ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ(Donald Trump) បានប្រកាសកាលពីថ្ងៃអង្គារថា យោធាសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារមួយទៀត លើនាវាដែលកំពុងត្រូវបានចោទប្រកាន់ថា ជួញដូរគ្រឿងញៀននៅឯឆ្នេរសមុទ្រនៃប្រទេសវេណេស៊ុយអេឡា ដោយបានសម្លាប់មនុស្សចំនួន ៦នាក់នៅលើនាវា។
ប្រភពសារព័ត៌មានស៊ីអ៊ែនអ៊ែន(CNN)បានរាយការណ៍នៅថ្ងៃ១៥ ខែតុលា ឆ្នាំ២០២៥នេះថា លោក ត្រាំ បាននិយាយថា នាវានេះ‘‘មានទំនាក់ទំនងជាមួយអង្គការភេរវករចាត់តាំង’’ ប៉ុន្តែមិនបានបញ្ចេញឈ្មោះអង្គការណាមួយ ឬផ្តល់ភស្តុតាងបម្រុងទុកជាការអះអាងនោះទេ។
លោក ត្រាំ បាននិយាយនៅក្នុងបណ្តាញសង្គមទ្រូស(Truth)ថា ‘‘ព័ត៌មានសម្ងាត់បានបញ្ជាក់ថា នាវាកំពុងជួញដូរគ្រឿងញៀន ត្រូវបានភ្ជាប់ជាមួយបណ្តាញភេរវករខុសច្បាប់ ដែលកំពុងឆ្លងកាត់តាមផ្លូវដែលគេស្គាល់ថា ឌីធីអូ(DTO)’’។ ‘‘ការវាយប្រហារត្រូវបានធ្វើឡើងនៅផ្លូវទឹកអន្តរជាតិ ហើយក្រុមភេរវករពាក់ព័ន្ធគ្រឿងញៀនបុរសចំនួន ៦នាក់ នៅលើកប៉ាល់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ ហើយគ្មានកងទ័ពសហរដ្ឋអាមេរិកណាម្នាក់ត្រូវរងផលប៉ះពាល់នោះទេ’’។
ការវាយប្រហារចុងក្រោយនេះ ទំនងជាធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រធានាធិបតីប្រទេសវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាដូរ៉ូ(Nicolás Maduro) ដែលកំពុងបង្ហាញថា លោកកំពុងរៀបចំប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ន ដើម្បីការពារប្រទេសរបស់លោក ក្នុងករណីមានការវាយប្រហារ ដោយយោធាសហរដ្ឋអាមេរិក។ វាទំនងជាជំរុញឱ្យមានការលើកឡើងជាសំណួរបន្ត អំពីភាពស្របច្បាប់នៃការខំប្រឹងរបស់សហរដ្ឋអាមេរិកផងដែរ។
សារព័ត៌មានស៊ីអ៊ែនអ៊ែន(CNN) ធ្លាប់បានចុះផ្សាយថា រដ្ឋបាលបានការពារការវាយប្រហារ ដែលនៅក្នុងលិខិតមួយទៅកាន់សភាមន្ទីបញ្ចកោន បាននិយាយថា លោក ត្រាំ (Trump) បានកំណត់ថា សហរដ្ឋអាមេរិកស្ថិតនៅក្នុង‘‘ជម្លោះប្រដាប់អាវុធ’’ ជាមួយក្រុមជួញដូរគ្រឿងញៀនដែលរដ្ឋបាលរបស់លោក បានកំណត់ថា ជាអង្គការភេរវករ ហើយថាអ្នករត់ពន្ធសម្រាប់ក្រុមជួញដូរទាំងនេះជា ‘‘អ្នកប្រយុទ្ធខុសច្បាប់’’៕









