បណ្តុំឧក្រិដ្ឋជនឆបោក និងមេឧក្រិដ្ឋផ្សេងទៀត នៅជុំវិញមេដឹកនាំខ្មែរ រួមទាំង លោក ចេន ហ្ស៊ី ហាក់ធ្វើឱ្យអ្នកតាមដានខ្លះបង្ហាញការព្រួយបារម្ភ ពីគ្រោះថ្នាក់រយៈយូរសម្រាប់ពលរដ្ឋកម្ពុជាទូទាំងប្រទេស បើប្រព័ន្ធច្បាប់ នៅតែមិនអាចកាត់ទោសកំហុសមេដឹកនាំ ដើម្បីកាត់ផ្តាច់បណ្តាញឧក្រិដ្ឋកម្មនៅកម្ពុជា។
ក្តីបារម្ភនេះ ក្រោយពីស្ថាប័នអន្តរជាតិល្បីៗ រកឃើញជាបន្តបន្ទាប់មេឧក្រិដ្ឋជនជាច្រើន រួមទាំងមន្ត្រីគ្រាក់ៗក្នុងជួររដ្ឋាភិបាលយ៉ាងតិច២៧នាក់ ពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋជន។
លើសពីនេះ ក្រសួងយុត្តិធម៌អាមេរិក កាលពីថ្ងៃទី១៤ ខែតុលា ប្រកាសថា រដ្ឋអាជ្ញាតុលាការសហព័ន្ធសហរដ្ឋអាមេរិកក្រុងញ៉ូវយ៉ក បានចោទប្រកាន់ លោក ចេន ហ្ស៊ី ជុំវិញបទឧក្រិដ្ឋឆបោកនិងលាងលុយ ដែលអាចប្រឈមជាប់ពន្ធនាគារ៤០ឆ្នាំ។
ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) បញ្ជាក់ថា លោក ចេន ហ្ស៊ី (Chen Zhi) បានធ្វើឱ្យក្រុមហ៊ុន Prince Group ក្លាយជាអង្គការឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំបំផុតមួយនៅអាស៊ី ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសចំនួន៣០នៅលើពិភពលោក។
ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ប្រាប់VODនៅថ្ងៃទី១៧ ខែតុលានេះថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ប្រាកដជាមិនហ៊ានចាប់ខ្លួនពួកក្រុមឧក្រិដ្ឋជនទាំងនោះទេ។
ក្នុងន័យនេះ លោកពន្យល់ថា ពួកឧក្រិដ្ឋជនដែលសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស រួមទាំងសហគមន៍អន្តរជាតិ រកឃើញនឹងដាក់ទណ្ឌកម្មទាំងនោះ សុទ្ធតែជាស្រែស្រឡាយ បក្ខពួកមេដឹកនាំគ្រួសារហ៊ុន។
លោកអះអាងថា ទាំង ចេន ហ្ស៊ី លី យ៉ុងផាត់ ទ្រី ភាព និង ហ៊ុន តូ សុទ្ធតែមេក្លោងឧក្រិដ្ឋកម្មឆបោក ចាប់ជំរិត ជួញដូរមនុស្ស និងលាងលុយកង្វក់ ដើម្បីប្រមូលលុយទុកចិញ្ចឹមអំណាចគ្រួសារហ៊ុន។
លោកបារម្ភថា បើគ្រួសារហ៊ុនមិនចាប់ខ្លួនក្រុមមេឧក្រិដ្ឋកម្មឆបោក ចាប់ជំរិត និងលាងលុយកង្វក់ទាំងនេះទេ វានឹងបង្កគ្រោះថ្នាក់ អសន្តិសុខសុវត្ថិភាពដល់អ្នកវិនិយោគ ភ្ញៀវទេសចរ និងពលរដ្ឋខ្មែរ។
លោកថា៖ «អាហ្នឹងវាប៉ះពាល់ដល់សេដ្ឋកិច្ចឆ្នាំងបាយប្រជាពលរដ្ឋ វានឹងធ្វើឲ្យសេដ្ឋកិច្ចខ្មែរយើងជួបនូវវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ហើយប្រជាពលរដ្ឋហ្នឹងអត់ការងារធ្វើ ភ្ញៀវទេសចរដែលទៅលែងអត់មានអ៊ីចឹងវាប៉ះពាល់ដល់វិស័យទេសចរណ៍ ដែលពលរដ្ឋរស់ដោយសារវិស័យទេសចរណ៍ ដូចជា ម៉ូតូឌុប រត់តាក់ស៊ី ឬក៏ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់អីជាដើមអត់ភ្ញៀវ អ៊ីចឹងនឹងធ្វើឲ្យប្រជាពលរដ្ឋខ្មែរយើងហ្នឹងជំពាក់លុយធនាគារវ័ណ្ឌក អត់ការងារធ្វើ ត្រូវធ្វើការនៅក្រៅប្រទេស ហើយនិងមានអសន្តិសុខនៅក្នុងសង្គមកាន់តែច្រើន»។
លើសពីនេះ លោក អ៊ុំ សំអាន ហាក់ស្តីបន្ទោសសមាជិករដ្ឋសភាកម្ពុជា ដែលមានតួនាទីបម្រើរាស្រ្ត ហាក់មិនខ្វល់ខ្វាយរឿងនេះទេ។ តែផ្ទុយទៅវិញ លោកថា ពួកគេបែរជាសង្ងំស្ងៀមមិនគិតគូរទុក្ខលំបាករាស្រ្តនិងប្រទេសជាតិ ទាំងបច្ចុប្បន្ន និងថ្ងៃអនាគត ដោយអង្គុយចាំតែលើកដៃបម្រើផលប្រយោជន៍គ្រួសារហ៊ុន ក្បត់ឆន្ទៈរាស្រ្ត ដេកស៊ីប្រាក់ខែពលរដ្ឋ ម្នាក់៥ពាន់ដុល្លារក្នុងមួយខែ។
លោកថា៖ «តំណាងរាស្ត្រសព្វថ្ងៃហ្នឹង គឺជាតំណាងរាស្ត្រដែលបម្រើបក្ខ មិនមែនតំណាងរាស្ត្របម្រើផលប្រយោជន៍ឲ្យប្រទេសជាតិ និងប្រជាពលរដ្ឋនោះទេ អ៊ីចឹងគាត់ចាំតែដេកស៊ីប្រាក់ខែមួយខែ៥ពាន់ដុល្លារសម្រាប់តំណាងរាស្ត្រម្នាក់ៗហ្នឹង ដែលជាលុយញើសឈាមរបស់ប្រជាពលរដ្ឋដែលបង់ពន្ធឲ្យ ហើយចាំតែលើកដៃប្រថាប់ត្រាទៅតាមបញ្ជារបស់ត្រកូលហ៊ុនដាក់ឲ្យ ជាពិសេសច្បាប់ផ្សេងៗដែលត្រកូលហ៊ុនចង់ធ្វើដើម្បីដាក់សម្ពាធលើមន្ត្រីបក្សប្រឆាំង និងច្បាប់ផ្សេងៗដែលរំលាយគណបក្សសង្គ្រោះជាតិ»។
ជុំវិញបញ្ហានេះ អតីតនាយកឧទ្ទការល័យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ គឺលោក មុត ចន្ថា និយាយបែបចោទជាចម្ងល់ថា លោក Chen Zhi កំពុងសម្ងំនៅក្នុងប្រទេសកម្ពុជា ហេតុអីលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មិនចាប់ខ្លួន។ លោកថា សហរដ្ឋអាមេរិក នឹងមិនអត់ឱនឱ្យប្រទេសណា ដែលលាក់បំពួន និងការពារក្រុមឧក្រិដ្ឋជននោះឡើយ។
លើសពីនេះ លោកថា FBI អាមេរិក ឬ(ការិយាល័យសហព័ន្ធស៊ើបអង្កេត ដែលជាភ្នាក់ងារស៊ើបការដ៏ចំបងរបស់សហរដ្ឋអាមេរិក) បានចោទប្រកាន់ជាផ្លូវការចំពោះឧក្រិដ្ឋជនប្រតិបត្តិការបណ្តាញពលកម្មដោយបង្ខំដែលជាប់ពាក់ព័ន្ធនឹងគម្រោងឆបោក Cryptocurrency នៅកម្ពុជា គឺប្រធានក្រុមហ៊ុន Prince Group ដែលជាជនជាតិចិនមានសញ្ជាតិកម្ពុជា និងជាទីប្រឹក្សាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន។
លោក មុត ចន្ថា និយាយក្នុងសំដីដើមថា៖ «ចាំមើលលោក ហ៊ុន សែន ហ៊ានចាប់ខ្លួនឧក្រិដ្ឋជនរូបនេះ ប្រគល់ឱ្យសហរដ្ឋអាមេរិក ដើម្បីកាត់ទោសឬទេ! ឧក្រិដ្ឋនេះ ត្រូវបានគេដឹងថាជាប្រភពផ្គត់ផ្គង់លុយ»។
លើសពីនេះ ប្រធានចលនាជាតិតស៊ូនៅក្រៅប្រទេស លោក សម រង្ស៊ី និយាយដែរថា ឧកញ៉ាមានលុយរាប់លានដុល្លារនៅ Prince Bank កំពុងសម្រុកដកលុយចេញពីធនាគារនេះ ព្រោះបារម្ភពីការបង្កកលុយទាំងនោះ ដោយសារសកម្មភាពឧក្រិដ្ឋរបស់លោក ហ៊ុន សែន។
លោកព្រមានថា៖ «សូមប្រយ័ត្ន ធនាគារមួយចំនួនទៀត ដែលមានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋជន Chen Zhi ក្នុងបណ្តាញក្រុមម៉ាហ្វីយ៉ារបស់ ហ៊ុន សែន»។
ជុំវិញបញ្ហានេះ VOD មិនទាន់អាចសុំការពន្យល់បន្ថែមពី អ្នកនាំពាក្យរដ្ឋសភាកម្ពុជា លោក ឡេង ប៉េងឡុង ដើម្បីសុំការឆ្លើយតបជុំវិញការចោទថា រដ្ឋសភាអសម្មដេកចាំតែស៊ីប្រាក់ខែរាស្ត្រ ហើយមិនខ្វល់ពីគ្រោះថ្នាក់ប្រទេសជាតិ និងពលរដ្ឋលើបញ្ហាបានទេគិតត្រឹមម៉ោងផ្សាយនេះ។
យ៉ាងណា អ្នកនាំពាក្យប្រធានព្រឹទ្ធសភា លោក ជា ធីរិទ្ធ ធ្លាប់ប្រាប់វីអូឌីថា ឧក្រិដ្ឋកម្មឆបោកតាមអនឡាញនេះ ពិតជាកើតមាននៅកម្ពុជា ហើយរដ្ឋាភិបាលព្យាយាមបង្ក្រាបដែរ។
តែបញ្ហានេះ ជាវិបត្តិសកលដែលទាមទារឱ្យមានការចូលរួមពីអន្តរជាតិរួមគ្នា ទើបជោគជ័យ មិនមែនទម្លាក់កំហុសឱ្យកម្ពុជាតែមួយនោះទេ។
លោកថា៖ ««ចំពោះការលើកឡើងថា យើងមិនបង្ក្រាប ឬក៏យើងមិនដោះស្រាយហ្នឹង ខ្ញុំគិតថាពួកគេមើលមិនឃើញ ទោះបីជាពួកគេឃើញយើងធ្វើ ឃើញរដ្ឋាភិបាលធ្វើ ក៏ពួកគេនិយាយថាមិនធ្វើ។ ខ្ញុំគិតថា ពួកគេដេកមិនលក់ ប៉ុន្តែធ្វើជាដេកលក់។ អ៊ីចឹងមនុស្សដែលដេកមិនលក់ផងធ្វើជាដេកលក់ យើងពិបាកណាស់ណាស់។ អ្វីដែលខ្ញុំចង់បញ្ជាក់ថា ទោះបីជាពួកគេថាយ៉ាងណា តែអ្វីដែលពួកយើងកំពុងធ្វើ រដ្ឋាភិបាលខិតខំប្រឹងធ្វើនេះ គឺការដោះស្រាយបញ្ហា ការបង្ក្រាបឧក្រិដ្ឋកម្មមួយ ដែលយើងខិតខំប្រឹងប្រែងកុំឲ្យវាកើតមានរាលដាលខ្លាំងនៅក្នុងប្រទេសកម្ពុជារបស់យើង»។
ដោយឡែក ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្រ្តាលី លោក ស៊ឹង សែនករុណា ហៅការមិនចាត់វិធានមេឧក្រិដ្ឋជន ជាហានិភ័យសង្គមធ្ងន់ធ្ងររយៈពេលយូរ ព្រោះវាបានបង្កការភ័យខ្លាច និងគំរាមកំហែង ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងអ្នកវិនិយោគអន្តរជាតិ រួមទាំងអសន្តិសុខសង្គម។
លោកថា៖ «វាជះឥទ្ធិពលមកដល់ប្រជាពលរដ្ឋកម្ពុជាដែរ ពីព្រោះថាប្រជាពលរដ្ឋកម្ពុជា នឹងរងការលំបាកកាន់តែដុនដាបតទៅទៀត ក្នុងខណៈដែលកំពុងតែការជួបលំបាកនៅបំណុលវ័ណ្ឌកទៅហើយ អត់ការងារធ្វើ អត់មុខរបរដឹកទំនិញទិញដូរ ការលក់ដូរផ្សេងៗ ផលិតផលកសិកម្មផ្សេងៗ ក៏កំពុងពិបាករកទីផ្សារ តែសហគមន៍អន្តរជាតិដែលគេមានក្រុមហ៊ុនល្អៗ សុចរិតអីហ្នឹង គេចង់មកវិនិយោគ គឺគេមានការប្រុងប្រយ័ត្នគេមានការភ័យខ្លាចអំពីការឆបោកផ្សេងៗអីហ្នឹងឯង»។
ជាការកត់សម្គាល់ មនុស្សជំនិតៗមួយចំនួន នៅជុំវិញប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន ត្រូវបានអន្តរជាតិរកឃើញជាបន្តបន្ទាប់ថា ជាមេឧក្រិដ្ឋជនរកស៊ីចិញ្ចឹមអំណាចគ្រួសារហ៊ុន ក្នុងនោះមាន ឧកញ៉ា លី យ៉ុងផាត់ ដែលជាកាន់កាប់លុយឱ្យគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមឧកញ៉ាកម្ពុជាផងនោះ ជាប់ឈ្មោះក្នុងបញ្ជីខ្មៅអាមេរិក ជុំវិញបទឧក្រិដ្ឋឆបោក និងការរំលោភសិទ្ធិមនុស្ស។
ដោយឡែក ក្មួយ លោក ហ៊ុន សែន គឺឧកញ៉ា ហ៊ុន តូ ជាប់ឈ្មោះជាមេខ្លោងគ្រឿងញៀន និងលាងលុយកខ្វក់។ លើសពីនេះ ឧកញ៉ា ចេន ហ្ស៊ី ជនជាតិចិន ដែលបច្ចុប្បន្នជាទីប្រឹក្សា លោក ហ៊ុន សែន តុលាការចិនរកឃើញជាប់ពាក់ព័ន្ធបទឧក្រិដ្ឋអនឡាញខុសច្បាប់ និងរងទណ្ឌកម្មពីអាមេរិក និងចក្រភពអង់គ្លេសផងដែរ។
ជាងនេះទៀត ក្រសួងរតនាគារអាមេរិក កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ប្រកាសដាក់ទណ្ឌកម្មឧកញ៉ា ទ្រី ភាព ទីប្រឹក្សាលោក ហ៊ុន សែន ក្រោយរកឃើញថា បណ្តាញបោកប្រាស់តាមអ៊ីនធឺណិតនៅកម្ពុជា មានជាប់ពាក់ព័ន្ធក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព។
របាយការណ៍ស្រាវជ្រាវជាង៧០ទំព័ររបស់វិទ្យាស្ថាន Humanity Research Consultancy ចេញផ្សាយកាលពីខែឧសភា ឆ្នាំ២០២៥ ដែលរកឃើញថា កម្ពុជានៅក្រោមអំណាចរដ្ឋាភិបាលគ្រួសារហ៊ុន ជាទីតាំងស្នូលនៃការប្រព្រឹត្តិឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មអនឡាញ។
ប្រភពបន្តថា គ្រួសារហ៊ុនដើរតួនាទីជាអ្នកការពារពួកអ្នកមានអំណាច ឱ្យគប់គិតជាមួយបណ្តាញឧក្រិដ្ឋកម្មបរទេស ដើម្បីប្រមូលប្រាក់យកទៅចិញ្ចឹមគណបក្សកាន់អំណាច ដោយពួកគេអាចរកចំណូលបានពីឧក្រិដ្ឋកម្មអនឡាញ ប្រមាណពីជាង ១២ពាន់លាន ទៅ ១៩ពាន់លានដុល្លារនៅក្នុង១ឆ្នាំ។
តាមរបាយការណ៍ដដែល បុគ្គលដែលជាប់សង្ស័យពាក់ព័ន្ធនៅក្នុងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជាសរុបចំនួន ២៨នាក់ ដែលភាគច្រើនជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងឧកញ៉ាគ្រាក់ៗ៕











