កម្ពុជា​បញ្ចេញ​ប្រតិកម្ម​មិន​ទទួល​យក​ការ​កំណត់​ព្រំដែន​ដោយ​ឯកតោ​ភាគី​ពី​យោធា​ថៃ

រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​ប្រកាស​​ថ្មី​មួយ ដោយ​សំអាង​ថា ខ្លួន​មិន​ទទួល​យក​ដាច់​ខាត ចំពោះ​ការ​កំណត់​ខណ្ឌ​សីមា​ព្រំដែន ដោយ​ឯកតោ​ភាគី ពី​សំណាក់​យោធា​ថៃ ក្នុង​នោះ​រួម​ទាំង​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគ​ជ័យ​ ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​យោធា​ថៃ បាន​រាយ​បន្លា​លួស​ហ៊ុំព័ទ្ធ​ជា​ង​២ខែទៅ​​នេះ។

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា តាមបើតាមសេចក្តីថ្លែង​ការណ៍ ចុះ​ថ្ងៃ​ទី​១៧​ខែ​តុលា​នេះ បាន​និយាយ​ថា កាល​ពី​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០២៥ បណ្តាញ​សារ​ព័ត៌មាន​ថៃមួ​យ​ចំនួន​បាន​ចេញ​ផ្សាយ ដោយ​ស្រង់​សម្តី​មន្ត្រី​យោធា​ថៃ ដែល​អះ​អាង​ថា «កន្លែង​ដែល​ទាហាន​ថៃ​បាន​ជាន់​គឺ​ជា​ទឹក​ដី​របស់​ថៃ»។

សម្រាប់កម្ពុជា ការអះអាងបែបនេះ សំដៅលើដី​នៅ​ភូមិ​ព្រៃចាន់ និង​ភូមិ​ជោគ​ជ័យ ឃុំ​អូរបី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​ពួក​គេ​បាន​ដាក់​របង​លួស​បន្លា កាល​ពី​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០២៥ ដោយ​បាន​ឈូស​ឆាយ និង​រាវ​មីន​នៅ​ទីនោះជា​ឯ​កតោ​ភាគី។

កម្ពុជា​គូស​បញ្ជាក់​ថា ព្រំដែន​កម្ពុជា និង​ថៃ ​គឺ​ជា​ព្រំដែន​អន្តរ​ជាតិ​រវាង​រដ្ឋ​និង​រដ្ឋ ដែល​ត្រូវ​បាន​កំណត់​ដោយ​អនុ​សញ្ញា​ឆ្នាំ​១៩០៤ និង​សន្ធិ​សញ្ញា​ឆ្នាំ​១៩០៧ ព្រម​ទាំង​ផែន​ទី​ខ្នាត ១/២០០ ០០០ និង​មាន​បង្គោល​ព្រំ​ដែន​ចំនួន ៧៤​បង្គោល ដែល​ត្រូវ​បាន​បោះ​កាល​ពី​ជាង ១០​០​ឆ្នាំ​មុន។

លើសពីនេះ ខ្សែព្រំដែននេះ មានតម្លៃផ្លូវច្បាប់​រឹងមាំ​ដែល​ត្រូវ​បាន​ការ​ពារ​ដោយ​ធម្ម​នុញ្ញ​អង្គ​ការ​សហ​ប្រជា​ជាតិ និង​ច្បាប់​អន្តរ​ជាតិ ដែល​មិន​អាច​ត្រូវ​បាន​កែ​ប្រែ ជាឯកតោ​ភាគី​ដោយ​ភាគី​ណាមួយ​បាន​ឡើយ។

សម្រាប់កម្ពុជា គណៈកម្មការចម្រុះព្រំដែន (JBC) ដែល​បាន​ព្រម​ព្រៀង រវាង​ប្រទេស​ទាំង​ពីរ (កម្ពុជា-ថៃ) មាន​សមត្ថ​កិច្ច​ក្នុង​ការ​វាស់​វែង និង​កំណត់​ខណ្ឌ​សីមា​រវាង​ប្រទេស​ទាំង​ពីរ។

ក្នុងពេលរង់ចាំការវាស់វែងនិងការកំណត់ខណ្ឌសីមារបស់ JBC កម្ពុជា​ប្រកាន់​ជំហរ​ដោះ​ស្រាយ​បញ្ហា​ដោ​​យ​សន្តិ​វិធី ដោយ​ផ្អែក​លើ​សន្ធិ​សញ្ញា​ និង​កិច្ច​ព្រម​ព្រៀង​ទាំង​ឡាយ​រវាង​ប្រទេស​ទាំង​ពីរ ព្រម​ទាំង​ច្បាប់​អន្តរ​ជា​តិ​​ជា​​ធរមាន។

កម្ពុជាសូមទាមទារ​ឱ្យភាគីថៃ​គោរពនូវអ្វីដែល​បាន​ព្រម​ព្រៀង​គ្នា ដោយ​ទុក​ឱ្យ JBC ប្រជុំ​ដោះស្រាយ​បញ្ហា​ ខណ្ឌ​សីមា ចៀស​វាង​ការ​ធ្វើ​សកម្មភាព​បង្ក​ហេតុ​ណាមួ​យ ដែល​នាំ​ទៅ​ដល់​ការ​ពង្រីក​វិសាល​ភាព​នៃ​ទំនាស់​។ ហើយ​ថា៖ «កម្ពុជា​ប្រកាន់​ខ្ជាប់​គោល​ជំហ​រ​យ៉ាង​ម៉ឺង​ម៉ាត់ ចំពោះ​អធិប​តេយ្យ​ភាព និង​បូរណ​ភាព​ទឹក​ដីរបស់​ខ្លួន ដោយ​មិន​ទទួល​យក​ជា​ដាច់​ខាត​នូវ​ការ​ប្រកាស​ជា​ឯកតោ​ភាគី​របស់​យោធា​ថៃ ពីព្រោះ​យោធា​គ្មាន​សមត្ថ​កិច្ច​ក្នុង​ការ​កំណត់​ពី​ខណ្ឌសីមា​របស់​ប្រទេស​នោះ​ឡើយ ហើយ​ការ​ប្រកាស​បែប​នេះ​ក៏​គ្មាន​តម្លៃ​គតិយុត្ត​នោះ​ដែរ។

កម្ពុជា​សង្ក​ត់ធ្ងន់​ថា ការ​អត់ធ្មត់​ក្នុង​អំឡុង​ពេល​អនុវត្ត​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់ ដើម្បី​ចៀស​វាង​ការ​ផ្ទុះ​អាវុធ​ដែល​អាច​បង្កម​ហន្តរាយ​ធំធេង​ដល់​ប្រទេស​ជាតិ និង​ប្រជាជន​ទាំង​សង​ខាង ប៉ុន្តែ​រាជរដ្ឋាភិ​បាល​កម្ពុជា​មិន​បោះ​បង់​សិទ្ធិ ក្នុង​ការ​ទាម​ទារ​ដែន​អធិប​តេយ្យ​ភាព​ជាតិ និង​បូរណ​ភាព​ទឹក​ដី​របស់​ខ្លួន ស្រប​តាម​អនុ​សញ្ញា សន្ធិ​សញ្ញា និង​ច្បាប់​អន្តរ​ជាតិ​ឡើយ។

យ៉ាងណា ក្រោយ​ប៉ះទ​ង្គិច​គ្នាដោ​យ​អាវុធ​​ទ្រង់​​ទ្រាយ​​ធំ កាល​​ពី​ថ្ងៃទី​២៤ ខែ​​​​កក្កដា ឆ្នាំ​​២០២៥ និង​​មាន​​បទ​​​ឈប់​បាញ់​​នៅ​​​ថ្ងៃទី​​២៨ ខែ​​ក​ក្កដា​​នោះ ថៃ​​​មិន​​​បា​ន​គោរព​បទ​ឈប់​បាញ់​ទេ ។

ថៃ​ចូល​មក​​រាយ​បន្លា​លួស​ព័ទ្ធ​យក​ប្រាសាទ​​​តាមាន់ធំ ស្ថិត​ក្នុង​​ខេត្ត​​ឧត្តរ​មាន​​ជ័យ តំប​ន់​​អាន​​​សេះ ក្នុង​ខេត្ត​ព្រះ​​វិហារ និង​​ភូ​មិ​​​ព្រៃ​ចាន់ ភូមិ​​អូរបី​ជាន់ ក្នុ​ង​​ស្រុក​​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ។

ហើយ​នៅថ្ងៃ​សុ​ក្រ​ ទី១០ ខែតុលានេះ ​ថៃបា​ន​បញ្ជូន​គ្រឿង​​ចក្រ និង​​កង​កម្លាំង​​​មក​ឈ្លាន​ពាន​​​​​​​ដី​​ខ្មែរ តាម​​ការ​​​គ្រោង​​​ទុក ទាំង​គ្មាន​ការ​ទប់​ស្កាត់​ពី​ភាគី​រដ្ឋាភិបាល​កម្ពុ​ជា​នោះ​ទេ។

ការបណ្តែតបណ្តោយឱ្យបរទេសឈ្លាន​ទឹកដីតាម​ទំនើង​ចិត្ត​ ក្រោម​​ហេតុ​​ផល​ដើម្បី​ការ​ពារ​​សន្តិ​ភាព​ ហាក់​​​ផ្ទុយ​​ពី​ស្មារតី​​រដ្ឋ​ធម្ម​​នុញ្ញ ដែល​​ជា​​​ច្បា​ប់​កំ​ពូល​របស់​​ជាតិ និ​​ងក្រម​​ព្រហ្ម​​ទណ្ឌ​​កម្ពុជា។

មាត្រា៥២​នៃរដ្ឋ​ធម្មនុញ្ញ ចែង​ថា រាជ​រដ្ឋាភិបាល​កម្ពុជា ​ប្តេជ្ញា​រក្សា​ការ​ពារ​ឯករាជ្យ អធិប​តេយ្យ​ បូរណ​ភាព​ទឹក​ដី អនុ​​​វ​​​ត្ត​​​​នយោបាយ​​បង្រួប​បង្រួម​ជាតិ ដើម្បី​ការ​ឯកភាព​ជាតិ។

លើសពីនេះ ក្រមព្រហ្មទណ្ឌមាត្រា​៤៤០ ចែ​ងថា «អំពើ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស ឬ​ភ្នាក់​ងារ​​បរទេស នូវ​ដែន​ដី​​ជាតិ​​ទាំង​​ស្រុង ឬ​មួយ​ផ្នែក ជា​អំពើ​ក្បត់​ជាតិ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ