សហរដ្ឋអាមរិក និងចក្រភពអង់គ្លេស រួមគ្នាដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិក្រុមហ៊ុនព្រីនស៍របស់ឧកញ៉ា ចេន ហ្ស៊ី ទីប្រឹក្សា លោក ហ៊ុន សែន ក្រោយរកឃើញថា ជាបណ្តាញឧក្រិដ្ឋកម្មឆបោកខ្នាតអន្តរជាតិ លួចលុយរាប់ពាន់លានដុល្លារ ពីជនរងគ្រោះជុំវិញពិភពលោក។
ការណ៍នេះ ជាក្តីបារម្ភថា ប្រព័ន្ធដឹកនាំបែបគ្រួសារនិយមរបស់គ្រួសារហ៊ុនកំពុងបង្កមហន្តរាយជាតិ តាមរយៈការប្រមូលពួកឧក្រិដ្ឋជនដាក់ក្បែរខ្លួន យកលុយចិញ្ចឹមអំណាចធ្វើឱ្យពលរដ្ឋរងគ្រោះតជំនាន់ រួមទាំងបញ្ហាបូរណភាពទឹកដី។
ក្រសួងយុត្តិធម៌អាមេរិក នៅថ្ងៃទី១៤ ខែតុលានេះ ប្រកាសថា អាមេរិកបានបង្កកទ្រព្យសម្បត្តិ១៥ពាន់លានដុល្លាររបស់ឧកញ៉ា ចេន ហ្ស៊ី ព្រមទាំងចេញដីកាចោទប្រកាន់ជុំវិញការបើកមជ្ឈមណ្ឌលឆបោកតាមអនឡាញ លាងលុយកខ្វក់ និងបង្ខាំងមនុស្សខុសច្បាប់។
អាមេរិក រកឃើញថា ក្រុមហ៊ុនលោក ចេន ហ្ស៊ី បានលួចលុយរាប់ពាន់លានដុល្លារពីជនរងគ្រោះអាមេរិក និងនៅជុំវិញពិភពលោក។
នៅថ្ងៃដដែលនោះ រដ្ឋាភិបាលចក្រភពអង់គ្លេសវិញ ក៏បានប្រកាសដាក់ទណ្ឌកម្ម និងបង្កកទ្រព្យសម្បត្តិឧកញ៉ា ចេន ហ្ស៊ី នៅទីក្រុងឡុងដ៍ផងដែរ។
វិធានការនេះ ក៏ចំពេលកម្ពុជាផ្ទុះរឿងអាស្រូវថ្មីទៀត ករណីចាប់ជំរិតនៅភ្នំបូកគោ ខេត្តកំពត ដែលឧក្រិដ្ឋជនជនជាតិចិន បានធ្វើទារុណកម្ម និស្សិតជនជាតិកូរ៉េ វ័យ២២ម្នាក់ រហូតស្លាប់។
ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សួន សូរីដា បង្ហាញការឈឺចាប់ ក្នុងនាមលោកជាជនជាតិខ្មែរ ដែលប្រទេសជាតិកំពុងស្អុយឈ្មោះខ្លាំងលើឆាកអន្តរជាតិបែបនេះ។
លោកថា អ្វីដែលកាន់តែអាម៉ាស់ជាងនេះ គឺមេខ្លោងឧក្រិដ្ឋជនធំៗសុទ្ធតែជាមនុស្សស្និទ្ធិនឹងមេដឹកនាំខ្មែរ លោក ហ៊ុន សែន ដែលឧក្រិដ្ឋជនទាំងនោះ ជ្រកក្រោមស្លាកជាឧកញ៉ា មន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងជាទីប្រឹក្សាមេដឹកនាំកំពូលជាដើម។
សម្រាប់លោក សូរីដា អ្វីដែលហួសចិត្តទៀតនោះ កន្លងទៅ ទោះមានការចង្អុលបង្ហាញរបស់អន្តរជាតិហើយនោះ បែរជារដ្ឋាភិបាលកម្ពុជាព្យាយាមច្រានចោលទាំងគ្មានការស៊ើបអង្កេតទៅវិញ។
លោកថា៖ «យើងមិនព្រមចាត់វិធានការច្បាប់ដើម្បីកម្ចាត់អាហ្នឹងទេ! យើងគិតថា សហគមន៍អន្តរជាតិគេនឹងចាត់ទុករដ្ឋាភិបាលកម្ពុជាហ្នឹង ក៏ជារដ្ឋាភិបាលម៉ាហ្វីយ៉ាដែរ ព្រោះកាលណាយើងនៅស្និទ្ធ យើងស៊ុមគ្រលុំជាមួយនឹងជនម៉ាហ្វីយ៉ាទាំងអស់នោះ យើងមិនចាត់វិធានការក្នុងការកម្ចាត់ឱ្យបានម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពទេ នោះសហគមន៍អន្តរជាតិគេនឹងចាត់ទុករដ្ឋាភិបាលកម្ពុជា ជារដ្ឋាភិបាលដែលខ្ញុំអាចនិយាយថា ដូចរដ្ឋាភិបាលម៉ាហ្វីយ៉ា កាលណាដូចរដ្ឋាភិបាលម៉ាហ្វីយ៉ា! វាទៅហើយ»។
អ្នកនយោបាយរូបនេះ បារម្ភថា បើបញ្ហានេះមិនអាចដោះស្រាយបានទេ នោះនឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់ជាតិកាន់តែខ្លាំង ដែលបង្កការភ័យខ្លាចដល់ប្រទេសនានា ក្នុងតំបន់ និងលើពិភពលោក បាត់បង់ភ្ញៀវទេសចរ អ្នកវិនិយោគមិនហ៊ានរកស៊ីនៅកម្ពុជា ដែលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិធ្វើឱ្យជីវភាពពលរដ្ឋកាន់តែដុនដាប។
ជាងនេះទៀ លោកថា ភាពឯកោរបស់កម្ពុជាដែលអន្តរជាតិមិនអើពើ ក្នុងជម្លោះព្រំដែនជាមួយថៃនៅពេលនេះ ក៏កើតចេញពីរឿងកម្ពុជាជាជម្រកឧក្រិដ្ឋកម្មឆបោកនេះដែរ។
លោកថា៖ «អំពើជួញដូរចាប់ជំរិតមនុស្សតាមប្រព័ន្ធអនឡាញនេះ គេគិតថា ជាឧក្រិដ្ឋកម្មយង់ឃ្នងណាស់ ដូច្នេះមនុស្សណាដែលប្រព្រឹត្ត ឬរដ្ឋាភិបាលណាដែលប្រព្រឹត្តនូវអំពើនេះ គឺគេអត់សេពគប់ជាមួយ គេអត់រាប់រកជាមួយ ដូច្នេះនៅពេលណាដែលយើងស្រែកហៅឲ្យគេជួយគេអត់ជួយយើងទេ។ គេចាត់ទុកថាយើងជាអ្នកខូច ដូចជម្លោះរវាងកម្ពុជាថៃហ្នឹង! សហគមន៍អន្តរជាតិគឺគេ មើលមកយើងថា យើងជាអ្នកខូចវិញ! យើងជាអាក្រក់វិញ។ ខ្ញុំគិតថា វាអាចជះឥទ្ធិពលទៅលើទំនាស់ព្រំដែនរវាងកម្ពុជា–ថៃហ្នឹងដែរ! ដែលសហគមន៍អន្តរជាតិគេនឹងអាចព្រងើយកន្តើយ ចំពោះការស្រែកដង្ហោយហៅជួយពីសហគមន៍អន្តរជាតិនោះ ដើម្បីធានាឲ្យមានការឈប់បាញ់»។
មុនការដាក់ចេញចំណាត់ការរបស់នេះ សភាអាមេរិកក៏បានចេញសេចក្តីព្រាងច្បាប់មួយ ដើម្បីបង្កើតក្រុមការងារបំបែកបណ្តាញឧក្រិដ្ឋកម្មអន្តរជាតិ ដែលកំពុងប្រតិបត្តិការឆបោកតាមអនឡាញយ៉ាងទូលំទូលាយ ប្រឆាំងនឹងប្រជាពលរដ្ឋអាមេរិក ក្នុងនោះក៏មានការស្នើដាក់កម្ពុជាក្នុងបញ្ជីខ្មៅ ឬប្រផេះ និងដាក់ទណ្ឌកម្មបុគ្គលមួយចំនួនផងដែរ។
មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល និងឧកញ៉ាស្ថិតក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក មានដូចជា លោក នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាក្មួយប្រសារលោក ហ៊ុន សែន។ ឧកញ៉ា ហ៊ុន តូ ជាក្មួយ លោក ហ៊ុន សែន ឧកញ៉ា កុក អាន លោក ឌី វិជ្ជា កូនប្រសារលោក ហ៊ុន សែន លោក គួច ចំរើន និងឧកញ៉ា ចេន ហ្ស៊ី ទីប្រឹក្សាលោក ហ៊ុន សែន ជាដើម។
ការរកឃើញរបស់អាមេរិកនេះ ហាក់ដូចគ្នានឹងរបាយការណ៍ស្រាវជ្រាវជាង៧០ទំព័ររបស់វិទ្យាស្ថាន Humanity Research Consultancy ចេញផ្សាយកាលពីខែឧសភា ឆ្នាំ២០២៥ ដែលរកឃើញថា កម្ពុជានៅក្រោមអំណាចរដ្ឋាភិបាលគ្រួសារហ៊ុន ជាទីតាំងស្នូលនៃការប្រព្រឹត្តិឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មអនឡាញ។
ប្រភពបន្តថា គ្រួសារហ៊ុនដើរតួនាទីជាអ្នកការពារពួកអ្នកមានអំណាច ឱ្យគប់គិតជាមួយបណ្តាញឧក្រិដ្ឋកម្មបរទេស ដើម្បីប្រមូលប្រាក់យកទៅចិញ្ចឹមគណបក្សកាន់អំណាច ដោយពួកគេអាចរកចំណូលបានពីឧក្រិដ្ឋកម្មអនឡាញ ប្រមាណពីជាង ១២ពាន់លាន ទៅ ១៩ពាន់លានដុល្លារនៅក្នុង១ឆ្នាំ។
យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បានច្រានចោលការចោទថាគណបក្សប្រជាជនកម្ពុជាយកលុយពីពួកឧក្រិដ្ឋជន ដើម្បីចិញ្ចឹមអំណាច។
តែលោកទទួលស្គាល់ថា ឧក្រិដ្ឋកម្មឆបោកតាមអនឡាញនេះ ពិតជាកើតមាននៅកម្ពុជា ហើយរដ្ឋាភិបាលព្យាយាមបង្ក្រាបដែរ តែបញ្ហានេះជាវិបត្តិសកលដែលទាមទារឱ្យមានការចូលរួមពីអន្តរជាតិរួមគ្នា ទើបជោគជ័យ មិនមែនទម្លាក់កំហុសឱ្យកម្ពុជាតែមួយនោះទេ។
លោកថា៖ «ចំពោះការលើកឡើងថា យើងមិនបង្ក្រាប ឬក៏យើងមិនដោះស្រាយហ្នឹង ខ្ញុំគិតថាពួកគេមើលមិនឃើញ ទោះបីជាពួកគេឃើញយើងធ្វើ ឃើញរដ្ឋាភិបាលធ្វើ ក៏ពួកគេនិយាយថាមិនធ្វើ។ ខ្ញុំគិតថា ពួកគេដេកមិនលក់ ប៉ុន្តែធ្វើជាដេកលក់។ អ៊ីចឹងមនុស្សដែលដេកមិនលក់ផងធ្វើជាដេកលក់ យើងពិបាកណាស់ណាស់។ អ្វីដែលខ្ញុំចង់បញ្ជាក់ថា ទោះបីជាពួកគេថាយ៉ាងណា តែអ្វីដែលពួកយើងកំពុងធ្វើ រដ្ឋាភិបាលខិតខំប្រឹងធ្វើនេះ គឺការដោះស្រាយបញ្ហា ការបង្ក្រាបឧក្រិដ្ឋកម្មមួយ ដែលយើងខិតខំប្រឹងប្រែងកុំឲ្យវាកើតមានរាលដាលខ្លាំងនៅក្នុងប្រទេសកម្ពុជារបស់យើង ហើយវាជាកង្វល់រួមរបស់តំបន់ផងដែរ អ៊ីចឹងខ្ញុំគិតថា យើងចូលរួមទាំងអស់គ្នានៅពេលនេះ រដ្ឋាភិបាលក៏យើងកំពុងខិតខំប្រឹងប្រែង ហើយជាចុងក្រោយថានរណាក៏ដោយឲ្យគេធ្វើខុសច្បាប់ប្រទេសកម្ពុជា គឺមិនថានរណាមានតួនាទីណាទេ សម្រាប់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺយើងមិនអត់ឱនទេ ចំពោះទង្វើដែលខុសនឹងច្បាប់»។
យ៉ាងណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្រ្តាលី លោក ស៊ឹង សែនករុណា ថា សហគមន៍អន្តរជាតិអស់ជំនឿលើរដ្ឋាភិបាលកម្ពុជា ក្នុងការបង្រ្កាបពួកឧក្រិដ្ឋជន។
លោកថា៖ «សហគមន៍អន្តរជាតិ គេមានការខ្លាចរអា ហើយមិនមានទំនុកចិត្តចំពោះការអនុវត្តច្បាប់របស់ប្រទេសកម្ពុជាហ្នឹងឯង! ដោយសារតែជាប់ពាក់ព័ន្ធទៅនឹងបក្ខពួកនិយម អំពើពុករលួយចាក់ស្រែះនេះឯង ដែលធ្វើឲ្យបញ្ហាទាំងសេដ្ឋកិច្ចជាតិ ទាំងការធ្វើសេដ្ឋកិច្ចពាណិជ្ជកម្មឬក៏វិស័យផ្សេងៗទៀតហ្នឹង ធ្លាក់ចុះ ហើយធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋហ្នឹង កាន់តែដុនដាបទៅ បច្ចុប្បន្នគឺដុនដាបរួចទៅហើយ ពលរដ្ឋរាប់លាននាក់កំពុងធ្លាក់ក្នុងបំណុលវ័ណ្ឌកអត់ការងារធ្វើ»។
ដោយឡែក ក្រុមប្រឹក្សាជាតិតស៊ូដឹកនាំដោយ លោក សម រង្ស៊ី នៅថ្ងៃទី១៥ ខែសីហា ចេញសេចក្តីថ្លែងការណ៍ថា ការកម្ចាត់ឧក្រិដ្ឋកម្មឆ្លងដែនរបស់អន្តរជាតិនេះ នឹងធ្វើឲ្យអំណាចគ្រួសារហ៊ុនដួលរលំ ព្រោះជុំវិញលោក ហ៊ុន សែន សុទ្ធតែមេចោរម៉ាហ្វីយ៉ាចិន រួមមានឧក្រិដ្ឋជនឈ្មោះ ចេន ហ្ស៊ី ជាមេក្លោងដែលសហរដ្ឋអាមេរិកទើបតែដាក់ក្នុងបញ្ជីខ្មៅ។
អ្នកវិភាគបញ្ហាសង្គម លោកបណ្ឌិត មាស នី បញ្ចេញមតិលើហ្វេសប៊ុកថា ក្រៅពីប៉ះពាល់ដល់កិត្តិយសជាតិ សេដ្ឋកិច្ច និងសន្តិសុខសង្គម ឧក្រិដ្ឋកម្មអនឡាញអាចបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ បើមិនចាត់វិធានការឲ្យខ្លាំងប្រកបដោយប្រសិទ្ធភាពទេនោះ។
លោកសង្កត់ធ្ងន់ថា ប្រទេសជិតខាងកម្ពុជាអាចនឹងយករឿងនេះ ធ្វើជាលេសដើម្បីបន្តចោទប្រកាន់ ឫរំលោភចូលក្នុងដែនអធិបតេយ្យកម្ពុជា បើកម្ពុជាគ្មានសមត្ថភាពបង្រ្កាបបញ្ហានេះដោយខ្លួនឯងទេនោះ។
លោកឱ្យយោបល់ថា ការពង្រឹងច្បាប់អន្តោប្រវេសន្តន៍ ការបំបាត់អំពើពុករលួយ រួមទាំងតម្លាភាពលើទីតាំងអាជីវកម្មបរទសនៅក្នុងស្រុក ដែលបើកផ្លូវឲ្យដែនសមត្ថកិច្ចជំនាញបានចុះត្រួតពិនិត្យទៀងទាត់ និងដោយចំហរ វាជាវិធានការចាំបាច់បំផុតនៅពេលនេះ។
លោករំលេចដែរថា អាមេរិកកំពុងត្រៀមវាយលុកប្រទេសវេណេស៊ុយអេឡា ក្រោមលេសជំនួញគ្រឿងញៀន៕









