រដ្ឋាភិបាល​បដិសេធ​ការ​លើ​ក​ឡើង​ថា​ថៃ​ឈូស​ឆាយ​រំលោភ​យក​ដី​ខ្មែរ​នៅ​ខេត្ត​ពោធិ៍​សាត់

រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​យោធ​ភូមិ​ភាគ​ទី​៥ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ បាន​បដិសេធ​ជុំ​វិ​ញ​ការ​ផ្សព្វ​ផ្សាយ​​ថា ថៃ​បាន​ឈូស​ឆាយ​ផ្លូវ​រំលោភ​យក​ដី​ខ្មែរ នៅ​ឃុំ​ថ្ម​ដា ស្រុក​វាល​វែង ខេត្ត​​ពោធិ៍​​សាត់ ជា​រឿង​មិន​ពិត ដោយ​សំអាង​ថា​សកម្ម​ភាព​នោះ​គឺ​នៅក្នុ​ង​ទឹក​ដី​របស់​ថៃ ។

សេចក្ដីប្រកាសព័ត៌មាន​របស់​យោធ​ភូមិ​ភាគ​ទី៥ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ចុះ​ថ្ងៃ​ទី​១៧ខែ​តុលា​នេះ​បាន​បដិសេធ​​ថា ការ​ដែល​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​ថា ថៃ​បាន​ឈូស​ឆាយ​ផ្លូវ​រំលោ​ភ​ចូល​ដី​ខ្មែរ ​​នៅ​ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្ត​ពោធិ៍​សាត់ មិន​មែន​ជា​ការ​ពិត។

យោធ​ភូមិភាគទី៥ បាន​បញ្ជាក់​ថា សកម្មភាព​នៃ​ការ​ឈូស​ឆាយ​របស់​ថៃ គឺ​នៅ​ក្នុង​ផ្នែក​នៃ​ដី​ថៃ ហើយ​ថា​ កង​កម្លាំង​​កម្ពុជា ដែល​កំពុង​ឈរ​ជើង​នៅ​តំប​ន់​នេះ ការ​ពារ យ៉ាង​ម៉ឺង​ម៉ាត់​នូវ​បូរណ​ភាព​ទឹក​ដី​កម្ពុជា និង​បាន​អំពាវ​នាវ​កុំ​ឱ្យ​សាធារណ​ជន​ចែក​រំលែក​រឿង​មិន​ពិត​នេះ។

សម្រាប់​ប្រភព​ខាងលើ បញ្ជាក់​ថា កម្ពុជា និង​ថៃ មាន​មូល​ដ្ឋាន​គ្រប់​គ្រាន់ និង​ច្បាស់​លាស់ ទាំង​មូល​​ដ្ឋា​ន​​ច្បាប់ យន្ត​ការ​ស្ថាប័ន និង​វិធាន​ការ​បច្ចេក​ទេស សម្រាប់​ដោះស្រា​យ​​ប​ញ្ហាព្រំ​ដែន​រវា​​ងប្រទេស​ទាំង​ពីរ ជា​ពិ​សេ​​ស​​ផែន​ទី​មាត្រ​ដ្ឋាន ១/២០០.០០០ យោង​តាម​អនុ​សញ្ញា​ឆ្នាំ១​៩០៤ និង​សន្ធិ​សញ្ញា​ឆ្នាំ​១៩០៧ ព្រម​​ទាំង​​មា​ន​ការ​បោះ​បង្គោល​ជាមួយ​គ្នា​ចំនួន ៧៤​បង្គោល ហើយ​ភាគី​ទាំង​ពីរ​កម្ពុជា-ថៃ បាន​ទទួល​ស្គាល់ និង​បញ្ជាក់​ឡើង​វិញ​នៅ​ក្នុង​អនុស្សរណៈនៃ​ការ​យោគ​យល់​ឆ្នាំ​២០០០ (MoU2000)។

យ៉ាងណា ការចេញសេចក្ដីបដិសេធរបស់​យោធភូមិ​ភាគ​ទី៥ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ បែប​នេះ ក្រោយ​ពីមា​ន​ការ​បង្ហោះ និង​ចែក​រំលែក​ព្រោង​ព្រាត​នូវ​វីដេអូ​រយៈពេ​ល​ជិត​១នាទី នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០២៥ ដែល​មាន​ចំណង​​ជើង​ថា ថៃ​បាន​ឈូស​ឆាយ​ផ្លូវ​រំលោភ​ចូល​ដី​ខ្មែរ​នៅអូរ​ភ្លុក​ដំរី ឃុំ​ថ្មដា ស្រុក​​វា​ល​​វែង ខេត្ត​ពោធិ៍​សាត់ ។

យ៉ាងណា តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន អះអាង​ផ្ទុយ​ពី​នេះ ដោយ​លោក​ថា ថៃ​ពិត​ជា​បាន​ធ្វើ​សកម្ម​ភាព​រំលោភ​យក​ដី​ខ្មែរ នៅ​ចំនុច​អូរ​ភ្លុក​ដំរី ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្ត​ពោធិ៍​សាត់​ ជា​រឿង​ពិត ដោយ​ថា នេះ​បើ​យោង​​តាម​អ្នក​ដែល​ស្ថិត​នៅ​ទី​តាំង​នោះ​ផ្ទាល់​ ​បា​ន​ផ្ដល់​ព័ត៌មាន​មក​កាន់​លោក ។

លោក​ អ៊ុំ សំអាន ហៅ​កា​រ​ច្រាន​ចោល​នេះ អាច​ជា​លេខ​ដើម្បី​គេច​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ ដើម្បី​បិទ​បាំង​ភាព​កម្សោយ​នៃ​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​តែ​ការ​ពា​​រអំណា​ច​ប៉ុណ្ណោះ​។

លើសពីនេះ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គួរ​តែ​បង្ហាញ​ព័ត៌​មាន​ពិត​មក​កាន់​ពលរដ្ឋ​ ដោយ​លើក​យក​ផែ​ន​ទី​១/២០០.០០០​មក​ជា​អំណះ​អំណាង។ លោក​ព្រមា​ន​ថា បើ​មិន​ដូច្នេះ​ទេ កម្ពុជា​អាច​នឹ​​ងបន្ត​បាត់​បង់​ដែ​ន​អធិប​តេ​យ្យ​ខ្លួន​បន្ថែម​ទៀត​ជា​មិន​ខាន។

លោកថា៖ «ដូច្នេះរដ្ឋាភិបាលក៏ដូចជាយោធភូមិភាគទី៥​ គាត់​គួរ​តែ​បង្ហាញ​ភ័ស្តុ​តាង​ច្បាស់​លាស់ ជាពិសេ​ស​គឺ​បង្ហាញ​​ទៅ​លើ​ផែន​ទី​ខ្នាត​មួយ​លើ​ពីរ​រយ​ពាន់​ ជា​ផែន​ទី​ឧបសម្ព័ន្ធ​ភ្ជាប់​សន្ធិ​សញ្ញា​បារាំង​សៀម១៩០៤ ១៩០៧ ថា​ទីតាំង​នោះ ក្នុង​ដី​ខ្មែរ​ ឬ​ដី​ថៃ និង​ត្រូវ​មាន​អ្វី​មក​សំអាង​ផង​ បើ​សិន​ជា​គាត់​អត់​មាន​អ្វី​មក​សំអាង​ផង​ ហើយ​អះ​អាង​ថា ការ​ឈូស​ឆាយ​លើ​ដី​គេ​ហ្នឹង ពលរដ្ឋ​ប្រាកដ​ជា​មិន​ជឿ​ទេ ព្រោះ​យើង​ទទួ​ល​បាន​ព័ត៌​មាន​ពី​ព្រំដែន​មក​ បាន​បញ្ជាក់​ថា ថៃ​បាន​ឈូស​ឆាយ​ផ្លូវ​ហ្នឹង​នៅ​លើ​ទឹក​ដី​ខ្មែរ​យើង មិន​មែន​ស្ថិត​ក្នុង​ទឹ​ក​ដី​ថៃ​​ប្រទេស​ថៃ​ទេ ថៃទើប​តែ​រំលោភ​ឈ្លាន​ពាន​ឈូស​ឆាយ​បន្ត​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ​យើង​នៅ​តំប​ន់​ហ្នឹង​បន្ត​ទៀត​»។

ប្រហាក់ប្រហែលគ្នានេះដែរ ប្រធានក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់​ថា ការ​បក​ស្រាយ​របស់​កងទ័​ព​ជើង​គោក យោធ​ភូមិ​ភាគ​ទី៥​នេះ  ជា​រឿង​មិន​សម​ទំនង ប្រៀប​បាន​ជា​​ការ​ជួយ​លាក់​បាំង​ថៃ​រំលោភ​ចូល​ទឹក​ដី​កម្ពុជា ដែល​ទង្វើទាំ​ង​​នេះ​ លោក​ថា ស្មើ​នឹង​​ទោស​ក្បត់​ជាតិ ។

លោកថា ជាឧទាហរណ៍​កន្លងទៅ ដូច​​ជាក​រណី​ថៃ​ចូល​រាយ​បន្លា​លួស​នៅ​ភូមិ​ព្រៃ​ចាន់ ភូមិ​ជោគ​ជ័យ​ នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ និង​ថ្មីៗ​នេះ មាន​ការ​យល់​ព្រម​រុះ​រើ​ប៉ុស្ត៍​នគរបាល​ នៅ​ចំនុច​អូរ​ភ្លុក​ដំរី​ជា​ដើម​។

លោក ម៉ែន ណាត បន្ត​ថា ចំពោះកា​រ​ដែល​តែង​តែ​ចេញ​បដិសេធ​នេះ ជា​ទម្លាប់​រដ្ឋាភិ​បាល​កម្ពុជា​ ធ្លាប់​បាន​ធ្វើ​ជា​ច្រើន​ករណី​មក​ហើយ ហើយ​ថែម​ទាំង​ហាម​ឃាត់​មិន​ឱ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ជាក់​ស្ដែង នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា ថៃ ទៀត​ផង។

ដែលទង្វើ​បែប​នេះ មិន​មែន​អ្វី​ដែល​មេដឹកនាំ​គួរ​ធ្វើ​ឡើយ​ ​ផ្ទុយ​ទៅវិ​ញ​រដ្ឋាភិបាល​គួរ​តែ​បង្ហាញ​ជំហ​​រ​យ៉ាង​ម៉ឺង​​ម៉ា​​ត់​ឆ្លើយ​​តប​នឹង​ទង្វើ​ឈ្លាន​ពាន​ពី​បរទេស ដោយ​ប្រើ​ប្រាស់​សិទ្ធិ​ស្វ័យ​ការពារ​ខ្លួន​​ស្រប​តាម​ធម្ម​នុញ្ញ​អង្គ​ការ​​សហ​ប្រជា​ជាតិ និង​ច្បាប់​អន្តរ​ជាតិ​នានា។

លោកថា៖ «ការការពារនេះ មិនខុសនឹងច្បាប់អន្តរជាតិទេ ដូច​ជា​ធម្មនុញ្ញ​អង្គ​ការ​សហ​ប្រជា​ជាតិ​ មាត្រា៥១ បញ្ជាក់​អំពី​រដ្ឋ​ដែល​ទទួល​រង​គ្រោះ​ពី​រដ្ឋ​មួយ​ទៀត មាន​ការ​ឈ្លាន​ពាន គឺ​រដ្ឋ​រ​ង​គ្រោះ​នោះ​មាន​សិទ្ធិ​ការ​ពារ​ខ្លួន​ហៅ​ថា​សិទ្ធិស្វ័​យ​ការ​ពារ​ខ្លួន ការ​ឈ្លាន​ពាន​ពី​ប្រទេស​មួយ​ទៀត​ ហើយ​រដ្ឋាភិ​បាល​កម្ពុជា​មិន​ត្រូវ​ឈប់​ទេ​ នយោ​បាយ​ការ​ទូត​ដែល​កំពុង​ធ្វើ​ត្រូវ​បន្ត​ទៅ​ទៀត ប៉ុន្តែ​ត្រូវ​តែ​ម៉ឺង​ម៉ាត់។ បើ​សិន​ជា​ទទួល​យក​ហេតុផល​របស់​ថៃ ទាម​ទារ​ដើម្បី​ជាថ្នូ​រ​នឹង​ស្ថាន​ភាព នោះ​យើង​នឹង​បាត់​បង់​ទឹក​ដី​ ដូច្នេះ​រឿង​នេះ​មិន​ត្រូវ​ដោះ​ដូរ​ទេ បើ​ដោះដូ​រ​ពាក់​ព័ន្ធ​នឹង​អំពើ​ក្បត់​ជាតិ​ ដូច​មាត្រា​៤៤០​នៃ​ក្រម​ព្រហ្ម​ទណ្ឌ បច្ចុប្បន្ន​ចឹង​ចុង​ក្រោយ​គឺ​កម្ពុជា​ត្រូវ​តែ​ប្ដឹង ដាច់​ខាត​ទៅ​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ ដើម្បី​ជា​មធ្យោបាយ​ក្នុង​ការ​ស្វែង​រក​យុត្តិ​ធម៌​ជូន​ប្រទេស​កម្ពុជា ជូន​ពលរដ្ឋ​កម្ពុជា​ដែល​សុទ្ធ​តែ​ជា​វិធាន​ការ ​ដែល​អាច​ការ​ពារ​អធិ​ប​តេយ្យ​របស់​កម្ពុជា​បាន»

ជុំវិញការចេញមកច្រានចោលនេះ អ្នក​ច្បាប់ និង​ជា​អ្នក​​វិភាគ​​ឯករាជ្យ លោក វ៉ន ចាន់ឡូត ក៏​បាន​លើក​ឡើង​បែប​មន្ទិល​សង្ស័យ​ផង​ដែរ។

លោក​និយាយ​ក្នុង​សំដី​ដើម​ថា៖ «បើថៃឈូសដីខ្លួនឯងដដែល មិនចាំបាច់ពិបា​​កមប្រឈមមុបែនេះទេ។ ត្រូវចាំ ដីថៃបានអភិវឌ្ឈន៍គ្មានសល់ចន្លោះទេ នៅសល់តែដីរំលោភបំពានប៉ុណ្ណោះ។ យោធាខ្មែរការពារជនឈ្លានពានហើយ ប្រទេសជាតិ និងពលរដ្ឋសង្ឃឹមអ្វី? ភូមិភាគនេះហើយ អនុញ្ញាតឱ្យយោធាថៃមកវាយកម្ទេចផ្ទះ៣ខ្នងកាលពីពេលមុន ហើយត្រៀមកម្ទេចអគារកាស៊ីណូបន្ថែមទៀត»

គួរ​រំឭក​ថា ក្រោយ​ប៉ះទ​ង្គិ​ច​គ្នាដោ​យ​​អាវុធ​ទ្រង់​ទ្រាយ​​ធំ កាល​​ពី​ថ្ងៃ​ទី​​២៤ ខែ​​​​កក្កដា ឆ្នាំ​​​២០២៥ និង​​​មាន​​បទ​​​​ឈប់​បាញ់​​​នៅ​​​ថ្ងៃ​ទី​​២៨ ខែ​​ក​ក្កដា​​នោះ ថៃ​​​មិន​​​បា​ន​គោរព​បទ​ឈប់​បាញ់​ទេ ។

ថៃ​ចូល​មក​​រាយ​បន្លា​លួស​ព័ទ្ធ​យក​ប្រាសាទ​​តាមាន់ធំ ស្ថិតក្នុង​ខេត្ត​ឧត្តរ​មាន​​ជ័យ តំប​ន់​​​អាន​​​​សេះ ក្នុង​ខេត្ត​ព្រះ​​​វិហារ និង​​ភូ​មិ​​​ព្រៃ​​ចាន់ ភូមិ​​អូរបី​ជាន់ ក្នុ​ង​​ស្រុក​​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ និងគំរាមវាយកយកទីតាំង​១៧​​កន្លែង​ទៀត​​នៅ​ក្នុង​ខេត្ត​​ពោធិ៍​​សាត់ និង​​ខេត្ត​​កោះ​កុង តាម​ផែន​ទី​ដែល​ថៃ​​គូរ​​ដោយ​​ឯកតោ​ភាគី​ខ្នាត​១លើ​៥០​ពាន់។

លើសពីនេះ កាល​ពីថ្ងៃ​សុ​ក្រ​ ទី១០ ខែតុលានេះ ​ថៃ​បា​​ន​បញ្ជូន​គ្រឿង​​ចក្រ និង​​​កង​កម្លាំង​​​មក​ឈ្លាន​​ពាន​​​​​​​​ដី​​ខ្មែរ តាម​​​ការ​​​គ្រោង​​​ទុក ទាំង​គ្មាន​​ការ​ទប់​​ស្កាត់​​ពី​​​ភាគី​រដ្ឋាភិបាល​​កម្ពុ​ជា​នោះ​ទេ។

មាត្រា៥២​​នៃរដ្ឋ​ធម្មនុញ្ញ ចែង​ថា រាជ​រដ្ឋាភិបាល​កម្ពុជា ​ប្តេជ្ញា​រក្សា​ការ​ពារ​ឯករាជ្យ អធិប​តេយ្យ​ បូរណ​ភាព​ទឹក​ដី អនុ​​​វ​​​ត្ត​​​​​នយោបាយ​​បង្រួប​បង្រួម​ជាតិ ដើម្បី​ការ​ឯកភាព​ជាតិ។

រីឯក្រមព្រហ្មទណ្ឌមាត្រា​៤៤០ ចែ​ងថា «អំពើ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស ឬ​ភ្នាក់​ងារ​​បរទេស នូវ​ដែន​ដី​​ជាតិ​​ទាំង​​ស្រុង ឬ​មួយ​ផ្នែក ជា​អំពើ​ក្បត់​ជាតិ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ