អង្គការការពារសិទ្ធិមនុស្សលីកាដូ ជំរុញឱ្យរដ្ឋាភិបាលបញ្ឈប់វិបត្តិហិង្សាក្នុងគ្រួសារ រួមទាំងហិង្សាផ្លូវភេទ ដើម្បីការពារអ្នកងាយរងគ្រោះ ពិសេសស្តី្រ និងកុមារ ក្រោយពីរកឃើញថា តិចជាង៦ឆ្នាំចុងក្រោយនេះ ជនរងគ្រោះយ៉ាងតិច ១៤៦នាក់បានស្លាប់ ក្នុងនោះស្តី្រជិត៧០ភាគរយ។
អង្គការលីកាដូ និយាយលើគេហទំព័ររបស់ខ្លួន នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះថា អំពើហិង្សាផ្លូវភេទ កំពុងតែសម្លាប់ និងបំផ្លាញជីវិតរស់នៅរបស់ប្រជាពលរដ្ឋអស់ជាច្រើននាក់ ដែលរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូប គួរចាប់ផ្ដើមចាត់វិធានការឥឡូវនេះ ដើម្បីបញ្ឈប់អំពើហិង្សា។
ប្រភពនោះបន្តថា ការចងក្រងករណីអំពើហិង្សាជាច្រើន ដែលបណ្តាលឱ្យជនរងគ្រោះយ៉ាងតិចចំនួន ១៤៦នាក់ ក្នុងនោះមានកុមារចំនួន ៤៦នាក់ ត្រូវបានសម្លាប់ដោយអំពើហិង្សាក្នុងគ្រួសារ និងអំពើហិង្សាផ្លូវភេទ ក្នុងរយៈពេលតិចជាង ៦ឆ្នាំចុងក្រោយ ។
មានជនរងគ្រោះជាច្រើនទៀត ទំនងជាត្រូវបានសម្លាប់ក្នុងករណីក្រៅពីអ្វីដែលអង្គការលីកាដូ បានចងក្រង។ ក្រៅពីជនរងគ្រោះដែលត្រូវបានសម្លាប់ មនុស្សជាច្រើននាក់ផ្សេងទៀត កំពុងប្រឈមមុខនឹងអំពើហិង្សា និងហានិភ័យជារៀងរាល់ថ្ងៃ ។
សម្រាប់អង្គការលីកាដូ មនុស្សពេញវ័យ និងកុមារអាយុក្រោម ១៨ឆ្នាំ ចំនួន ១៤៦នាក់ ត្រូវបានសម្លាប់ ក្នុងនោះរួមមាន ស្រី្ត ៩៦នាក់ បុរស ៤នាក់ កុមារី ២៧នាក់ និងកុមារា ១៩នាក់។
សម្រាប់រដ្ឋាភិបាល ក៏គួរតែពង្រឹងជាបន្ទាន់នូវកម្មវិធីទប់ស្កាត់ ផ្តល់សេវាគាំទ្រ និងច្បាប់នានា ដើម្បីធានានូវការការពារឲ្យបានល្អប្រសើរជាងមុន ជាពិសេសសម្រាប់ស្ត្រី និងកុមារ។ ហើយថា ច្រើនជាងពាក់កណ្ដាលនៃឃាតកម្មទាំងនេះ ត្រូវបានប្រព្រឹត្តដោយដៃគូ ឬអតីតដៃគូរបស់ជនរងគ្រោះ ។
លើសពីនេះ អំពើហិង្សាផ្លូវភេទ ក៏ជាដើមហេតុដែលនាំឱ្យកើតមានឃាតកម្មជាច្រើន ក្នុងចំណោមករណីដែលខ្លួនបានកត់ត្រា។
បើតាមប្រភពដដែល អាយុជីវិតរបស់ស្រី្ត និងកុមារ ត្រូវបានឆក់យកទៅយ៉ាងលឿន ដោយសារប្រព័ន្ធគាំពារ និងសង្គមនៅមានកម្រិត ។ កុមារ សមាជិកគ្រួសារ និងសហគមន៍កាន់តែច្រើន កំពុងតែរស់នៅក្នុងទុក្ខសោក ដោយសារតែបាត់បង់មនុស្សជាទីស្រឡាញ់របស់ពួកគេ។ អំពើហិង្សាគ្រប់ទម្រង់ ត្រូវតែបញ្ឈប់មុនពេលវាកើតឡើង។ មនុស្សដែលជួបប្រទះនឹងអំពើហិង្សា គួរតែទទួលបាននូវសេវាកម្ម ការគាំទ្រ និងយុត្តិធម៌ ។
វីអូឌី មិនអាចសុំការឆ្លើយតបបញ្ហានេះ ពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានគិតត្រឹមម៉ោងផ្សាយនេះ។
យ៉ាងណា បើតាមអង្គការលីកាដូ ដើម្បីបញ្ឈប់វិបត្តិនេះ រដ្ឋាភិបាលគួរពង្រឹងនូវកម្មវិធីទប់ស្កាត់ និងសេវាគាំទ្រ រួមមានចំណាត់ការតាមផ្លូវតុលាការឱ្យមានប្រសិទ្ធភាព ។
មួយវិញទៀត ត្រូវធ្វើការកែសម្រួលបទដ្ឋានគតិយុត្តមួយចំនួនឱ្យបានឆាប់ និងទូលំទូលាយ ជាពិសេសច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ដើម្បីកំណត់និយមន័យ និងដាក់ទោសទណ្ឌនូវរាល់ទង្វើនៃអំពើហិង្សាក្នុងគ្រួសារ និងហាមឃាត់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការចំពោះករណីអំពើហិង្សាក្នុងគ្រួសារ ។
ធ្វើការបែងចែកធនធានមនុស្ស បច្ចេកទេស និងហិរញ្ញវត្ថុឱ្យបានគ្រប់គ្រាន់ ច្បាស់លាស់ និងក្នុងរយៈពេលវែងក្នុងថវិកាជាតិ សម្រាប់ការអនុវត្តផែនការសកម្មភាពសមធម៌យេនឌ័រ គោលនយោបាយ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ៕









