អ្នកនយោបាយខ្មែរបានផ្ញើសារផ្សេងៗគ្នា ក្នុងខួប១៣ឆ្នាំ នៃការយាងសោយព្រះទីវង្គត ព្រះបាទសម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី១៥ខែតុលានេះ ខណៈកម្ពុជាកំពុងរួមរឹតដោយវិបត្តិនយោបាយ បែកបាក់ជាតិ កសិករអត់ទីផ្សារ បញ្ហាព្រំដែន និងការរីករាលដាលបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ជាដើម។
នៅក្នុងថ្ងៃខួបនេះ ក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាល រួមទាំងមេដឹកនំាំគណបក្សកាន់អំណាច លោក ហ៊ុន សែន បានផ្ញើសារប្រហាក់ប្រហែលគ្នា រំឭកពីការដែលព្រះអង្គបានបូជាព្រះកាយពល ដើម្បីបុព្វហេតុជាតិ មាតុភូមិកម្ពុជា។
ប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន បានលើកឡើងពីការគោរពដឹងគុណ និងចងចាំនូវព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាបំផុតរបស់ព្រះអង្គ ដែលថា ព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុត ចំពោះជាតិមាតុភូមិកម្ពុជា ។
ក្រោមព្រះរាជបូជនីយកិច្ចនេះ លោកលំឱនកាយ វាចារចិត្ត ថ្វាយមហាព្រះរាជកុសលដ៏ឧត្តុង្គឧត្តម ឧទ្ទិសថ្វាយចំពោះដួងព្រះវិញ្ញាណក្ខន្ធព្រះអង្គ យាងទៅកាន់សុគតិភព ។
ដោយឡែក ក្នុងថ្ងៃខួបនេះដូចគ្នា ក្រុមអ្នកនយោបាយប្រឆាំង ដែលធ្លាប់រងគ្រោះពីប្រព័ន្ធតុលាការ របស់បក្សកាន់អំណាច ហាក់បានផ្តោតលើបញ្ហាព្រំដែន វិបត្តិនយោបាយ និងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ដែលកំពុងធ្វើឱ្យពលរដ្ឋស្លូតត្រង់កម្ពុជា ទូទាំងប្រទេស រងភាពអាម៉ាសលើឆាកអន្តរជាតិ ដោយសារតែរបបដឹកនាំ បំពានរដ្ឋធម្មនុញ្ញកម្ពុជា និងបំណងអន្តរជាតិ។
លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំង ដែលកំពុងនិរទេស ដែលឡោមព័ទ្ធដោយបណ្តឹងរបស់បក្សកាន់អំណាច បានបង្ហាញការចាប់អារម្មណ៍លើមហាអំណាចរួមគ្នា ទប់ស្កាត់បណ្តាញឧក្រិដ្ឋកម្មនៅកម្ពុជា។
លោកថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស កំពុងរួមកម្លាំងគ្នាចាត់ការមេឧក្រិដ្ឋកម្មឆបោកអនឡាញ និងក្រុមហ៊ុនឆបោកនៅកម្ពុជា ក្នុងនោះបុគ្គលដែលជាមុខសញ្ញាធំបំផុតនៅកម្ពុជា គឺឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ជាទីប្រឹក្សារបស់លោក ហ៊ុន សែន ដែលលោក ចេន ហ្ស៊ី ជាប្រធានក្រុមហ៊ុន Prince Group TCO ក្នុងប្រទេសកម្ពុជា។
លើសពីនេះ លោកថា ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ចាត់វិធានការរឹបអូសដ៏ធំបំផុតមិនធ្លាប់មានលើក្រុមហ៊ុននេះ មានទឹកប្រាក់ប្រមាណ ១៥ពាន់លានដុល្លារ នៅក្នុង Bitcoin ដែលបច្ចុប្បន្នស្ថិតនៅក្នុងការបង្កករបស់សហរដ្ឋអាមេរិក។
លោកសង្កត់ធ្ងន់ថា ក្រុមហ៊ុនជំនួញ Prince Holding Group មានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការសមគំនិតឆបោកតាមអនឡាញ និងការសមគំនិតក្នុងការលាងលុយកខ្វក់ ព្រមទាំងការដឹកនាំប្រតិបត្តិការបង្ខាំងមនុស្សឱ្យឆបោកតាមអនឡាញនៅទូទាំងប្រទេសកម្ពុជា។
លើសពីនេះ លោកថា ថ្ងៃទី១៥ ខែតុលានេះដែរ FBI របស់អាមេរិក និងដៃគូបានប្រតិបត្តិការបង្រ្កាបការលួចបន្លំហិរញ្ញវត្ថុដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ។ លោកថា នេះគឺជាបុគ្គលម្នាក់ដែលត្រូវបានចោទប្រកាន់ថាបានដំណើរការបណ្តាញឧក្រិដ្ឋកម្មដ៏ធំនៅទូទាំងទ្វីបជាច្រើន ដែលពាក់ព័ន្ធនឹងការងារដោយបង្ខំ ការលាងលុយកខ្វក់ គម្រោងវិនិយោគ និងទ្រព្យសម្បត្តិ។
លើសពីនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សួន សូរីដា ហាក់បង្ហាញការភ្ញាក់ផ្អើលដោយលោកលើកឡើងថា មនុស្សដែលសហរដ្ឋអាមេរិកចង្អុលបង្ហាញថា ជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ចាប់ជំរិត ឆបោក តាមអនឡាញ ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មេនគរបាលជាតិ សមាជិកព្រឹទ្ធសភា។
យ៉ាងណា អំឡុងឆ្នាំ២០០៥ លោក ហ៊ុន សែន ធ្លាប់គំរាមចំៗ ពីបំណងរំលាយស្ថាប័នព្រះមហាក្សត្រ បើព្រះអង្គមិនព្រមចុះព្រះហត្តលេខា លើសន្ធិសញ្ញាព្រំដែនខុសច្បាប់រស់ឡើងវិញ ដែលគណបក្សប្រឆំាងថា លោក ហ៊ុន សែន ធ្វើឡើង ដើម្បីសម្រេចមហិច្ឆតាវៀតណាមលេបទឹកដីខ្មែរ ។
បើតាមគណបក្សប្រឆាំង ដែលមានជំនាញកិច្ចការព្រំដែន បានរកឃើញថា សន្ធិសញ្ញាព្រំដែនបំពេញបន្ថែមឆ្នាំ២០០៥ ធ្វើឱ្យសន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨២-៨៣ និង៨៥ គូសវាសដោយវៀតណាម រស់ឡើងវិញ ទោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលាឆ្នាំ១៩៩១ តម្រូវឱ្យមោឃភាពចោលក្តី៕









