បទឧក្រិដ្ឋច្រើនទម្រង់កំពុង​ពង្រីកខ្លួនក្នុង​អាណត្តិ​លោក ហ៊ុន ម៉ាណែត

ត្រឹមរយៈពេលជាង២ឆ្នាំ នៃ​ការដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត បទឧ​ក្រិដ្ឋ​ច្រើន​ទម្រង់​ត្រូវ​បាន​គេ​រក​ឃើញ​ថា កំពុង​ពង្រីក​ខ្លួន​បង្ក​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​តំបន់ និង​ពិភព​លោក​ រង​គ្រោះដ​ល់​ពលរដ្ឋ​ខ្មែរ​ស្ទើរ​ពេញ​ប្រទេស។

ការណ៍នេះជំរុញ​ការបារម្ភ​ថា ជា​គ្រោះ​ថា្នក់​អំណាច រដ្ឋាភិបាល​គ្រួសារ​ហ៊ុន បើ​មិន​ប្រញាប់​កែ​លម្អ​ទាន់​ពេល ដើម្បី​ធានា​យុត្តិ​ធម៌​សង្គម និង​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ​ទាន់​ពេល​ទេ​នោះ។ 

គិត​ពី​ថ្ងៃ​ដែល​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​អំណាច​តាំង​ពី​ខែ​សីហា ឆ្នាំ​២០២៣ ដល់​ខែ​តុលា ឆ្នាំ​២០២៥​នេះ មាន​រយៈ​ពេល​ជាង​២ឆ្នាំ​ហើយ ខណៈ​ក្រោម​ការ​ដឹក​នាំ​នេះ​បាន​លេច​ឡើង​ជា​បន្ត​បន្ទាប់​នូវ​រល​កត​វ៉ា​របស់​ជន​រ​ង​គ្រោះ​ពី​អំពើ​ឆបោក និង​ផ្ទុះ​រឿង​អាស្រូវ​បណ្តាញ​ពួកឧក្រិដ្ឋ​ជន​ឆ្លង​ដែន​យក​កម្ពុជា​ជា​ទីតាំង​ឆបោក។

ជុំវិញអំពើឆបោកធំៗ​ក្រោមការដឹកនាំរបស់រដ្ឋាភិបាល​អាណត្តិ​ទី៧នេះ យ៉ាង​ហោច​ណាស់​ពលរដ្ឋ​៣ម៉ឺន​នាក់​រង​គ្រោះក្រោ​យ​ចាញ់​បោក​អតីត​ឧកញ៉ា ឡេង ចាន់ណា ​ជា សារ៉ន​ ហ៊ី គឹម​ហុង ​ក្រុម​​​ហ៊ុន​CIC ​​​ក្រុម​ហ៊ុន​​​ភូមិ​ខ្មែរ​​​គ្រុប ​ឧកញ៉ា ឡេង ណាវ៉ាត្រា និង​ក្រុម​ហ៊ុន​មួយ​ចំនួន​ទៀត តែ​យុត្តិធម៌​ពួក​គេ​ត្រូវ​បាន​កប់​ចោល។

ជ្រុងមួយនៃរឿងនេះ ជនរងគ្រោះម្នាក់អ្នកស្រី សា តីណាស់ ប្រាប់​VOD​នៅ​ថ្ងៃ​ទី​១៦ ខែ​តុលានេះ​ថា គាត់​ចាញ់​បោក​អតីត​ឧកញ៉ា ឡេង ចាន់ណា អស់​១ម៉ឺន​៥ពាន់​ដុល្លារ​ ដែល​​ជា​​​បំណុលខ្ចីពី​ធនាគារ ធ្វើ​ឱ្យ​គាត់​ប្រឈម​វិបត្តិ​ជីវភា​ព​ធ្ងន់​ធ្ងរ។

ប្រភពថា ជាង២ឆ្នាំហើយមិនទាន់ទទួលបានយុត្តិធ​ម៌​ទេ ហើយ​គាត់​បង្ខំ​ចិត្ត​លក់​ដី​ដើម្បី​ដោះ​បំណុល​ធនាគារ។

លោកថា«កូនចៅអីអត់បានរៀនសូត្រ លក់​ដី​លក់​ធ្លី​អីហ្នឹងហើយ​បង។ ដោយ​សារ​អី​យើង​ទៅ​ស្នើ​ពី​គេ​ហ្នឹង​ យើង​ផ្ដិត​មេដៃ​ទៅ​គេ។ យើង​មិន​​ដោះ​ស្រាយ​វា​ពិបាក​ដល់​យើង​ គេ​រឹប​អូស​ដី​ធ្លី​អ៊ីចឹង​ហើយ​ដាក់​លក់​ដាក់​អី​ខ្លះ​កន្លែង​ណា​យើង​មាន។ មក​លក់​អស់​ដី​ឡូត៍​២ប្លង់​ហើយ​បង។អត់​គ្រប់​ទៀត​ហ្នឹង​បង! ដី​យើង​បន្តិច។ ខ្ញុំ​នៅតែ​ព្យាយាម​បង់ សុខ​ចិត្ត​ខ្ចី​ឯកជន»

តំណាង​រាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្រ្ទ យល់​ថា ការ​រាល​ដាន​នៃ​អំពើ​ឆបោក​ក្រោម​ការ​ដឹក​នាំ​របស់​ លោក ហ៊ុន ម៉ាណែត នេះ ដោយ​សារ​កម្ពុជា​ធ្លាក់​ក្នុង​ការ​ដឹក​នាំ​បែប​គ្រួសារ​និយម គ្មាន​ប្រព័ន្ធ​ត្រួត​ពិនិត្យ​អំណាច ធ្វើ​ឱ្យ​ប្រព័ន្ធ​ច្បាប់​ទន់​ខ្សោយ។

លោកបារម្ភថា បើពលរដ្ឋបន្តរងគ្រោះ​បែប​នេះ នៅ​ថ្ងៃ​ណា​មួយ​ពួក​គេ​នឹង​អស់​ការ​អត់​ធ្មត់​ដែល​អាច​ងើប​តវ៉ា​រួម​គ្នា ជា​គ្រោះ​ថ្នាក់​អំណាច​រដ្ឋាភិបាល​ដូច​បណ្តា​ប្រទេស​ផ្តាច់​ការ​មួយ​ចំនួន លើ​ពិភ​ព​លោក​ដែរ បើ​មិន​កែ​លម្អ​ការ​ដឹក​នាំ​របស់​ខ្លួន​ទាន់​ពេល​ទេ​នោះ។

លោកថា៖ «ប្រទេសយើងហ្នឹងជាប្រទេស​ផ្ដាច់​ការ យើង​ឃើញ​គ្រប់​ទាំង​អស់​គ្នា! មើល​ឃើញ​ថា​ធ្លាក់​ខ្លាំង​មែន​ទែន អាច​មាន​បញ្ហា​ទៅ​ថ្ងៃ​មុខ។ យើង​ឃើញ​ប្រទេស​ឥលូវ​នេះ មក​ដល់​មា​ដាហ្គា​ស្កា ម៉ារ៉ុក​អីណា ផ្សេង​ទៀត! ប្រធានាធិប​តី​រត់​ចោល​ស្រុក​អស់​អាលីង​ហើយ។ ជាពិសេស​ដោយ​សារ​អន្តរជាតិ ​ជាពិសេស​ប្រទេស​លោក​សេរី ព្រោះ​ប្រទេស​កុម្មុយ​​និស្ត​ផ្ដាច់​ការ គេ​គាំ​ទ្រហើយ​ប៉ុន្តែប្រ​ទេស​លោក​សេរី។ គេមើ​ល​ឃើញ​ថា​ ធ្វើ​បាប​ប្រជា​ពលរដ្ឋ អ៊ីចឹង​ជាពិសេស ឆបោក​ប្រទេស​សហរដ្ឋ​អាមរិក ឆបោក​ប្រទេស​កូរ៉េ ប្រទេស​ចិន! ចិន​ខ្លួន​ឯង​គេ​ហាម​ឃាត់​មិន​ឲ្យ​ប្រជាជន​គេ​មក​ប្រទេស​កម្ពុជា»។
ថ្មីៗនេះ​ក៏អាមេរិក និងចក្រភពអង់គ្លេស បានរួមគ្នា​ដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ​មេឧក្រិដ្ឋ​ជន​ធំ​មួយ​ដែល​ជា​ទីប្រឹក្សា​ លោក ហ៊ុន សែន គឺ​ឧកញ៉ា ចេន ហ្ស៊ី ប្រធាន​ក្រុម​ហ៊ុន ព្រីនស៍ គ្រុប ក្រោយ​​រ​ក​​ឃើញ​ថា ជា​មុខ​សញ្ញា​បណ្តាញ​​ឧក្រិដ្ឋ​​កម្ម​​ឆបោក​​ខ្នាត​​អន្តរ​​ជាតិ​ លួច​លុយ​​រាប់​ពាន់​​លាន​​ដុល្លារ ពី​​ជន​រង​គ្រោះ​ជុំវិញ​​ពិភព​​លោក។

បើតាមការប្រកាសរបស់ក្រសួងយុត្តិធម៌អាមេរិក នៅថ្ងៃទី១៤ ខែតុលា ឱ្យ​ដឹង​ថា រដ្ឋ​អាជ្ញាតុលាការ​សហព័ន្ធ​សហរដ្ឋ​អាមេរិក​ក្រុង​ញ៉ូវ​យ៉ក បាន​ចោទ​ប្រកាន់​ លោក ចេន ហ្ស៊ី ជុំវិញ​បទឧក្រិដ្ឋ​ឆបោក និង​លាង​លុយ ដែល​អាច​ប្រឈម​ជាប់​ពន្ធនាគារ​៤​០​ឆ្នាំ។

ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) បញ្ជាក់​ថា លោក ចេន ហ្ស៊ី (Chen Zhi) បាន​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន Prince Group ក្លាយ​ជា​អង្គកា​រ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ដ៏​ធំ​បំផុត​មួយ​នៅ​អាស៊ី ដែល​កំពុង​ប្រតិបត្តិ​ការ​នៅ​ក្នុង​ប្រទេស​ចំនួន​៣០​នៅ​លើ​ពិភព​លោក។

សម្រាប់ ប្រធាន​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក នី សុខា យល់​​ថា ការ​រាល​ដាល​នៃ​ឧក្រិដ្ឋ​កម្ម​ឆបោក​នេះ ធ្វើ​ឱ្យ​កម្ពុជា​ស្អុយ​ឈ្មោះ​លើ​ឆាក​អន្តរ​ជាតិ ជះ​ឥទ្ធិ​ពល​មិន​ល្អ​ក្នុង​ការ​ទំនាក់​ទំនង​គ្រប់​វិស័យ​ជាមួយ​អន្តរ​ជាតិ ដែល​ប៉ះ​ពាល់​ដំណើរ​ការ​កសាង​ប្រទេស​កម្ពុជា​ទាំង​មូល​។

នៅចំពោះមុខនេះ លោកជំរុញឱ្យរដ្ឋាភិបាលមានចំណាត់ការ​ម៉ឺង​ម៉ាត់​បោស​សម្អាត​ពួក​ឧក្រិដ្ឋ​ជន​ឱ្យ​ដល់​ឬស​គល់ ទោះ​មាន​តំណែង​ខ្ពស់​យ៉ាង​ណា​ក្តី ព្រម​ទាំង​រក​យុត្តិ​ធម៌​ឱ្យ​ជន​រង​គ្រោះចាញ់​បោក​ក្រុម​ហ៊ុន​ឆបោក ដើម្បី​លាង​ជម្រះ​ការ​សង្ស័យ​ថា រដ្ឋាភិបាល​កាង​ឱ្យ​ពួក​ឧក្រិដ្ឋ​ជន​ និង​ស្តារ​មុខ​មាត់​ជាតិ​កម្ពុជា​ឡើង​វិញ។

លោកថា៖ «ជាទូទៅនៅក្នុងប្រទេសប្រកាន់ប្រជាធិបតេយ្យ រដ្ឋាភិបាល​គឺ​ប្រសូត​ឡើង កើត​ឡើង​ដោយ​សារ​តែ​ការ​បោះ​ឆ្នោត។ ការ​បោះ​ឆ្នោត​រដ្ឋាភិ​បាល​ជាទូទៅ​ តែង​តែ​ត្រូវ​បាន​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​គាំទ្រ ប៉ុន្តែ​ប្រសិ​ន​បើ​យើង​ធ្វើ​មិន​ស្រួល​បួល​ អាហ្នឹង​វា​អាច​បាត់​នូវ​ជំនឿចិ​ត្ត​បាត់​បង់​នូវ​ការ​គាំទ្រ​រដ្ឋាភិបាល​ដែរ។ អ៊ីចឹង​វា​អាច​ប្រឈម​​ទៅ​នឹង​ការ​បោះ​ឆ្នោត​ ចំពោះ​ការ​សម្រេច​ចិត្ត។ ពលរដ្ឋ​ក៏​គាត់​អាច​ដឹង​ដែរ អ៊ីចឹង​ហើយ​បាន​អារឿង​នេះ វា​ទាក់​ទង​គ្នា​ជាមួយ​នឹង​ដំណើរ​ការ​នៃ​ការ​អនុវត្ត​លទ្ធិ​ប្រជាធិប​តេយ្យ​ពហុបក្ស​អី​អ៊ីចឹង​ក៏​ទៅ​មុខ​ទៀត»។

ជាការកត់សម្គាល់ មនុស្ស​ជំនិតៗ​​មួ​យ​​ចំនួន នៅ​​ជុំវិញ​​ប្រធាន​​​គណបក្ស​​​កាន់​​​អំណាច លោក ហ៊ុន សែន ត្រូវ​​​បាន​​អន្តរ​​​​ជាតិ​​​រក​ឃើញ​​​ជា​បន្ត​​បន្ទាប់​​ថា ជា​​មេ​ឧក្រិដ្ឋ​ជន​​រក​ស៊ី​ចិ​ញ្ចឹម​​​អំណាច​​គ្រួសារ​​​ហ៊ុន ក្នុង​នោះ​​​មាន ឧកញ៉ា លី យ៉ុង​ផាត់ ដែល​​​​​ជា​​​​កាន់​កាប់​​​លុ​យ​​ឱ្យ​​គណបក្ស​​ប្រជាជន​​​កម្ពុជា និង​​​ជា​​ប្រធាន​​​ស​មា​គម​​ឧកញ៉ា​​កម្ពុជា​ផង​​នោះ ជាប់​​ឈ្មោះ​ក្នុង​​បញ្ជី​​ខ្មៅ​អាមេរិក​ ជុំវិ​ញ​បទ​​ឧក្រិដ្ឋ​ឆបោក​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស។

ដោយឡែក ក្មួយ ​លោក ហ៊ុន សែន គឺឧកញ៉ា ហ៊ុន តូ ជាប់​ឈ្មោះជា​មេ​ខ្លោង​គ្រឿង​ញៀន​ និង​លាង​លុយ​កខ្វក់​។ លើស​ពី​​នេះ ឧកញ៉ា ចេន ហ្ស៊ី ជន​ជាតិ​ចិន ដែល​បច្ចុប្បន្ន​ជា​ទី​ប្រឹក្សា ​លោក ហ៊ុន សែន ​តុលាការ​​​ចិន​​រក​​ឃើញ​ជាប់​​ពាក់​​ព័ន្ធ​​​បទ​​ឧក្រិដ្ឋ​​​អន​​ឡាញ​​​ខុស​​​ច្បាប់ និងរងទណ្ឌកម្មពី​អាមេរិក និង​ចក្រ​ភព​អង់​គ្លេស​ផង​ដែរ។

ជាងនេះ​ទៀត ក្រសួងរតនាគារ​អាមេរិក កាលពី​​ថ្ងៃ​​ទី៨ ខែ​កញ្ញា ឆ្នាំ​២០២៥ ប្រកាស​​​ដា​ក់​​ទណ្ឌ​កម្ម​​​ឧកញ៉ា ទ្រី ភាព ទីប្រឹក្សា​​លោក ហ៊ុន សែន ក្រោយ​​រក​ឃើញ​​ថា បណ្តាញ​​​បោ​ក​​​ប្រាស់​​​តាម​​​អ៊ីន​​​​ធឺណិត​​​នៅ​​​​កម្ពុជា មាន​​ជាប់​​ពាក់​​​ព័ន្ធ​​ក្រុម​​ហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព។

របាយ​ការណ៍​ស្រាវ​ជ្រាវ​ជាង​៧០​ទំព័រ​រប​ស់​វិទ្យាស្ថាន Humanity Research Consultancy ចេញ​ផ្សាយ​កាល​ពី​ខែឧ​សភា ឆ្នាំ​២០២៥ ដែល​រក​ឃើញ​ថា កម្ពុជា​នៅ​ក្រោម​​អំណាច​រដ្ឋាភិ​បាល​គ្រួសារ​​ហ៊ុន ជា​ទីតាំង​ស្នូល​នៃ​ការ​ប្រព្រឹត្តិ​​ឧក្រិដ្ឋ​កម្ម​​ឆ្លង​ដែន​ ជាពិសេស​​ឧក្រិដ្ឋ​កម្ម​អន​ឡាញ។

ប្រភពបន្ត​ថា គ្រួសារហ៊ុនដើរតួនាទីជា​អ្នក​ការ​ពារ​​ពួក​​អ្នក​​មាន​​អំណាច ឱ្យ​​គប់​​គិត​​ជាមួយ​​បណ្តាញ​​ឧក្រិដ្ឋ​​កម្ម​​បរទេស ដើម្បី​​ប្រមូល​​ប្រាក់​​យក​​ទៅ​ចិញ្ចឹម​​គណបក្ស​​កាន់​​អំណាច ដោយ​​ពួក​​គេអាច​​រក​​ចំណូល​បាន​​ពី​​​ឧក្រិដ្ឋ​​កម្ម​​អន​​ឡាញ ប្រមាណ​​ពី​​​ជាង ១២​​ពាន់​​លាន ទៅ ១៩​​ពាន់​​លាន​ដុល្លារ​​នៅ​​ក្នុង​​១ឆ្នាំ។

តាមរបាយការណ៍​​ដដែល ​បុគ្គល​ដែល​ជាប់​សង្ស័យ​ពាក់​ព័ន្ធ​​នៅ​​ក្នុង​​បណ្តាញ​​ឧក្រិដ្ឋ​កម្ម​​ឆ្លង​​ដែន​នៅ​​កម្ពុជា​​សរុប​​​ចំនួន ២៨​នាក់ ដែល​ភាគ​ច្រើន​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​​រដ្ឋាភិបាល និង​​ឧកញ៉ា​គ្រាក់ៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ