ការរីករាលដាលបទ​ឧក្រិដ្ឋ​ឆបោក​​និ​ង​បញ្ហា​ទឹក​ដី​ជា​ក្តី​បារម្ភ​ពី​ចលាចល​សង្គម

អ្នក​តាម​ដាន​ព្រមាន​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​មាន​វាសនា​ដូច​មេដឹក​នាំ​ផ្តាច់​ការ​មួយ​ចំនួន ដែល​ពលរដ្ឋ​ខឹង​សម្បារ​ងើប​បះ​បោរ​បណ្តេញ​ចេ​ញ​ពី​អំណាច បើ​មិន​អាច​ការ​ពារ​បូរណ​ភាព​ទឹក​ដី បោស​សម្អាត​បណ្តាញ​​ឧក្រិដ្ឋ​កម្ម​កំពុង​រីក​រាល​ដាល និង​លុប​បំបាត់​អំពើ​ពុក​រលួយ ទាន់​ពេល​ទេ​នោះ។

ការព្រមាន​នេះ ខណៈដែលបន្ទាត់នយោបាយ​របស់​គ្រួសារ​ហ៊ុន​ជិត​១០​ឆ្នាំ​​មក​នេះ ក្រោយ​​​រំលាយ​​​គណ​​បក្ស​​​​សង្គ្រោះ​​ជាតិ​ចេញ​ពី​ឆាក​នយោ​បាយ កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា បា​នក្លា​យ​ជម្រក​ឧក្រិដ្ឋ​ជន បង្កការ​គំរាម​គំហែង​ដល់​សន្តិសុខ​តំបន់ និង​ពិភព​លោក រួម​ទាំង​បញ្ហា​បូរណ​ភាព​ទឹក​ដី ។

ស្ថិតក្នុង​ស្ថានភាព​នេះ កាលពីថ្ងៃទី១៤ខែ​តុលា សហរដ្ឋ​អាមរិក និង​​ច​ក្រ​​ភព​​អង់​​គ្លេស រួ​​ម​គ្នា​​ដាក់​​ទណ្ឌ​កម្ម​​បង្ក​​ក​ទ្រព្យ​​សម្បត្តិ​ក្រុម​​ហ៊ុន​​ព្រីនស៍​​របស់​​ឧកញ៉ា ចេន ហ្ស៊ី ទីប្រឹក្សា​ ​លោក ហ៊ុន សែន ក្រោយ​​រក​​ឃើញ​​ថា ជា​​បណ្តាញ​​ឧក្រិដ្ឋ​​កម្ម​​ឆបោក​​ខ្នាត​​អន្តរ​​ជាតិ​ លួច​​លុយ​​រាប់​​ពាន់​​លាន​​ដុល្លារ​ពី​​ជន​​រ​ង​​គ្រោះ​​​ជុំ​វិញ​ពិភព​​លោក។

វិធាននេះ​ ចំពេល​ដែល​បញ្ហា​កម្តៅ​ព្រំដែន​ខាង​លិច​ជាមួយ​​ថៃ នៅ​មិន​ទាន់​ស្ងប់ គឺ​យោធា​ថៃ​បន្ត​គឃ្លើន​ឈ្លាន​ពាន​រំលោភ​ចូល​ទឹក​ដី​ខ្មែរ​តាម​ទំនើង​ចិត្ត ទាំង​គ្មាន​ការ​ទប់​ស្កាត់​ ឬ​បង្រ្កាប​ពី​រដ្ឋាភិបាល​គ្រួសារ​ហ៊ុននោះ​ទេ។

ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សសង្រ្គោះ​ជាតិ លោក សួន សូរីដា ប្រាប់​VO​D​នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា​នេះថា បញ្ហា​ចាក់​ស្រែះ​ក្នុង​សង្គ​មកម្ពុជា នឹង​ធ្វើ​ឱ្យ​រដ្ឋាភិ​បាល​ប្រឈម​បាត់​បង់​អំណាច បើ​មិន​ប្រញាប់​កែ​លម្អ។

ក្នុង​ន័​យ​នេះ លោក​ពន្យល់​ថា ក្រោម​ការ​ដឹក​នាំរ​បស់​បក្ស​កាន់​អំណាច​ជាង​១ទសវត្ស​ន៍​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ពោរ​ពេញ​ទៅ​ដោយ​អំពើ​ពុក​រលួយ បក្ខ​ពួក​និយម រួម​ទាំង​អំពើ​ឧក្រិដ្ឋ​កម្ម​ខ្នាត​អន្តរ​ជាតិ។

លោក​អះអាង​ថា សង្គ​មមួយដែលពោរពេញ​ទៅ​ដោយ​ពុក​រលួយ បក្ខ​ពួក​និយម ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​ជា​ប្រព័ន្ធ រួម​ទាំង​អំពើ​ឧក្រិដ្ឋ​កម្ម​ឆបោក ចាប់​ជំរិ​ត​ជា​ដើម នឹង​ជំរុ​ញ​ឱ្យ​ពលរដ្ឋ​ងើប​ប្រឆាំង​តវ៉ា​បះ​បោរ។

លោក​ថា ជា​ទ្រឹស្តីសកល​គេនិយាយ​ថា ទីណា​មាន​អំពើ​ជិះជា​ន់​ការ​កេង​ប្រវ័ញ្ញ​និង​ធ្វើ​បាប​រាស្រ្ត ទី​នោះ​នឹង​មាន​ការ​ងើប​រើ​បម្រះ​ប្រឆាំង​នឹង​ថ្នាក់​ដឹក​នាំ ដូច​ជា នៅ​នេប៉ាល់ ស្រីលង្កា និង​ម៉ាដា​ហ្កាស្កា​ជា​ដើម។

ការណ៍​នេះ លោកបារម្ភថា បើមេដឹកនាំកម្ពុជាមិនពន្លឿនដោះស្រាយ​បញ្ហា​ចាក់​ស្រែះ​ទាំង​អស់​នេះ ដើម្បី​ស្អំ​ចិត្ត​ពលរដ្ឋ​​ទេ ពលរដ្ឋ​ខ្មែរ​អាច​នឹង​អស់​ការ​អត់​ធ្មត់​ងើប​ប្រឆាំង​មេដឹ​ក​នាំ​ ដូច​ទៅ​នឹង​ប្រទេស​ទាំង​នោះ។

លោកថា៖ «ខ្ញុំគិតថា បើ​សិនជា​រ​ដ្ឋាភិបាល​មិន​ព្រម​ដោះ​ស្រាយ​នូវ​បញ្ហា​ដែល​កើត​ឡើង​នៅ​ក្នុង​សង្គម​ក្រោម​ការ​ដឹក​នាំ​រដ្ឋាភិបាល​បច្ចុប្បន្ន​ហ្នឹង​ទេ អ្នក​ទទួល​ថ្ម​បាក់​គឺ​មាន​២ ទី១​គឺ​រដ្ឋាភិបាល​ខ្លួន​ឯង​តែ​ម្តង​ព្រោះ​អី​អំណាច​ដែល​កើត​ឡើង​​ដោយ​មិន​បាន​ដោះ​ស្រាយ​នូវ​បញ្ហា​ដែល​កើត​ឡើង វា​ត្រូវ​តែ​​ទទួល​​បាន​ការ​ឆ្លើយ​តប​ពី​សំណាក់​ប្រជាពលរដ្ឋ​​នៅ​ក្នុង​ស្រុក​ហ្នឹង ជា​ក់​ជា​មិន​ខាន ដូច​ជា​ក់​ស្ដែង​ប្រទេស​នេប៉ាល់​ បង់​ក្លា​ដែស ស្រីលង្កា ហើយ​ថ្មីៗ​ហ្នឹង​ គឺ​ម៉ាដា​ហ្កាស្កា​ផ​ង​ដែរ អ៊ីចឹង​អាហ្នឹង​វា​ជាគំ​រូ​ដែល​មេដឹក​នាំ​នៅ​កម្ពុ​ជា​គួរ​យក​មក​ធ្វើកា​រ​សិក្សា​ឲ្យ​លុប​បំបាត់​នូវ​បញ្ហា​ដែល​កើត​ឡើង​ហ្នឹង​ទៅ»។

អ្នកវិភាគភូមិសាស្ត្រនយោបាយ​នៅអាស៊ី​អាគ្នេយ៍ និង​​ជា​​នាយក​​​ក​​ម្ម​វិធី​​​តស៊ូ​ម​​​តិ​​នៃ​អ​​ង្គ​​ការប្រជា​ធិបតេ​យ្យ​ខ្មែរ​​​ដែល​​មាន​​មូល​​ដ្ឋាន​​នៅ​​ប្រទេស​​អូស្ត្រាលី លោក សេង វណ្ណលី បាន​ប្រតិកម្ម​លើ​ហ្វេស​ប៊ុក​ថា បញ្ហាចាក់​ស្រែះក្នុ​ង​សង្គម​នេះ បើ​គ្មាន​អ្នក​មាន​អំណាច​ពាក់​ព័ន្ធ និង​ទទួល​បាន​ផល​ប្រយោជន៍​ពី​ឧស្សាហ​កម្ម​ឆបោក​តាម​អនឡាញ​នោះ​ទេ មេខ្លោង​​ធំៗ គួរ​ត្រូវ​បាន​គាស់​រំលើង​យូរ​ហើយ។

សម្រាប់លោក សេង វណ្ណលី និយាយថា៖ «មើល​ទៅ​ភាព​ស្រប​ច្បាប់​នៃ​ការ​ការ​ពារ​អធិប​តេយ្យ និង​បូរណ​ភាព​ទឹក​ដី ពី​ការ​ឈ្លាន​ពាន​របស់​បរទេស ប្រហែល​ត្រូវ​បាន​បំផ្លិច​បំផ្លាញ ដោយ​សារ​តែ​បញ្ហា​ឆបោក​អន​ឡាញ​ និង​ប្រព័ន្ធ​គ្រួសារ​និយម​​នេះ​ឯង»។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធិ បញ្ជាក់​ប្រាប់​VOD​ថា លោក​ទទួល​ស្គាល់​ថា​ពិត​ជា​មាន​បញ្ហា​ទាំង​នោះ ប៉ុន្តែ​រដ្ឋាភិបា​ល​បាន​នឹង​កំពុង​អនុវត្ត​​ដើ​ម្បី​ប្រយុទ្ធ​ប្រឆាំង ។

លោកហាក់វាយ​បកក្រុមប្រឆាំងវិញថា ពួកគេចាំតែរិះ​គន់ មិន​បើក​ភ្នែក​មើល​រដ្ឋាភិ​បាល បាន​ខិត​ខំ​ប្រឹង​ប្រែង​ដោះ​ស្រាយ​បញ្ហា​សង្គម រួម​ទាំង​ការ​បង្រ្កាប​បទ​ល្មើស​ឧក្រិដ្ឋ​កម្ម​ឆបោក​ទាំង​នោះ​ទេ។

លោកថា៖ «ពេលនេះ យើង​ឃើញ​រដ្ឋាភិ​បាល​ខំប្រឹង​ប្រែង​ក្នុង​​កា​រដោះ​ស្រាយ​បញ្ហា​របស់​ប្រទេស​ជាតិ​ យើង​ដឹង​ហើយ​ថា បញ្ហា​របស់​ប្រទេស​ច្រើន​ណាស់​ចឹង​ យើ​ង​ដោះ​ជា​ជំហានៗ ដោះគ្រ​ប់​បែប​យ៉ាង​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​​អី ​ឥឡូវ​​​​នេះ​​យើង​កំពុង​តែ​ប្រឈម​នឹង​សត្រូវ​ឈ្លាន​ពាន​ទៀត​ អ៊ីចឹ​ង​យើង​ត្រូវ​សម្រួច​គោល​ដៅ​របស់​យើង​ ឆ្ពោះ​ទៅ​រក​ការ​ប្រឆាំង​សត្រូវ​ឈ្លាន​ពាន​ទឹក​ដី​របស់​យើង អា​នេះ​ដែល​ជា​ចំណុច​ស្នូល​ដែល​យើង​បាន​នឹង​កំពុង​តែ​ធ្វើ»។

ដោយឡែក អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត និយាយ​ថា រដ្ឋាភិបាល​កម្ពុ​ជា​បច្ចុប្បន្ន​កំពុង​រង​សម្ពាធ​ធំ​ៗ​៣ ទី១​ការ​​ឈ្លាន​​ពាន​ទឹក​ដី ទី២ ឧក្រិដ្ឋ​កម្ម​ឆបោក និង​ទី៣​អំពើ​ពុក​រលួយ។

លោកអះអាងថា បញ្ហាធំៗទាំងនេះ បើរដ្ឋាភិបាលកម្ពុជាមិនព្យាយាម​ដោះ​ស្រាយ​ឱ្យ​ទាន់​ពេល​ទេ វា​អាច​នឹង​ប្រឈម​អំណាច​របស់​គាត់ ខណៈ​បច្ចុប្បន្ន​នេះ​យុវជន​ពិភព​លោក ឬ​ហៅ​ថា​យុវជន Gen Z កំពុង​ពុះ​កញ្ជ្រោល​ទាញ​ទម្លាក់​មេដឹក​​នាំ​​ពុក​រលួយ បក្ខ​ពួក​និយម សម្លាប់​ប្រជា​ធិប​តេយ្យ និង​បិទ​សិទ្ធិ​ពលរដ្ឋ​ផង​។

ម្យ៉ាង​វិញទៀត លោកបារម្ភថា បើបញ្ហាឧក្រិដ្ឋកម្មឆបោក បញ្ហាបូរណភាព​ទឹក​ដី​ និង​អំពើ​ពុក​រលួយ​មិន​ត្រូវ​ដោះ​ស្រាយ អ្នក​ដែល​រង​គ្រោះខ្លាំ​ង​ គឺ​ពលរដ្ឋ​ម្ចាស់​ប្រទេស ព្រោះ​ដី​ក៏បា​ត់ អន្តរ​ជាតិ​ក៏​ដាក់​ទណ្ឌ​កម្ម។

លោកថា​៖ «ក្នុងអាណត្តិរបស់លោក ហ៊ុន ម៉ាណែត កា​រ​ដឹក​នាំ​ដើម្បី​ទទួល​បាន​ប្រជា​ប្រិយ​ភាព​ ក៏​ដូច​ជា​ការ​ជឿ​ទុក​ចិត្ត​ពី​សំណាក់​ប្រជា​ពលរដ្ឋ ហាក់​មិន​មាន​ភាព​វិជ្ជ​មាន​នោះ​ទេ ឃើញ​ថា​មាន​តែ​ប្រជា​ពលរដ្ឋ​កាន់​តែ​អស់​ជំនឿ​ទៅ​លើ​ការ​ដឹក​នាំ ជាពិសេស​មេដឹ​ក​នាំ​កម្ពុជា​តែង​តែ​ផ្សា​ភ្ជាប់​ខ្លួន​ទៅ​នឹង​ក្រុម​ឧក្រិដ្ឋ​ជន​ហើយ​នឹង​តែង​តែ​រិះ​រ​កគ្រប់​វិធី​សាស្ត្រ ដើម្បី​បង្កើត​វប្បធម៌​និទណ្ឌ​​ភាព​​ ចំពោះ​ឧក្រិដ្ឋ​ជន​ដែល​បោក​បញ្ឆោត​​ពលរដ្ឋ ឬ​ក៏​ឧក្រិដ្ឋ​ជន​ធំៗ ដែល​សហគមន៍​​អន្តរ​ជាតិ​បាន​រក​ឃើញ​ ក៏​ប៉ុន្តែ​ខ្ញុំមើ​ល​ឃើញ​មាន​ច្រក​មួយ​ ដែល​​មេដឹ​ក​នាំ​កម្ពុជា​អាច​ស្ដារ​នូ​វ​បញ្ហា​នេះ​បាន ដោយ​សារ​តែ​បច្ចុប្បន្ន​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​កាលៈ​ទេសៈ​នៃ​ការ​គំរាម​កំហែង ពី​ប្រទេស​ជិត​ខាង ដូច្នេះ​ក្នុង​ឱកាស​នេះ មេដឹក​នាំ​កម្ពុជា​គឺ​ចាំបាច់​ត្រូវ​តែ​ប្រឹង​ប្រែង ប្រយុទ្ធ​ការ​ពារ​នៅ​ទឹក​ដី​ការ​ពារ​នូវ​អធិប​តេយ្យ​របស់​ជាតិ​ នោះ​ទើប​អាច​ធានា​បាន​ពី​ការ​ជឿ​ទុក​ចិត្ត»។

លើសពីនេះ លោក ចាន់ឡូត បាន​បង្ហោះសារលើហ្វេសប៊ុកថា ក្នុងកាលៈ​ទេសៈ​នេះ ថ្វី​ដ្បិត​តែ​ពលរដ្ឋ​សឹង​តែ​អស់​ជំនឿ​លើ​រដ្ឋាភិ​បាល ប៉ុន្ដែ​ពួក​គេ​នៅ​ជឿ​ថា រដ្ឋាភិបាល​នឹង​ប្រឹង​ប្រែង​ការ​ពារ​ទឹក​ដី​មិន​ឱ្យ​បាត់​បង់ នឹង​ប្រយុទ្ធ​ដើម្បី​សន្ដិ​ភាព រួម​ទាំង​ទប់​ស្កាត់​ការ​ឈ្លាន​ពាន​របស់​បរទេស។

សម្រាប់លោក ចាន់ឡូត នេះជាឱកាស​តែមួ​យគ​ត់​របស់​រដ្ឋាភិបាល ដើម្បី​ស្ដារ​ការ​ជឿទុ​ក​ចិត្ត​ពី​ពលរដ្ឋ។

លោកបន្តថា រដ្ឋាភិបាលត្រូវប្រើឱកាស​នេះ រៀប​ចំ​ស្រុក​ទេស​ដោយ​ឈរ​លើ​នីតិ​រដ្ឋ និង​សុចរិត​ភាព។ ត្រូវ​តែ​កម្ចាត់​មន្ដ្រី និង​ក្រុម​ឧក្រិដ្ឋ​ជន​ ទោះ​ពួក​គេ​ជាសា​ច់​ញាតិ​របស់​ខ្លួន​ក៏​ដោយ។ បើ​រដ្ឋាភិ​បាល មិន​កម្ចាត់​មន្ដ្រី​ទុច្ច​រិត និង​ក្រុម​ឧក្រិដ្ឋ​ជន នោះ​ពួក​​គេ​នឹង​បំផ្លាញ​រដ្ឋាភិបាល​ដោយ​ជៀស​ពុំ​បាន។

របាយ​ការណ៍​តម្លា​ភាព​អន្តរ​ជាតិ រក​ឃើញ​ថា កម្ពុជា​មាន​អំពើ​ពុក​រលួយ​ខ្ពស់​ជាប់​​គ្នា ជិត​១ទសវត្សរ៍ បើ​​ធៀប​​​​នឹ​ង​​​ប្រទេស ១៨០ ដែល​​អង្គការ​នោះ​​បា​ន​សិក្សា។

ប្រភពបន្តថា ប្រទេស​ដែល​មិន​អាច​រើ​​ខ្លួ​ន​ពី​អំពើ​​ពុក​​រលួយ​​ញាំ​ញី​​​បា​ន បញ្ហា​​​ចម្បង​​​មួ​យ ​​គឺ​​ឥទ្ធិ​ពល​​​នយោ​បាយ​​​ជ្រៀ​ត​​ជ្រែត​​​ប្រព័ន្ធ​យុត្តិ​ធម៌ ក៏​​​ព្រោះ​​តែ​​ប្រព័ន្ធ​​យុត្តិ​​ធម៌​​​មិន​​​អាច​​​ដាក់​​ទោស​​​កំហុស​​រដ្ឋាភិ​បាលបាន។

លើសពីនេះ កាលពីថ្ងៃទី២ ខែ​តុលា​ លោក សេង វណ្ណលី អ្នកវិភាគ​ភូមិសាស្ត្រនយោបាយ​​​នៅ​អាស៊ី​​​អាគ្នេយ៍ និង​​​​​​ជា​​នាយក​​​​​ក​ម្ម​វិធី​​តស៊ូ​​ម​​​​តិ​​នៃ​អ​​ង្គ​​ការប្រជា​ធិបតេ​យ្យ​ខ្មែរ ​​ដែល​​​មាន​​​​មូល​​ដ្ឋាន​​នៅ​​ប្រទេស​​អូស្ត្រាលី បង្ហោះ​សារ​ថា ផ្អែក​លើ​​ប្រវត្តិ​​​សាស្ត្រនៃ​ការ​ដួល​រលំនៃ​របប​នយោ​បាយ​នៅ​លើពិ​ភព​លោក​ គេ​រក​ឃើញ​ថា ដើម​​ចម​នៃ​ការ​ដួល​រលំ​នៃរ​បប​នយោ​​បាយ​ភាគ​ច្រើន​ កើតឡើ​ង​មិន​មែន​ដោយ​សារ​តែ​បក្ស​ប្រឆាំង​ទេ ប៉ុន្តែ​​ដោយ​សារ​តែព​លរដ្ឋ​ស្អប់​ខ្ពើម​អំពើពុ​ក​រលួយ ដូច​ដែល​យើង​បាន​ឃើញ​ស្រាប់​នា​ពេល​ថ្មី​ៗ​នេះ នៅ​បង់​​ក្លាដែស ស្រី​លង្កា នេប៉ាល់ និង​ដែល​កំពុង​រាត​ត្បាត​នៅ​ក្នុង​បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅ​ពិភព​លោក​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ