អ្នកឃ្លាំមើល និងសាធារណជន រិះគន់ចំណាត់ការរបស់តុលាការក្រុងភ្នំពេញ ដែលផ្តន្ទាទោសអតីតមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ហ៊ុន ហេង ដែលបើកបរក្នុងស្ថានភាពស្រវឹង បុករៈបណ្តាលឱ្យមនុស្សស្លាប់ និងរបួសនោះ ថាជារឿងអយុត្តិធម៌សម្រាប់ជនរងគ្រោះ និងជាការអនុវត្តច្បាប់ស្តង់ដាពីរ។
ការណ៍នេះ ពួកគេបានទាមទារឱ្យរដ្ឋាភិបាល ក៏ដូចជាក្រសួងយុត្តិធម៌ ពិនិត្យ និងធ្វើកំណែទម្រង់លើប្រព័ន្ធយុត្តិធម៌ឡើងវិញ ជៀសវាងការរិះគន់ និងការខឹងសម្បាពីមហាជន ដែលនាំឱ្យប្រទេសជួបវិបត្តិសង្គម។
កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ អតីតនាយកការិយាល័យភស្តុភារនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ហ៊ុន ហេង បានបើកបររថយន្តមួយគ្រឿងម៉ាក LEXUS RX400h ក្នុងស្ថានភាពស្រវឹងទាំងថ្ងៃ ហើយបានបុករះទៅលើម៉ូតូកង់បីចំនួន ៣គ្រឿង និងរថយន្តមួយគ្រឿង នៅលើមហាវិថីព្រះនរោត្តម ក្បែរក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងរងរបួសចំនួន ៣នាក់។
ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានប្រកាសសាលក្រម ដោយផ្តន្ទាទោស លោក ហ៊ុន ហេង អាយុ ៦១ឆ្នាំ ដាក់ពន្ធនាគារកំណត់ ៣ឆ្នាំ តែតម្រូវឱ្យអនុវត្តទោសក្នុងពន្ធនាគារ ១ឆ្នាំ ទោសសល់ពីនេះត្រូវព្យួរ និងពិន័យជាប្រាក់ចំនួន ៤លានរៀល ពីបទ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ» នៅលើមហាវិថីព្រះនរោត្តម មុខក្រសួងវប្បធម៌ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។
សេចក្តីថ្លែងការណ៍ដដែល បន្តថា ចៅក្រមជំនុំជម្រះបានសម្រេចផ្តន្ទាទោសលើសំណុំរឿងនេះ ដោយយោងលើមូលហេតុចំនួន៦ ក្នុងនោះ មានដូចជា ជនជាប់ចោទ ជាប់ចោទពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃដែលកម្រិតទោសក្នុងច្បាប់កំណត់ពី ១ឆ្នាំទៅ៣ឆ្នាំ ហើយជនជាប់ចោទមានអត្រាជាតិអាល់កុល ០.៣៥Mg/L ក្រោមច្បាប់ហាមឃាត់(០.៤Mg/L) ខណៈជនជាប់ចោទមានវ័យចាស់ ស្ថិងក្នុងស្ថានភាពជំងឺទឹកនោមផ្អែម និងលើសឈាម។
មូលហេតុផ្សេងទៀតនោះ មានដូចជា ជនរងគ្រោះទាំងអស់បានដកពាក្យបណ្តឹងនិងបានព្រមព្រៀងទទួលសំណងរដ្ឋប្បវេណី ហើយការផ្តន្ទាទោស ៣ឆ្នាំនេះគឺក្នុងកម្រិតអតិបរមានៃទោស តែបានឱ្យអនុវត្តទោសក្នុងពន្ធនាគារ ១ឆ្នាំដោយបានដាក់នូវកាតព្វកិច្ចមួយចំនួន និងជននេះកំពុងជាប់ឃុំបន្តក្នុងពន្ធនាគារនៅឡើយ។
អ្នកនាំពាក្យ បានគូសបញ្ជាក់ថា៖ «ករណីគ្រោះថ្នាក់ចរាចរណ៍នេះ តុលាការបានពិចារណាលើអំពើប្រព្រឹត្ត និងការទទួលខុសត្រូវរបស់ជនជាប់ចោទ តាមកម្រិតទោសដែលមានកំណត់ក្នុងច្បាប់ និងការទទួលខុសត្រូវចំពោះជនរងគ្រោះ ដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់ ស្ថានភាពរបស់ជនជាប់ចោទដែលស្ថិតក្នុងវ័យចាស់ មានជំងឺប្រចាំកាយ និងស្មារតីភ្ញាក់រលឹកទទួលស្គាល់កំហុស»។
លោក សួន សូរីដា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិដែលតុលាការរំលាយ នៅថ្ងៃទី១៦ ខែតុលានេះ យល់ថា ការសេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញនេះ មានភាពអយុត្តិធម៌សម្រាប់ជនរងគ្រោះ ព្រោះជនបង្កបានបើកបរក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍រហូតដល់មានអ្នកស្លាប់ និងរបួសច្រើននាក់ ដែលការណ៍នេះគួរតែមានការផ្តន្ទាទោសឱ្យបានធ្ងន់ធ្ងរ។
លោកបន្តថា ការផ្តន្ទាទោសលើអតីតមន្ត្រីនគរបាល លោក ហ៊ុន ហេង ក្រោមហេតុផលថា គាត់មានជំងឺប្រចាំកាយ មានវ័យចាស់ ជាដើមនោះ ក៏បង្ហាញពីការអនុវត្តច្បាប់នៅកម្ពុជា ថាមានស្តង់ដារពីរផងដែរ ព្រោះអ្នកបង្កគ្រោះថ្នាក់បណ្តាលឱ្យមនុស្សស្លាប់និងរបួស បែរជាជាប់ទោសត្រឹម១ឆ្នាំ ចំណែកឯសកម្មជននយោបាយ សកម្មជនបរិស្ថាន និងសកម្មជនសង្គមជាដើម ដែលមិនបានប្រព្រឹត្តកំហុសផង បែរជាប្រើប្រាស់ប្រព័ន្ធតុលាការ ចោទប្រកាន់ ដាក់ទោសដល់រាប់ឆ្នាំទៅវិញ។
លោក សួន សូរីដា និយាយថា៖ «ទោសដែលបង្កឱ្យមនុស្សស្លាប់ ដោយកំហុសខ្លួនក្នុងការបើកបរដោយគ្រឿងស្រវឹងនេះ គឺជាប់ទោសធ្ងន់ណាស់ មិនមែនជាប់ទោសតែត្រឹម ៣ឆ្នាំរួចហើយដាក់ឱ្យស្ថិតនៅក្នុងឃុំឃាំងមួយឆ្នាំ ហើយនៅក្រៅឃុំ២ឆ្នាំទៀត នឹងមានន័យថា ដូចលែងបុគ្គលហ្នឹងឱ្យរួចខ្លួនបាត់ទៅហើយហ្នឹង[…] ចំណែកឯអ្នកនយោបាយ ឬក៏សកម្មជនបរិស្ថាន សកម្មជនសង្គមអី ទោះបីជាមិនមានរឿងអីធំដុំផង ជួនកាលសកម្មភាពរបស់គាត់ធ្វើដើម្បីប្រទេសជាតិមែន ប៉ុន្តែគេបង្កើតរឿងប្រឌិតរឿងដើម្បីចាប់ចង រហូតដល់ដាក់ទោសធ្ងន់ធ្ងរ ច្រើនសិបឆ្នាំ ខ្ញុំលើកឧទាហរណ៍ដូចលោក កឹម សុខា ចឹង គាត់ដូចអត់មានទោសអីត្រូវដាក់គាត់ ចោទប្រកាន់រហូតទៅដល់ក្បត់ជាតិ គប់គិតជាមួយនឹងបរទេស សហរដ្ឋអាមេរិកក្នុងការផ្តួលរំលំរដ្ឋាភិបាល ហើយដាក់គុកគាត់រហូតដល់ ២៧ឆ្នាំ គាត់អត់មានធ្វើអីសោះ គាត់អត់មានអីសោះអាហ្នឹងគេហៅថាប្រឌិតរឿងដើម្បីចោទប្រកាន់ ហើយលោក ថាច់ សេដ្ឋា ជាប់គុក៤ឆ្នាំ ហើយ៤ឆ្នាំអត់មានអីសោះ ចោទគាត់ថាប្រើសែកស្អុយអីចឹងទៅ ហើយគាត់មានជំងឺប្រចាំកាយ សុំព្យាបាលចេញមកសម្រាកនៅមន្ទីរពេទ្យ ក៏គេអត់ឱ្យដែរ អាហ្នឹងហើយខ្ញុំគិតថា វាអត់មានស្តង់ដាសោះតែម្តង ក្នុងការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា»។
បើតាមលោក សួន សូរីដា បើរដ្ឋាភិបាលមិនប្រញាប់ធ្វើការកែលម្អប្រព័ន្ធយុត្តិធម៌ ហើយបណ្តោយឱ្យបញ្ហាពុករលួយ បក្សពួកនិយម ការកម្ទេចនូវសំឡេងប្រឆាំង និងភាពអយុត្តិធម៌ក្នុងសង្គម នៅតែបន្តចាក់ស្រែះក្នុងសង្គមជាតិបែបនេះ នឹងធ្វើបាត់កិត្យានុភាពនៃច្បាប់ និងនីតិរដ្ឋធ្លាក់ចុះ ហើយកាលណានីតិរដ្ឋធ្លាក់ចុះ ការអនុវត្តច្បាប់មានលក្ខណៈស្តង់ដាពីរ និងមានភាពអយុត្តិធម៌សង្គមកើតឡើងច្រើន នោះប្រជាពលរដ្ឋនឹងមានការខឹងសម្បារ អាចផ្ទុះឡើងនូវចលនាផ្សេងៗប្រឆាំងនឹងរដ្ឋាភិបាល ដែលបង្កឱ្យមានវិបត្តិសង្គម ដូចនៅបណ្តាប្រទេសមួយចំនួន ដូចជា នេប៉ាល់ បង់ក្លាដេស ស្រីលង្កា ម៉ាដាកាសហ្គាជាដើម។
ជុំវិញការផ្តន្ទាទោសនេះដែរ ពលរដ្ឋអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន រួមនិងអ្នកមានសមាជិកគ្រួសារដែលជាប់ឃុំ ក៏បានរិះគន់ផងដែរថាជារឿងអយុត្តិធម៌។
អ្នកប្រើប្រាស់បណ្តាញសង្គម គណនីឈ្មោះ Phan Phana បានបង្ហោះសារឱ្យសាធារណជនជាតិ និងអន្តរជាតិ ជួយវិភាគថា ករណីលោក ហ៊ុន ហេង បើកបរក្នុងស្ថានភាពស្រវឹងជោគ បុកគេស្លាប់ម្នាក់ និងរងរបួស បែរជាជាប់គុក ៣ឆ្នាំ ដោយទោស២ឆ្នាំត្រូវបានព្យួរ ក្រោមហេតុផលកើតជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម ក្រោយជនរងគ្រោះដកពាក្យបណ្តឹង(ទាំងមិនមានភាពច្បាស់លាស់។ ចំណែក ករណីលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន រងការចោទប្រកាន់២បទល្មើស ដោយមួយចោទពីបទចេញសែកស្អុយ ទាំងមិនដឹងដើមបណ្តឹងនៅទីណា និងមួយបទល្មើសទៀតពីបទ បរិហាកេរ្តិ៍គណបក្សកាន់អំណាច ខណៈដែលលោកក៏មានជំងឺបេះដូងរ៉ាំរៃ ហើយត្រូវជាប់ពន្ធនាគាររហូតដល់ជិត ៣ឆ្នាំហើយ។
លោកសរសេរក្នុងសំណេរដើមបន្ថែមថា៖ «សូមអស់លោកបណ្ឌិត និសិត្ស បញ្ញាវ័ន្ត និងអ្នកមិនទាន់រងគ្រោះគិតហើយពិចារណាចុះ តើយុត្តិធម៌ឬអយុត្តិធម៌? តើរដ្ឋាភិបាលមានបើកភ្នែកមើលករណីនេះឬអត់?»។
ចំណែក អ្នកស្រី ចៅ រតនៈ កូនស្រីរបស់លោក ចៅ វាសនា អតីតចៅសង្កាត់ក្រុងប៉ោយប៉ែតដែលជាប់ឆ្នោត និងជាប្រធានគណបក្សភ្លើងទៀនក្រុងប៉ោយប៉ែត បានលើកឡើងក្នុងបណ្តាញសង្គមដែរថា៖ «គេអើយ បុកគេស្លាប់១នាក់ ជាប់គុក១ឆ្នាំ ថាមកពីកើតទឹកនោមផ្អែម ជាហេតុផលឃុំខ្លួនយូរមិនបាន ត្រង់ឪពុកខ្ញុំ ចៅ វាសនា វះពោះវៀនដុះខ្នែងកំពុងឃុំ សុំសម្រាកនៅក្រៅ តុលាការថា មិនអីមានការអីពេទ្យមើលបានហើយ នៅគុកបន្តចុះ»។
ចំណែកអ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Kim Heng បានលើកឡើងថា៖ «ច្បាប់បង្កើតមកតែមួយតែអនុវត្ដច្បាប់មានពីរ អ្នកក្រដាក់ទោសផ្សេង អ្នកមាននិងអ្នកធំដាក់ទោសផ្សេង កុំចង់ស្មើភាពចំពោះមុខច្បាប់អីសម័យនេះ»។
គណនីហ្វេសប៊ុកឈ្មោះ Virak Chan បានស្នើដល់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ពិនិត្យការសំរេចរបស់តុលាការក្រុងភ្នំពេញនេះឡើងវិញ ដើម្បីឱ្យពលរដ្ឋមានជំនឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេ នៅថ្ងៃទី១៦ ខែតុលានេះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សង្កេតឃើញថា ករណីបង្កគ្រោះថ្នាក់ចរាចរណ៍ដោយអតីតមន្ត្រីនគរបាលរូបដែលស្រវឹងនេះ បានរងនូវការរិះគន់ច្រើនពីសាធារណជន តាំងពីថ្ងៃកើតហេតុ ហើយក្នុងនោះពលរដ្ឋក៏បានទាមទារឱ្យមានចំណាត់ការផ្លូវច្បាប់តឹងរឹង និងធ្ងន់ធ្ងរចំពោះអំពើប្រព្រឹត្តនោះ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។
លោកបន្តថា ឥលូវនេះ តុលាការបានផ្តន្ទាទោសលើជនបង្កដែលជាអតីតមន្ត្រីនគរបាលរូបនោះ ដោយដាក់ទោស ៣ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគារ ០១ឆ្នាំ ក្រោមហេតុផលបញ្ហាសុខភាព និងបញ្ហាផ្សេងៗ ដែលធ្វើឱ្យសាធារណជនមានការរិះគន់ខ្លាំងជាថ្មីទៀត ដោយសារពួកគាត់មើលឃើញពីការផ្តន្ទាទោសនេះមានស្តង់ដាផ្សេងគ្នា រវាងអតីតមន្ត្រីនគរបាល និងសកម្មជននយោបាយ បរិស្ថាន និងសង្គម បើទោះជាការសម្រេចក្តីនេះ ជាឆន្ទានុសិទ្ធិរបស់តុលាការ និងជាបទល្មើសខុសគ្នាក៏ដោយ។
លោក អំ សំអាត និយាយថា៖ «កន្លងមក ទាក់ទងជាមួយនឹងប្រព័ន្ធតុលាការ ឬមួយក៏ប្រព័ន្ធយុត្តិធម៌នេះ រាជរដ្ឋាភិបាល បានធ្វើការប្តេជ្ញាថានឹងធ្វើការកំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការនេះ ឱ្យទៅជាតុលាការឯករាជ្យ ដែលមានជំនឿទុកចិត្តពីពលរដ្ឋ ហើយនិងធានាយុត្តិធម៌នៅក្នុងសង្គម តែទោះយ៉ាងណា យើងឃើញហើយនៅក្នុងការផ្តល់អនុសាសន៍របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ គេនៅតែលើកឡើងថា សុំឱ្យកម្ពុជាធ្វើកំណែទម្រង់ប្រព័ន្ធតុលាការនេះ ឱ្យទៅជាតុលាការឯករាជ្យ ដែលធានានូវភាពស្មើគ្នាចំពោះមុខច្បាប់ ធានានូវយុត្តិធម៌នៅក្នុងសង្គម ចឹងអ្វីដែលសំខាន់ហ្នឹង គឺរាជរដ្ឋាភិបាលលោកត្រូវតែធ្វើកំណែទម្រង់ប្រព័ន្ធច្បាប់ និងប្រព័ន្ធតុលាការនេះឱ្យបានឆាប់ ហើយធានាថាប្រព័ន្ធតុលាការ ជាប្រព័ន្ធមួយឯករាជ្យពិតប្រាកដ»។
បើតាមមាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក ចែងថា ជនណាដែលបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្ដាលឱ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ ឆ្នាំ ពិន័យជាប្រាក់ពី៤ ០០០ ០០០ (បួនលាន) រៀល ទៅ ១៥ ០០០ ០០០ (ដប់ប្រាំលាន) រៀល និងអាចត្រូវផ្តន្ទាទោស ដោយទោសបន្ថែមមួយឬច្រើន ដូចមានចែងក្នុងមាត្រា៥៣ (ប្រភេទទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងមាត្រា៨៥ ដដែល ក៏បានចែងថា អ្នកបើកបរដោយស្ថិតក្នុងស្ថានភាពស្រវឹង បណ្ដាលឱ្យមនុស្សស្លាប់ រត់គេចពីកន្លែងកើតហេតុ ដើម្បីគេចពីការទទួលខុសត្រូវ ជាដើម គឺត្រូវជាប់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានទៅ ២៥លានរៀល៕









