វប្បធម៌មិនទទួលស្គាល់ការពិត ហើយតែងតែបដិសេធច្រានចោលដោះសារមិនដោះស្រាយ បញ្ហាស្ទើរតែគ្រប់រឿងរបស់ក្រុមមន្ត្រីរដ្ឋាភិបាល ខណៈក្រុមមន្ត្រីបក្ខពួកនិយមគប់គិតគ្នា ប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ គឺប្រៀបបីដូចជាមេរោគដែលកំពុងផ្តុំគ្នាស៊ីរូងផ្ទៃក្នុងបំផ្លាញកម្ពុជាឱ្យងើបមុខមិនរួច។
ជ្រុង១ពីផលនៃអំពើនេះ បច្ចុប្បន្នកម្ពុជាត្រូវបានគេចាត់ទុកថា ជាប្រទេសឧក្រិដ្ឋកម្មគួរឱ្យខ្លាច ដែលការណ៍នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងមុខមាត់របស់ប្រជាជាតិខ្មែរ។ ហេតុអ្វីកម្ពុជាត្រូវគេចាត់ទុកជាប្រទេសឧក្រិដ្ឋកម្ម ខណៈមានការបង្ក្រាបជាបន្តបន្ទាប់ ?
ប្រទេសកម្ពុជា ក្រោមការដឹកនាំដោយលោក ហ៊ុន សែន ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ ត្រូវបានគេមើលឃើញថា មិនត្រឹមតែទន់ខ្សោយលើគ្រប់វិស័យ ចាប់តាំងពីវិស័យការពារជាតិ វិស័យយុត្តិធម៌ អប់រំ សុខាភិបាល រហូតដល់វិស័យកសិកម្មជាដើមនោះទេ ធនធានធម្មជាតិ ជាពិសេសព្រៃឈើ និងរ៉ែក៏ត្រូវបានបំផ្លាញឱ្យវិនាសអន្តរាយស្ទើរតែទាំងស្រុង ខណៈទឹកដីទាំងខាងកើត និងខាងលិច ក៏ត្រូវបានវៀតណាម និងថៃរំលោភយកជាបន្តបន្ទាប់ផងដែរ។
អំពើពុករលួយបក្ខពួកនិយម បានធ្វើឱ្យអំពើអយុត្តិធម៌សង្គមរីកកាន់តែធំ គម្លាតរវាងអ្នកមាននិងអ្នកក្រកាន់តែខ្លាំង ពលរដ្ឋជិតកន្លះប្រទេសធ្លាក់ខ្លួនជំពាក់បំណុលគេវ័ណ្ឌក ក្នុងនោះមានពលរដ្ឋដល់ទៅជាង២លាននាក់ បានធ្វើចំណាកស្រុកទៅស៊ីឈ្នួលគេនៅក្រៅប្រទេស ភាគច្រើននៅប្រទេសថៃជាដើម។ នេះបើតាមក្រុមអ្នកឃ្លាំមើល។
លើសពីនេះ រឿងអាស្រូវរបស់មន្ត្រីជាន់ខ្ពស់ មានតំណែងរហូតដល់ឧបនាយករដ្ឋមន្ត្រី គប់គិតធ្វើជាខ្នងបង្អែកឱ្យឧក្រិដ្ឋជនជនជាតិចិន រកស៊ីចាប់ជម្រិតតាមប្រព័ន្ធអនឡាញ ដែលមានជាយូរមកហើយ បានផ្ទុះឡើងកាន់តែធំធ្វើឱ្យកក្រើកពិភពលោកកាន់តែខ្លាំង។
ការណ៍នេះ បានធ្វើឱ្យមុខមាត់កម្ពុជាដែលមិនល្អស្រាប់ ដោយសារតែការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ គឺមានកេរ្តិ៍ឈ្មោះកាន់តែស្អុយអាសោចថែមទៀត ខណៈមានការលាតត្រដាងជាបន្តបន្ទាប់ថា កម្ពុជាជាជម្រកឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញធំជាងគេនៅលើពិភពលោក។
សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ បានរួមគ្នាដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិក្រុមហ៊ុន Prince Holding Group របស់ឧកញ៉ា ចេន ហ្ស៊ី ដែលជាទីប្រឹក្សា លោកហ៊ុន សែននិងលោក ហ៊ុន ម៉ាណែត ក្រោយពីរកឃើញថា ជាមេបណ្តាញឧក្រិដ្ឋកម្មឆបោកប្រាក់រាប់ពាន់លានដុល្លារ ពីពលរដ្ឋនៅជុំវិញពិភពលោក។
ក្រសួងយុត្តិធម៌អាមេរិក នៅថ្ងៃទី១៤ ខែតុលា បានប្រកាសថា សហរដ្ឋអាមេរិក បានបង្កកទ្រព្យសម្បត្តិ១៥ពាន់លានដុល្លាររបស់ឧកញ៉ា ចេន ហ្ស៊ី ព្រមទាំងបានចេញដីកាចោទប្រកាន់ឧកញ៉ារូបនេះ ជុំវិញការបើកមជ្ឈមណ្ឌលអនឡាញលាងលុយកខ្វក់ និងការបង្ខាំងមនុស្សខុសច្បាប់។ នៅថ្ងៃដដែលនេះ ចក្រភពអង់គ្លេស ក៏បានប្រកាសដាក់ទណ្ឌកម្ម និងបង្កកទ្រព្យសម្បត្តិឧកញ៉ារូបនេះ នៅទីក្រុងឡុងដ៍ផងដែរ។
សមាជិកសភាសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៣ខែតុលា បានស្នើឱ្យដាក់ប្រទេសកម្ពុជាក្នុងបញ្ជីខ្មៅ ឬប្រផេះ និងដាក់ទណ្ឌកម្មបុគ្គលមួយចំនួន ដែលជាមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា និងឧកញ៉ាមួយចំនួន ទៅក្នុងបញ្ជីខ្មៅពាក់ព័ន្ធនឹងការចាប់ជម្រិតតាមប្រព័ន្ធអនឡាញ ក្នុងនោះមានដូចជា លោក នេត សារឿន ឧបនាយករដ្ឋមន្រ្តី និងជាក្មួយប្រសារលោក ហ៊ុន សែន ឧកញ៉ាហ៊ុន តូ ជាក្មួយលោកហ៊ុន សែន ឧកញ៉ាកុក អាន លោកឌី វិជ្ជា កូនប្រសារលោក ហ៊ុន សែន លោកគួច ចំរើន អភិបាលខេត្តកណ្តាល លោក ស សុខា ឧបនាយករដ្ឋមន្រ្តី ឧកញ៉ា ចេន ហ្ស៊ី លោកយឹម លក្ខណ៍ ប្អូនថ្លៃលោកហ៊ុន ម៉ានី ។ល។
វិទ្យាស្ថានស្រាវជ្រាវ Humanity Research Consultancy កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បានកំណត់អត្តសញ្ញាណបុគ្គល ដែលសង្ស័យជាប់ពាក់ព័ន្ធនៅក្នុងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជាសរុបចំនួន ២៨នាក់ ដែលភាគច្រើនជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលនិងឧកញ៉ាគ្រាក់ៗ។ ក្រុមនេះ ប្រមូលប្រាក់បានប្រមាណពី ១២,៥ពាន់លាន ទៅ១៩ពាន់លានដុល្លារក្នុងមួយឆ្នាំៗ យកទៅចិញ្ចឹមគ្រួសារហ៊ុន និងគណបក្សប្រជាជនកម្ពុជា។
ការផ្ទុះកក្រើកបញ្ហានេះ គឺបន្ទាប់ពីនិស្សិតជនជាតិកូរ៉េម្នាក់ ត្រូវបានក្រុមឧក្រិដ្ឋជនជនជាតិចិនធ្វើទារុណកម្មរហូតដល់ស្លាប់ នៅអគារមួយនៅភ្នំបូកគោ។ សារព័ត៌មានកូរ៉េខាងត្បូង បានផ្សាយថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung កាលពីថ្ងៃទី១៤ ខែតុលា បានហៅកម្ពុជាថា ជាទីក្រុងឧក្រិដ្ឋកម្ម និងបានបញ្ជាឱ្យក្រសួងការបរទេសកូរ៉េ ចាត់វិធានការការទូត ដោយការឆ្លើយតបចំពោះសំណុំរឿងឧក្រិដ្ឋកម្មនៅប្រទេសកម្ពុជា លើពលរដ្ឋកូរ៉េ ដោយសារអំពើឆបោកតាមអនឡាញនាពេលថ្មីៗនេះ។
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ខបានថ្លែងកាលពីថ្ងៃទី១៤ខែតុលាថា ទាក់ទងនឹងការស្លាប់របស់និស្សិតជនជាតិកូរ៉េឈ្មោះប៉ាក មីនហូ អាយុ២២ឆ្នាំ ដែលបានមកដល់កម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិន៣នាក់ និងកំពុងតាមចាប់ខ្លួន២នាក់ទៀត។ ក្រោយពីការធ្វើកោសលវិច័យរកឃើញថា ជនរងគ្រោះស្លាប់ដោយសារការធ្វើទារុណកម្ម ខណៈមានស្នាមជាំជាច្រើនកន្លែងលើរាងកាយ។
លោកថា៖ «អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមគូសបញ្ជាក់ម្តងទៀត អំពីសុឆន្ទៈរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយកដ្ឋមន្ត្រី ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាអាទិ៍ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម ដែលជាបទល្មើសរួមរបស់មនុស្សជាតិ តម្រូវឱ្យរដ្ឋនីមួយៗចាំបាច់ត្រូវស្រាក់ដៃគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសនេះ ឱ្យបានស្រុះគ្នា ស្មើដៃគ្នា ដូចជាការផ្សព្វផ្សាយអប់រំឱ្យពលរដ្ឋនៃរដ្ឋនីមួយៗ បានយល់អំពីហានិភ័យនៃបទល្មើសប្រភេទនៃបទល្មើសល្បិចកលនៃជនល្មើស និងវិធីការពារខ្លួនចេញពីអន្ទាក់នៃបទល្មើស»។
លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានចេញបញ្ជាឱ្យមន្ត្រីជំនាញបង្កើនការបង្ក្រាបបទល្មើសបច្ចេកវិទ្យា ការឆបោកតាមប្រព័ន្ធអនឡាញ និងបទឧក្រិដ្ឋផ្សេងទៀតតាមបណ្តាញអ៊ីនធើណិត។ លោកក៏ព្រមានបញ្ចប់មុខតំណែងអភិបាលរាជធានី ខេត្ត និងស្នងការនគរបាលរាជធានី ខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធផងដែរ ប្រសិនពួកគេមិនអនុវត្តបទបញ្ជានេះ។
លោកព្រឹទ្ធាចារ្យ អ៊ុំ តារា បានសរសេរលើបណ្តាញសង្គមកាលពីថ្ងៃទី១៤ខែតុលាថា ជាលើកទី២ហើយ ដែលលោកបានឮអ្នកនយោបាយបរទេស វាយតម្លៃកម្ពុជាជាប្រទេសឧក្រិដ្ឋកម្ម។ មុនផ្ទុះសង្រ្គាមជាមួយគ្នាអ្នកនយោបាយសៀម និងប្រព័ន្ធឃោសនារបស់សៀម បានវាយប្រហារកម្ពុជាថា ជាប្រទេសឧក្រិដ្ឋកម្មអនឡាញ។ ឥឡូវឃើញគេចុះផ្សាយថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជែម្យុង បានហៅកម្ពុជាថា ជាទីក្រុងឧក្រិដ្ឋកម្មម្តងទៀត។ លោកចោទសួរថា តើរឿងអស់នេះយើងគួរខឹងគេ ឬមកពីអំពើពុករលួយក្នុងប្រទេសយើង ធ្វើឲ្យភ្នែកបរទេសមើលមកយើងឃើញបែបនេះ។
កុំថាឡើយបរទេសដែលមិនរស់នៅលើទឹកដីកម្ពុជាគេគិតមកយើងយ៉ាងម៉េច សូម្បីពលរដ្ឋខ្មែរខ្លួនឯងក៏មានអារម្មណ៍ធុញទ្រាន់នឹងអ្វីដែលកើតឡើង ដោយពួកឧក្រិដ្ឋជនចាប់ជំរិតអស់នោះដែរ ពីព្រោះជាញឹកញាប់គេតែងតែឮពីការចាប់ជំរិត អំពើឃាតកម្ម និងការបាញ់ប្រហារគ្នានៅកណ្តាលទីក្រុងដោយជនជាតិចិន។ លោកលើកឡើងថា មន្រ្តីពុករលួយដែលឃើញតែប្រយោជន៍បក្ខពួកខ្លួន បែរជាអ្នកគប់គិតបំផ្លាញកេរ្តិ៍ឈ្មោះប្រទេសខ្លួនទៅវិញ។
សម្រាប់លោក កាំង រិទ្ធិគិរី អតីតមេធាវីសាលាក្តីខ្មែរក្រហម បានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី១៥ខែតុលាថា ក្រុមអ្នកមានអំណាចនយោបាយ និងប្រាក់ ដោយសារក្រុមឧក្រិដ្ឋជនចិននៅកម្ពុជា ជាជនក្បត់ជាតិខ្មែរ គួរតែរៀបចំដាក់ទោស និងដកសញ្ជាតិខ្មែរពីពួកគេ។ ក្រុមឧក្រិដ្ឋជនចិននិងខ្មែរ បាននិងកំពុងបំផ្លាញសន្តិសុខសង្គម និងសេដ្ឋកិច្ចកម្ពុជាឱ្យវិនាសហិនហោច។
លោកបញ្ជាក់ថា ការប្រកាសអាសន្នរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ពិតជាមហន្តរាយមួយដល់វិស័យទេសចរណ៏កម្ពុជាយ៉ាងប្រាកដ មិនអាចមើលស្រាលបានទេ ឯអ្នកវិនិយោគសុច្ចរិតរបស់កូរ៉េ ក៏អាចនឹងថយពីកម្ពុជាផងដែរ ដោយសារមូលហេតុសន្តិសុខ។
លោកថា ឧក្រិដ្ឋជនចិនទាំងនោះ អាចប្រព្រឹត្តឧក្រិដ្ឋកម្មបានដោយជោគជ័យនៅក្នុងប្រទេសកម្ពុជា គឺដោយសារតែអំពើពុករលួយរបស់មន្ត្រីនយោបាយជាន់ខ្ពស់។
លោក វន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់បានសរសេរលើបណ្តាញសង្គមថា បញ្ហាគន្លឹះដែលនាំឱ្យលោកហ៊ុន ម៉ាណែត មិនអាចការពារទឹកដីបាន គឺរបបនេះគាំទ្រឧក្រិដ្ឋជន ហើយបានប្រែក្លាយកម្ពុជាទៅជារដ្ឋម៉ាហ្វីយ៉ា ដែលល្បីសុះសាយមិនចាញ់របបវាលពិឃាតនោះទេ។
លោក ចាន់ឡូត បញ្ជាក់ថា មនុស្សជុំវិញមេដឹកនាំគ្រួសារហ៊ុន១០នាក់ សឹងរកមនុស្សសុច្ចរិតម្នាក់មិនបាន តើឱ្យពលរដ្ឋជឿជាក់យ៉ាងម៉េច?
ហេតុអ្វីកម្ពុជាត្រូវគេចាត់ទុកជាប្រទេសឧក្រិដ្ឋកម្ម ខណៈអំពើឧក្រិដ្ឋកម្មត្រូវបានបង្ក្រាបជាបន្តបន្ទាប់?
កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ស្ថាប័នសមត្ថកិច្ចកម្ពុជា ប្រកាសថា ក្នុងរយៈពេល២០ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១៧ខែកក្កដា សមត្ថកិច្ចបានចុះបង្ក្រាបសកម្មភាពឆបោកតាមអនឡាញដោយឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុបបានចំនួន១ ៣៦២នាក់។
ប៉ុន្តែយ៉ាងណាក្តី គេពុំឃើញមន្ត្រីជាន់ខ្ពស់ណាម្នាក់ ដែលសហរដ្ឋអាមេរិកបានចង្អុលបង្ហាញត្រូវបានចាប់ខ្លួននោះទេ។ ក្រុមអ្នកឃ្លាំមើល លើកឡើងថា អំពើឧក្រិដ្ឋកម្មមិនថាការឆបោកតាមប្រពន្ធអនឡាញ ការជួញដូរមនុស្ស ឬការលាងលុយជាដើមនោះទេ គឺជាសត្រូវរបស់រដ្ឋដែលរដ្ឋនៃប្រទេសទាំងអស់ ត្រូវតែបង្ក្រាប។
ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា វាហាក់បីដូចជាបង្ហាញថា រដ្ឋនៅពីក្រោយអំពើឧក្រិដ្ឋទាំងនេះ ដោយសារតែមានការចង្អុលចំមុខថា មន្ត្រីជាន់ខ្ពស់និងឧកញ៉ាគ្រាក់ៗនៅជុំវិញមេដឹកនាំដ្ឋ គឺនៅពីក្រោយអំពើឧក្រិដ្ឋទាំងនេះ ប៉ុន្តែរដ្ឋាភិបាលបែរជាមិនឃើញបង្ហាញពីលទ្ធផលនៃការស៊ើបអង្កេតដ៏គួរឱ្យជឿជាក់ណាមួយដែលបញ្ជាក់ថា មន្ត្រីទាំងនេះស្អាតស្អំ ក្រៅតែពីតែងតែបដិសេធគ្រប់ពេលនោះឡើយ។
ក្រុមប្រឹក្សាជាតិតស៊ូរបស់ លោក សម រង្ស៊ី នៅថ្ងៃទី១៥ខែតុលាបានចេញសេចក្តីប្រកាសមួយថា របបលោកហ៊ុន សែន នឹងត្រូវរលាយជាមួយក្រុមចោរម៉ាហ្វីយ៉ាចិន ដែលអន្តរជាតិកំពុងតែបង្ក្រាបនិងថា លោកហ៊ុន សែន ដូចជាគោដំបៅខ្នងដោយសារតែគាត់ពាក់ព័ន្ធយ៉ាងជ្រៅ ក្នុងរឿងឧក្រិដ្ឋកម្មឆ្លងដែនដែលពិភពលោកកំពុងតែបង្ក្រាប។
សម្រាប់លោកព្រឹទ្ធាចារ្យ អ៊ុំ តារា បានចោទសួរថា ហេតុអ្វីបានជាក្រុមចាប់ជំរិតអនឡាញ មិនអាចបង្ក្រាបអស់រាប់ឆ្នាំមកហើយ វាលាក់ខ្លួនក្នុងរូងក្រោមដីឬ? ឥឡូវយល់ហើយឬនៅហេតុអ្វីអន្តរជាតិអត់ប្រតិកម្មអ្វីសោះចំពោះសកម្មភាពសៀមឈ្លានពានកម្ពុជា? លោកលើកឡើងថា វាអាចមកពីក្នុងខួរក្បាលពួកគេមើលឃើញរឿងអវិជ្ជមានរបស់កម្ពុជាអស់ហ្នឹង។ ប្រព័ន្ធឃោសនាកម្ពុជាខ្សោយ កម្ពុជាទម្លាប់លាក់ព័ត៌មាន ហើយអួតតំកើងតែបុគ្គលនយោបាយដែលពលរដ្ឋលែងស្តាប់។
អ្នកឃ្លាំមើលជាច្រើន ក្នុងនោះក៏មានលោកបណ្ឌិត មាស នី និងលោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មីផងដែរ លើកឡើងថា ការផ្ទុះកក្រើកពេញពិភពលោកដែលថា កម្ពុជាជាជម្រកឧក្រិដ្ឋកម្មអនឡាញចាប់ជម្រិត ធ្វើទារុណកម្មជនរងគ្រោះ រហូតដល់ស្លាប់ ដូចជា និស្សិតជនជាតិកូរ៉េខាងត្បូងជាដើម ក្រៅពីធ្វើឱ្យប៉ះពាល់ដល់កិត្តិយសជាតិ សេដ្ឋកិច្ច និងសន្តិសុខសង្គម ដែលកំពុងមានវិបត្តិស្រាប់ វាក៏អាចបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិផងដែរ ប្រសិនបើមិនបានចាត់វិធានការឲ្យបានខ្លាំងក្លា និងមានប្រសិទ្ធភាពទេនោះ។
ប្រភពទាំងនេះ បន្តថា ក្នុងសំណុំរឿងអាស្រូវនេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវចៀសវាងការដោះសារ ឬបដិសេធ ប៉ុន្តែត្រូវតែប្រើកណ្តាប់ដៃដែកអារសាច់ស្អុយនៅជាប់ខ្លួនចេញ និងត្រូវសហការជាមួយអាមេរិក និងអង់គ្លេស ដើម្បីកម្ចាត់មេឧក្រិដ្ឋជនអនឡាញនៅកម្ពុជា ដើម្បីស្តារមុខមាត់កម្ពុជាឡើងវិញ កុំឲ្យប្រទេសជិតខាងមើលងាយ បើពុំដូច្នោះទេរបបដឹកនាំគ្រួសារហ៊ុន អាចនឹងហួសពេល ពីព្រោះប្រជាពលរដ្ឋក្នុងចំនួនដ៏ច្រើន ស្ទើរតែទ្រាំអត់ធ្មត់នឹងការបាត់បង់ទឹកដី និងការបំផ្លាញជាតិពីមន្ត្រីពុករលួយអាត្មានិយមមួយចំនួនលែងចង់បានហើយ៕











