សមាគមខ្មែរកម្ពុជាក្រោម ស្នើប្រទេសសមាជិកអាស៊ាន ជួយអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ឱ្យដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោម ដែលកំពុងជាប់ពន្ធនាគារដោយអយុត្តិធម៌ និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើជនជាតិដើមខ្មែរក្រោម។
ការស្នើនេះ ធ្វើឡើងតាមរយៈការដាក់ញតិ្តរបស់តំណាងអង្គការ-សមាគមខ្មែរកម្ពុជាក្រោម មកពីប្រទេសកម្ពុជា ទៅកាន់ប្រទេសសមាជិកអាស៊ាន អំឡុងពេលសន្និសីទសង្គមស៊ីវិលអាស៊ាន និងវេទិកាប្រជាពលរដ្ឋអាស៊ាន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ នេះបើតាមការផ្សព្វផ្សាយក្នុងទំព័រហ្វេសប៊ុករបស់សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ នៅថ្ងៃទី១៤ ខែតុលា។
ក្នុងញតិ្តនោះ អង្គការសមាគមខ្មែរកម្ពុជាក្រោម បានសង្កត់ធ្ងន់ថា អាជ្ញាធរវៀតណាមបានរំលោភយ៉ាងធ្ងន់ធ្ងរដល់សេរីភាពក្នុងការបញ្ចេញមតិ សេរីភាពសាសនា និងសេរីភាពនៃការប្រើប្រាស់ភាសាដើមរបស់ពលរដ្ឋខ្មែរក្រោម ក្នុងនោះក៏មានការចាប់ខ្លួនព្រះសង្ឃ និងសកម្មជនខ្មែរក្រោមចំនួន ១៦អង្គ/នាក់ទាំងអយុត្តិធម៌។
ញត្តិដដែលបន្តថា ទង្វើរបស់អាជ្ញាធរវៀតណាម គឺផ្ទុយទាំងស្រុងនឹងច្បាប់សកលស្តីពីសិទ្ធិមនុស្ស ដែលការណ៍នេះ សមាគមបានស្នើដល់ប្រទេសសមាជិកអាស៊ាន ឱ្យជួយអន្តរាគមន៍ទៅកាន់រដ្ឋាភិបាលវៀតណាម ឱ្យដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោមទាំង ១៦អង្គ/នាក់ ឱ្យមានសេរីភាពវិញ និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើជនជាតិដើមខ្មែរក្រោម។
អំឡុងពេលប្រារព្ធខួប៧៦ឆ្នាំនៃការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមទៅលើប្រទេសវៀតណាម កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ លោក សឺន ជុំជួន អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ធ្លាប់បានលើកឡើងថា ពលរដ្ឋខ្មែរដែលរស់នៅទឹកដីកម្ពុជាក្រោម ក្រោមការគ្រប់គ្រងរបស់វៀតណាមបច្ចុប្បន្ន នៅបន្តរងទុក្ខវេទនា ដោយសារតែការរំលោភសិទ្ធិ ការគាបសង្កត់ ការរើសអើង និងការចាប់ដាក់ពន្ធនាគារយ៉ាងអយុត្តិធម៌។
លោកបានទទូចស្នើសុំឱ្យវៀតណាម ពិនិត្យឡើងវិញ និងកែប្រែទៅលើប្រព័ន្ធច្បាប់របស់ខ្លួន ឱ្យឆ្លើយតបទៅនឹងគោលការណ៍សិទ្ធិមនុស្ស ព្រមទាំងដោះលែងរាល់សកម្មជន និងព្រះសង្ឃខ្មែរក្រោមដែលស្ថិតក្រោមការឃុំឃាំង ឱ្យមានសេរីភាពឡើងវិញ។
អំឡុងពេលប្រារព្ធខួបបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមនោះដែរ ក្រុមប្រឹក្សាជាតិតស៊ូ ដែលដឹកនាំដោយលោក សម រង្ស៊ី ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ ផ្តោតការយកចិត្តទុកដាក់ចំពោះទុក្ខសោកហួសប្រមាណ របស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ពីសំណាក់ទង្វើបំពានដ៏ទារុណរបស់អាជ្ញាធររដ្ឋាភិបាលកុម្មុយនីស្តវៀតណាម ដែលកំពុងគ្រប់គ្រងលើទឹកដីខ្មែរកម្ពុជាក្រោម។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមប្រឹក្សាជាតិតស៊ូ បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរក្រោមជាង ១០លាននាក់ ដែលជាជនជាតិដើមម្ចាស់ទឹកដីកម្ពុជាក្រោម គួរតែទទួលបានការគោរព និងមានសិទ្ធិកំណត់ជោគវាសនារបស់ខ្លួន ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ បែរជា រដ្ឋាភិបាលវៀតណាម បានចាប់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមចំនួន ១៥រូប ដាក់ពន្ធនាគារ ទាំងបំពាន ដោយគ្រាន់តែពួកគេអនុវត្តសិទ្ធិនិយាយភាសាខ្មែរ សិទ្ធិប្រតិបត្តិព្រះពុទ្ធសាសនា និងសិទ្ធិបង្ហាញអត្តសញ្ញាណវប្បធម៌ប្រពៃណីខ្មែរ។
គិតមកដល់ពេលនេះ បារាំងបានកាត់ទឹកដីកម្ពុជាក្រោមសរុប ២៤ខេត្តក្រុង ទៅឱ្យវៀតណាមគ្រប់គ្រង អស់រយៈពេល៧៦ឆ្នាំហើយ។ រយៈពេលជិត១០០ឆ្នាំនេះ ខ្មែរក្រោមដែលរស់នៅលើទឹកដីកំណើត រងការធ្វើទុក្ខបុកម្នេញសព្វបែបយ៉ាង ពីសំណាក់អាជ្ញាធរវៀតណាម ដែលរកគ្រប់មធ្យោបាយបំបាត់អត្តសញ្ញាណ វប្បធម៌ ប្រពៃណី និងសាសនាខ្មែរ៕









