គម្រោងចុះកិច្ចព្រមព្រៀងជាមួយថៃជាក្តី​បារម្ភ​ពី​ជម្រើស​កាត់​ទឹក​ដី​ឱ្យ​សត្រូវ​ដើម្បី​រក្សា​អំណាច

ការ​ទម្លាយ​ពី​គម្រោង​ចុះ​កិច្ច​ព្រម​ព្រៀង​ជម្លោះព្រំ​ដែន​ជាមួយ​ថៃ ក្រោម​វិធាន​បិទ​ខ្ទប់​ព័ត៌​មាន កំពុង​ក្លាយ​ជាក្តី​បារ​ម្ភ​ថា រដ្ឋាភិបាល​កម្ពុជា នឹង​ដោះដូ​រ​បូរណ​ភាព​ទឹក​ដី ដើម្បី​រក្សា​អំណាច ទោះ​មាន​ភាគី​ទី៣​ចូល​រួម​ ខណៈ​ក្រោយ​ផ្ទុះ​អាវុ​ធជិ​ត​៣ខែ​មក​នេះ ថៃ​បាន​ពង្រីក​ការ​ឈ្លាន​ពាន​កម្ពុជា ជា​បន្ត​បន្ទាប់ រំលោភ​លើ​បទ​ឈប់​បាញ់​ទាំង​គ្មាន​ការ​រំខាន​ពី​មេដឹក​នាំ​ខ្មែរ ។

រដ្ឋមន្រ្តីការទូត ម៉ាឡេស៊ី លោក មហាម៉ាត់ ហាសាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃទី​១៤ ខែ​តុលា​ ឆ្នាំ​២០២៥​នេះ​ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នឹង​មក​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ម៉ាឡេ​ស៊ី នា​ថ្ងៃ​ទី២​៦ ខែ​តុលា​នេះ ដើម្បី​ធ្វើ​ជាសា​ក្សីក្នុ​ង​ពិធី​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព រវាង​កម្ពុជា​និង​ថៃ។

លោក មហាម៉ាត់ ហាសាន ឱ្យដឹងទៀត​ថា ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក នឹង​ជួយ​សម្រប​សម្រួល​លើ​ការ​អនុវត្តប​ទ​ឈប់​បាញ់ រវា​ង​ថៃនិ​ង​កម្ពុជា ឱ្យ​បាន​ពេញ​លេញ ដោយ​ធ្វើយ៉ាង​ណាឱ្យ​​កម្ពុជា និ​ង​ថៃ ដោះ​គ្រាប់​មីន និង​ដក​កាំភ្លើង​ធំៗ​ចេញ​ឱ្យអ​ស់​ពី​តំបន់​ព្រំដែន។

តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន និយាយ​ប្រាប់​VOD​នៅ​ថ្ងៃទី​១៥ ខែ​តុលានេះ​​ថា កិច្ច​ព្រម​ព្រៀង​នេះ នឹង​ធ្វើ​ឱ្យ​ដី​ខ្មែរ​បាត់​ទៅ​ថៃ​បន្ថែម​ទៀត។

ក្នុងន័យនេះ លោកពន្យល់ថា ថៃជា​អ្នក​រំលោភ​ដី​ខ្មែរ ហេតុ​អ្វី​ត្រូវ​យល់​ព្រម​តាម​សំណើរ​ថៃ​ឱ្យ​ដោះ​មី​ន ដក​កាំភ្លើង​ធំ និង​ជម្លៀស​ជន​ស៊ីវិល​ខ្មែរ​ចេញ​ពី​តំបន់​ព្រំដែន ​ដែល​ជា​ដែន​អធិប​តេយ្យ​របស់​កម្ពុជា។

លោកចោទជាសំណួរថា កម្ពុជាមានសន្ធិសញ្ញា​បារាំង-សៀម១៩០៤ ១៩០៧ និង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​បារីស ហេតុ​អ្វី​មេដឹក​នាំ​ខ្មែរ​មិន​ប្រើ ដើម្បី​ការ​ពារ​ទឹក​ដី តែ​បែរ​ជា​ទៅ​ចុះហ​ត្ថលេ​ខា​លើ​កិច្ច​ព្រម​ព្រៀង​ថ្មី តាម​ការ​ចង់​បាន​របស់​ភាគី​ថៃ​ទៅ​វិញ។

ក្រោមហេតុសំអាងខាងលើនេះ លោក​ថា កិច្ច​ព្រម​ព្រៀង​សន្តិភាព​ថ្មី ក្រោម​ដៃ​មេដឹក​នាំ​គ្រួសារ​ហ៊ុន​នេះ​​ នឹ​ង​ធ្វើ​ឱ្យ​ថៃ​សម្រេច​មហិច្ច​តា​លេប​យក​ទឹក​ដី​ខ្មែរ មាន​ប្រាសាទ​តាមាន់​ធំ ច្រក​អាន​សេះ ភ្នំ​ទ្រព្យ ភូមិ​ព្រៃចាន់​ និង​ភូមិ​ជោគ​ជ័យ​ជាដើម។

លោកថា៖ «ខ្ញុំយល់ថា កិច្ចព្រមព្រៀងនេះ គឺ​ជា​កិច្ច​ព្រម​ព្រៀង​កាត់​ដី​ខ្មែរ​ទៅ​ឲ្យ​ថៃ ដូរ​យក​សន្តិភាព លើក​ឡើង​ថា​កិច្ច​ព្រម​ព្រៀង​ធ្វើ​បាត់​បង់​ទឹក​ដី​ខ្មែរ​យើង ដូច​ជា ប្រាសាទ​តាមាន់​ធំ ច្រក​អា​នសេះ ភូមិ​ជោគ​ជ័យ  ភូមិ​ព្រៃ​ចាន់ ភ្នំ​ទ្រព្យ​អីជា​ដើម ខ្ញុំ​យល់​ថា ប្រជាពលរដ្ឋ​នៅ​ពេល​ដែល​ឃើញ​រដ្ឋាភិ​បាល លោក ហ៊ុន ម៉ាណែត កាត់​ទឹ​កដី​ខ្មែរ​ទៅ​ឱ្យ​ថៃ​ជាក់​ស្តែង​អ៊ីចឹង ប្រជា​ពលរ​ដ្ឋ​ប្រាកដ​ជា​មិន​អាច​ឱ្យ​ត្រកូល​ហ៊ុន​បន្ត​កាន់​អំណាច​ត​ទៅ​ទៀត​នោះ​ទេ ប្រជា​ពលរ​ដ្ឋ​នឹង​ទម្លាក់​ត្រកូល​ហ៊ុន​ចេញ​ពី​អំណាច»។

ជុំវិញភាពចម្រូងចម្រាសនេះ រួមទាំងការបង្ហាញលទ្ធផល​ចរ​ចាទ្វេ​ភាគី​ជាមួយ​ថៃ​កន្លង​ទៅ លោក​ទាញ​ការ​សន្និ​ដ្ឋា​ន​ថា ដល់​ពេល​ដែល​គ្រួសារ​ហ៊ុន​ត្រូវ​កាត់​ដី​ឱ្យ​ថៃ ដើម្បី​ដូរ​យក​សន្តិភា​ព​និង​អំណាច ។

ក្នុងន័យនេះ លោក​ពន្យល់​ថា កា​រដោះ​មីន​និង​ការ​ដក​កាំភ្លើង​ធំ​ចេញ​ពី​ព្រំដែន​ ប្រៀប​ដូច​កា​របើ​ក​ដៃ​ឱ្យ​ថៃ​ចូល​រំលោភ​យក​ដី​ខ្មែរ​តាម​ចិត្ត គឺ​កម្ពុជា​ចាញ់​ល្បិច​ថៃ​ទៀត ។

លោកបន្តថា បន្លាលួសនៅតែមិនរើចេញ ទាហាន​ខ្មែរ​១៨នាក់​នៅ​មិន​ទាន់​ដោះ​លែង និង​ហើយ​ដី​ដែល​កម្ពុជា​បាត់​បង់​ ដូច​ជា​ភ្នំទ្រព្យ ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់​តូច និង​ច្រក​អាន​សេះ ព្រ​មទាំ​ង​ភូមិ​ព្រៃ​ចាន់​ និង​ភូមិ​ជោគ​ជ័យ នៅ​តែ​ថៃ​គ្រប់​គ្រង​ដដែល។

ជាការឆ្លើយតប អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធិ បញ្ជាក់​ប្រាប់​VOD​ថា ការ​ចោទ​ប្រកាន់​ថ្នាក់​ដឹក​នាំ​បក្ស​កាន់​អំណាច​នេះ ហាក់​មិន​មែន​ជា​រឿង​ចម្លែក​ទេ ដែល​ក្រុម​ប្រឆាំ​ង​ចាំ​តែ​រិះ​គន់​ ទោះ​រដ្ឋាភិបាល​ធ្វើ​អ្វី​ក៏​មិន​ត្រូវ​ចិត្ត ឬ​គាប់​ចិត្ត​អស់​លោក​ក្រុម​ប្រឆាំង​ដែរ។

លោកថា៖ «ហើយរឿងនេះ ជា​រឿង​មួយ​ដែល​ពិភព​លោក​មួយ​សាទរ​នូវ​កិច្ច​ព្រម​ព្រៀង​សន្តិភាព រវាង​ភាគី​ទាំង​ពីរ ដែល​គេ​រំពឹ​ង​ថា​នឹង​មាន​ការ​ចុះហ​ត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ហ្នឹង ជា​អ្វី​ដែរ​គេ​សាទ​រ​គ្រប់​គ្នា ក៏​ប៉ុន្តែ​ចម្លែក​ពួក​គេ​ហ្នឹង គឺ​ថា​ដឹង​តែពី​មុន​ការ​មិន​សាទរ​ ដឹង​​​តែ​ពី​រ្រឿង​មិន​ចេះ​ចប់​មិន​ចេះ​ហើយ គិ​ត​ថា អ្នក​ដែល​កំពុង​ធ្វើ​ហ្នឹង​គឺ​ថ្ងៃៗ​ហ្នឹង​ គឺ​ធ្វើ​ឲ្យ​បាត់​ដី​មាន​តែពួ​ក​គេ​ដែល​ស្រឡាញ់​ទឹក​ដី​ គឺ​ថែ​រក្សា​ទឹក​ដី​ខ្មែរ បែរ​ពី​ក្រៅ​ពី​ក្រុម​ខ្លួន​នោះ​ គឺ​ថា​គេ​ធ្វើ​ឲ្យ​បាត់​ដីបា​ត់​អី​អស់ អ៊ីចឹង​ខ្ញុំគិ​ត​ថា​នេះ​ជាភាព​ជ្រុល​និយម​ទេ»។

បើតាមការ​ធ្វើ​បច្ចុប្បន្ន​ភាព​របស់​ក្រសួង​ការ​បរទេស ចុះ​ថ្ងៃ​ទី​​១៣ ខែ​តុលា បាន​​បញ្ជា​ក់​​ថា រដ្ឋ​មន្ត្រី​​ក្រសួង​​​ការ​​បរទេស​​​កម្ពុជា លោក ប្រាក់ សុខុន ក្នុង​​​កិច្ច​​ប្រជុំ​​ចតុ​​ភាគី រវាង​ប្រទេស​កម្ពុជា ថៃ ម៉ាឡេ​ស៊ី និង​សហរដ្ឋ​​អាមេរិក។

បើតាមលិខិតនោះ លោក ប្រាក់ សុខុន បានលើកឡើង​ពី​​ចំនុច​​អាទិភាព​​សំខាន់ៗ​​មួយ​​ចំនួន ដែល​​ភាគី​ទាំង​​ពីរ​ គឺ​​ថៃ​​និង​កម្ពុជា បាន​ឯកភាព​គ្នា​នា​ពេល​ថ្មីៗ​នេះ ដើម្បី​រួម​គ្នា​កាត់​បន្ថយ​ភាព​តាន​តឹង និង​កសាង​ទំនុក​ចិត្ត​ឡើង​វិញ ។

បើតាម លោក ប្រាក់ សុខុន ការឯកភាព​គ្នា​នោះ មាន​ដូច​ជា​ការ​ដក​ទៅ​វិញ​នូវ​អាវុធ​ធន់​ធ្ងន់ ការ​ដោះ​មីន​មនុស្ស​ធម៌ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន ការ​គ្រប់​ការ​តាំង​ទំនៅរ​បស់​ជន​ស៊ីវិល​នៅ​តាម​ព្រំដែន​ និង​ការ​ប្រឆាំង​ព័ត៌​មាន​មិន​ពិត​ជា​ដើម។

ការឯកភាពគ្នានេះ ក្នុងបំណងរបស់កម្ពុជា ដើម្បីស្តារ​ប្រក្រតី​ភាព សន្តិ​ភាព ស្ថិរ​ភាព និង​​វិបុល​​ភាព​​រវាង​​ប្រទេស និង​​ប្រជាជន​​ទាំង​​ពីរ។

យ៉ាងណា អ្នកច្បាប់ និងជា​អ្នក​វិភាគ​ឯករាជ្យ លោក វ៉ន ចាន់ឡូត និយាយ​ថា បើ​រដ្ឋាភិបាល​កម្ពុជា​យល់​ព្រម​តាម​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ថ្មី​មែន​​នេះ គឺ​ចូល​អន្ទាក់​ថៃ​ហើយ នឹង​ធ្វើ​ឱ្យ​បាត់​បង់​ទឹក​ដី។

លោកពន្យល់ថា ថៃជាអ្នកបង្កហេតុឈ្លានពានកម្ពុជា​មុន ហើយ​ថៃ​មិន​ដែល​គោរព​សន្ធិ​សញ្ញា ឬ​កិច្ច​ព្រម​ព្រៀង​អ្វីនោះ​​ទេ គឺ​មហិច្ចតា​ថៃប​ន្ត​ឈ្លាន​ពាន​ខ្មែរ​រហូត ជាក់​ស្តែង​ក្រោយ​បទ​ឈប់​បាញ់ ថៃបា​ន​បំពាន​ចូល​ចាប់​ទាហាន​ខ្មែរ​ទុក​ធ្វើ​ជា​ឈ្លើយ​សឹក បន្ត​រាយ​លួស​បន្លា​ព័ទ្ធ​យក​ប្រាសាទ​តាមាន់​ធំ គ្រប់​គ្រង​ភ្នំ​ទ្រព្យ ព័ន្ធ​យក​ច្រក​អាន​សេះ និង​រំលោភ​យក​ភូមិ​ព្រៃចា​ន់ និង​ភូមិ​ជោគ​ជ័យ​ទៀត។

លោកថា៖ «ក្នុងករណីដែលកម្ពុជាព្រមទទួល​យក​សំណើសន្តិភាព​ មិន​​ខុស​អ្វី​ពីកា​រ​សុំ​ចុះ​ចាញ់​នៅ​ក្នុង​សង្គ្រាម​ជាមួយ​​នឹង​ភាគី​ថៃ​នោះ​ទេ ដូច​យើង​ដឹង​ថា​ភាគី​ទាំង​ពីរ បាន​ជួប​គ្នា​កាល​ពី​ពេល​ថ្មី​ៗ​នេះ គឺ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា និង​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​​​ថៃ​នៅ​លើ​ទឹក​ដី​ម៉ាឡេស៊ី ដោយ​មាន​វត្ត​មាន​សហរដ្ឋ​អាមេរិក​ផង​ដែរ​នោះ​ គ្រោង​នោះ​​ភាគី​ថៃ​បាន​ស្នើ​បួន​ចំណុ​ច គឺ​ទីមួយ​ គឺ​ឲ្យ​កម្ពុជា​ដក​ចេញ​នូវ​អាវុធ​ធុន​ធ្ងន់​ពី​ព្រំដែន​ ទីពីរ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន ទីបី​បោស​សម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ និង​ទី​បួន​ដោះ​មីន​មនុស្ស​ធម៌»។

លើសពីនេះ លោក ចាន់ឡូត ក៏បានប្រតិម្មលើហ្វេសប៊ុកលោកថា ខ្មែរ-ថៃ មាន​សន្ធិ​សញ្ញា​និង​អនុ​សញ្ញា​បារាំង​សៀម, អនុ​ស្សរណៈ​យោគ​យល់​២០០១ និង​២០០៤ មាន​កិច្ច​ព្រម​ព្រៀង​​សន្ដិភាព​ទីក្រុង​ប៉ារីស​ ធានា​ថា​ទឹក​ដី​កម្ពុជា​នឹង​មិន​មាន​ការ​រំលោភ​បំពាន ថា​តើ​ចាំបាច់​អ្វី​និយាយ​ពី​កិច្ច​ព្រម​ព្រៀង​សន្ដិភាព​ថ្មី។

លោកអះអាង​ថា សន្ធិសញ្ញា អនុសញ្ញា កិច្ចព្រមព្រៀង និងអនុស្សរណៈ​យោគ​យល់​ខាង​លើ រួម​ទាំង​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ ថៃ​មិន​ដែល​គោរព​ផង ​បើ​ថៃ​គោរព​មែន​ជម្លោះ​ព្រំដែ​ន​វា​មិន​កើត​ឡើង​ទេ។

សម្រាប់លោក ចាន់ឡូត យល់​ថា បើទាំងអម្បាល់ម៉ាន​ខាង​លើ ថៃ​មិន​គោរព​ទៅ​ហើយ សង្ឃឹម​អា​ក្រោយនេះ​ថៃ​នឹង​គោរព​តាម​ផ្លូវ​ណា? ខណៈ​កន្លង​មក អាមេរិក​ជា​អ្នក​សម្រប​សម្រួល​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់ ថៃ​មិន​គោរព​ផង​នោះ​។

ការណ៍នេះ លោក វ៉ន ចាន់ឡូត និយាយ​ថា៖ «យើងនឹងឃើញជាក់ច្បាស់​នៃ​សន្ដិភាព​របស់​លោក ហ៊ុន ម៉ាណែត យក​អធិប​តេយ្យ និង​បូរណ​ភាព​ទឹក​ដី​ខ្មែរ​ទៅ​ដោះ​ដូរ»។

លោកថា បញ្ហាគន្លឹះដែលនាំឱ្យលោក ហ៊ុន ម៉ាណែត មិន​អាច​ការ​ពារ​ទឹក​ដី​បាន គឺ​របប​នេះ​គាំទ្រ​ឧក្រិដ្ឋ​ជន​ហើយ​បាន​ប្រែ​ក្លាយ​កម្ពុជា​ទៅ​ជា​រដ្ឋម៉ាហ្វីយ៉ា ដែ​ល​ល្បី​សុះ​សាយ មិន​ចាញ់​របប​វាល​ពិឃាត​នោះ​ទេ។

យ៉ាង​នេះ​ក្តី ការព្រួយបារម្ភរបស់ក្រុមអ្នកឃ្លាំមើលនេះ ហាក់​ស៊ីគ្នា​ទៅ​នឹង​អ្វី​ដែល​យោធា​ថៃ​បាន​បំពាន​ចូល​ឈ្លាន​ពាន​កម្ពុជា​ជាប​ន្ត​បន្ទាប់​ជិត​៣ខែ​ទៅ​នេះ ទាំង​គ្មាន​ការ​រំខាន ឬ​ទប់​ស្កាត់ពី​​ក្រសួង​ការ​ពារ​ជាតិកម្ពុជា។

គួរ​រំឭកថា ក្រោយ​ប៉ះទ​ង្គិច​គ្នាដោ​យ​អាវុធ​ទ្រង់​ទ្រាយ​ធំ កាល​ពី​ថ្ងៃទី​២៤ ខែ​​​កក្កដា ឆ្នាំ​​២០២៥ និង​​មាន​​បទ​​​ឈប់​បាញ់​​នៅ​​​ថ្ងៃទី​​២៨ ខែ​​ក​ក្កដា​​នោះ ថៃ​​​មិន​​​បា​ន​គោរព​បទ​ឈប់​បាញ់​ទេ ។

ថៃ​ចូល​មក​​រាយ​បន្លា​លួស​ព័ទ្ធ​យក​ប្រាសាទ​​តាមាន់ធំ ស្ថិតក្នុង​ខេត្ត​ឧត្តរ​មាន​​ជ័យ តំប​ន់​​អាន​​​សេះ ក្នុង​ខេត្ត​ព្រះ​​វិហារ និង​​ភូ​មិ​​​ព្រៃ​ចាន់ ភូមិ​​អូរបី​ជាន់ ក្នុ​ង​​ស្រុក​​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ។

ហើយ​នៅថ្ងៃ​សុ​ក្រ​ ទី១០ ខែតុលានេះ ​ថៃបា​ន​បញ្ជូន​គ្រឿង​ចក្រ និង​​កង​កម្លាំង​​មក​ឈ្លាន​ពាន​​​​​​​ដី​​ខ្មែរ តាម​​ការ​​​គ្រោង​​ទុក ទាំង​គ្មាន​ការ​ទប់​ស្កាត់​ពី​ភាគី​រដ្ឋាភិបាល​កម្ពុ​ជា​នោះ​ទេ។

ការបណ្តែតបណ្តោយឱ្យបរទេសឈ្លានទឹកដីតាម​ទំនើង​ចិត្ត​ ក្រោម​ហេតុ​ផល​ដើម្បីកា​រពា​រ​សន្តិ​ភាព​ ហាក់​​ផ្ទុ​យ​ពីស្មារតី​រដ្ឋ​ធម្ម​​នុញ្ញ ដែល​ជា​​ច្បា​​ប់កំ​ពូល​របស់​​ជាតិ និ​​ងក្រម​​ព្រហ្ម​​ទណ្ឌ​​កម្ពុជា។

មាត្រា៥២​នៃរដ្ឋ​ធម្មនុញ្ញ ចែង​ថា រាជ​រដ្ឋាភិបាល​កម្ពុជា ​ប្តេជ្ញា​រក្សា​ការ​ពារ​ឯករាជ្យ អធិប​តេយ្យ​ បូរណ​ភាព​ទឹក​ដី អនុ​​​វ​​​ត្ត​​​​នយោបាយ​​បង្រួប​បង្រួម​ជាតិ ដើម្បី​ការ​ឯកភាព​ជាតិ។

លើសពីនេះ ក្រមព្រហ្មទណ្ឌមាត្រា​៤៤០ ចែ​ងថា «អំពើ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស ឬ​ភ្នាក់​ងារ​​បរទេស នូវ​ដែន​ដី​​ជាតិ​​ទាំង​​ស្រុង ឬ​មួយ​ផ្នែក ជា​អំពើ​ក្បត់​ជាតិ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ