នៅកម្ពុជា ម្ចាស់ក្រុមហ៊ុនព្រីនស៍ គ្រុប (Prince Group) លោក ចេន ហ្ស៊ី ត្រូវបានរដ្ឋាភិបាល និងគណបក្សកាន់អំណាច ចាត់ទុកជាឧកញ៉ាចិត្តធម៌ម្នាក់ ដែលតែងតែបរិច្ចាគលុយរាប់លានដុល្លារ ឱ្យទៅកាកបាទក្រហមកម្ពុជា គណបក្សប្រជាជនកម្ពុជា និងផ្ដល់អាហារូបករណ៍ដល់និស្សិតខ្មែរជាដើម។
ក៏ប៉ុន្តែ លោក ចេន ហ្ស៊ី ត្រូវបានអន្តរជាតិស៊ើបអង្កេតឃើញថា លោកគឺជាមេឧក្រិដ្ឋជនលំដាប់ពិភពលោក ដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត ការជួញដូរមនុស្ស និងការធ្វើទារុណកម្មដ៏កក្រើក លំដាប់អន្តរជាតិ។
ប្រភពនៅលើវេបសាយរបស់ក្រុមហ៊ុន DW Capital Holdings មានមូលដ្ឋាននៅប្រទេសសិង្ហបុរី (Singapore) ដែលជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិឱ្យការវិនិយោគផ្ទាល់របស់ លោក ចេន ហ្ស៊ី បានសរសេរថា លោក ចេន ហ្ស៊ី (Chen Zhi) មានដើមកំណើតជាជនជាតិចិន កើតថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៨៧ នៅខេត្តហ្វូជៀន(Fujian) សាធារណរដ្ឋប្រជាមានិតចិន។ ប្រភពបន្តថា លោក ចេន ហ្ស៊ី បានចេញរកស៊ីដំបូង និងតែឯង ដោយបើកហាងអ៊ីនធឺណិតកាហ្វេតូចមួយ នៅទីក្រុងហ្វួចូវ (Fuzhou) ខេត្តហ្វួជៀន (Fujian) មុននឹងលោកបានចាប់ផ្ដើមវិនិយោគក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅប្រទេសកម្ពុជា នៅឆ្នាំ២០១១ ដែលពេលនោះ មិនសូវមានក្រុមហ៊ុនរកស៊ីលើវិស័យនេះច្រើននៅឡើយ។
ទោះជាយ៉ាងនេះក្ដី លោក ចេន ហ្ស៊ី បានមកវិនិយោគនៅកម្ពុជា គឺចំពេលដែលវិស័យអចលនទ្រព្យ និងហាងឆេងដី ហាក់មានតម្រូវការខ្ពស់ និងតម្លៃមានសន្ទុះកាន់តែកើនឡើង ដែលជាឱកាសមាសសម្រាប់ក្រុមឧកញ៉ា ឈ្មួញអ្នករកស៊ី និងសែស្រឡាយមន្រ្តីរដ្ឋាភិបាល ក្នុងការវិនិយោគរកស៊ី ក្នុងពេលនោះ។
លោកទទួលបានសញ្ជាតិខ្មែរ តាមរយៈសញ្ជាតូបនីយកម្ម កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ បន្ទាប់ពីមករកស៊ីនៅកម្ពុជាបាន ៤ឆ្នាំ ហើយក្រោយមក លោកបានបង្កើតក្រុមហ៊ុនអចលនទ្រព្យរបស់លោកដំបូង ស្ថិតក្នុងក្រុងភ្នំពេញ រហូតដល់ឆ្នាំ២០១៥ លោកបានក្លាយជាស្ថាបនិក បង្កើតក្រុមហ៊ុន ព្រីនស៍ គ្រុប ដែលរកស៊ីខាងវិស័យអចលនទ្រព្យ ផ្សារទំនើប ធនាគារ និងវិស័យជាច្រើនទៀត។ ផ្លាកយីហោរបស់ក្រុមហ៊ុនលោក ត្រូវបានគេប្រទះឃើញមានស្ទើរគ្រប់ទីកន្លែង នៅតាមដងផ្លូវនានា ក្នុងក្រុងជាច្រើននៅកម្ពុជា។
ទោះជាយ៉ាងណា មិនទាន់មានប្រភពណាមួយ ដែលបង្ហាញពីមូលហេតុធ្វើឱ្យ លោក ចេន ហ្ស៊ី អាចរកស៊ីកាក់កបរហូតក្លាយជាមហាសេដ្ឋី និងក្លាយជាទីប្រឹក្សារបស់ក្រុមមេដឹកនាំកម្ពុជា យ៉ាងឆាប់រហ័ស ដូចព្រះឥន្ទប្រទានពរ ឱ្យនោះឡើយ។
លោក ចេន ហ្ស៊ី បានទទួលគោរមងារជា ឧកញ៉ា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ មុននឹងត្រូវបានដំឡើងគោរមងារជាអ្នកឧកញ៉ា នៅឆ្នាំ២០២០។
បន្ទាប់ពីទទួលបានយសខ្ពស់លំដាប់ទី២ នៅក្នុងគោរមងារឧកញ៉ាហើយនោះ លោក ចេន ហ្ស៊ី ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ជាទីប្រឹក្សា របស់អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅឆ្នាំ២០១៩ ជាទីប្រឹក្សារបស់អតីតប្រធានរដ្ឋសភា លោក ហេង សំរិន និងប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន កាលពីឆ្នាំ២០២០ តាមសំណើររបស់លោក ហ៊ុន សែន។
ក្នុងពេលរកស៊ីនៅកម្ពុជានេះ លោក ចេន ហ្ស៊ី បានបង្កើតអាជីវកម្មរួមគ្នាមួយជាមួយលោក ស សុខា ឈ្មោះ ក្រុមហ៊ុន ជីនប៉ី (Jinbei Cambodia Investment Co. Ltd.)។ កាលពីពេលនោះ ឪពុកលោក ស សុខា គឺលោក ស ខេង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មុននឹងលោកបានផ្ទេរតំណែងនេះឱ្យទៅលោក ស សុខា នៅឆ្នាំ២០២៣។ តែយ៉ាងណា អាជីវកម្មរួមគ្នាមួយជាមួយ លោក ស សុខា នេះ ត្រូវបានរំលាយចោលនៅឆ្នាំ២០២១។
ទន្ទឹមនឹងការបង្កើតទំនាក់ទំនងរកស៊ីជាមួយក្រុមមន្រ្តីគ្រាក់ៗ របស់កម្ពុជាហើយនោះ លោក ចេន ហ្ស៊ី បានផ្ដល់លុយដល់កាកបាទក្រហមកម្ពុជា ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រពន្ធ លោក ហ៊ុន សែន គឺលោកស្រី ប៊ុន រ៉ានី ម្ដងៗ រាប់លានដុល្លារ និងបរិច្ចាគជួយរដ្ឋាភិបាលបក្សកាន់អំណាច ក្នុងរូបភាពមនុស្សធម៌ រាប់លានដុល្លារជាច្រើនដង។ ក្រៅពីនេះ លោកក៏បានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាផងដែរ។
ទោះជាបែបនេះក្ដី នៅពីក្រោយលុយសប្បុរសធម៌ ទាំងដុំៗនេះ លោក ចេន ហ្ស៊ី ដែលជាឈ្មួញរកស៊ីជោគជ័យមហាលោតផ្លោះ និងស្ពាយគោរមងារ និងតួនាទីជិត ១០ម្នាក់ឯង ក្នុងជួររដ្ឋាភិបាលរបស់បក្សទេវតារូបនេះ ត្រូវបានសាលក្រមរបស់តុលាការចិន ដែលចុះកាលបរិច្ចេទពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ចោទប្រកាន់ក្រុមហ៊ុនសម្ព័ន្ធរបស់លោក គឺជាក្រុមឧក្រិដ្ឋជនល្បែងអនឡាញឆ្លងដែនដ៏អាក្រក់ ដោយរកបានចំណូលមិនស្របច្បាប់យ៉ាងហោចណាស់ ៧០០លានដុល្លារ។
ជាថ្មីម្ដងទៀត នៅថ្ងៃទី១៤ ខែតុលា រដ្ឋាភិបាលចក្រភពអង់គ្លេស បានប្រកាសដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិរបស់មហាសេដ្ឋី លោក ចេន ហ្ស៊ី ពាក់ព័ន្ធនឹងការបើកទីតាំងឆបោកអនឡាញជាច្រើនកន្លែង នៅក្នុងប្រទេសកម្ពុជា ហើយបានលួចលុយពីពលរដ្ឋស្លូតត្រង់ចក្រភពអង់គ្លេស និងជាប់ពាក់ព័ន្ធការជួញដូរមនុស្ស និងការធ្វើទារុណកម្ម។
រដ្ឋាភិបាលអង់គ្លេសបានចោទថា លោក ចេន ហ្ស៊ី គឺជាមេបណ្ដាញក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ និងបក្ខពួក កំពុងបើកអាជីវកម្មជាច្រើនកន្លែងនៅក្នុងប្រទេសអង់គ្លេស ក្នុងនោះរួមទាំងការវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យក្នុងទីក្រុងឡុងដ៍ (London) ការកាន់កាប់ភូមិគ្រឹះមួយកន្លែង ដែលមានតម្លៃ ១២លានផោន មានអាគារការិយាល័យតម្លៃ ១០០លានផោន រួមទាំងផ្ទះល្វែងចំនួន១៧ផ្សេងទៀត។
យ៉ាងណាក៏ដោយចុះ ទោះជាលោក ចេន ហ្ស៊ី ត្រូវបានលាតដាងពីឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត លាងលុយកខ្វក់ និងចាប់ជំរិតលំដាប់អន្តរជាតិក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជា មិនបានចាប់ខ្លួន លោក ចេន ហ្ស៊ី ឱ្យទៅអាជ្ញាធរចិននោះឡើយ ខណៈស្ថាប័នកាកបាទក្រហមកម្ពុជា និងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ហាក់គ្មានចិត្តអល់អែក ក្នុងការទទួលយកលុយជំនួយពីសេដ្ឋីវ័យក្មេងនោះឡើយ៕









