លោក ត្រាំ ត្រៀម​ជួប​លោក ស៊ី ជីន​ពីង នៅកូ​រ៉េ​ខាង​ត្បូង​ជុំវិញ​សង្គ្រាម​ពាណិជ្ជ​កម្ម

មន្ត្រី​ក្រសួង​រតនា​គារ​ លោក ស្កុតបេសេន កាល​ពី​ថ្ងៃ​ពុធ បាន​ទទូ​ច​ថា ក្រុង​វ៉ាស៊ីតោ​ន​មិន​ចង់​បង្កើន​ជម្លោះ​ពាណិជ្ជ​កម្ម​ជាមួយ​ប្រទេស​ចិន​ ដោយ​សង្កត់​ធ្ងន់​ថា លោក​​ប្រធានាធិបតី ដូណាល់​ ត្រាំ គឺ​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ជួប​ជាមួយ​ប្រធា​នាធិបតី​​ចិ​ន លោក ស៊ី ជីន​ពីង នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ចុង​ខែ​នេះ។

ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​រ៉យ​ទ័រ​(Reuters) បាន​រាយ​ការណ៍​នៅ​ថ្ងៃ​ទី១​៥ ខែ​តុលា ឆ្នាំ​២០២៥​នេះ​ថា​ លោក​ បេសេន​(Bessent)​ បាន​ប្រាប់​ទៅ​កាន់​សារ​ព័ត៌​មាន​ស៊ីអ៊ែន​ប៊ីស៊ី​(CNBC)​ថា ​ម​ន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​ទាក់​ទង​គ្នាជា​រៀង​រាល់​ថ្ងៃ ​ដើម្បី​រៀប​ចំ​កិច្ច​ប្រជុំ​នេះ ហើយ​ទីក្រុង​វ៉ាស៊ីន​តោន​មិន​ចង់​ដក​ខ្លួន​ចេញ​ពី​ប្រទេស​ ដែល​មាន​សេដ្ឋ​កិច្ច​ធំ​ទីពីរ​នៅ​ក្នុង​ពិភព​លោក​នោះ​ទេ។

លោកបាននិយាយថា វាគឺដោយសារតែភាព​ជឿទុកចិត្ត​ រវាង លោក ត្រាំ(Trump) និង​លោក ស៊ី(Xi) ទើប​ជម្លោះ​ពា​ណិ​ជ្ជ​​កម្ម​រវាង​ប្រទេស​ទាំង​ពីរ​មិន​បាន​កើន​ឡើង​បន្ថែម​ទៀត។​

ប្រទេសទាំ​ង​ពីរ ហាក់​បី​បាន​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ត្រឡប់​ទៅ​រក​សង្រ្គាម​ពាណិជ្ជ​កម្ម កាល​ពី​សប្តាហ៍​មុន បន្ទាប់​ពី​ប្រទេស​ចិន​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ពី​ការ​ពង្រីក​ដ៏​ធំ​នៃ​ការ​គ្រប់​គ្រង​ការ​នាំ​ចេញ​រ៉ែ​កម្រ។ លោក ត្រាំ បាន​​ឆ្លើយ​តប​កាល​ពី​ថ្ងៃ​​សុក្រ ដោយ​ការ​គម្រាម​តំឡើង​ពន្ធ​លើ​ទំនិញ​ចិន​ឱ្យ​ដល់​កម្រិត​៣ខ្ទង់ ដោយ​បាន​បញ្ជូន​ទីផ្សារ​ហិរញ្ញ​វត្ថុ និង​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ចិន​ចូល​ទៅ​ក្នុង​ស្ថាន​ភាព​ចលាចល។ លោក បេសេន និង​មន្ត្រី​ផ្សេង​ទៀត បាន​ព្យាយាម​ស្តារ​ទំនាក់​ទំនង​ឱ្យ​ត្រឡប់​ទៅ​ជា​ស្ថានភា​ព​ធម្មតា​វិញ តាម​រយៈ​ការ​សម្ភាសន៍​ជា​បន្ត​បន្ទាប់​នៅ​សប្តាហ៍​នេះ។

កាលពីថ្ងៃពុធ លោក បេសេន​(Bessent) បាននិយាយ​ថា ប្រទេស​ចិន​មាន​ចេតនា​យ៉ាង​ច្បាស់​ ដើម្បី​ចាត់​វិធាន​ការ​ ‘‘តាំ​ង​ពី​ដើម’’ ដោយ​បាន​ច្រាន​ចោល​ការ​អះ​អាង​របស់​ទីក្រុង​ប៉េ​កាំង​ថា សកម្មភាព​នេះ គឺ​ជា​ការ​​ឆ្លើយ​​តប​ទៅនឹង​សកម្មភាព​របស់​សហរដ្ឋ​អាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ