន បើមិនប្រញាប់បង្ហាញឆន្ទៈទាមទារទឹកដីទាន់ពេលទេនោះ។
លោកថា៖ «ថៃវាឈ្លានពានទឹកដីយើង ហើយមេដឹកនាំយើងព្យាយាមលាក់ព័ត៌មាន កុំឱ្យពលរដ្ឋដឹង ដើម្បីកាត់ដីហ្នឹងទៅឲ្យថៃ ទៅដោះដូរយកអំណាច និងសន្តិភាព បើហ៊ានខ្លាំងទៅថៃអាចទម្លាក់ត្រកូលហ៊ុនចេញពីតំណែង អ៊ីចឹងបំបាត់អំណាចរបស់ត្រកូលហ៊ុនហើយ ដូចសុភាសិតខ្មែរមួយទៀតថា ចោរស្រុកមិនឱ្យដៃ ចោរព្រៃមិនហ៊ានឈ្លានពានទេ យើងឃើញទេ ប្រសិនបើគ្រួសារហ៊ុនមិនបើកដៃ ថៃមិនហ៊ានឈ្លានពានដីខ្មែរយើងដែរ»។
សម្រាប់ លោក អ៊ុំ សំអាន ក្នុងកាលៈទេសៈនេះ មេដឹកនាំ គួរតែភ្ញាក់ខ្លួនដឹកនាំប្រទេសវិលទៅរករបបប្រជាធិបតេយ្យសេរីពហុបក្ស ផ្សះផ្សាជាតិឡើងវិញ ទើបអាចទាក់ទាញការគាំទ្រពីសហគមន៍អន្តរជាតិ ឱ្យជួយការពារទឹកដីបាន។
លោកថា៖ «ចង់ផ្តាំទៅលោកហ៊ុន សែន លោក ហ៊ុន ម៉ាណែត ថាកុំស្រឡាញ់អំណាចជាជាងទឹកដី ត្រូវតែការពារទឹកដីកម្ពុជាឱ្យគង់វង្ស ធ្វើម៉េចឈប់ប្រើភាសាអត់ធ្មត់ និងស្ងៀមស្ងាត់តទៅទៀត គួរតែបញ្ចេញទ័ព ដើម្បីការពារទឹកដីរបស់យើង ប្រើសិទ្ធិស្វ័យការពារ ដើម្បីកុំឲ្យថៃឈ្លានពានខ្មែរយើង សម្រេចចិត្តហើយដើម្បីបញ្ជាឲ្យទាហានយកទៅលើកបន្លាលួសនៅតាមព្រំដែនចេញ ហើយទៅយកភូមិជោគជ័យភូមិព្រៃចាន់ ភ្នំទ្រព្យ ច្រកអានសេះ ប្រាសាទតាមាន់ធំអីមកគ្រប់គ្រងវិញ»។
ប្រហែលគ្នានេះដែរ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយថា ការដែលថៃបន្តឈ្លានពានដីខ្មែរតាមទំនើងចិត្ត ព្រោះថៃដឹងចរិតមេដឹកនាំខ្មែរថា គ្មានសមត្ថភាពទប់ទល់នឹងថៃនោះទេ។
ក្នុងន័យនេះ លោកពន្យល់ថា ថៃប្រាដកជាដឹងថាកម្ពុជាប្រកាន់ភ្ជាប់នូវបទឈប់បាញ់ គឺមិនហ៊ានតបតប្រឆាំងនឹងថៃឈ្លានពានទេ ហេតុដូច្នេះយោធាថៃយកឱកាសនេះ បន្តឈ្លានពានដីខ្មែរបន្ថែមទៀត។
លោកអះអាងថា ការបន្តឈ្លានពានកម្ពុជាជាហូរហែបែបនេះ ដោយសារថៃសំអាងលើផែនទីចោររបស់គេ គឺផែនទីខ្នាត១លើ៥០ពាន់ ដែលថៃបានគូសវាស់ដោយឯកតោភាគី ដើម្បីរំលោភយកដីខ្មែរ។
លោកថា៖ «យើងបារម្ភ ដោយក្ដីបារម្ភនេះ គឺអំពាវនាវទៅរដ្ឋាភិបាលកម្ពុជា ត្រូវតែប្រើសិទ្ធស្វ័យការពារស្របតាមស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ត្រូវការពារខ្លួនទប់ស្កាត់ការឈ្លានពានរបស់ថៃ ហើយទីពីរត្រូវតែជួយលើកទឹកចិត្តដល់ប្រជាពលរដ្ឋម្ចាស់ដីហ្នឹង ទៅការពារភូមិរបស់គាត់ឱ្យបាន បណ្ដេញពួកជនឈ្លានពានចាកចេញពីដែនអធិបតេយ្យរបស់កម្ពុជា ស្របតាមស្មារតីនៃអនុសញ្ញា និងសន្ធិសញ្ញាបារាំងសៀមឆ្នាំ១៩០៤ ១៩០៧ អមដោយផែនទីព្រំដែនកម្ពុជាថៃ១៩០៨»។
សម្រាប់លោក ម៉ែន ណាត យល់ថា កាលៈទេសៈនេះ រដ្ឋាភិបាលគ្រួសារហ៊ុនត្រូវតែប្រើសិទ្ធិស្វ័យការពារ ដើម្បីទប់ទល់នឹងសត្រូវថៃឈ្លានពានដីខ្មែរនេះ បើមិនដូច្នេះទេ ពលរដ្ឋខ្មែរអាចក្រោកឈរប្រឆាំងនឹងគ្រួសារហ៊ុន ដែលបន្តធ្វើឱ្យបាត់បង់ទឹកដីទៅប្រទេសជិតខាង ដូចជា ថៃនិងវៀតណាមនេះ។
លោកថា៖ «បើមិនអ៊ីចឹងទេ គឺថារដ្ឋាភិបាលកម្ពុជាក្លាយជារដ្ឋាភិបាលខ្សោយ គ្មានម្ចាស់ការ ហើយនឹងធ្វើឱ្យបាត់បង់ការទទួលខុសត្រូវ ក្នុងការការពារជាតិ និងពាក់ព័ន្ធនឹងមាត្រាទី៤៤០ កុំបន្ទោសគេនៅពេលដែលការពារទឹកដីមិនបាន គឺពាក់ព័ន្ធនឹងអំពើក្បត់ជាតិ កុំបន្ទោសអ្នកស្រុកឱ្យសោះ ហើយថ្ងៃក្រោយបើសិនពលរដ្ឋខ្មែរអត់ធន់ ទ្រាំលែងបានទប់កំហឹងលែងបាន ជំរុញឲ្យមានការផ្លាស់ប្ដូរសង្គម ក៏មិនត្រូវបន្ទោសគេដែរ ពីព្រោះកំហុសទាំងអស់នេះ វាមិនមែនប្រជាពលរដ្ឋអ្នកបង្កើតទេ គឺរដ្ឋាភិបាលកម្ពុជាធ្វើឲ្យពលរដ្ឋលែងទុកចិត្ត ធ្វើឲ្យពលរដ្ឋហ្នឹងក្ដៅក្រហាយ ឈឺចាប់ ដោយសារការដឹកនាំរបស់ពួកគាត់»។
ជុំវិញរឿងនេះ VOD មិនទាន់អាចទាក់ទង់អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា និងអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អាស្នារិទ្ធ បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
ក្រោយប៉ះទង្គិចគ្នាដោយអាវុធទ្រង់ទ្រាយធំ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ និងមានបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដានោះ ថៃមិនបានគោរពបទឈប់បាញ់ទេ ។
ថៃចូលមករាយបន្លាលួសព័ទ្ធយកប្រាសាទតាមាន់ធំ ស្ថិតក្នុងខេត្តឧត្តរមានជ័យ តំបន់អានសេះ ក្នុងខេត្តព្រះវិហារ និងភូមិព្រៃចាន់ ភូមិអូរបីជាន់ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ហើយនៅថ្ងៃសុក្រ ទី១០ ខែតុលានេះ ថៃបានបញ្ជូនគ្រឿងចក្រ និងកងកម្លាំងមកឈ្លានពានដីខ្មែរ តាមការគ្រោងទុក ទាំងគ្មានការទប់ស្កាត់ពីភាគីរដ្ឋាភិបាលកម្ពុជានោះទេ។
លោក មែន ណាត ធ្លាប់បញ្ជាក់ប្រាប់វីអូឌីថា ស្ថានភាពព្រំដែនកម្ពុជា-ថៃ ថៃកំពុងសង្កត់កម្ពុជាឲ្យទទួលយកផែនទីចោរខ្នាត ១/៥0.000 និងទាមទារកម្ពុជាឲ្យដោះគ្រាប់មីន ដើម្បីឲ្យខ្លួនសម្រេចមហិច្ឆតាឈ្លានពានកម្ពុជា តាមផែនទីដែលថៃគូរដោយឯកតោភាគី ។
យ៉ាងនេះក្តី មាត្រា៥២នៃរដ្ឋធម្មនុញ្ញ ចែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការឯកភាពជាតិ។
លើសពីនេះ ក្រមព្រហ្មទណ្ឌមាត្រា៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕









