អាមេរិក​និង​អង់​គ្លេស​រួមគ្នា​ចាត់​វិធាន​លើ​បណ្តាញ​ឧក្រិដ្ឋ​កម្ម​ឆបោក​នៅ​អាស៊ី​មាន​ទំាង​កម្ពុជា

អង់​គ្លេស និង​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​អង្គារ បាន​ដាក់​ទណ្ឌ​កម្ម​បណ្តាញ​ពហុ​ជាតិ ​មាន​មូល​ដ្ឋាន​នៅ​អាស៊ី​អាគ្នេយ៍​ដែល​​ត្រូវ​បាន​ចោទ​ពី​បទ​ដំណើរ​ការ​មជ្ឈ​​មណ្ឌល​បោក​ប្រាស់​តាម​អន​ឡាញ​ទ្រង់​ទ្រាយ​ធំ ប្រើ​កម្មករ​ដែល​​ត្រូវ​បាន​ជួញ​ដូរ ដើម្បី​បោក​ប្រាស់​ជន​រង​គ្រោះ​ជុំវិញ​ពិភព​លោក។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ(Reuters) បាន​រាយ​ការណ៍​នៅ​ថ្ងៃទី​​១៤ ខែ​តុលា ឆ្នាំ​២០២៥​នេះ​ថា រដ្ឋាភិ​បាល​អង់​គ្លេសបា​ន​និយាយ​ថា មជ្ឈ​មណ្ឌល​ដែល​មាន​ទីតាំង​នៅ​ប្រទេស​កម្ពុជា មីយ៉ាន់​ម៉ា និង​ទូទាំង​តំបន់​ដែល​ប្រើ​ប្រាស់​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ការ​ងារ​ក្លែង​បន្លំ ដើម្បី​ទាក់​ទាញ​កម្មករ​ បន្ទាប់​មក​បាន​បង្ខំ​ឱ្យ​ប្រព្រឹត្ត​ការ​បោក​ប្រាស់​តាម​អន​ឡាញ​ ក្រោម​ការ​គម្រាម​កំហែង​នៃ​ការ​ធ្វើ​ទារុណ​កម្ម។

នេះរួម​បញ្ចូល​ទាំង​ការ​ទាក់​ទាញ​ជន​រង​គ្រោះ ចូល​ទៅ​ក្នុង​ស្នេហា​ក្លែង​ក្លាយ មុន​ពេល​ដែល​បញ្ចុះ​បញ្ចូល​ពួក​គេ​ឱ្យ​វិនិយោគ​​ប្រាក់​ជា​ច្រើន​ ចូល​នៅ​ក្នុង​កម្ម​វិធី​រូបិយ​បណ្ណ​ក្លែង​ក្លាយ។

រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក អ៊ីវ៉េត ឃូប​ភើ (Yvette Cooper) បាន​និយាយ​ថា៖ «មេក្លោង​ដែល​នៅ​ពី​ក្រោយ​មជ្ឈ​មណ្ឌល​បោក​ប្រាស់​ដ៏​គួរ​ឱ្យ​រន្ធត់​ទាំង​នេះ កំពុង​បំផ្លាញ​ជី​វិត​របស់​ជន​ដែល​ងាយ​រង​គ្រោះ និង​ទិញ​ផ្ទះ​នៅទី​ក្រុង​ឡុង ដើម្បី​ទុក​លុយ​របស់​ពួក​គេ»។

ជាមួយ​គ្នានេះ​ ក្រសួងរតនាគារ​សហរដ្ឋអាមេរិក បាន​និយាយ​ថា ខ្លួន​បាន​អនុវត្ត​នូវ​អ្វី​ដែល​ខ្លួន​ពិពណ៌​នា​ថា​ជា​សកម្ម​​ភាព​ដ៏​ធំ មិន​ធ្លាប់​មាន​ នៅ​ក្នុង​អាស៊ី​អាគ្នេយ៍​ដែល​ដាក់​គោល​ដៅ​មនុស្ស​ចំនួន ១៤៦​នាក់ នៅ​ក្នុង​អង្គ​ការ​ឧក្រិដ្ឋ​កម្ម ព្រីន​គ្រុប​(Prince Group) ដែល​ចក្រ​ភព​អង់​គ្លេស​ ក៏​បាន​ដាក់​ទណ្ឌ​កម្ម​ផង​ដែរ។

ការដាក់ទណ្ឌកម្មរបស់ចក្រភពអង់គ្លេស បាន​កំណត់​គោល​ដៅ​អង្គភាព​ចំនួន៦ ហើយ​និង​បុគ្គល​ចំនួន​៦នាក់ រួមទាំង​ប្រធាន​ក្រុម​ហ៊ុន​ព្រីន​គ្រុប​(Prince Group) មហា​សេដ្ឋី​ខ្មែរ-ចិន លោក ចេន ហ្ស៊ី (Chen Zhi) ដែល​សហរដ្ឋ​អាមេ​រិក និង​ចក្រ​ភព​អង់​គ្លេស បាន​ចោទ​ប្រកាន់​ថា បាន​ត្រួត​ត្រា​បរិវេណ​អគារ​ដែល​ត្រូវ​បាន​​ប្រើ​ប្រាស់​សម្រាប់​ការ​ឆបោក​តាម​អន​ឡាញ។

លោក ចេន (Chen) អាយុ​៣៨​ឆ្នាំ​រូប​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​ថ្ងៃ​ទី​០៨ ខែ​តុលា នៅ​ក្នុង​តុលាការ​រដ្ឋ​សហព័ន្ធ​ ប្រូក​​គ្លីន​(Brooklyn) លើ​ការ​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​បោក​ប្រាស់ និង​សម​គំនិត​លាង​លុយ​ នេះ​​​បើ​​តាម​លិខិត​​របស់​​តុលាការ​​ដែល​​បាន​​ផ្សព្វ​ផ្សាយ​​ជា​​សាធារណៈ ​កា​ល​ពី​​​ថ្ងៃ​​អង្គារ។

រដ្ឋអាជ្ញាស​ហរដ្ឋអាមេរិក បាននិយាយថា លោក ចេន ហ្ស៊ី និង​សហការី​របស់​លោក បាន​ដំណើរ​ការ​មជ្ឈ​មណ្ឌល​ពលកម្ម​ដោយ​បង្ខំ​ នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​កន្លែង​ឃុំឃាំង​មនុស្ស​ដោយ​បង្ខំ​ឱ្យ​អនុវត្ត​ក្លែង​បន្លំ​ការ​វិនិ​យោគ​រូបិយ​ប័ណ្ណ​គ្រីប​តូ។ បន្ថែម​ពី​នេះ លោក ចេន​(Chen) ត្រូវ​បាន​ចោទ​ថា បាន​លាង​លុយ​កង្វក់​តាម​រយៈ​ល្បែង​អន​ឡាញ និង​ក្រុម​ហ៊ុន​រុក​រក​រ៉ែ​រូបិយ​ប័ណ្ណ​គ្រីបតូ។

រដ្ឋអាជ្ញា បាននិយាយថា ពួក​គេ​បាន​រឹប​អូស​ប្រហែល ១២៧ ២៧១​​ប៊ីត​ខ័ញ​(bitcoin) ឬ ១៤.២ពាន់​លាន​ដុល្លារ​ជាមូល​និធិ​​អាច​តាម​ដាន​ពី​ឧក្រិដ្ឋ​កម្ម។ ពួក​គេកំ​ពុង​ស្នើ​សុំ​ការ​អនុម័ត​ពីតុ​លាការ ដើម្បីកា​ន់​កាប់​ប៊ីត​ខ័ញ​ជា​អចិន្ត្រៃយ៍ ដែល​ពួក​គេ​បាន​និយាយ​ថា ជា​សកម្ម​ភា​ព​រឹប​អូស​ដ៏​ធំបំ​ផុត​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​នាយក​ដ្ឋាន​យុត្តិ​ធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ